អង្គការសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (Licadho) បានចេញផ្សាយរបាយការណ៍ថ្មីមួយ ស្តីពី “ការអភិវឌ្ឍលើទាសភាព៖ ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា”។ ជារបាយការណ៍ដែលបានបង្ហាញពីភ័ស្តុតាងជាច្រើន នៃរបបទាសភាពថ្មីក្នុងសម័យបច្ចុប្បន្ន ដែលកំពុងរីកដុះដាលនៅក្នុងឧស្សាហកម្មផលិតឥដ្ឋនៅកម្ពុជា។ របាយការណ៍បានទទូចឲ្យរដ្ឋាភិបាលជួយដោះស្រាយបំណុលរបស់កម្មករទាំងនោះ តែអ្នកនាំពាក្យក្រសួងការងារបានលើកឡើងថា រដ្ឋាភិបាលមិនមានគម្រោងដូច្នេះទេ។
ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារ គឺជាប្រភេទការងារខុសច្បាប់។ នោះបើយោងតាមច្បាប់របស់កម្ពុជា និងសន្ធិសញ្ញាអន្តរជាតិជាច្រើនទៀត ដែលកម្ពុជាជារដ្ឋភាគី ប៉ុន្តែរបបទាសភាពថ្មីក្នុងសម័យបច្ចុប្បន្ននេះ កំពុងតែរីកដុះដាលនៅក្នុងឧស្សាហកម្មផលិតឥដ្ឋនៅកម្ពុជា។ នេះបើយោងតាមរបាយការណ៍លើកទី១ស្តីពី “ការអភិវឌ្ឍលើទាសភាព៖ ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា” ដែលចេញផ្សាយដោយសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ (Licadho) នៅថ្ងៃទី២ធ្នូឆ្នាំ២០១៦នេះ។ របាយការណ៍ដែលមានកម្រាស់ជាង២០ទំព័រនេះបានលើកឡើងថា ការបញ្ចាំខ្លួនដោះ បំណុល គឺជាមធ្យោបាយដែលត្រូវបានប្រើប្រាស់ជាទូទៅដោយម្ចាស់សិប្បកម្ម ដើម្បីទទួល បាននូវកម្លាំងពលកម្មរយៈពេលយូរ មានតម្លៃថោក និងចេះស្តាប់បង្គាប់។
របាយការណ៍ ដែលបានធ្វើឡើងដោយផ្អែកលើការស្រាវជ្រាវនៅតាមសិប្បកម្មផលិតឥដ្ឋ ១១កន្លែង ដែលស្ថិតនៅភាគខាងជើងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តត្បូងឃ្មុំ ទៅលើកម្មករជាង៥០នាក់បានបង្ហាញថា ពួកគេភាគច្រើនបានជំពាក់ប្រាក់ម្ចាស់សិប្បកម្មផលិតឥដ្ឋទាបបំផុតក៏១០០០ដុល្លារ ទៅ៦០០០ដុល្លារដែរ។ ហើយមូលហេតុដែលនាំឲ្យពួកគេធ្លាក់ខ្លួនជំពាក់បំណុល គឺផ្តើមចេញពីបញ្ហាមួយចំនួនដូចជា ការឈឺស្កាត់នៅក្នុងគ្រួសារ ឬទិន្នផលដំណាំមិនល្អជាដើម។ ហើយប្រាក់កម្ចីដំបូងមានចំនួនតិចទេតែរយៈពេលកាន់តែយូរៗទៅ ប្រាក់បំណុលកាន់តែកើនឡើង។ របាយការណ៍នេះ បានរកឃើញទៀតថា គ្រួសារមួយចំនួនត្រូវធ្វើការដើម្បីសងបំណុលគេអស់៣ជំនាន់មកហើយ។ របាយការណ៍លើកទី៤ ដែលមានកម្រាស់ជាង២០ទំព័រនេះ ក៏បានបង្ហាញពីលក្ខខណ្ឌការងារដែលប្រកបដោយភាពគ្រោះថ្នាក់នៅក្នុងសិប្បកម្មផលិតឥដ្ឋនិងកង្វះខាតអនាម័យ នៃការរស់នៅក្នុងសិប្បកម្មផលិតឥដ្ឋផង ដែរ ពិសេសគឺពលកម្មលើកុមារ។
យ៉ាងណាក៏ដោយ របាយការណ៍នេះ បានទទូចឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការ ដើម្បីដោះលែងកម្មករបញ្ចាំខ្លួនដោះបំណុលទាំងអស់ដោយការចេញបទបញ្ជាជាបន្ទាន់ ក្នុងការលុបចោលបំណុលដែលមានរវាងម្ចាស់សិប្បកម្មផលិតឥដ្ឋ និងកម្មករបញ្ចាំខ្លួនដោះបំណុលនេះ។ របាយការណ៍នេះក៏បានអំពាវនាវដល់រដ្ឋាភិបាលបរទេសដើម្បីធានាថា វិនិយោគគិនបរទេសបានដឹងពីមធ្យោបាយក្នុងការបញ្ចាំខ្លួនដើម្បីដោះបំណុល និងពលកម្មកុមារក្នុងឧស្សាហកម្មសំណង់កម្ពុជាផងដែរ។
កញ្ញា ណាប់ សុម៉ាលី មន្ត្រីជាន់ខ្ពស់ផ្នែកឃ្លាំមើលការរំលោភសិទិ្ធស្ត្រី និងកុមារនៃអង្គការ លីកាដូ បានលើកឡើងថា បើមិនមានការអន្តរាគមន៍បន្ទាន់ពីរដ្ឋាភិបាលទេ របបទេសភាពថ្មីមួយនៅក្នុងសម័យបច្ចុប្បន្ន នឹងរីកដុះដាលកាន់តែខ្លាំងនៅក្នុងវិស័យឧស្សាហកម្មឡឥដ្ឋកម្ពុជានេះ។ ប៉ុន្តែលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានលើកឡើងថា រដ្ឋាភិបាលមិនមានគម្រោងសងបំណុលជំនួសនោះទេ តែបានលើកទឹកចិត្តឲ្យថៅកែរ ឬម្ចាស់សហគ្រាសទាំងនោះ ពន្យាពេលក្នុងការទារបំណុល។
សូមបញ្ជាក់ថា ការចេញផ្សាយរបាយការណ៍លើកទី១ស្តីពី “ការអភិវឌ្ឍលើទាសភាព៖ ការបញ្ចាំខ្លួនដោះបំណុល និងពលកម្មកុមារក្នុងសិប្បកម្មផលិតឥដ្ឋនៅកម្ពុជា”នេះ គឺចំពេលដែលកម្ពុជាប្រារព្ធទិវាអន្តរជាតិលុបបំបាត់អំពើទាសភាពពិភពលោក ថ្ងៃទី២ ធ្នូ ឆ្នាំ២០១៦នេះ៕
No comments:
Post a Comment