អ្នកលក់ដូរបន្លែនៅផ្សារដើមគ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។ RFA/Brach Chev |
ក្រុមពលរដ្ឋលក់ដូរបន្លែតាមកញ្ច្រែងតិចតួចនៅម្ដុំផ្សារដើមគ រិះគន់សារាចររបស់លោក ហ៊ុន សែន ដែលប្រកាសលុបចោលការយកភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែងថា គ្មានប្រសិទ្ធភាព។
ក្រុមអាជីវករទាំងនោះអះអាងថា ការប្រកាសរបស់លោក ហ៊ុន សែន មិនត្រូវបានមន្ត្រីថ្នាក់ក្រោមអនុវត្តឡើយ។ ទាក់ទងករណីនេះ អ្នកនាំពាក្យសាលាក្រុងភ្នំពេញ លើកឡើងថា ក្រុមអ្នករិះគន់នោះមិនបានរាប់បញ្ចូលទៅក្នុងក្រុមពលរដ្ឋដែលទទួលបានការអនុគ្រោះតាមសារាចរស្ដីពីការលុបចោលការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ឡើយ។
បើទោះជាសារាចរស្ដីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី បានចូលជាធរមានជាង ២០ថ្ងៃហើយក្ដី ប៉ុន្តែការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមនៅតែរងការរិះគន់ពីក្រុមពលរដ្ឋថា នៅតែមានអ្នកមកយកថ្លៃភាស៊ី និងថ្លៃសេវាផ្សេងៗដដែល។ ការងាកមកគិតគូរដល់ពលរដ្ឋរកស៊ីតាមចិញ្ចើមផ្លូវដើម្បីចិញ្ចឹមក្រពះពីសំណាក់រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសជាង ៣០ឆ្នាំមកហើយនេះ ត្រូវអ្នកវិភាគសង្គមយល់ថា គឺបក្សកាន់អំណាចព្យាយាមចង់បានប្រជាប្រិយភាពរបស់ខ្លួនពីពលរដ្ឋក្រីក្រ ខណៈលទ្ធផលបោះឆ្នោតឆ្នាំ២០១៣ កន្លងទៅ គណបក្សនេះបាត់កៅអីអស់ ២២កៅអី។ ប៉ុន្តែអ្នកវិភាគយល់ថា ការភ្ញាក់ខ្លួននេះ ដូចជាចង់យឺតពេលទៅហើយ។
អ្នកលក់ដូរខ្ទឹម អំបិល ម្ទេស ក្រោមឆត្រនៅផ្សារដើមគ លោកស្រី ឈឺ ម៉ៅ និយាយថា លោកស្រីដឹងថា ប្រមុខរដ្ឋាភិបាលប្រកាសថា អ្នកលក់ដូរដូចលោកស្រីមិនតម្រូវបង់ភាស៊ីទេ ប៉ុន្តែដើម្បីលោកស្រីអាចលក់ដូរនៅទីនេះបាន លោកស្រីត្រូវបង្ខំចិត្តបង់លុយប្រចាំថ្ងៃអស់មួយថ្ងៃ ១ពាន់រៀល និងបង់លុយប្រចាំខែចំនួនពីរម៉ឺនរៀលដូចមុនដដែល៖ «»។
តាមរយៈការសម្ភាសក្រុមពលរដ្ឋទោះតិច ឬច្រើន ពួកគេនៅតែត្រូវបង់ប្រាក់ទៅសន្តិសុខផ្សារដើម្បីជាថ្នូរនឹងការអាចលក់ដូរនៅទីនេះបានសុខ។ ពួកគេមានតូប ឬកន្លែងលក់ដូរធំដុំ អ្នកខ្លះលក់ក្រោមឆត្រ និងអ្នកខ្លះលក់ដូរតាមចិញ្ចើមផ្លូវជារឿយក្រុមពលរដ្ឋត្រូវក្រុមសន្តិសុខផ្សាយបណ្ដេញចេញ ឬចាប់លើកបន្លែលើរទេះក្រោមហេតុផលថា រៀបចំសណ្ដាប់ធ្នាប់សាធារណៈ៖ «»។
អ្នកលក់ដូរបន្លែម្នាក់ទៀតនៅផ្សារដើមគ លោកស្រី សុខ សារ៉ាន និយាយថា ក្នុងមួយថ្ងៃៗលោកស្រីត្រូវបង់ប្រាក់ទៅសន្តិសុខផ្សារ លុយភាស៊ី ថ្លៃអនាម័យ។ លោកស្រីថា ប្រសិនបើលោកស្រីមិនបង់លុយទេ នឹងត្រូវក្រុមទាំងនេះចាក់បន្លែគាត់ចោល៖ «»។
ក្រុមពលរដ្ឋនិយាយថា មិនដែលមានសន្តិសុខផ្សារ ឬអ្នកគ្រប់គ្រងផ្សារមកប្រាប់ថា មានប្រកាសពីនាយករដ្ឋមន្ត្រីឲ្យឈប់យកភាស៊ីពីអ្នកលក់ដូរតិចតួចតាមកញ្ច្រែង ល្អី ឬថ្លែងសេវាផ្សេងៗទៀតនោះឡើយ ប៉ុន្តែពួកគាត់គ្រាន់តែដឹងពីការប្រកាសនេះតាមសារព័ត៌មានប៉ុណ្ណោះ។
មិនខុសគ្នាពីអ្នកលក់បន្លែ អ្នកលក់ពងទាតាមកង់ម្នាក់ លោក សុខា ដែលបណ្ដើរកង់លក់ជុំវិញផ្សារដើមគ និងនៅតាមរោងចក្រដែលនៅតែបង់លុយភាស៊ីរាល់ថ្ងៃស្នើឲ្យទៅរដ្ឋាភិបាលផ្សព្វផ្សាយឲ្យទូលំទូលាយពីសារាចរនៃការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី៖ «»។
អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺពីមន្ត្រីគ្រប់គ្រងផ្សារដើមគ នៅថ្ងៃទី២៧ ខែធ្នូ បន្ទាប់ពីមានការចោទប្រកាន់ពីក្រុមពលរដ្ឋ ប៉ុន្តែគ្មានអ្នកណាចេញមុខបំភ្លឺ។
ក្រុមពលរដ្ឋដែលលក់ដូរបន្លែតិចតួចនៅផ្សារដើមគ មានការខកចិត្ត និងអស់សង្ឃឹមចំពោះការប្រកាសរបស់ប្រមុខរដ្ឋាភិបាលដែលថា នឹងមិនយកថ្លៃភាស៊ី ឬថ្លៃសេវាផ្សេងៗពីពួកគាត់នោះ ដោយសារអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ប្រាប់ថា ទោះការលក់ដូរនោះ ដាក់កញ្ច្រែង ឬល្អីក្ដី ប៉ុន្តែមានទីតាំងពិតប្រាកដ គឺត្រូវបង់លុយភាស៊ី និងថ្លៃសេវាផ្សេងៗដូចពេលមុនដដែល។
លោកបញ្ជាក់ថា សាលាក្រុងបានប្រជុំជាមួយតំណាងផ្សារនានានៅភ្នំពេញ ចំនួនពីរដងមកហើយ ដើម្បីកំណត់ថា តើអ្នកលក់ដូរបែបណាខ្លះដែលត្រូវរាប់បញ្ចូលក្នុងសារាចររបស់រដ្ឋាភិបាលស្ដីពីការអនុគ្រោះមិនយកភាស៊ី និងថ្លៃសេវាផ្សេងៗទៀតនោះ ដែលលទ្ធផលនឹងចេញផ្សាយក្នុងពេលឆាប់ៗនេះ៖ «»។
អ្នកនាំពាក្យសាលាក្រុងដដែលបញ្ជាក់ថា ផ្សារនៅភ្នំពេញ ជួបបញ្ហាខ្លះៗដែលពិបាកក្នុងការវាយតម្លៃថា តើអ្នកលក់ប្រភេទណាត្រូវរាប់បញ្ចូលជាអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ដែលត្រូវទទួលបានការអនុគ្រោះពន្ធប្រចាំថ្ងៃ ឬភាស៊ីនេះ៖ «»។
ចំណែកអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ប្រាប់ថា បើអ្នកមកយកថ្លៃភាស៊ី ឬសេវាផ្សេងៗ ពីក្រុមអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នោះគឺជាអ្នកប្រព្រឹត្តអំពើល្មើសច្បាប់។ លោកបន្តថា ពលរដ្ឋត្រូវដាក់ពាក្យប្ដឹងជាលាយលក្ខណ៍អក្សរទៅប្រធានផ្សារ និងអង្គភាពប្រឆាំងអំពើពុករលួយ៖ «»។
សារាចរស្ដីពីការលុបការបង់ថ្លៃភាស៊ីចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៥ ខែធ្នូ សម្រេចលុបការបង់ភាស៊ី និងថ្លៃផ្សេងៗទៀតចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង ល្អី នៅតាមផ្សារទូទាំងប្រទេស។
សារាចរដដែលបញ្ជាក់ន័យរបស់ការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ថា គឺសំដៅដល់ការលក់ដូរតិចតួចនៅកន្លែងលក់ដូរ និងនៅទីផ្សារទូទាំងប្រទេស។ លក់កសិផលពីដំណាំដាំដុះ និងផលពីដំណាំធម្មជាតិ ឬកន្លែងលក់ដូរមានលក្ខណៈបណ្ដោះអាសន្ន។
ការផ្ដល់ការអនុគ្រោះនេះ សំដៅបញ្ឈប់ការបង់ភាស៊ី និងរាល់ការបង់ថ្លៃទាំងឡាយណាពីកន្លែងលក់ដូរ និងតាមទីផ្សារទាំងអស់។ ពួកគេនៅតែទទួលបានការធានាសន្តិសុខ សុវត្ថិភាព អនាម័យ និងបរិស្ថានប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរមូលដ្ឋាន។ លោក ហ៊ុន សែន ណែនាំឲ្យគ្រប់ក្រសួង ស្ថាប័ន សាលារាជធានី ខេត្ត និងអ្នកពាក់ព័ន្ធ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី គាំទ្រសារាចរស្ដីពីការលុបការបង់ថ្លៃចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ប៉ុន្តែលោកយល់ថា រឿងនេះត្រូវធ្វើយូរមកហើយ មិនមែនទើបតែធ្វើក្នុងពេលនេះទេ។
លោក មាស នី យល់ថា ប្រសិនបើរដ្ឋាភិបាលគ្មានក្រុមវាយតម្លៃ ឬអ្នកត្រួតពិនិត្យលើការអនុវត្តសារាចរនេះឲ្យបានត្រឹមត្រូវទេ ទោះបញ្ជានេះត្រូវបានអនុវត្តក្ដី ក៏ពលរដ្ឋក្រីក្រមិនទទួលបានផលពីសារាចរនេះដែរ ហើយរដ្ឋាភិបាលក៏មិនចំណេញ ឬទទួលបានប្រជាប្រិយភាពពីការអនុគ្រោះនេះដែរ៖ «»។
លោកបណ្ឌិត មាស នី ព្រួយបារម្ភចំពោះការអនុវត្តសារាចរស្ដីពីការលុបការបង់ថ្លៃភាស៊ីទៅលើប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ថាអាចត្រូវបរាជ័យ ជាពិសេសគឺការអនុវត្តនៅក្នុងរាជធានីភ្នំពេញ ដោយលើកឧទាហរណ៍ថា រដ្ឋាភិបាលសព្វថ្ងៃ កំណត់ថ្លៃផ្ញើម៉ូតូតម្លៃ ៣០០រៀលសម្រាប់ម៉ូតូមួយគ្រឿង ប៉ុន្តែកន្លែងផ្ញើម៉ូតូទាំងនៅផ្សាររបស់រដ្ឋ និងផ្សារឯកជន យកលើសរហូតដល់ ១.០០០រៀល ឬលើសពីនេះ ហើយរដ្ឋាភិបាលគ្មានវិធានការបង្ក្រាប ឬទប់ស្កាត់បញ្ហាទាំងនោះបានឡើយ៕
No comments:
Post a Comment