Thursday, December 29, 2016

សហគមន៍​រក​ឃើញ​កន្លែង​កាប់​រាន​ព្រៃ​បន្ថែម​ទៀត​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ណាំលៀ



សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ចុះ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ណាំលៀ លើក​ទី​ពីរ ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Ratha Visal




សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ប្រមាណ ៣០​នាក់ បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កាប់​រាន​ព្រៃ​ឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ណាំលៀ ជា​លើក​ទី​ពីរ​ដើម្បី​កំណត់​ពី​ទំហំ​ផល​ប៉ះពាល់​ស្ដីពី​ការ​កាប់​រាន​ព្រៃឈើ​នេះ។

​មន្ត្រី​អនុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ មន្ត្រី​មូលដ្ឋាន មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី និង​អ្នក​​សារព័ត៌មាន​ក៏​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​នោះ​ដែរ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា មន្ត្រី​សមាគម​អាដហុក និង​មន្ត្រី​ជំនាញ​ដែន​ជម្រក​សត្វ​ព្រៃ សុទ្ធសឹងតែ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​កាប់​រាន​ព្រៃឈើ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ ប្រាកដ​មែន។

កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ក្រុម​ល្បាត​សហគមន៍​ប្រមាណ ៣០​នាក់ រួម​ដំណើរ​ដោយ​មន្ត្រី​សិទ្ធិមនុស្ស​អាដហុក បាន​ធ្វើ​ដំណើរ​ជា​លើក​ទី​ពីរ ទៅ​កាន់​តំបន់​កាប់​រាន​ព្រៃ​យក​ដី​នៅ​ចន្លោះ​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៧ និង​ប៉ុស្តិ៍​តម្រួត​ការពារ​ព្រំដែន​ទួល​ស្វាយ ឬ​ប៉ុស្តិ៍​លេខ​៨ ក្នុង​ខេត្ត​មណ្ឌលគិរី។


តំណាង​សហគមន៍ លោក ថ្លាង ថូ កត់សំគាល់​ថា រោង​ប្រក់​សំពត់​កៅស៊ូ​ចំនួន​ពីរ​កន្លែង​នៅ​ក្បែរ​តំបន់​​កាប់​រាន​ព្រៃ​ដែល​សហគមន៍​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ត្រូវ​បាន​រុះរើ​មិន​មាន​សមត្ថកិច្ច​ស្នាក់នៅ​ទី​នោះ​ទៀត​ឡើយ។ លោក​បន្ត​ថា ក្រុម​សមត្ថកិច្ច​ដែល​ចាក​ចេញ​ពី​រោង​នេះ​បន្ទាប់​ពី​សហគមន៍​រក​ឃើញ​ទីតាំង​កាប់​រាន​ព្រៃ​យក​ដី​ចំណែក​ក្រុម​ប៉ូលិស​ឈរ​ជើង​នៅ​រោង​នោះ​សហគមន៍​សង្ស័យ​ថា ជា​អ្នក​យាម​ការពារ​សកម្មភាព​កាប់​រាន​ព្រៃ​នេះ៖ «គេ​រុះ​មួយ​សប្ដាហ៍​ហ្នឹង​បែក​រឿង​ពេល​យើង​ដាក់​ពាក្យ​ប្ដឹង។ ប៉ូលិស​ទាហាន ៦​នាក់​គេ​ដាក់​ចាំ​អ្នក​កាប់​ផង​ចាំ​យួន​ដឹក​ឈើ​ផង»។

​ដំណើរ​ល្បាត​ព្រៃ​លើក​ទី​ពីរ​នេះ សហគមន៍​បាន​រក​ឃើញ​កន្លែង​កាប់​រាន​ព្រៃ​ឈើ​ថ្មីៗ​ទៀត នៅ​ចំណុច​ជា​ច្រើន​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ ចន្លោះ​ព្រំប្រទល់​ស្រុក​ពេជ្រាដា និង​ស្រុក​អូររាំង ជិត​​តំបន់​ភូមិ​ជនជាតិ​ចាម តាំង​លំនៅឋាន។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក លោក សុក រដ្ឋា កត់សំគាល់​ដែរ​ថា កន្លែង​សកម្មភាព​កាប់​រាន​ព្រៃ​ដែល​ក្រុម​ល្បាត​ប្រទះ​ឃើញ​មាន​ច្រើន​កន្លែង និង​មាន​ទំហំ​ខ្លះ​ពីរ​ហិកតារ និង​ខ្លះ​ទៀត​ពី ៥ ទៅ ១០​ហិកតារ ព្រៃ​ឈើ​ខ្លះ​ត្រូវ​គេ​កាប់​រាន​ថ្មីៗ​នៅ​ឡើយ។ តាម​ការ​ប៉ាន់​​ប្រមាណ​ព្រៃឈើ​ដែល​រង​ការ​ខូចខាត​ពី​ការ​កាប់​រាន​នេះ​មាន​ទំហំ​ប្រមាណ ១​ពាន់​ហិកតារ។

លោក​ថ្លែង​ថា ក្រុម​មន្ត្រី​អនុរក្ស​គួរ​សហការ​ជាមួយ​សហគមន៍​ឲ្យ​បាន​ជិតស្និទ្ធ​ដើម្បី​រួមគ្នា​អភិរក្ស​ធនធាន​ធម្មជាតិ​នៅ​តំបន់​នោះ​ឡើង​វិញ៖ «សកម្មភាព​កាប់​រាន​ហ្នឹង​គឺ​ជា​បទល្មើស​ឧក្រិដ្ឋ​មិន​ត្រូវ​មាន​ការ​លើកលែង​ជន​ប្រព្រឹត្ត ហើយ​និង​អ្នក​​ពាក់ព័ន្ធ ហើយ​អ្នក​បាន​ដឹង​រឿង​ហ្នឹង​ហើយ​មិន​បាន​ប្ដឹង​បរិហារ​សុទ្ធសឹងតែ​អ្នក​ទទួល​ខុស​ត្រូវ។ ប្រជាពលរដ្ឋ​ជា​កម្លាំង​ស្នូល​មួយ​ចូល​រួម​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​ជាមួយ​មន្ត្រី​សាធារណៈ​​របស់​រដ្ឋ ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​រដ្ឋ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត»។

​របាយការណ៍​របស់​មន្ត្រី​មូលដ្ឋាន​ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០០៨ រហូត​បច្ចុប្បន្ន ជនជាតិ​ចាម​ចំណាក​ស្រុក​​បាន​ចូល​មក​កាប់​ឆ្ការ​ព្រៃ​សង់​លំនៅឋាន​ប្រកប​របរ​កសិកម្ម​កើន​ឡើង​ជិត ២០០​គ្រួសារ និង​បង្កើត​ជា​រដ្ឋបាល​ភូមិ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ ក្បែរ​ប៉ុស្តិ៍​ការពារ​ព្រំដែន​លេខ​៨ ចម្ងាយ​ប្រមាណ ៥​គីឡូម៉ែត្រ​ពី​ព្រំដែន​វៀតណាម។

ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ ស្ដីទី លោក ហាន ខន ដែល​ដឹកនាំ​ក្រុម​អនុរក្ស​ត្រួត​ពិនិត្យ​បញ្ហា​​នេះ​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​កាប់​រាន​ព្រៃ ក៏ប៉ុន្តែ​ការ​កាប់​រាន​ព្រៃ​នេះ​មាន​ទ្រង់ទ្រាយ​តូចៗ ដែល​​មន្ត្រី​អនុរក្ស​មិន​ទាន់​ប្រមូល​ទិន្នន័យ​ជាក់លាក់​នៅ​ឡើយ។ លោក​ថា ការ​តាំង​លំនៅ​របស់​ប្រជាពលរដ្ឋ​​ចំណាក​ស្រុក គឺ​ជា​ហេតុផល​នាំ​ឲ្យ​មាន​ការ​កាប់​រាន​ព្រៃ​ជា​បន្តបន្ទាប់៖ «យើង​មិន​អាច​សន្និដ្ឋាន​បាន​ទេ ព្រោះ​យើង​មិន​មាន​លទ្ធភាព​ដោះស្រាយ​យើង​មាន​តែ​របាយការណ៍​ទៅ​ថ្នាក់លើ​តែ​ប៉ុណ្ណឹង»។

​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ម្នាក់​មាន​ទីលំនៅ​ឋិត​ក្នុង​តំបន់​រដ្ឋបាល​ភូមិ​ចាម ឈ្មោះ ម៉ាត់ បដិសេធ​ថា មិន​បាន​ដឹង​ពី​អត្តសញ្ញាណ​អ្នក​កាប់​រាន​ព្រៃ​ទាំង​នោះ​ទេ។

សហគមន៍​ព្នង ឃុំ​ប៊ូស្រា មាន​ប្រជាពលរដ្ឋ ៧​ភូមិ កំពុង​រៀបចំ​ឯកសារ​ចុះ​បញ្ជី​បង្កើត​សហគមន៍​ផ្លូវ​ការ​ដើម្បី​សុំ​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព។

ចាស់​ទុំ​ភូមិ​ពូលុ លោក ស្រង ជ្រឿន បញ្ជាក់​ថា ការ​កាប់​រាន​ព្រៃឈើ​យក​ដី​ថ្មី​នេះ ប៉ះពាល់​តំបន់​ព្រៃ​អារក្ស ព្រៃ​កប់​សព ដែល​សហគមន៍​ត្រៀម​បម្រុង​សុំ​ចុះ​បញ្ជី​ដី​នេះ។ លោក​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បញ្ឈប់​ការ​កាប់​រាន​ព្រៃ​នេះ ដើម្បី​រក្សា​ធនធាន​ធម្មជាតិ​សម្រាប់​សហគមន៍​ប្រើប្រាស់ និង​អាស្រ័យ​ផល​តាម​ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគ​តិច៖ «ព្រៃ​ហ្នឹង​សហគមន៍​ទុក​ជា​ព្រៃ​បម្រុង​ទុក ឥឡូវ​គេ​កាប់​ទន្ទ្រាន​អស់។ ឲ្យ​រាជរដ្ឋាភិបាល​យើង​​គាំទ្រ​អន្តរាគមន៍​ការពារ​ព្រៃ​ឈើ​នេះ»។

​តំបន់​ព្រៃ​អភិរក្ស​ភ្នំ​ណាំលៀ គឺ​ជា​ដែន​ជម្រក​សត្វព្រៃ​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។ ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ឈើ​ប្រណិត និង​ឈើ​មាន​តម្លៃ ត្រូវ​គេ​កាប់​យក​បែប​អនាធិបតេយ្យ។ មាន​ករណី​ខ្លះ​ទៀត ជនជាតិ​វៀតណាម ជា​ក្រុម​បាន​នាំ​គ្រឿងចក្រ​មាន​ត្រាក់ទ័រ ម៉ាស៊ីន​កាត់​ឈើ និង​អាវុធ​ចូល​អា​រំលំ​ឈើ​មូល ហើយ​ជ្រៀត​ជា​ឈើ​ជ្រុង​ដឹក​ជញ្ជូន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ទៀត​ផង។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក កែវ សុភ័គ បញ្ជាក់​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​កាត់​ចេញ​ដី​ដែល​ពលរដ្ឋ​ចំណាក​ស្រុក​កាប់​រាន​ព្រៃ​តាំង​លំនៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ នោះ​ហើយ។ លោក​ថា មន្ទីរ​បរិស្ថាន​នឹង​រៀបចំ​កសាង​សំណុំរឿង​កាន់​រាន​ព្រៃ​ថ្មី​នេះ​តាម​ផ្លូវ​ច្បាប់ បើ​ទោះ​បី​រក​ឃើញ ឬ​មិន​ឃើញ​អត្តសញ្ញាណ​ជន​ពាក់ព័ន្ធ​ក៏ដោយ៖ «ខ្ញុំ​ធ្វើ​របាយការណ៍​ហើយ​យក​ទីតាំង​នោះ​ផ្ទៀងផ្ទាត់​មើល​អស់​ទំហំ​ប៉ុន្មាន។ បើ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ ក៏​យើង​ចងក្រង​សំណុំ​រឿង​ចោល​ដើម្បី​ការពារ​ថ្ងៃ​ក្រោយ»។

​ទោះ​បី​ជា​យ៉ាង​នេះ​ក៏ដោយ តំណាង​សហគមន៍​ឃុំ​ប៊ូស្រា លោក ថ្លាង ថូ បញ្ជាក់​ថា ​ប្រជាពលរដ្ឋ​ទាំង ៧​ភូមិ​ក្នុង​សហគមន៍ នឹង​ប្រមូល​ស្នាម​មេដៃ​ធ្វើ​ពាក្យ​ប្ដឹង​បរិហារ​មន្ត្រី​អភិរក្ស​ព្រៃឈើ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាំលៀ និង​មន្ត្រី​មូលដ្ឋាន​ទាក់ទិន​ការ​កាប់​រាន​ព្រៃ​ថ្មី​នេះ៕

No comments:

Post a Comment