Monday, December 12, 2016

ពលរដ្ឋ​ខេត្ត​បាត់ដំបង​ថា​សមត្ថកិច្ច​មិន​ទប់ស្កាត់​ជនជាតិ​វៀតណាម​នេសាទ​ខុស​ច្បាប់



បរ​ណរ៉ាវ​ដាក់​នៅ​បឹង​រហាល​ផ្ទោល ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ Photo Provided
ប្រជា​នេសាទ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង អះអាង​ថា ជនជាតិ​វៀតណាម និង​អ្នក​មាន​ទ្រព្យ​ធន​មួយ​ចំនួន​នៅ​ក្នុង​ស្រុក​នេះ កំពុង​ត្រូវប៉ាន់​អំពី​របរ​ធ្វើ​នេសាទ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ នៅ​តំបន់​បឹង​ទន្លេសាប ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នៅ​ឡើយ។ អ្នក​ស្រុក​បញ្ជាក់​ថា ការ​ធ្វើ​នេសាទ​នេះ នឹង​ធ្វើ​ឲ្យ​ហិនហោច​ធនធាន​មច្ឆជាតិ​ធ្ងន់ធ្ងរ ហើយ​ប៉ះពាល់​ដល់​របរ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​រស់នៅ​តាម​ដង​ស្ទឹង​សង្កែ និង​ធ្វើ​ឲ្យ​ពួក​គាត់​មិន​អាច​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន។

ប្រជា​នេសាទ​នៅ​ជាប់​បឹង​ទន្លេសាប​ស្រុក​ឯកភ្នំ កំពុង​ព្រួយ​បារម្ភ​ខ្លាចក្រែង​ដាច់​ពោះ​ស្លាប់ ដោយសារ​មិន​អាច​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​ដូច​ពេល​មុនៗ។

ពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​ក្បាលតោល ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ លោក អ៊ន អឿន ថ្លែង​ថា ទូក​នេសាទ​របស់​ជនជាតិ​វៀតណាម ប្រមាណ ១០​គ្រឿង​ក្នុង​មួយ​ថ្ងៃៗ បាន​ប្រើ​ឧបករណ៍​នេសាទ​យ៉ាងកាវ គឺ​អួន​ក្រឡា​មួយ​ហ៊ុន​កន្លះ ដាក់​ចូល​ទៅ​ក្នុង​ទឹក​អូស​ចាប់​ត្រី​ទាំង​តូច​ធំ​នៅ​ភូមិ​ក្បាលតោល ជាប់​បឹង​ទន្លេសាប​ដោយ​សេរី។ លោក​បន្ថែម​ថា យ៉ាង​ហោច​ណាស់​ជនជាតិ​វៀតណាម ចាប់​ត្រី​ក្នុង​មួយ​ក្រុម​ដែល​មាន​គ្នា​ប្រមាណ ៦​នាក់ ដោយ​ប្រើ​ទូក​ពី ២​ទៅ ៣​គ្រឿង ចាប់​ត្រី​បាន​ចន្លោះ​ពី ៥ ទៅ ៧​តោន​ក្នុង​មួយ​ថ្ងៃ។ លោក​អះអាង​ថា សមត្ថកិច្ច​បាន​ដឹង​រឿង​នេះ​ដែរ ក៏ប៉ុន្តែ​ហាក់​មិន​អើពើ​ទប់ស្កាត់​ជនជាតិ​វៀតណាម ធ្វើ​នេសាទ​ខុស​ច្បាប់​នោះ​ឡើយ៖ «ហើយ​សមត្ថកិច្ច​ទៅ​ចាប់​មិន​ដែល​បាន​ទេ។ ខ្ញុំ​មិន​ដឹង​គាត់​ទៅ​ចាប់​វិធី​យ៉ាង​ណា បាន​ជា​មិន​ដែល​បាន​មនុស្ស។ ខ្ញុំ​រាយការណ៍​ប្រាប់​មន្ត្រី​ជំនាញ គាត់​ថា​ខ្ញុំ​ទៅ​ចាប់​ម៉េច​បាន បើ​ទូក​គាត់​សុទ្ធតែ​ធំៗ បើក​បុក​ខ្ញុំ​ស្លាប់!»។

លោក អឿន ឲ្យ​ដឹង​ទៀត​ថា ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ជាប់​បឹង​ទន្លេសាប​ដែល​ប្រកប​របរ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ មិន​អាច​ធ្វើ​នេសាទ​រក​ត្រី​បាន​ច្រើន​ដើម្បី​រក​ប្រាក់​ចំណូល​បាន​នោះ​ទេ។ មូលហេតុ​ដែល​មិន​អាច​ធ្វើ​នេសាទ​បាន ព្រោះ​ខ្លាច​កាណូត​នេសាទ​ធំៗ​របស់​ជនជាតិ​វៀតណាម បើក​បុក​លិច​ទូក​ស្លាប់។
ឆ្លើយតប​នឹង​បញ្ហា​នេះ អភិបាល​ស្រុក​ឯកភ្នំ លោក ឡុង សុភឺន មាន​ប្រសាសន៍​ថា កន្លង​ទៅ អាជ្ញាធរ​ស្រុក​តែង​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បាត់ដំបង ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​តំបន់​ព្រៃរនាម បឹង​ទន្លេសាប​ជា​ប្រចាំ។ លោក​អះអាង​ថា បទល្មើស​នេសាទ​កន្លង​មក​ភាគច្រើន​ជា​ប្រភេទ​បរណរ៉ាវ ហើយ​មាន​ទាំង​បទល្មើស​ទ្រង់ទ្រាយ​តូច និង​ធំ ប៉ុន្តែ​ពុំ​មាន​ជនជាតិ​វៀតណាម នោះ​ទេ៖ «មិន​ទាន់​ច្បាស់ការ​យ៉ាង​ម៉េច​ទេ ចាំ​មើល​ខ្ញុំ​សួរ​ទៅ​សមត្ថកិច្ច​សិន ព្រោះ​កន្លង​មក ខ្ញុំ​មាន​មន្ត្រី​ដាក់​ប្រចាំ​ការ​នៅ​ទីនោះ ហើយ​នៅ​ពេល​មាន​បទល្មើស​នេសាទ គេ​នឹង​ទាក់ទង​មក​ខ្ញុំ​ភ្លាម តែ​នេះ​អត់​ឃើញ​មាន​សោះ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី តំណាង​ប្រជា​នេសាទ​ប្រចាំ​ខេត្ត​បាត់ដំបង លោក ហ៊ុត ហាន មាន​ប្រសាសន៍​ថា ទូក​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម មាន​ច្រើន​នៅ​តំបន់​ភូមិ​ក្បាលតោល ហើយ​បាន​ប៉ះពាល់​ដល់​របរ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ពលរដ្ឋ​ខ្មែរ​រស់នៅ​តំបន់​នោះ​ជា​ខ្លាំង។ លោក​បន្ថែម​ថា ក្រៅ​អំពី​ជនជាតិ​វៀតណាម ធ្វើ​នេសាទ​ខុស​ច្បាប់​ហើយ នៅ​មាន​អ្នក​មាន​ទ្រព្យ​ធន​ជាច្រើន​នាក់​ទៀត បាន​ប្រើ​ឧបករណ៍​បរណរ៉ាវ​ប្រវែង​ពី ២ ទៅ ៣​គីឡូម៉ែត្រ ដាក់​ចាប់​យក​ត្រី​នៅ​តំបន់​ឡូត៍​លេខ​២ ក្នុង​ឃុំ​កោះជីវាំង ដោយ​សេរី និង​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​បាន​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា ការ​ធ្វើ​នេសាទ​ទ្រង់ទ្រាយ​ធំ​ទាំងអស់​នេះ មិន​យូរ​ឡើយ​នឹង​ធ្វើ​ឲ្យ​ហិនហោច​ត្រី​នៅ​តំបន់​បឹង​ទន្លេសាប​ជា​ពុំ​ខាន៖ «បាទ! ការ​ធ្វើ​នេសាទ​នេះ​ប៉ះពាល់​ធនធាន​ធម្មជាតិ​ធ្ងន់ធ្ងរ​ណាស់ ព្រោះ​អី​ពេល​ទឹក​ស្រក​សម្រុក​ចុះ​ទៅ​បឹង​ទន្លេសាប​វិញ ហើយ​មិន​ទាន់​បាន​ចុះ​ទៅ​ដល់​ទន្លេ​ផង យើង​ចាប់​អ៊ីចឹង​វា​ហិនហោច​អស់​ហើយ។ ហើយ​ឧបករណ៍​មួយ​ទៀត យើង​កំពុង​តែ​ភ័យ​ខ្លាច​ដែរ គឺ​ឆ្នុក​ចាប់​ត្រី ក៏​ឧបករណ៍​ខុស​ច្បាប់​ដែរ ហើយ​មាន​ច្រើន​ណាស់​នៅ​តំបន់​នោះ»។

នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង លោក ជួង សុភា មាន​ប្រសាសន៍​ថា លោក​ពុំ​ទាន់​ទទួល​ដំណឹង​ដែល​ជនជាតិ​វៀតណាម ធ្វើ​នេសាទ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ភូមិ​ក្បាលតោល នោះ​នៅ​ឡើយ​ទេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​ថា​សមត្ថកិច្ច​ខេត្ត​បាត់ដំបង នឹង​ប្រជុំ​ដោះស្រាយ​បញ្ហា​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ហើយ​ថា​ក្រោយ​ពី​ការ​ប្រជុំ​រួច នឹង​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​តំបន់​បឹង​ទន្លេសាប​បន្ត​ទៀត៖ «បាទ! នៅ​ក្បាលតោល តិច​ដែរ ព្រោះ​ជា​ភូមិ​មួយ ហើយ​កម្លាំង​ធំ​នៅ​ព្រែកទាល់ ប៉ុន្តែ​មិន​អី​ទេ យើង​នឹង​ប្រមែប្រមូល​កម្លាំង​ចុះ​ទៅ​បង្ក្រាប​ដល់​ទីកន្លែង»។

មន្ត្រី​សម្របសម្រួល​អង្គការ​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​ជុំវិញ​បឹង​ទន្លេសាប អ្នកស្រី នូ សារឹម កត់​សម្គាល់​ថា បទល្មើស​នេសាទ​នៅ​ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ឡើង ជាពិសេស​នៅ​រដូវ​ទឹក​ស្រក ដែល​សម្បូរ​ត្រី​ច្រើន។ អ្នកស្រី​ពន្យល់​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​ទប់ស្កាត់​ការ​ធ្វើ​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​បឹង​ទន្លេសាប​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ នឹង​ធ្វើ​ឲ្យ​ហិនហោច​ត្រី​ក្នុង​ពេល​ឆាប់ៗ។ អ្នកស្រី​សង្កត់​ធ្ងន់​ថា នៅ​ពេល​ដែល​អស់​ត្រី​ពី​តំបន់​នោះ​ហើយ អ្នក​ដែល​ប៉ះពាល់​ខ្លាំង គឺ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ស្ទឹង​សង្កែ​ជាប់​បឹង​ទន្លេសាប ដែល​ប្រកប​របរ​ធ្វើ​នេសាទ មិន​អាច​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​បាន​ឡើយ។ អ្នកស្រី​បន្ថែម​ថា នៅ​ពេល​គ្មាន​ប្រាក់​ចំណូល ជា​កត្តា​ជំរុញ​ឲ្យ​ពួក​គាត់​ធ្វើ​ចំណាក​ស្រុក ហើយ​រស់នៅ​បែក​បាក់​ពី​គ្រួសារ​កាន់​តែ​ច្រើន៖ «អ៊ីចឹង​ទាល់​តែ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ អនុវត្ត​ច្បាប់​ស្ដីពី​ជលផល​ឲ្យ​បាន​តឹងតែង ដោយ​មាន​សហការ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តំបន់​ចុះ​បង្ក្រាប ទើប​អាច​ទប់ស្កាត់ និង​ជួយ​ឲ្យ​ផល​ត្រី​កើន​ឡើង​បាន»។

បច្ចុប្បន្ន ពលរដ្ឋ​ដែល​គ្មាន​ដី​ស្រែ​ចម្ការ គឺ​រស់នៅ​តំបន់​ព្រៃរនាម​ជាប់​បឹង​ទន្លេសាប ហើយ​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ការ​ប្រកប​របរ​នេសាទ ដើម្បី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ។ នៅ​ស្រុក​ឯកភ្នំ មាន​ឃុំ​ចំនួន​២ គឺ​ឃុំ​ព្រៃចាស់ និង​ឃុំ​កោះជីវាំង និង​មាន​ប្រជាពលរដ្ឋ ៣.៨០៧​គ្រួសារ៕

No comments:

Post a Comment