ប្រជាពលរដ្ឋដែលរស់នៅអមផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ៤០នាក់តំណាងឲ្យ ៥០គ្រួសារ នៅព្រឹកថ្ងៃទី១២ ធ្នូ តវ៉ានៅមុខសាលាក្រុង ដើម្បីទាមទារឲ្យអាជ្ញាធរដោះស្រាយសំណងប៉ះពាល់ជូនពួកគាត់ឲ្យបានឆាប់។ ប៉ុន្តែអាជ្ញាធរក្រុងប៉ោយប៉ែត ពុំបានចេញទៅជួបក្រុមអ្នកតវ៉ា ដើម្បីដោះស្រាយ ឬសន្យាថាយ៉ាងណាជូនពួកគាត់នោះទេ។
នេះជាលើកទី៣១ ហើយ ដែលប្រជាពលរដ្ឋតវ៉ាឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ដោះស្រាយសំណងជូនពួកគាត់ ពុំទទួលបានលទ្ធផលនោះ។
តំណាងក្រុមអ្នកតវ៉ាម្នាក់រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត លោក វន វ័ន ថ្លែងនៅថ្ងៃទី១២ ធ្នូ ថា មូលហេតុដែលពួកគាត់តវ៉ាជាច្រើនលើកកន្លងទៅ ដោយសារអាជ្ញាធរពុំទាន់ផ្ដល់សំណងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងដល់ពួកគាត់នៅក្រុងប៉ោយប៉ែត ចំនួន ៥០គ្រួសារនៅឡើយ។
លោក វ័ន អះអាងថា ពួកគាត់រស់នៅអមផ្លូវរថភ្លើងដែលស្ថិតក្នុងគម្រោង ត្រូវទទួលបានសំណង ប៉ុន្តែអាជ្ញាធរបែរជាមិនដោះស្រាយជូនពួកគាត់ទៅវិញ៖ «អាជ្ញាធរគាត់តែងតែធ្វើរបាយការណ៍ឡើងទៅថ្នាក់លើ ដាក់ថាបានដោះស្រាយជូនប្រជាពលរដ្ឋបន្តបន្ទាប់ តែជាក់ស្ដែងមិនដូច្នោះឡើយ»។
ក្រុមអ្នកតវ៉ា ទាមទារឲ្យអាជ្ញាធរក្រុង និងមន្ត្រីពាក់ព័ន្ធ ដោះស្រាយសំណងទៅតាមតម្លៃដីទីផ្សារ ឬទៅតាមភាពជាក់ស្ដែងដែលអាចទទួលយកបាន។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងក្រុងប៉ោយប៉ែត ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក ម៉ែន សុភ័ណ មានប្រសាសន៍ថា អាជ្ញាធរក្រុងមិនអាចដោះស្រាយតាមការទាមទាររបស់ក្រុមអ្នកតវ៉ាបាននោះទេ ពីព្រោះលោកអះអាងថា ករណីនេះមិនស្ថិតនៅក្នុងគម្រោងដែលត្រូវដោះស្រាយ៖ «ទាល់តែមានគោលការណ៍ពីរាជរដ្ឋាភិបាលច្បាស់លាស់មក ទើបយើងធានាថាដោះស្រាយបាន ព្រោះយើងមិនចង់និយាយកុហកគាត់នោះទេ។ យើងក៏បានប្រាប់គាត់ដែរថា ឲ្យពួកគាត់រស់នៅសិនទៅ ហើយចាំពេលរថភ្លើងដំណើរការប៉ះពាល់យ៉ាងណា យើងនឹងដោះស្រាយទៀត»។
ទោះបីជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា អះអាងថា ក្រុមអ្នកតវ៉ាភាគច្រើនជាប្រជាពលរដ្ឋក្រីក្រ ហើយពួកគាត់រស់នៅស្ថិតក្នុងគម្រោងដែលត្រូវទទួលបានសំណងប៉ះពាល់ពីការសង់ផ្លូវរថភ្លើង។ លោកបន្ថែមថា អាជ្ញាធរក្រុងប៉ោយប៉ែត គ្មានចេតនាដោះស្រាយជូនពួកគាត់ ទើបជំរុញឲ្យប្រជាពលរដ្ឋនាំគ្នាតវ៉ាជាបន្តបន្ទាប់៖ «នេះ គឺជាលេសដោះស្រាយរបស់អាជ្ញាធរក្រុងទេ។ អាជ្ញាធរគួរតែបញ្ជាក់ប្រាប់ពួកគាត់ឲ្យបានច្បាស់លាស់ ថាស្ថិតនៅក្នុង ឬក្រៅគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើង ព្រោះអ្នកដែលតវ៉ា គឺពួកគាត់កំពុងតែរងទុក្ខខ្លាចអាជ្ញាធរមិនដោះស្រាយឲ្យពួកគាត់»។
គម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ជាជំនួយឧបត្ថម្ភថវិការបស់ធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB) សាងសង់ផ្លូវរថភ្លើងចំនួន ២ខ្សែ គឺពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ និងពីក្រុងភ្នំពេញទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ គម្រោងនេះ ប្រជាពលរដ្ឋនៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ប្រមាណ ៥០គ្រួសារមិនទាន់ទទួលបានសំណងនៅឡើយ។
ក្រុមអ្នកតវ៉ាព្រួយបារម្ភខ្លាចអាជ្ញាធរសង់ផ្លូវរថភ្លើងចំផ្ទះរបស់ពួកគាត់ ហើយបណ្ដេញពួកគាត់ចេញដោយគ្មានសំណង។ ការតវ៉ាលើកទី៣១ ដែលប្រើរយៈពេលជាង ១ម៉ោងនៅមុខសាលាក្រុងនោះ គឺពុំមានអាជ្ញាធរណាចេញមកដោះស្រាយជាមួយពួកគាត់នោះទេ។
ក្រុមអ្នកតវ៉ាប្រកាន់ជំហរថា ប្រសិនបើអាជ្ញាធរមិនដោះស្រាយជូនពួកគាត់ទេ នោះពួកគាត់នឹងតវ៉ាសាជាថ្មីទៀតក្នុងពេលឆាប់ៗ៕
No comments:
Post a Comment