Wednesday, December 7, 2016

ក្រសួង​រ៉ែ​ប្រកាស​ផ្អាក​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​៣​នៅ​ខេត្ត​កោះកុង


សាឡង់​បូម​ខ្សាច់ របស់​ក្រុមហ៊ុន​មួយ​នៅ​ឃុំ​កោះកាពិ ស្រុក​កោះកុង ខេត្ត​កោះកុង។ រូបថត​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea



រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បាន​ប្រកាស​ថា ក្រសួង​បាន​ផ្អាក​មិន​ឲ្យ​ក្រុមហ៊ុន​នានា ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល បូម​ខ្សាច់​នៅ​ក្នុង​ឃុំ​កោះកាពិ ស្រុក​កោះកុង និង​ផ្អាក​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស។ ប្រជា​សហគមន៍​ឃុំ​កោះកាពិ ស្រុក​កោះកុង បាន​ស្នើ​ឲ្យ​លោក​រដ្ឋមន្ត្រី​ត្រូវ​បញ្ឈប់ ឬ​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​មិន​ឲ្យ​ធ្វើ​សកម្មភាព​ជា​ស្ថាពរ​នៅ​តំបន់​នេះ​នៅ​ថ្ងៃ​អនាគត​ទៀត ព្រោះ​ការ​បូម​ខ្សាច់​នេះ​បាន​បំផ្លាញ​ដល់​ធនធាន​ធម្មជាតិ មាន​ខ្សាច់​សមុទ្រ មច្ឆា​សមុទ្រ និង​ព្រៃ​កោងកាង ជាដើម។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម បាន​ប្រកាស​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​រស់​នៅ​សហគមន៍​ភូមិ​កោះស្រឡៅ ឃុំ​កោះ​កាពិ ស្រុក និង​ខេត្ត​កោះកុង នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៦ ខែ​ធ្នូ ក្នុង​ពិធី​សំណេះសំណាល និង​ចុះ​ពិនិត្យ​ការដ្ឋាន​បូម​ខ្សាច់​ថា ក្រសួង​បាន​ប្រកាស​ផ្អាក​មិន​ឲ្យ​ក្រុមហ៊ុន​ចំនួន​៣ ដែល​ក្រសួង​បាន​ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​ឃុំ​កោះ​កាពិ ជា​បណ្ដោះអាសន្ន និង​ផ្អាក​ការ​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស។ លោក​អំពាវនាវ​ថា បើ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​នេះ ឃើញ​ក្រុមហ៊ុន​នានា នៅ​បន្ត​​បូម​ខ្សាច់ ឬ​បន្ត​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​ទៀត សូម​ផ្ដល់​ព័ត៌មាន​មក​ក្រុម​ការងារ​របស់​ក្រសួង​រ៉ែ និង​ថាមពល តាម​រយៈ​លេខ​ទូរស័ព្ទ ០៩៥ ៧២៧ ៧២៧ ដើម្បី​ក្រសួង​មាន​វិធានការ​តាម​ផ្លូវ​ច្បាប់។

​បន្ថែម​លើ​នេះ លោក ស៊ុយ សែម ក៏​បាន​ប្រកាស​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ក្រសួង​ក៏​បញ្ឈប់​ការ​ចេញ​អាជ្ញាប័ណ្ណ​ជូន​ក្រុមហ៊ុន​ផ្សេង​ទៀត​ដែល​សុំ​អាជ្ញាប័ណ្ណ​ថ្មី ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​នៅ​តំបន់​ភូមិ​កោះស្រឡៅ ឃុំ​កោះកាពិ ស្រុក​កោះកុង នេះ​ទៀត​ទេ។ ប៉ុន្តែ​សម្រាប់​តំបន់​ផ្សេងៗ នា​ខេត្ត​កោះកុង នៅ​ដំណើរ​ការ​ជា​ធម្មតា។
ទោះ​យ៉ាង​ណា ប្រជា​សហគមន៍​មាន​គ្នា​រាប់​រយ​នាក់​ដែល​ចូលរួម​ស្ដាប់​លោក ស៊ុយ សែម បាន​ស្នើ​ដល់​រដ្ឋមន្ត្រី​រូប​នេះ​ឲ្យ​បញ្ឈប់ ឬ​ដក​អាជ្ញាប័ណ្ណ​ដែល​ក្រសួង​បាន​ផ្ដល់​ជូន​ក្រុមហ៊ុន​នានា ឲ្យ​ធ្វើ​អាជីវកម្ម​នៅ​ក្នុង​មូលដ្ឋាន​ឃុំ​កោះកាពិ ស្រុក​កោះកុង លែង​ឲ្យ​ធ្វើ​សកម្មភាព​ជា​ស្ថាពរ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត ព្រោះ​ពួកគេ​យល់​ថា ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ទាំង​នោះ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​នៅ​ក្នុង​សមុទ្រ។

ពលរដ្ឋ​មួយ​ចំនួន​បាន​សង្កត់ធ្ងន់​ថា សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​នៅ​មូលដ្ឋាន​នេះ បាន​បំផ្លាញ​ព្រៃ​កោងកាង ជម្រក​ត្រី​សមុទ្រ​បន្ត​ពូជ បាក់​ច្រាំង​សមុទ្រ ពិសេស​ពួកគេ​ធ្វើ​របរ​នេសាទ​មិន​ទទួល​បាន​ផល​ជាដើម៖ «នាង​ខ្ញុំ​មិន​ទទួល​យក​ក្រុមហ៊ុន​បូម​ខ្សាច់​ឲ្យ​ធ្វើ​អាជីវកម្ម​នៅ​ឃុំ​កោះកាពិ ខេត្ត​កោះកុង នេះ​ទៀត​ទេ​នៅ​ថ្ងៃ​ខាង​មុខ។ នាង​ខ្ញុំ​ស្នើ​សុំ​ឲ្យ​ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​នានា ពី​តំបន់​នេះ ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦ ត​ទៅ»។

រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម ថ្លែង​ក្នុង​ពេល​ចុះ​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​សហគមន៍​ភូមិ​កោះស្រឡៅ ឃុំ​កោះកាពិ ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Den Ayuthyea

លោក ស៊ុយ សែម បាន​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា នៅ​ក្នុង​កាលៈទេសៈ​នេះ ក្រសួង​អាច​ធ្វើ​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​នៅ​ពេល​កន្លង​មក ត្រឹម​ផ្អាក​សកម្មភាព​បូម​ខ្សាច់ និង​នាំ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​ជា​បណ្ដោះអាសន្ន​សិន ឯ​រឿង​ផ្សេង​ក្រសួង​ត្រូវ​សិក្សា​ផ្លូវ​ច្បាប់ ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ ដែល​បាន​អម​ដំណើរ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល ចុះ​ទៅ​ពិនិត្យ​ការដ្ឋាន​របស់​ក្រុមហ៊ុន​បូម​ខ្សាច់​ដល់​កោះ​កាពិ ស្រុក និង​ខេត្ត​កោះកុង នេះ​ដែរ បាន​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​ផ្អាក​សកម្មភាព និង​ការ​នាំ​ចេញ​ខ្សាច់​ពី​ក្រុមហ៊ុន​ចំនួន​២ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ធ្វើ​អាជីវកម្ម​ខ្សាច់​នៅ​ភូមិ​កោះស្រឡៅ ឃុំ​កោះកាពិ ពេល​នេះ។

​ទោះ​ជា​យ៉ាង​ណា អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ នឹង​បន្ត​តាម​ដាន​ទៅ​លើ​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​នានា ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​រ៉ែ និង​ថាមពល អំពី​ផល​ប៉ះពាល់​បរិស្ថាន ពិសេស​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​ខាង​មុខ។ ជាង​នេះ​ទៀត លោក សន ជ័យ ប្រកាស​សហការ​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ និង​ថាមពល ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ចំណេញ​ទាំង​អស់​គ្នា ឬ​ចំណេញ​ទាំង​ក្រុមហ៊ុន​បូម​ខ្សាច់ ចំណេញ​ទាំង​ប្រជាពលរដ្ឋ រស់​នៅ​តាម​សហគមន៍​នានា និង​រដ្ឋាភិបាល៖ «យើង​ចង់​ឲ្យ​មាន​វិធានការ​ឆ្លើយ​តប​ពី​រាជរដ្ឋាភិបាល​ទៅ​លើ​អ្វី​ដែល​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ឃុំ​កោះកាពិ ស្រុក​កោះកុង បាន​លើក​ឡើង​ពី​កង្វល់ ឬ​ផល​ប៉ះពាល់​នៃ​សកម្មភាព​បូម​ខ្សាច់ ព្រោះ​កន្លង​មក​រដ្ឋាភិបាល​បាន​ឆ្លើយ​តប​មក​កាន់​ប្រជាពលរដ្ឋ​ទាក់ទង​កង្វល់​បូម​ខ្សាច់​ហាក់​មាន​ការ​យឺតយ៉ាវ ហើយ​នៅ​ពេល​មាន​ការ​ឆ្លើយ​តប​យឺតយ៉ាវ​ពី​រដ្ឋាភិបាល​វា​គឺ​ជា​ឱកាស​ដល់​អ្នក​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​នានា»។

សមាជិក​អង្គការ​មាតា​ធម្មជាតិ លោក សាន់ ម៉ាឡា និង​តំណាង​អង្គការ​ច្រើន​ទៀត ក៏​បាន​ចុះ​ពិនិត្យ​ការដ្ឋាន​បូម​ខ្សាច់ នៅ​ឃុំ​កោះកាពិ ស្រុក​កោះកុង ជាមួយ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល នៅ​រសៀល​ថ្ងៃ​អង្គារ ទី​៦ ខែ​ធ្នូ ដែរ។ លោក សាន់ ម៉ាឡា បាន​លើក​ឡើង​ពី​ផល​ប៉ះពាល់​ពី​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​ចំនួន​២ ដែល​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​នេះ នាំ​ឲ្យ​បំផ្លាញ​ព្រៃ​កោងកាង ជា​ជម្រក​ត្រី​សមុទ្រ បាក់​ច្រាំង​សមុទ្រ និង​ប្រជា​នេសាទ​នៅ​សហគមន៍​នេះ​រក​របរ​នេសាទ​មិន​បាន​ជាដើម។

ទាក់ទិន​បញ្ហា​ខ្សាច់​នេះ​ដែរ ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ បង្ហាញ​ថា រយៈពេល ៨​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ ប្រទេស​កម្ពុជា បាន​នាំ​ចេញ​ខ្សាច់​ទៅ​ប្រទេស​សិង្ហបុរី ជិត ៣​លាន​តោន (២.៧៧៤.៦១៣) គិត​ជា​ទឹក​ប្រាក់​ជាង ៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក (៥.៥៥៧.៣៦៩) ប៉ុន្តែ​បើ​ពិនិត្យមើល​ទិន្នន័យ​ដែល​ប្រទេស​សិង្ហបុរី នាំ​ចូល​ខ្សាច់​ពី​កម្ពុជា វិញ មាន​រហូត​ទៅ​ជាង ៧៣​លាន​តោន ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ៧៥០​លាន​ដុល្លារ​អាមេរិក (៧៥២.៧៦១.៩៧៨) ឯ​ណោះ។

ផ្ដើម​ពី​ភាព​មិន​ប្រក្រតី​នេះ ក្រុម​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ប្រឆាំង​ជាដើម នៅ​តែ​ទទូច​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល បក​ស្រាយ​ឲ្យ​ច្បាស់​ពាក់ព័ន្ធ​ភាព​ខុស​គ្នា​នៃ​ទិន្នន័យ​ដ៏​ចម្រូងចម្រាស​ពី​ការ​នាំ​ចេញ​ខ្សាច់​ចេញ​ទៅ​ក្រៅ​ប្រទេស​នេះ​ឲ្យ​បាន​ច្បាស់លាស់៕

No comments:

Post a Comment