Wednesday, December 7, 2016

ជនជាតិ​ដើម​ភាគតិច​ខេត្ត​រតនគិរី​គ្រោង​ចុះ​ល្បាត​ស្វែងរក​បទល្មើស​ព្រៃ​ឈើ


ចាស់​ទុំ​ជនជាតិ​ដើម​ភាគតិច​គ្រឹង នៅ​ភូមិ​តឺន ដែល​ចុះ​ល្បាត​កន្លែង​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ការពារ​សហគមន៍​ភូមិ​តឺន ស្រុក​កូនមុំ ខេត្ត​រតនគិរី ថ្ងៃ​ទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Ratha Visal


ចាស់​ទុំ​ជនជាតិ​ដើម​ភាគតិច​គ្រឹង ភូមិ​តឺន ឃុំ​តឺន ស្រុក​កូនមុំ ខេត្ត​រតនគិរី គ្រោង​នាំ​គ្នា​ល្បាត​ព្រៃ​បន្ត​ទៀត ដើម្បី​រក​មើល​កន្លែង​ដែល​ជន​ល្មើស​កាប់​យក​ឈើ​មូល​ក្នុង​ព្រៃ​អភិរក្ស។ គម្រោង​នេះ​ក៏​មាន​ការ​ចូលរួម​ពី​សមាជិក​គណៈកម្មការ​សហគមន៍​ប្រមាណ ១០​នាក់ បន្ទាប់​ពី​ពួក​គាត់​រក​ឃើញ​ទីតាំង​កាប់​ឈើ​រាប់​រយ​ដើម​នៅ​តំបន់​ភ្នំ​ជង កាល​ពី​ថ្ងៃ​ទី​៦ ធ្នូ។

ចាស់​ទុំ​ជនជាតិ​ដើម​ភាគតិច​គ្រឹង ហៅ​ការ​លួច​កាប់​យក​ឈើ​មូល​ពី​ក្នុង​ព្រៃ​សហគមន៍​នា​ពេល​ថ្មីៗ​នេះ ថា​ជា​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ​នៅ​សេសសល់​ក្នុង​ព្រៃ​អភិរក្ស និង​ជា​ការ​បំផ្លាញ​ព្រៃ​ឈើ​សក្ការៈ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជំនឿ​វប្បធម៌​ប្រពៃណី​ជនជាតិ​ដើម​ភាគតិច។

កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ តំណាង​ចាស់​ទុំ​បី​នាក់ រួម​ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស និង​អ្នក​សារព័ត៌មាន​រក​ឃើញ​កន្លែង​កាប់​ឈើ​ខុស​ច្បាប់​ជាង ៤០​ដើម នៅ​តំបន់​ភ្នំ​ជង ចម្ងាយ​ប្រមាណ​ជាង ១០​គីឡូម៉ែត្រ​ពី​ភូមិ​តឺន ឋិត​ក្នុង​ព្រៃ​អភិរក្ស​សហគមន៍​ដែល​ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​ក្រសួង​កសិកម្ម តាំង​ពី​ឆ្នាំ​២០០៨។

តំណាង​ចាស់​ទុំ លោក ប៊ុន ស្រួច សម្ដែង​ការ​សោកស្ដាយ​ខណៈ​ឈើ​មាន​តម្លៃ​ត្រូវ​បាន​គេ​លួច​កាប់​ក្នុង​សភាព​ធ្ងន់ធ្ងរ ចំណែក​គណៈកម្មការ​សហគមន៍​មិន​យក​ចិត្ត​ទុក​ដាក់​ការពារ និង​ទប់ស្កាត់។ លោក​ក៏​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​ផ្ទាល់ ថា​មិន​បាន​សហការ​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​សហគមន៍ ដែល​ដឹក​ជញ្ជូន​ឆ្លង​កាត់​ទីតាំង​ឈរ​ជើង​របស់​ប៉ុស្តិ៍​នគរបាល និង​ក្រុមប្រឹក្សា​ឃុំ​ដែល​មាន​តួនាទី​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នោះ៖ «នេះ​ហើយ​មាន​ការ​ប្រឈម​មែនទែន អ្នក​ចាស់​ទុំ​ទី​មួយ​បាត់បង់​ប្រពៃណី។ ទី​ពីរ អត្តសញ្ញាណ​ហ្នឹង​អត់​មាន​ទេ រក​ទីកន្លែង​ណា​តំបន់​ព្រៃ​អារក្ស​បូជា​តាំង​ពី​បុរាណ​ភ្នំ​ជង នេះ»។
សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ភូមិ​តឺន ដែល​រស់នៅ​ជិត​តំបន់​ភ្នំ​ជង កន្លែង​កើត​មាន​បទល្មើស​កាប់​យក​ឈើ​មូល​ក្នុង​ព្រៃ​សហគមន៍ ឲ្យ​ដឹង​ថា ចាប់​ពី​ដើម​រដូវ​វស្សា​រហូត​មក ជន​ល្មើស​មួយ​ក្រុម​មាន​គ្នា​ពី ៥​នាក់​ទៅ ៧​នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​បី​គ្រឿង ដឹកនាំ​ដោយ​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​ម្នាក់​ឈ្មោះ វណ្ណា មក​រស់នៅ​ភូមិ​តឺន បាន​មក​បោះ​ទីតាំង​សង់​រោង​ស្នាក់នៅ​ជើង​ភ្នំ​ជង ហើយ​ត្រាយ​ផ្លូវ​ចូល​អារ​រំលំ​ឈើ​មូល​មាន​តម្លៃ រួម​មាន​ផ្ចឹក ឈើ​ក្រំ ស្រឡៅ មាន​មុខ​កាត់​ចាប់​ពី ៤​តឹក​រហូត​មុខ​កាត់​ជើង​មួយ​ម៉ែត្រ។ ឈើ​មូល​ដែល​គេ​អារ​រំលំ​រួច ពួក​គេ​អារ​ច្រៀក​ជា​ក្ដារ​ជា​សសរ​ជា​គ្រឿង​ផ្ទះ និង​ជា​ឈើ​ជ្រុង​មុខ​កាត់​ពី ៤០​សង់ទីម៉ែត្រ​ទៅ ៦០​សង់ទីម៉ែត្រ ប្រវែង ៤​ម៉ែត្រ ដើម្បី​ប្រមូល​ដឹក​ជញ្ជូន​ទៅ​ទីផ្សារ។

ជនជាតិ​ដើម​ភាគតិច​គ្រឹង មួយ​រូប​រស់នៅ​ក្បែរ​ភ្នំ​ជង លោក ឃុត ប៉ូ បញ្ជាក់​ថា ក្រុម​ជន​ល្មើស​លួច​អារ​ឈើ​ទាំង​ថ្ងៃ​យប់ ចាប់​ពី​ដើម​រដូវ​ដក​ស្ទូង​មក។ លោក​ថា​បាន​ចូល​ព្រៃ​ដាក់​អន្ទាក់​សត្វ ទើប​ប្រទះ​ឃើញ​ក្រុម​កាប់​ឈើ និង​បាន​ផ្តល់​ព័ត៌មាន​ទៅ​គណៈកម្មការ​សហគមន៍ ប៉ុន្តែ​រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ មិន​ឃើញ​គណៈកម្មការ​សហគមន៍​ចុះ​ទប់ស្កាត់ ទើប​ចាស់​ទុំ​សម្រេច​រាយការណ៍​ទៅ​មន្ត្រី​សិទ្ធិ​មនុស្ស​ចុះ​ទៅ​មើល​ទីតាំង​កាប់​ឈើ​នោះ៖ «ថ្ងៃ​ក៏​អារ យប់​ក៏​អារ អត់​ឈប់​ទេ បី​ម៉ាស៊ីន ទៅ​មើល​ដាក់​អន្ទាក់​ហ្នឹង ចូល​ទៅ​មើល​កំពុង​បាយ​ហ្នឹង មួយ​ក្រុម​វា​ហ្នឹង​តាំង​ពី​យើង​រើ​ចម្ការ​សហគមន៍ គាត់​អត់​មក​ទេ»។

ព្រៃ​ការពារ​សហគមន៍​ភូមិ​តឺន មាន​ទំហំ​ជិត ៣​ពាន់​ហិកតារ សម្បូរ​ទៅ​ដោយ​ឈើ​មាន​តម្លៃ​នៅ​តាម​ភ្នំ​ប្រមាណ ១៧​ភ្នំ​នៅ​ក្នុង​ព្រៃ​នោះ។ កាល​ពី​ឆ្នាំ​២០១២ ឈើ​ប្រណិត​រួម​មាន​ប្រភេទ​ឈើ​នាង​នួន បេង ធ្នង់​នៅ​ក្នុង​ព្រៃ​នេះ ត្រូវ​គេ​កាប់​យក​ចេញ​ពី​ព្រៃ​ទៅ​លក់​ឲ្យ​ឈ្មួញ​អស់​ស្ទើរ​គ្មាន​សល់។ ជាមួយ​នោះ​ដែរ ដី​ព្រៃ​ក្នុង​តំបន់​ការពារ ក៏​រង​ការ​ទន្ទ្រាន​ឈូស​ឆាយ​កាប់​រាន​យក​ដី​ធ្វើ​កសិកម្ម​ពី​សំណាក់​ពលរដ្ឋ​សហគមន៍ និង​ពលរដ្ឋ​ចំណាក​ស្រុក។ បច្ចុប្បន្ន ឈើ​សេសសល់​ក្នុង​ព្រៃ កំពុង​រង​ការ​កាប់​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​បន្ត​ទៀត។

អតីត​ប្រធាន​សហគមន៍​ភូមិ​តឺន លោក អន កាអាត កត់​សម្គាល់​ថា ឈើ​ប្រណិត​ត្រូវ​បាន​គេ​លួច​កាប់​មុន​ពេល​ព្រៃ​ប្រគល់​មក​សហគមន៍​អភិរក្ស។ លោក​ថា ប្រសិន​បើ​គណៈកម្មការ​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​មិន​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​តំបន់​ការពារ​ទេ ឈើ​មាន​តម្លៃ និង​ដី​ក្នុង​តំបន់​អភិរក្ស នឹង​ត្រូវ​គេ​កាប់​ធ្វើ​អាជីវកម្ម ឬ​កាប់​រាន​ព្រៃ​យក​ដី​កាន់​តែ​ច្រើន៖ «ថ្ងៃ​មុន​គេ​កាប់​អស់​ហើយ ពេល​ខ្ញុំ​គ្រប់គ្រង គេ​អត់​ហ៊ាន​ចូល​កាប់​ទេ។ បើ​សិន​យើង​មិន​ការពារ​ទេ បាត់បង់​ទាំង​ឈើ ទាំង​ដី​ទៀត»។

ទាក់ទិន​បញ្ហា​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី បញ្ជាក់​ថា វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ​ទាំងអស់​ដែល​សហគមន៍​រក​ឃើញ​ក្នុង​ព្រៃ លោក​នឹង​រៀបចំ​របាយការណ៍​អន្តរាគមន៍​ជូន​អាជ្ញាធរ​ខេត្ត​ពិនិត្យ និង​ចាត់​វិធានការ​ជា​បន្ទាន់ ដើម្បី​បង្ក្រាប​ទីតាំង​កាប់​ឈើ​ខុស​ច្បាប់ និង​ស្រាវជ្រាវ​រក​ជន​ពាក់ព័ន្ធ៖ «អ្វី​ដែល​យើង​ចុះ​ទៅ​ជាមួយ​ចាស់​ទុំ យើង​ឃើញ​ជាក់ស្តែង ឈើ​រាយប៉ាយ​ពេញ​ព្រៃ បែរ​ជា​អាជ្ញាធរ​មូលដ្ឋាន​ថា​មិន​ដឹង។ អ៊ីចឹង​មាន​តែ​ធ្វើ​លិខិត​អន្តរាគមន៍ ក្នុង​នោះ​មាន​លិខិត​ស្នើសុំ​របស់​សហគមន៍ ធ្វើ​យ៉ាង​ម៉េច​ជួយ​ពួក​គាត់»។

លោក​បន្ត​ថា សហគមន៍​ត្រូវ​តែ​ពង្រឹង​សាមគ្គី​ផ្ទៃ​ក្នុង​អនុវត្ត​បទបញ្ជា និង​លក្ខន្តិកៈ​សហគមន៍​ឲ្យ​បាន​ត្រឹមត្រូវ​ឡើង​វិញ ដើម្បី​លុបបំបាត់​បាតុភាព​អសកម្ម​ពាក់ព័ន្ធ​ការ​ឃុបឃិត​ឲ្យ​បទល្មើស​នេះ​កើត​មាន​ត​ទៅ​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក កែប កត់ បញ្ជាក់​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ថា មន្ត្រី​ជំនាញ​ព្រៃ​ឈើ​នឹង​ចាត់​វិធានការ​បន្ទាន់​ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ។

តាម​ការ​គ្រោង​ទុក សហគមន៍​ភូមិ​តឺន ចំនួន ១០​នាក់ និង​ចុះ​ល្បាត​ព្រៃ​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ បន្ថែម​ទៀត ដើម្បី​ពិនិត្យ​មើល​កន្លែង​កាប់​ឈើ​ថ្មី​ទៀត​នៅ​តំបន់​ភ្នំ​ជង និង​ភ្នំ​ជាប់​គ្នា ដើម្បី​ប្រមូល​វត្ថុ​តាង​ទាំងនោះ​ធ្វើ​របាយការណ៍​ស្ដីពី​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នេះ៕

No comments:

Post a Comment