Thursday, December 15, 2016

ពលរដ្ឋ​ខេត្ត​ព្រៃវែង​ថា​វៀតណាម​មាន​ឥទ្ធិពល​លើ​កម្ពុជា​នៅ​តាម​បណ្តោយ​ព្រំដែន


ប៉ុស្តិ៍​ប៉ូលិស​ព្រំដែន​ខ្មែរ​នៅ​ភូមិ​ពាមមន្ទារ ឃុំ​ពាមមន្ទារ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ជាប់​ព្រំដែន​វៀតណាម ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Tha Kitya

ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ជាប់​ព្រំដែន​កម្ពុជា-វៀតណាម ស្ថិត​នៅ​ភូមិ​ពាមមន្ទារ ឃុំ​ពាមមន្ទារ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង លើក​ឡើង​ថា ការ​អភិវឌ្ឍ​ព្រំដែន​យឺតយ៉ាវ ធ្វើ​ឲ្យ​វៀតណាម កាន់​តែ​មាន​ឥទ្ធិពល​ខ្លាំង​គ្រប​លើ​កម្ពុជា ស្ទើរ​គ្រប់​វិស័យ។ សង្គម​ស៊ីវិល​ថា ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន ឬ​គេច​ចេញ​ពី​ឥទ្ធិពល​របស់​វៀតណាម នោះ កម្ពុជា ត្រូវ​តែ​មាន​ការ​ឯកភាព​គ្នា និង​ពង្រឹង​សមត្ថភាព​អភិវឌ្ឍ​នៅ​តាម​ព្រំដែន។

ភូមិ​ពាមមន្ទារ គឺ​ជា​ភូមិ​ខ្មែរ​ក្រីក្រ​មួយ​ស្ថិត​នៅ​ក្នុង​ឃុំ​ពាមមន្ទារ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង។ ភូមិ​នេះ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ដោយ​មាន​ទន្លេ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​ពុះ​ចែក​ប្រទេស​ទាំង​ពីរ។

នៅ​ពេល​ទៅ​ដល់​ភូមិ​នោះ លោក​អ្នក​នឹង​ឃើញ ឬ​ឮ​ការ​ត្អូញត្អែរ​ពី​ភាព​លំបាក​លំបិន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ថា​ការ​អភិវឌ្ឍ​នៅ​តាម​ព្រំដែន​កម្ពុជា មាន​ការ​យឺតយ៉ាវ​ខុស​ឆ្ងាយ​ពី​ប្រទេស​វៀតណាម ដែល​ធ្វើ​ឲ្យ​កម្ពុជា នៅ​តែ​ឋិត​នៅ​ក្រោម​ឥទ្ធិពល​របស់​វៀតណាម រហូត​មក។

ប្រជាពលរដ្ឋ​មួយ​ចំនួន​ប្រាប់​អាស៊ីសេរី​ថា សព្វថ្ងៃ​នេះ ថ្វីត្បិតតែ​កម្ពុជា មាន​ព្រំដែន​ពុះ​ចែក​ប្រទេស​ទាំង​ពីរ​ទៅ​ហើយ​ក្តី តែ​កិច្ចការ​មួយ​ចំនួន គឺ​វៀតណាម ជា​អ្នក​កំណត់ ឬ​ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​វៀតណាម ជាដើម។

អ្នក​ភូមិ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​រៀបរាប់​ថា ទឹក​ទន្លេ​ដែល​ពុះ​ចែក​ព្រំដែន​នោះ គឺ​ពលរដ្ឋ​ខ្មែរ​មិន​មាន​សិទ្ធិ​ប្រើប្រាស់​ដូច​ពលរដ្ឋ​វៀតណាម ឡើយ។ ចំណែក​តម្លៃ​កសិផល​របស់​ពួក​គាត់​វិញ គឺ​វៀតណាម ជា​អ្នក​កំណត់​តម្លៃ​ទីផ្សារ​ស្រេច​ចិត្ត ដោយសារ​កម្ពុជា ពុំ​មាន​ទីផ្សារ​លក់​ចេញ​ឡើយ។ ចំពោះ​បញ្ហា​ចេញ​ចូល​តាម​ច្រក​ព្រំដែន​វិញ គឺ​ជនជាតិ​វៀតណាម ចេញ​ចូល​កម្ពុជា ងាយ​ស្រួល​ជាង​ពលរដ្ឋ​ខ្មែរ​ចេញ​ចូល​ទៅ​ទឹកដី​វៀតណាម៖ «គេ​ឲ្យ​យើង​គោរព សូម្បី​តែ​តាម​ទូក​ក៏​ត្រូវ​សុំ​ច្បាប់​ដែរ ប៉ុន្តែ​ខាង​យើង​វិញ មិន​សូវ​តឹង​ប៉ុន្មាន​ឡើយ។ ចំពោះ​ទឹក​ទន្លេ​នោះ​កាល​មុន ខ្ញុំ​ជីក​រង្វះ​បង្ហូរ​ទឹក ស្រាប់​តែ​ជីក​ហើយ ខាង​វៀតណាម ឲ្យ​លុប​វិញ។ បើ​ស្រូវ​វិញ​តាម​តែ​តម្លៃ​គេ​ដាក់​ទេ»។

ពួក​គាត់​បន្ថែម​ថា សូម្បី​តែ​គោ​ក្របី​រាប់​ពាន់​ក្បាល​របស់​ពលរដ្ឋ​វៀតណាម វិញ តែងតែ​ដេញ​ចូល​ទឹកដី​កម្ពុជា ដោយ​សេរី ហើយ​ស៊ី​ស្រូវ​ពលរដ្ឋ​ខ្មែរ​ទៀត​ផង ទោះ​ពលរដ្ឋ​ខ្មែរ​ហាម ក៏​ពួក​គេ​មិន​ខ្វល់​ដែរ។ បញ្ហា​នេះ កន្លង​មក​ធ្លាប់​បាន​បណ្ដាល​ឲ្យ​មាន​ទំនាស់​កាប់​គ្នា​ទៀត​ផង ហើយ​ពេល​មាន​ទំនាស់​កើត​ឡើង ពលរដ្ឋ​ខ្មែរ​ហាក់​មិន​ត្រូវ​បាន​ការពារ​ដោយ​កក់​ក្តៅ​ពី​អាជ្ញាធរ​ឡើយ៖ «វៀតណាម គ្រាន់​តែ​ប្រាប់​ភូមិ-ឃុំ​គេ គេ​ប្រាប់​បណ្ដាញ​គេ​បន្ត​ទៀត ដល់​ភ្លាម ពេល​មាន​រឿង​ហេតុការណ៍​អី​កើត​ឡើង តែ​ខ្មែរ​យើង​វិញ​ទាល់​តែ​ស្អែក ឬ​ថ្ងៃ​ក្រោយ ហើយ​គេ​មិន​ចង់​ដោះស្រាយ​ឲ្យ​យើង​ទេ គេ​ថា​រវល់​អ៊ីចឹង»។

ប៉ុស្តិ៍​ប៉ូលិស​ព្រំដែន​វៀតណាម (អគារ​ពណ៌​ស) ជាប់​ព្រំដែន​ខ្មែរ​ក្នុង​ភូមិ​ពាមមន្ទារ ឃុំ​ពាមមន្ទារ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Tha Kitya
បុរស​ម្នាក់​ទៀត​បាន​រៀបរាប់​ថា បើ​ទោះ​បី​ជា​នៅ​ខាង​ទឹកដី​ខ្មែរ​ប្រហែល ៥០​ម៉ែត្រ​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ក្តី ក៏​ពលរដ្ឋ​ខ្មែរ​មិន​អាច​ធ្វើ​អ្វី​ចម្លែកៗ​បាន​ឡើយ ដូចជា​បើក​ត្រាក់ទ័រ​ភ្ជួរ​ស្រែ​ពេល​យប់​ក្តី ក៏​ត្រូវ​អាជ្ញាធរ​វៀតណាម ហាមឃាត់​ដែរ ជាពិសេស​បើ​នៅ​ក្នុង​ភូមិ​វិញ គឺ​វៀតណាម មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ដុត​កាំជ្រួច​ក្នុង​ពិធី​បុណ្យ​ទាន​ម្តងម្កាល​ឡើយ ចំណែក​វៀតណាម វិញ អាច​ធ្វើ​សមយុទ្ធ​យោធា​យ៉ាង​កង​រំពង​នៅ​តាម​ព្រំដែន​នោះ​ជាច្រើន​ម៉ោង ដោយ​គ្មាន​អាជ្ញាធរ​ខ្មែរ​ហ៊ាន​រារាំង​ឡើយ។ ពួក​គេ​ថា វៀតណាម ហាក់​ដូចជា​មាន​ឥទ្ធិពល ឬ​មាន​ប្រៀប​លើ​កម្ពុជា រហូត៖ «គោ​វៀតណាម អី​មក គេ​ឲ្យ​លុយ​ពីរ​បី​សែន​ដុង ដល់ (ប៉ូលិស​ព្រំដែន) ឲ្យ​គេ​ចូល​ហើយ។ យើង​ពិបាក​បូម​ទឹក ហើយ​បើ​ត្រូវ​ការ​ជីក​ប្រឡាយ យើង​ត្រូវ​សុំ​គេ តែ​គេ​ធ្វើ​ស្រេច​តែ​ចិត្ត​គេ ទោះ​បី​គេ​បូម​ពី​ដី​ខាង​ទន្លេ​យើង ក៏​អាជ្ញាធរ​យើង​មិន​ដែល​ទៅ​រវីរវល់​អី។ នោះ​ខាង​នោះ វា​បូម​ទឹក​ខាង​យើង​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ដី​ខាង​យើង​រហូត»។

មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ បុរស​សម្បុរ​ខ្មៅ​ស្រអែម​ម្នាក់​ទៀត ក៏​បាន​និយាយ​ថា វៀតណាម ហាក់​មិន​ញញើត​នឹង​ច្បាប់ ឬ​អាជ្ញាធរ​កម្ពុជា ឡើយ។ ពួក​គេ​ហ៊ាន​ចូល​មក​នេសាទ​ខុស​ច្បាប់ និង​ចេញ ឬ​ចូល​រក​ស៊ី​លក់​ដូរ​គ្រប់​ប្រភេទ​ក្នុង​ទឹកដី​ខ្មែរ។ ពលរដ្ឋ​ថា បើ​និយាយ​ជា​ភាសា​សាមញ្ញ គឺ​វៀតណាម មិន​ខុស​ពី​បង​ធំ​របស់​កម្ពុជា ឡើយ៖ «វៀតណាម គេ​ចូល​មក​ភ្លែត​អ៊ីចឹង គេ​ឲ្យ​តែ ១​ម៉ឺន ពីរ​ម៉ឺន​ដុង​ចឹង​ទៅ គេ​ឲ្យ​គេ​ទៅ​ហើយ ហើយ​យើង​វិញ​ចូល​ទៅ​គេ​តែ​ភ្លែត គេ​ត្រូវ​ការ​អត្តសញ្ញាណប័ណ្ណ ហើយ​មិន​ស្រួល​ឆែកឆេរ​អស់​រលីង ... ល្មមៗ​ចាប់​យើង​ទុក​ទៀត»។

ប្រជាពលរដ្ឋ និង​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​យល់​ថា ការ​អភិវឌ្ឍ​ឲ្យ​មាន​ប្រព័ន្ធ​ទឹក​ភ្លើង សាលា​រៀន ឬ​មន្ទីរពេទ្យ ពិសេស​ផ្លូវ​ថ្នល់​នៅ​តាម​បន្ទាត់​ព្រំដែន​មាន​ពលរដ្ឋ​រស់នៅ និង​មាន​សកម្មភាព​សេដ្ឋកិច្ច គឺ​ជា​រនាំង​ដ៏​រឹងមាំ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ប្រទេស​ជិត​ខាង ឬ​ទប់ស្កាត់​ការ​លួច​រំកិល​ព្រំដែន​ពី​ប្រទេស​ជិត​ខាង​មាន​ប្រសិទ្ធភាព៖ «សូម​ថ្នាក់​លើ​ជួយ​មើល​អាជ្ញាធរ​ថ្នាក់​ក្រោម​ផង កុំ​គិត​តែ​លុយ​ពេក គិត​ពី​ជាតិ គិត​ពី​រាស្ត្រ​ខ្លះ​ផង»។

ឆ្លើយតប​បញ្ហា​នេះ មេ​ឃុំ​ពាមមន្ទារ លោក ឡាយ ស៊ាប មាន​ប្រសាសន៍​ថា ចំពោះ​បញ្ហា​នៅ​តាម​ព្រំដែន​នោះ​មិន​ឋិត​នៅ​ក្រោម​សមត្ថកិច្ច​របស់​ឃុំ​នោះ​ទេ គឺ​ជា​សមត្ថកិច្ច​របស់​គណៈកម្មការ​ព្រំដែន។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ​ចុះ លោក​ទទួល​ស្គាល់​ថា កម្ពុជា ពិត​ជា​មាន​ការ​អភិវឌ្ឍ​នៅ​ទាប​ជាង​វៀតណាម បន្តិច​មែន ប៉ុន្តែ​បច្ចុប្បន្ន​នេះ រដ្ឋាភិបាល​ប្រហែល​ជា​កំពុង​ធ្វើ​កិច្ចការ​នេះ​ដែរ។ ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​ពលរដ្ឋ​លើក​ឡើង​នោះ​មាន​ករណី​ខ្លះ​មិន​ពិត​នោះ​ទេ៖ «តាំង​តែ​ពី​ព្រមព្រៀង​គ្នា​មក ទឹក​នេះ​ឃើញ​ថា ប្រើប្រាស់​ស្រោចស្រព​ដូចជា​មិន​មាន​បញ្ហា​អី​ទេ តែ​គោ​មាន​ការ​ឆ្លង​កាត់​មែន តែ​ក្រោយ​មក​យើង​បាន​ប្រជុំ​ជម្រាប​ទៅ​វៀតណាម ជាច្រើន​លើក​ច្រើនសា​ដែរ ដូច្នេះ​រយៈ​កាល​កន្លង​ទៅ​ឃើញ​ថា អត់​ឆ្លង​មក​ទៀត​ទេ។ រីឯ​រឿង​ការ​ជីក ការ​ស្ដារ​អី​នេះ គឺ​វា​មាន​សមត្ថកិច្ច​គណៈកម្មការ​ព្រំដែន គាត់​បាន​កំណត់​ទាំងអស់​គ្នា។ ម្យ៉ាង​ទៀត សមត្ថកិច្ច​យើង​អស់​នេះ យើង​គ្រប់គ្រង​តែ​ទៅ​លើ​ប្រជាពលរដ្ឋ តែ​យើង​មិន​មាន​ភារកិច្ច​ជំនួស​មុខ​ឲ្យ​ខាង​គណៈកម្មការ​ព្រំដែន​ឡើយ»។

រីឯ​ប្រធាន​គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង មាន​ប្រសាសន៍​ថា លោក​ពិត​ជា​បាន​ដឹង​ថា កម្ពុជា នៅ​មាន​ចំណុច​ខ្សោយ​ដូចជា​នៅ​ខ្វះ​ផ្លូវ ខ្វះ​ទឹក និង​បញ្ហា​មួយ​ចំនួន​ទៀត ប៉ុន្តែ​ខាង​លោក​ពុំ​មាន​សមត្ថកិច្ច​ធ្វើ​ការ​លើ​រឿង​នេះ​ឡើយ ពោល​គឺ​ស្ថិត​នៅ​លើ​អាជ្ញាធរ​ដែនដី៖ «វា​ឋិត​នៅ​លើ​អាជ្ញាធរ​ដែនដី វា​ក្រោម​ក្រសួង​មហាផ្ទៃ តិច​ទៀត។ គាត់​មាន​គោល​នយោបាយ គាត់​មាន​កម្មវិធី​អភិវឌ្ឍន៍​ឃុំ-ស្រុក​នៅ​ទីនេះ ទីនោះ​ជាដើម ព្រោះ​គាត់​អ្នក​គ្រប់​មេ​ភូមិ មេ​ឃុំ ហើយ​យើង​មិន​បាន​គ្រប់គ្រង​មេ​ភូមិ មេ​ឃុំ​ឯណា»។

ផ្ទះ​ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ពាមមន្ទារ ឃុំ​ពាមមន្ទារ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ជាប់​ព្រំដែន​វៀតណាម ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ RFA/Tha Kitya
ទាក់ទង​នឹង​រឿង​ព្រំដែន​នេះ​ដែរ ប្រធាន​ក្រុម​អ្នក​ស្រាវជ្រាវ​កិច្ចការ​ព្រំដែន​នៃ​រាជបណ្ឌិត្យសភា លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ជា​ការ​ពិត​ណាស់ មិន​មែន​តែ​ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន​វៀតណាម ទេ ពោល​គឺ​ពលរដ្ឋ​ខ្មែរ​នៅ​ជាប់​ព្រំដែន​ថៃ ភាគ​ខាង​លិច ក៏​រង​ឥទ្ធិពល​ដូច​គ្នា​ដែរ៖ «នៅ​ជាប់​ថៃ ប្រើ​ទឹក​ម្ទេស​ថៃ នៅ​ជាប់​វៀតណាម ប្រើ​ទឹក​ម្ទេស​វៀតណាម ប្រើ​បន្លែ​វៀតណាម ប៉ុន្តែ​សួរ​ប្រជាជន ១០០​នាក់ គាត់​ថា​គាត់​កង្វល់​នឹង​បន្លែ​គីមី តែ​គាត់​មិន​ព្រម​ដាំ​ទេ។ វា​មិន​ត្រូវ​បន្ទោស​ទៅ​លើ​ប្រជាជន​ទេ វា​ត្រូវ​បន្ទោស​អាជ្ញាធរ​ពាក់ព័ន្ធ​ដែរ​ថា​យើង​ដាំ​ស្អី»។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ស្រាវជ្រាវ​នៅ​តាម​ព្រំដែន​នោះ លោក​នឹង​បង្ហាញ​អំពី​ផែនការ​អភិវឌ្ឍន៍​នៅ​តាម​ព្រំដែន។

កន្លង​មក​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ភាគ​ខាង​កើត តែងតែ​មាន​បាតុភាព​កើត​ឡើង​ជាច្រើន​រួម​មាន ការ​លួច​ជីក​ស្រះ ជីក​ប្រឡាយ លួច​សាងសង់​ប៉ុស្តិ៍​យុទ្ធសាស្ត្រ លួច​ធ្វើ​ផ្លូវ​នៅ​តំបន់​ហាមឃាត់ និង​កាប់​រាន​ព្រៃ​ធ្វើ​ចម្ការ​ជាដើម ដែល​ពួក​គេ​មិន​បាន​ពិគ្រោះ​យោបល់​ជាមួយ​កម្ពុជា នោះ​ទេ ប៉ុន្តែ​សម្រាប់​ភាគី​កម្ពុជា វិញ មិន​ដែល​ហ៊ាន​បញ្ចេញ​សកម្មភាព​ដូច​វៀតណាម ឡើយ។ លើស​ពី​នេះ បើ​ទោះ​បី​ជា​កម្ពុជា បាន​ផ្ញើ​លិខិត​កំណត់​ទូត​ទៅ​វៀតណាម ២៣​លើក​ក្តី តែ​វៀតណាម បាន​បង្ហាញ​កាយវិការ​មិន​យក​ចិត្ត​ទុក​ដាក់​ឡើយ។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត មាស នី ដែល​ធ្លាប់​ចុះ​ស្រាវជ្រាវ​នៅ​តាម​ព្រំដែន​ទាំង​ខាង​លិច និង​ខាង​កើត​នោះ មាន​ប្រសាសន៍​ថា នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នេះ មាន​បញ្ហា​ប្រហែល​គ្នា។ លោក​បន្ត​ថា វៀតណាម ហាក់​ដូចជា​ផ្តល់​នូវ​ការ​គោរព​បូរណភាព​ទឹក​ខ្មែរ​នេះ​តិច​ណាស់៖ «បើ​និយាយ​ពី​ឥទ្ធិពល​វា​មាន​ណាស់​ទៅ​ហើយ នៅ​តាម​តំបន់​ខ្លះ​សេវាកម្ម​ខាង​ខ្មែរ​យើង​អត់​មាន​ទេ ដូចជា​ខាង​សុខភាព​ជាដើម គឺ​បង​ប្អូន​ខ្មែរ​យើង​នៅ​តាម​បណ្តោយ​បន្ទាត់​ព្រំដែន​វៀតណាម ត្រូវ​ទៅ​ពឹងពាក់​វៀតណាម ទាំងអស់។ នេះ​យើង​មិន​ទាន់​និយាយ​ដល់​កន្លែង​ខ្លះ​ទៀត ដូចជា​តំបន់​កន្ទុយ​នាគ ពី​មុន​សូម្បី​តែ​កងទ័ព​យើង ក៏​ត្រូវ​បាន​វៀតណាម ចិញ្ចឹម​ដែរ តែ​ឥឡូវ​មិន​ដឹង​យ៉ាង​ម៉េច​ទេ។ ក្នុង​កាលៈទេសៈ​ដែល​ខ្មែរ​យើង​មិន​ទាន់​មាន​ឯកភាព​ជាតិ កាលណា​គ្នា​យើង​និយាយ​ពី​រឿង​ព្រំដែន ត្រូវ​មាន​ទោស​ទណ្ឌ ត្រូវ​ចាប់​ដាក់​គុក ជាដើម។ ខ្ញុំ​គិត​ថា បរទេស​គេ​មិន​ស្តាប់​យើង​ទេ ហើយ​គេ​ក៏​មិន​ផ្តល់​ការ​គោរព​ឲ្យ​យើង​ដែរ»។

លោក​បណ្ឌិត មាស នី បន្ត​ថា ដើម្បី​រំដោះ​ខ្លួន​ចេញ​ពី​ឥទ្ធិពល​ប្រទេស​ជិត​ខាង​នោះ គឺ​កម្ពុជា ត្រូវ​រក​ឯកភាព​ជាតិ ហើយ​ត្រូវ​ពន្លឿន​ការ​វាស់វែង​ព្រំដែន ព្រម​ទាំង​ពង្រឹង​សមត្ថភាព​អភិវឌ្ឍ​នៅ​តាម​ព្រំដែន​ដូចជា​ប្រទេស​ជិត​ខាង​ដែរ៖ «សំខាន់​ចុង​ក្រោយ គឺ​សមត្ថភាព​របស់​រដ្ឋាភិបាល​ខ្មែរ​យើង​អភិវឌ្ឍ​ប្រទេស​យើង​ឲ្យ​ដើរ​ទាន់​គេ ព្រោះ​ថា​រាល់​ថ្ងៃ​នេះ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិត​ខាង គឺ​យើង​នៅ​ក្រោយ​គេ​ដប់​ឆ្នាំ​ទៅ​ដប់​ប្រាំ​ឆ្នាំ​អី​ណោះ។ រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ស្គាល់​រឿង​នេះ»។

ការ​អភិវឌ្ឍ​ព្រំដែន​យឺតយ៉ាវ គឺ​ជា​បញ្ហា​មួយ​ដែល​មនុស្ស​ភាគច្រើន​ចាត់​ទុក​ថា ជា​ចំណុច​ខ្សោយ​មួយ​របស់​កម្ពុជា ក្នុង​ការ​ការពារ​ទឹកដី​របស់​ខ្លួន​ពី​ការ​រំលោភ​បំពាន​ពី​ប្រទេស​ជិត​ខាង។ ការ​មិន​សូវ​អើពើ​ពី​សំណាក់​រដ្ឋាភិបាល​ទៅ​កាន់​ប្រជាជន​នៅ​តាម​ព្រំដែន រឹត​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ធ្វើ​ចំណាក​ស្រុក​ចេញ​ពី​តំបន់​ព្រំដែន​កាន់​តែ​ច្រើន ដើម្បី​ស្វែងរក​ការងារ​នៅ​កន្លែង​ផ្សេង ដែល​ធ្វើ​ឲ្យ​តំបន់​ព្រំដែន​ក្លាយ​ជា​តំបន់​គ្មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ច្រើន៕

No comments:

Post a Comment