
សិប្បករផលិតក្អមឆ្នាំង និងកសិករឡើងភ្នំជីកដីស្អិត ឬដីស្កាតសម្រាប់ធ្វើក្អមឆ្នាំងដើម្បីលក់ ត្អូញត្អែរថា ប្រភេទដីសិប្បកម្មនេះលំបាករកជាងមុន ហើយមានតម្លៃថ្លៃ។ ពួកគេអះអាងថា បញ្ហានេះបណ្ដាលមកពីសព្វថ្ងៃមានរោងសិប្បកម្មធ្វើចង្ក្រានច្រើនជាងធ្វើក្អមឆ្នាំង ឬផលិតវត្ថុអនុស្សាវរីយ៍ ដែលត្រូវការអាចម៍ដីច្រើនទ្វេដង ដើម្បីផលិតចង្ក្រានលក់ឲ្យទាន់តម្រូវការនៅលើទីផ្សារ។
ក្រាំងដីមាស គឺជាភ្នំមួយស្ថិតនៅភាគខាងលិចចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីទីរួមខេត្តកំពង់ឆ្នាំង។ ភ្នំនេះពុំមានព្រៃស្រោង ឬប្រភេទឈើប្រណីតនោះទេ ប៉ុន្តែភ្នំនេះជាប្រភពដីយ៉ាងសំខាន់សម្រាប់អ្នកភូមិរស់នៅក្បែរនោះ និងសិប្បករតាមតំបន់ខ្លះទៀតនៃខេត្តកំពង់ឆ្នាំង នាំគ្នាយកដីទៅធ្វើក្អមឆ្នាំង។ ក្រៅពីនេះ ពលរដ្ឋក៏ជីកដីពីលើភ្នំទៅប្រើក្នុងរោងសិប្បកម្មឡឥដ្ឋ និងសិប្បកម្មធ្វើចង្ក្រានទៀតផង។
កសិករជីកដីសម្រាប់ធ្វើក្អមឆ្នាំងលក់ឲ្យអ្នកភូមិអណ្ដូងឫស្សី ម្នាក់ដែលឡើងភ្នំក្រាំងដីមាស ញឹកញាប់ លោក សូរ សូល មានប្រសាសន៍ថា បច្ចុប្បន្នមានមនុស្សយ៉ាងតិច ១០នាក់ក្នុងមួយថ្ងៃដែលឡើងលើភ្នំជីកដីលក់។ តម្រូវការដីធ្វើក្អមឆ្នាំង ឬកុលាលភាជន៍តិចតួចប៉ុណ្ណោះ ប៉ុន្តែដីដែលជីកបានភាគច្រើន គឺយកទៅប្រើប្រាស់ក្នុងរោងធ្វើចង្ក្រាន ដែលកាលពីដើម ដីធ្វើចង្ក្រានយកពីទន្លេមកលាយប៉ុណ្ណោះ៖ «មុនដីមាននៅក្រោម ឥឡូវដីទាល់តែឡើងទៅរកលើ ហើយដីម៉ាធ្វើក្អមឆ្នាំងមិនសូវចុះប៉ុន្មានទេ ប៉ុន្តែដីយកទៅធ្វើចង្ក្រានច្រើនជាង។ ឥឡូវដីធ្វើចង្ក្រាន គេយកដីហ្នឹងដែរ»។
លោកបញ្ជាក់ថា បើមានសិប្បករណាកុម្ម៉ង់ដីស្អិត ឬដីស្កាតសម្រាប់ធ្វើក្អមឆ្នាំងភ្លាមៗនោះ លោករកមិនបានភ្លាមឡើយ ដ្បិតផ្ទះលោកនៅក្បែរភ្នំ។ លោកត្រូវចំណាយពេលជីកលុងដីនៅចង្កេះភ្នំដោយប្រុងប្រយ័ត្ន ព្រោះរណ្ដៅជីកយកដីស្អិត ឬដីស្កាតនោះ កាន់តែជ្រៅកាន់តែមានគ្រោះថ្នាក់ ជាពិសេសនៅរដូវវស្សា។ លោកថា បើមានរណ្ដៅយកដីស្រាប់ ហើយលោកអាចដឹកបានមួយ ឬពីររទេះក្នុងមួយថ្ងៃ។
អ្នករកស៊ីជីកដីលក់ និងសិប្បកម្មនៅភូមិអណ្ដូងឫស្សី បានប្រើចបជីក ឬចបកាប់ និងដែកត្បែងជីកលុងយកដីទៅប្រើប្រាស់ពីតាមចង្កេះភ្នំ ក្រោយដីទាំងពីរប្រភេទត្រូវគេជីកយកអស់នៅតាមជើងភ្នំ។
លោក សូរ សូល ថាលោកបានដំឡើងថ្លៃដីក្នុងមួយរទេះគោពីរម៉ឺនរៀល ដោយកាលពីមុនលោកធ្លាប់លក់តែមួយរទេះ ១ម៉ឺន ៥ពាន់រៀលប៉ុណ្ណោះ។ រាល់ថ្ងៃ លោកត្រូវដឹកដីលក់ឲ្យគេផង និងទុកសម្រាប់ធ្វើក្អមឆ្នាំងខ្លួនឯងផង។ លោកចង់ឲ្យអាជ្ញាធរគ្រប់គ្រងការប្រើប្រាស់ដីសិប្បកម្មនេះឲ្យបានត្រឹមត្រូវ ដោយកុំឲ្យមានមនុស្សហ៊ុមព័ទ្ធធ្វើកម្មសិទ្ធិផ្ដាច់មុខ ឬប្រើគ្រឿងចក្រកាយយកដី៖ «ទេ! សព្វថ្ងៃចេះតែខ្លាចតែបាត់បង់ដីហ្នឹង មិនដឹងទៅរកដីណាធ្វើ ព្រោះក្អមឆ្នាំង បើយកដីទន្លេធ្វើធ្វើអត់កើតទេ បើចង្ក្រានគេធ្វើកើត។ អូ! មនុស្សទៅរកដីច្រើន ទៅលើភ្នំអត់ដល់កំពូលទេ ត្រឹមចង្កេះភ្នំល្មមឡើងមួយហត់ដែរ ហើយយើងជីកយកដែកបុក និងតាសេះជីកទៅជម្រៅប្រហែលមួយម៉ែត្រដល់ដីហ្នឹងហើយ»។

សកម្មភាពជីកយកដីពីលើភ្នំក្រាំងដីមាស ទៅប្រើប្រាស់បានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ប៉ុន្តែចំនួនអ្នកផលិតក្អមឆ្នាំងមានការថយចុះ ខណៈដែលគ្រួសារមួយចំនួនបានងាកមកផលិតចង្ក្រាន និងវត្ថុអនុស្សាវរីយ៍អំពីដីជំនួសវិញ។ ការផលិតចង្ក្រានត្រូវការអាចម៍ដីច្រើនជាងការផលិតក្អមឆ្នាំងទ្វេដង ទៅតាមទំហំចង្ក្រាននីមួយៗ ដោយក្នុងចង្ក្រានតូចល្មមមួយ ត្រូវប្រើដីលើសក្អម ឬឆ្នាំងពី ៣ទៅ ៥ដង។
ម្ចាស់រោងសិប្បកម្មចង្ក្រានម្នាក់នៅភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ លោកស្រី រឿង លាភ មានប្រសាសន៍ថា ក្នុងមួយឆ្នាំ លោកស្រីត្រូវការដីស្កាត និងដីស្អិតសម្រាប់ធ្វើចង្ក្រានដប់ឡាន ចំណុះប្រហែលពីរតោន ដោយក្នុងមួយឡាន លោកស្រីទិញគេតម្លៃ ៤ម៉ឺនរៀល។ លោកស្រីទទួលស្គាល់ថា ការផលិតចង្ក្រានពិតជាចំណាយដីច្រើនជាងធ្វើក្អមឆ្នាំង ឬកុលាលភាជន៍ទ្វេដងមែន៖ «ចំណេញតិចដែរ ព្រោះយើងទិញគេសព្វគ្រប់អ៊ីចឹងទៅណា ចំណាយទៅលើកម្មករផង។ លោក ជិន ជេដ្ឋា៖ ពីមុនឮថាយកដីទន្លេធ្វើកើត ហើយម៉េចទៅបានយកដីភ្នំឥឡូវនេះ? គេធ្វើតើ! ធ្វើកើតគេលាយដីទន្លេចំណេញ ប៉ុន្តែរោងខ្ញុំនេះអត់ដែលលាយ អត់ដែលទិញយកមកធ្វើផង»។
លោកស្រី រឿង លាភ កម្រទិញដីតាមរទេះគោដែលជីកដឹកចេញពីលើភ្នំក្រាំងដីមាស ណាស់ ព្រោះលោកស្រីថាអាចម៍ដីបានតិច ហើយយឺតពេល ទើបលោកស្រីសុខចិត្តទិញដីតាមឡានពីតំបន់ផ្សេង។ ប្រភពដីស្អិតសម្រាប់ធ្វើក្អមឆ្នាំង ឬចង្ក្រាន មិនមែនមានតែនៅលើភ្នំក្រាំងដីមាស នោះទេ ប៉ុន្តែនៅភ្នំដទៃទៀតក្នុងស្រុករលាប្អៀរ ដូចជាភ្នំត្រោក និងភ្នំភ្លង ជាដើម ក៏មានដីស្អិតធ្វើចង្ក្រានបានដែរ។
ទោះបីជាយ៉ាងណា អ្នកផលិត និងអ្នកទិញក្អមឆ្នាំង ឬវត្ថុអនុស្សាវរីយ៍ដែលផលិតពីដីអះអាងថា មានតែប្រភពដីចេញពីភ្នំក្រាំងដីមាស មួយគត់ដែលក្អម ឬឆ្នាំងមានពណ៌ផ្លេក និងក្រហមល្អពេលដុតរួច។
ចំណែកសិប្បករផលិតក្អម និងឆ្នាំង លោកស្រី សួន សាប់ ឲ្យដឹងថា លោកស្រីចេះធ្វើក្អមតាមឪពុកម្ដាយតាំងពីអាយុ ១២ឆ្នាំ ហើយរហូតមកដល់លោកស្រីអាយុ ៦៨ឆ្នាំនេះ លោកស្រីនៅតែបន្តធ្វើ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ លោកស្រីពុំមានលទ្ធភាពទិញដីតាមឡានម្ដងច្រើនៗមកធ្វើក្អម ឬឆ្នាំងនោះទេ ប៉ុន្តែរយៈពេលមួយខែ ឬពីរខែម្ដង លោកស្រីត្រូវទិញដីស្កាត និងដីស្អិតមួយរទេះគោសម្រាប់ធ្វើ៖ «ពិបាកដូចតែគ្នាហ្នឹង ពីខ្ញុំនៅក្មេងចូលកាប់ចូលអីទៅ ឥឡូវខ្ញុំចាស់ហើយ ខ្ញុំសូវអត់ហ៊ានចូលទេ។ ទិញគេធ្វើបន្តិចៗតាមកម្លាំងទៅ»។
ទាក់ទងនឹងការប្រើប្រាស់ដីនេះ មេភូមិអណ្ដូងឫស្សី លោក ឡេង ហេង បញ្ជាក់ថា បច្ចុប្បន្នប្រភេទដីស្អិតគេលែងរកបានទៀតហើយនៅតាមជើងភ្នំក្រាំងដីមាស ប៉ុន្តែប្រភេទដីស្កាតនៅតែអាចរកបាន។ លោកថា អាជ្ញាធរមិនដែលហាមឃាត់ពលរដ្ឋក្នុងការជីកដីដោយកម្លាំងមនុស្សយកទៅធ្វើក្អមឆ្នាំង ឬលក់ដូរនោះទេ ប៉ុន្តែបើមានគ្រឿងចក្រចូលកាយយកដីស្អិត ឬឈូសព្រៃ នឹងត្រូវហាមឃាត់៖ «អាហ្នឹងឡើងខិតលើបានមាន នៅក្រោមអស់ហើយ អត់មានដីឆ្នាំងទេ មានដែរតែដីស្កាត។ ដីស្កាតហ្នឹងយកមកធ្វើចង្ក្រាន។ រដ្ឋអត់មានហាមឃាត់ដែរ បើចូកជាដៃមានអ្នកណាទៅឃាត់អត់ទេ ព្រោះប្រជាជនយកដោយដៃបានប៉ុន្មាន ក្នុងមួយថ្ងៃបានមួយរទេះអីហ្នឹង»។
អ្នកភូមិអណ្ដូងឫស្សី ខេត្តកំពង់ឆ្នាំង មានអ្នកផលិតក្អមឆ្នាំង ចង្ក្រាន និងវត្ថុអនុស្សាវរីយ៍ពីដីច្រើនជាងគេនៅទូទាំងខេត្ត។ ភូមិអណ្ដូងឫស្សី មានពលរដ្ឋសរុប ៤០៣គ្រួសារ ក្នុងនោះគ្រួសារដែលធ្វើក្អមឆ្នាំងមានប្រហែល ៤០គ្រួសារ ផលិតវត្ថុអនុស្សាវរីយ៍ ១៥០គ្រួសារ។ ក្រៅពីនេះ ពួកគេសម្រុកធ្វើចង្ក្រានលក់ដុំ និងរាយនៅតាមផ្ទះ ដោយពឹងផ្អែកលើដីស្អិត និងដីស្កាតពីលើភ្នំមកផលិតរាល់ថ្ងៃ៕
No comments:
Post a Comment