Wednesday, December 14, 2016

ជីវប្រវត្តិ​សង្ខេប​របស់​ប្រធានាធិបតី​ហ្វីលីពីន​និង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កម្ពុជា


ប្រធានាធិបតី​ហ្វីលីពីន ​លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) (រូប​លើក​ដៃ) ពេលមក​ដល់​កម្ពុជា នា​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Brach Chev


ប្រធានាធិបតី​ទី​១៦ នៃ​ប្រទេស​ហ្វីលីពីន​ កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល ២​ថ្ងៃ​នៅ​កម្ពុជា។ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែល​ជាប់​ជា​ប្រធានាធិបតី​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៦ បាន​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​ដែល​បាន​ធ្វើ​អោយ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រធានាធិបតី​ទាំង​ឡាយ​របស់​ប្រទេស​នេះ។

តើ​លោក​មាន​ជីវប្រវត្តិ​យ៉ាង​ណា​ខ្លះ? ហើយ​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា របស់​លោក​ប្រធានាធិបតី​រូប​នេះ អាច​មាន​អត្ថន័យ​យ៉ាង​ណា​ខ្លះ​សម្រាប់​ទំនាក់ទំនង​កម្ពុជា-​ហ្វីលីពីន?

គឺ​លោក ឌូតឺតេ នេះ​ហើយ​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​ថា មាន​ចំណុច​មួយ​ចំនួន​ដូច​រូបលោក ជា​ពិសេស​គឺ​ការ​មិន​ចូលចិត្ត​អោយ​បរទេស​លូកលាន់​កិច្ចការ​ដែល​លោក​ចាត់​ទុក​ថា ជា​របស់​ប្រទេស​លោក៖ «ប៉ុន្តែ​ខ្ញុំ​ជាមួយ​ប្រធានាធិបតី​ត្រូវ​គ្នា​ហើយ ខ្ញុំ​ថា​យើង​ចរិត​ដូច​គ្នា ប៉ុន្តែ​ខ្ញុំ​និយាយ​អ៊ីចេះ​ទៅ​វិញ បើ​ប្រៀបធៀប​ឯកឧត្តម​អាយុ​ច្រើន​ជាង​ខ្ញុំ។ ចឹង​ខ្ញុំ​ដូច​ឯកឧត្តម មិន​មែន​ឯកឧត្តម​ដូច​ខ្ញុំ។ ចំពោះ​គាត់​គឺ​គាត់​ធុញទ្រាន់​ចំពោះ​រឿង​គេ​លូកលាន់​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​គាត់។ នៅ​ក្នុង​ប្រជុំ​អាស៊ី​បូព៌ា គាត់​លេង​ម៉ង គាត់​ថា​អ្នក​ឯង​ចង់​និយាយ​ពី​ប្រជាធិបតេយ្យ ចង់​និយាយ​ពី​សិទ្ធិ​មនុស្ស? នេះ​សិទ្ធិ​មនុស្ស សិទ្ធិ​អាមេរិកាំង​សម្លាប់​ជនជាតិ​ហ្វីលីពីន ហើយ​ឥឡូវ​ក្រដាស​របស់​គាត់​ហ្នឹង សន្ទរកថា​គាត់​ឲ្យ​មក​ខ្ញុំ ព្រោះ​គាត់​កំពុង​ខឹង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ពីព្រោះ​លោក​កំពុង​បង្ក្រាប​ក្រុម​គ្រឿង​ញៀន»។

ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា ជា​លើក​ដំបូង​របស់​លោក ឌូតឺតេ នេះ គឺ ៣​​ខែ​ក្រោយ​ពេល​លោក​បាន​ជួប​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​ប្រទេស​ឡាវ។ ដំណើរ​មក​កាន់​កម្ពុជា​នេះ គឺ​ស្រប​ពេល​ដែល​លោក ឌូតឺតេ កំពុង​ធ្វើ​អោយ​មជ្ឈដ្ឋាន​អន្តរជាតិ​ភ្ញាក់​ផ្អើល​នៅ​ក្រោយ​ពេល​ដែល​ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រកាស​ពី​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន។ លើស​ពី​នេះ​លោក​បាន​ប្រើប្រាស់​ពាក្យ​សម្ដី​អសុរោះ​ទៅ​លើ​មេដឹកនាំ និង​អង្គការ​ពិភពលោក​ធំៗ​ រួម​ទាំង​អង្គការ​សហប្រជាជាតិ​ផង ដែល​ថ្កោលទោស និង​ទាមទារ​អោយ​លោក​បញ្ឈប់​សង្គ្រាម​បង្ហូរ​ឈាម​ក្នុង​រឿង​គ្រឿងញៀន។
មនុស្ស​ជិត ៦​ពាន់​នាក់​ត្រូវ​អាជ្ញាធរ​ហ្វីលីពីន បញ្ជាក់​ថា ត្រូវ​បាញ់​សម្លាប់​នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន រួម​ទាំង​អ្នក​ប្រើប្រាស់ ចែកចាយ និង​ជួញដូរ នៅ​ក្នុង​រយៈពេល ៦​ខែ​មក​នេះ។

បណ្ដាញ​ព័ត៌មាន​ក្នុង​ប្រទេស​ហ្វីលីពីន នៅ​ដើម​ខែ​ធ្នូ​នេះ បាន​ស្រង់​សម្ដី​របស់​លោក ឌូតឺតេ ដែល​ថា រូប​លោក​មិន​មែន​ជា​ឃាតក​ឡើយ លោក​មិន​ដែល​សប្បាយ​រីករាយ ឬ​ចូលចិត្ត​មើល​ឃើញ​មនុស្ស​ដេក​ស្ដូកស្ដឹង ហើយ​ឈាម​ហូរ​ជោក​ខ្លួន​នោះ​ដែរ។ បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក​បាន​គំរាម​​ថា នឹង​បាញ់​សម្លាប់​មន្ត្រី ឬ​ប៉ូលិស​ណា ដែល​បាន​សម្លាប់​មនុស្ស​ស្លូត​ត្រង់។ លោក​ថា មន្ត្រី​មិន​ត្រូវ​សម្លាប់​អ្នក​ដែល​លុតជង្គង់​ទទួល​កំហុស ដែល​ត្រូវ​ចង​ដៃ​ទៅ​ក្រោយ ហើយ​មន្ត្រី​សមត្ថកិច្ច​ដែល​ល្មើស​នឹង​ត្រូវ​លោក​បាញ់​សម្លាប់។ លោក​ថា មាន​មន្ត្រី​មិន​តិច​ជាង ២.០០០​នាក់​ទេ​ដែល​កំពុង​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​គ្រឿងញៀន។ លោក​អះអាង​ថា លោក​នឹង​មិន​បក​ក្រោយ​ទេ លុះ​ណា​តែ​លោក​បាន​នាំ​អោយ​មាន​ការ​ផ្លាស់ប្ដូរ​អោយ​ប្រទេស​ហ្វីលីពីន ពោល​គឺ​ជា​ប្រទេស​ដែល​រួចផុត​ពី​ការ​ញាំញី​នៃ​គ្រឿងញៀន។ លោក​ថា សង្គ្រាម​នឹង​ឆាប់​ចប់​បើ​អ្នក​ជួញដូរ​គ្រឿងញៀន​បញ្ឈប់​ជំនួញ​របស់​ខ្លួន​ដែរ។

បើ​ទោះ​ជា​យ៉ាង​ណា លោក​ក៏​ត្រូវ​សារព័ត៌មាន​ក្នុង​ស្រុក​ផ្សព្វផ្សាយ​ថា បាន​ការពារ​មន្ត្រី​ម្នាក់​ក្នុង​ករណី​សង្ស័យ​ថា បាញ់​សម្លាប់​ចៅហ្វាយ​ក្រុង​នៅ​ក្នុង​ពន្ធនាគារ។

លោក ឌូតឺតេ ដែល​មាន​វ័យ ៧១​ឆ្នាំ ជា​ប្រធានាធិបតី​ដែល​ចាស់​ជាង​គេ និង​ធ្វើ​អោយ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រធានាធិបតី​ទាំង​១៦ របស់​ហ្វីលីពីន។ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​រិះគន់​ថា រយៈពេល​ប៉ុន្មាន​ខែ​នៃ​ការ​កាន់​អំណាច​របស់​លោក ឌូតឺតេ មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​ការ​កាន់​អំណាច​របស់​ប្រធានាធិបតី​ផ្ដាច់ការ លោក ហ្វែឌីណាន់ ម៉ាខូស (Ferdinand Marcos) ដែល​បញ្ចប់​ក្នុង​ឆ្នាំ​១៩៨៦ នោះ​ទៀត។ ពួកគេ​ហៅ លោក ឌូតឺតេ ថា ជា​អ្នក​ដាក់​ទណ្ឌកម្ម។

លោក ឌូតឺតេ កើត​នៅ​ក្នុង​ត្រកូល​អ្នក​ចេះ​ដឹង​ជាប់​សែស្រឡាយ​ចិន នៅ​ក្នុង​តំបន់ មីនដាណាវ (Mindanav) ដោយ​មាន​ឪពុក​ជា​មេធាវី និង​ម្ដាយ​ជា​គ្រូ​បង្រៀន។ លោក​រៀន​ចប់​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ។ លោក​ធ្លាប់​ជា​រដ្ឋអាជ្ញា​នៅ​ក្នុង​ក្រុង​កំណើត​របស់​លោក​គឺ​ក្រុង​ដាវ៉ាវ (Davoa) ពី​ឆ្នាំ​១៩៧៧ រហូត​ដល់​រដ្ឋ​ប្រហារ​ក្នុង​ឆ្នាំ​១៩៨៦ ទើប​លោក​ត្រូវ​តែងតាំង​ជា​ចៅហ្វាយ​រង​ក្រុង។ លោក​បាន​ជាប់​ឆ្នោត​ជា​ចៅហ្វាយ​ក្រុង នៅ ២​ឆ្នាំ​ក្រោយ​មក ហើយ​បាន​ឋិត​ក្នុង​តួនាទី​នេះ​អស់​រយៈពេល ១០​ឆ្នាំ។ លោក​បាន​ជាប់​ជា​តំណាង​ពលរដ្ឋ​ក្នុង​តំបន់​ក្នុង​ឆ្នាំ​២០០១ ហើយ​បាន​ត្រឡប់​មក​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​វិញ​រហូត​ដល់​ឆ្នាំ​២០១០។ លោក​ក៏​ធ្វើ​ជា​ជំនួយ​ការ​កូនស្រី​របស់​លោក ដែល​បាន​ជាប់​ជា​ចៅហ្វាយ​ក្រុង​ជំនួស​រូប​លោក​មួយ​អាណត្តិ លុះ​ដល់​ឆ្នាំ​២០១៣ លោក​បាន​ត្រឡប់​ទៅ​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​វិញ និង​ចុង​ក្រោយ​នេះ​លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី​ទី​១៦ របស់​ហ្វីលីពីន។

នៅ​ក្នុង​ការឃោសនា​បោះឆ្នោត​ប្រធានាធិបតី លោក ឌូតឺតេ បាន​ប្រកាស​ពី​ការ​បោស​សំអាត​គ្រឿងញៀន ដែល​ឈាន​ទៅ​ដល់​ការ​សម្លាប់​មនុស្ស​ជា​ច្រើន​នៅ​ក្រោយ​លោក​បាន​តួនាទី។ ការ​លើក​យក​អំណះអំណាង​ពី​ចំណុច​ល្អៗ ដែល​កើត​ឡើង​ក្រោម​ស្នាដៃ​របស់​លោក​នៅ​ពេល​ធ្វើ​ជា​ចៅហ្វាយ​ក្រុង​ដាវ៉ាវ នោះ​ហើយ​ដែល​ជា​ចំណែក​សំខាន់​មួយ​ធ្វើ​​អោយ​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ។ លោក​ក៏​ធ្លាប់​ប្រើប្រាស់​កណ្ដាប់​ដៃ​ដែក​​បែប​នេះ​ដែរ នៅ​ពេល​លោក​នៅ​ជា​ចៅហ្វាយ​ក្រុង ហើយ​បាន​ធ្វើ​អោយ​បទ​ឧក្រិដ្ឋ​ក្នុង​ក្រុង​ថយ​ចុះ ប្រែ​ក្លាយ​ក្រុង​នេះ​ជា​ទី​មាន​សុវត្ថិភាព​មិន​ធ្លាប់​មាន​ពី​មុន។

អ្នក​យក​ព័ត៌មាន​របស់​​សារព័ត៌មាន ឌឹ អាត្លង់ទិច(The Atlantic) បាន​រំលឹក​ថា គេ​ធ្លាប់​ជួប​ជជែក​ជាមួយ​លោក ឌូតឺតេ កាល​លោក​នៅ​ជា​ចៅហ្វាយ​ក្រុង ក្នុង​ឆ្នាំ​១៩៨៨ កាល​ណោះ​លោក​បាន​និយាយ​ពី​ផែនការ​ក្នុង​ការ​កែប្រែ​ទីក្រុង​របស់​លោក ពេល​នោះ​លោក​ក៏​បាន​និយាយ​ពី​ការ​សម្លាប់​អ្នក​ជួញដូរ​គ្រឿងញៀន​ដែរ។ លោក ឌូតឺតេ រំលឹក​​ថា មាន​ពេល​មួយ​មាន​ការ​បាញ់​ត​គ្នា​រវាង​ប៉ូលិស​ក្រុង និង​ក្រុម​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​មាន​របួស​សង្ខាង។ អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​របួស​មិន​ទាន់​ស្លាប់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ ពេល​នោះ​លោក​បាន​ទៅ​ដល់​មន្ទីរពេទ្យ​ ហើយ​បាន​ផ្ដាច់​ចោល​សម្ភារៈ​សង្គ្រោះ​បន្ទាន់​ទាំង​អស់។ អ្នក​យក​ព័ត៌មាន​ដដែល​ក៏​បាន​លើក​ឡើង​ពី​ព័ត៌មាន​ដែល​ថា លោក ឌូតឺតេ ក៏​ធ្លាប់​ច្រាន​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ទម្លាក់​ពី​លើ​ឧទ្ធម្ភាគចក្រ​ដែរ។

ចំពោះ​នយោបាយ​ការបរទេស​នៅ​ក្រោយ​ឡើង​កាន់​តំណែង​ លោក ឌូតឺតេ បាន​ប្រកាស​ថា នឹង​ចាប់​យក​ទំនាក់​ទំនង​ជាមួយ​ចិន និង​ងាក​ចេញ​ពី​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​ជម្លោះ​នៅ​សមុទ្រ​ចិន ភាគ​ខាង​ត្បូង​មិន​ទាន់​បញ្ចប់​នៅ​ឡើយ។ លោក​ថែម​ទាំង​ប្រកាស​ដក​ខ្លួន​ចេញ​ពី​អង្គការ​សហប្រជាជាតិ​ផង។

ចំពោះ​ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីរៈ មើល​ឃើញ​ថា អ្នក​ទាំង​២ គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ឌូតឺតេ ពិត​ជា​មាន​ចំណុច​ជាច្រើន​ដូច​គ្នា។

បើ​ទោះ​ជា​យ៉ាង​ណា លោក អ៊ូ វីរៈ នៅ​តែ​មើល​ឃើញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ហ្វីលីពីន អាច​អាក្រក់​ជាង​កម្ពុជា ពិត​មែន​ថា ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំង​២ ប្រកាស​មិន​ចង់​បន្ត​ចូល​រួម​ជាមួយ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ដូច​គ្នា​ក៏​ដោយ៖ «រឿង​គោល​នយោបាយ​រិះគន់​សហរដ្ឋ​អាមេរិក ប្រើ​ពាក្យ​អសុរោះ​អី​ហ្នឹង គឺ​ដូច​គ្នា។ បើ​ខ្ញុំ​ប្រៀបធៀប​ខ្ញុំ​ថា​ឥឡូវ​នេះ​ហ្វីលីពីន មាន​បញ្ហា​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាង មាន​អំពើ​ហិង្សា​ជាង មាន​និទ្ទណ្ឌភាព​ជាង មាន​ការ​សម្លាប់​ដោយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ជាង ការ​សម្លាប់​ហ្នឹង​ក៏​មិន​ចាំបាច់​មាន​ភស្តុតាង​ជាង។ ចំពោះ​កម្ពុជា បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស គឺ​មាន​ច្រើន​តែ​កម្ពុជា នៅ​នឹងធឹង​ជាង»។

នៅ​មុន​ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា របស់​លោក ឌូតឺតេ គឺ​កាល​ពី​ថ្ងៃ​ទី​១២ ខែ​ធ្នូ មាន​ពលរដ្ឋ​ហ្វីលីពីន ចំនួន ៥​នាក់ នៅ​កម្ពុជា បាន​លើក​បដា​តវ៉ា ដោយ​បិទ​មុខ​នៅ​ខាង​មុខ​ព្រះ​បរម​រាជវាំង​ក្នុង​រយៈពេល​ខ្លី។ ពួកគេ​ទាមទារ​អោយ​ប្រធានាធិបតី​បញ្ឈប់​ការ​សម្លាប់​មនុស្ស​ដោយសារ​ការ​ជួញដូរ និង​ការ​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​អនុវត្ត​នីតិរដ្ឋ និង​គោរព​សិទ្ធិ​មនុស្ស។ ពួក​គេ​បញ្ជាក់​ថា មាន​មនុស្ស​មិន​តិច​ទេ​ជា​ជន​ស្លូតត្រង់​ដែល​ត្រូវ​ស្លាប់​ក្នុង​សង្គ្រាម​បង្ហូរ​ឈាម​នេះ។

ទាក់ទិន​នឹង​ដំណើរ​មក​កម្ពុជា របស់​លោក ឌូតឺតេ នេះ លោក អ៊ូ វីរៈ មើល​ឃើញ​ថា កម្ពុជា និង​ហ្វីលីពីន ពុំ​មាន​ទំនាក់ទំនង​គ្នា​ធំដុំ​ទេ ទាំង​ផ្នែក​សេដ្ឋកិច្ច យោធា ឬ​សន្តិសុខ។ លោក​ថា ចំណុច​ដែល​ហ្វីលីពីន ចាប់​អារម្មណ៍​ជាមួយ​កម្ពុជា គឺ​ទំនាក់ទំនង​កម្ពុជា និង​ចិន។ លោក​បន្ត​ថា ជម្លោះ​នៅ​សមុទ្រ​ចិន ភាគ​ខាង​ត្បូង​គឺ​ជា​ប្រធានបទ​សំខាន់​សម្រាប់​ប្រធានាធិបតី​មីយ៉ាន់ម៉ា ឬ​ភូមា៖ «គឺ​លោក ឌូតឺតេ បាន​បង្ហាញ​ថា​លោក​ចង់​ចរចា​ជាមួយ​ចិន ដោយ​ផ្ទាល់ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​ការ​ចរចា​នេះ ប្រហែល​ជំរុញ​ឲ្យ​អាស៊ាន​ទាំងមូល​ចូលរួម​ដើម្បី​ចរចា​ក្នុង​ការ​សហការ​ឃ្លាំ​មើល ឬ​មួយ​សម្របសម្រួល។ ចំពោះ​ប្រទេស​នៅ​អាស៊ាន​ទាំងមូល ជាពិសេស​កម្ពុជា ដើម្បី​ចូលរួម​ជួយ​សម្របសម្រួល ឬ​ជួយ​នាំ​សារ​នៅ​ពេល​ដែល​ប្រទេស​ទាំង​២ (ចិន និង​ហ្វីលីពីន ត្រូវ​ការ​ពាក់ព័ន្ធ​គ្នា)»។

របៀបវារៈ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក ឌូតឺតេ នៅ​លើក​នេះ គឺ​កម្ពុជា និង​ហ្វីលីពីន​នឹង​ព្រមព្រៀង​គ្នា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​កីឡា។

លោក អ៊ូ វីរៈ មើល​ឃើញ​ថា កិច្ច​ព្រមព្រៀង​នេះ​ជា​តម្រូវ​ការ ប៉ុន្តែ​លោក​ក៏​បារម្ភ​ថា ការ​ជួប​ប្រជុំ​របស់​មន្ត្រី​គណបក្ស​ប្រឆាំង​ដែល​តែងតែ​ជ្រើសរើស​ប្រទេស​ហ្វីលីពីន ជា​ទីតាំង​អាច​នឹង​ត្រូវ​រឹត​ត្បិត។ លោក​ថា រឿង​បែប​នេះ​ធ្លាប់​កើត​ឡើង​រួច​ហើយ​នៅ​ពេល​កម្ពុជា ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ប្រទេស​ថៃ៖ «ជា​ការ​ព្រួយ​បារម្ភ​មួយ​ដែរ​ចំពោះ​គណបក្ស​ប្រឆាំង ព្រោះ​គាត់​ខ្លាច​ថា​នៅ​ហ្វីលីពីន មាន​គេ​លួច​ថត ឬ​មួយ​ក៏​មាន​គេ​លួច​តាមដាន ឬ​មួយ​ក៏​មាន​បញ្ហា​អី ហ្វីលីពីន អាច​សហការ​ជាមួយ​កម្ពុជា ខ្ញុំ​មើល​ទៅ គឺ​លំនាំ​ដូច​នៅ​ប្រទេស​ថៃ»។

លោក អ៊ូ វីរៈ ក៏​បាន​ជំរុញ​អោយ​មេដឹកនាំ​ប្រទេស​ទាំង​២ ត្រូវ​ពិចារណា​អោយ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​ប្រកាន់​យក​ភាព​ចាស់ទុំ​ទាំង​ក្នុង​នយោបាយ នីតិរដ្ឋ និង​សិទ្ធិមនុស្ស។ លើស​ពី​នេះ​អ្នក​ទាំង​២ ជា​ពិសេស​កម្ពុជា ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ចាប់​យក​ចិន និង​មិន​ត្រូវ​បោះបង់​អង្គការ​សហប្រជាជាតិ​ឡើយ ចៀសវាង​បញ្ហា​ទៅ​ថ្ងៃ​អនាគត៕

No comments:

Post a Comment