មន្ត្រីមន្ទីរសុខាភិបាល ខេត្តសៀមរាប បានប្រមូលយកបន្លែជាច្រើនប្រភេទដូចជាត្រសក់ និងស្ពៃ ព្រមទាំងផ្អកត្រីប្រៃពីភូមិបង្កោង សង្កាត់អំពិល ក្រុងសៀមរាប ដើម្បីយកទៅពិសោធរកមូលហេតុថា តើជាតិពុលបណ្ដាលមកពីអ្វី?
ការប្រមូលយកកាកសំណល់បន្លែ និងផ្អកត្រីប្រៃ ទៅពិសោធន៍នេះ បន្ទាប់ពីអ្នកភូមិចំនួន ៥នាក់ ដែលក្នុងនោះមានកុមារចំនួន ៤នាក់ផង កើតមានអាការៈពុល ក្រោយពីហូបត្រីប្រៃជាមួយបន្លែជាច្រើនមុខមក។
ស្ត្រីចំណាស់ម្នាក់ក្នុងចំណោមក្មេងស្រី ៤នាក់ផ្សេងទៀត បានស្លាប់នៅភូមិបង្កោង សង្កាត់អំពិល ចម្ងាយជាង ២០គីឡូម៉ែត្រ ភាគឦសានពីទីរួមខេត្តសៀមរាប បន្ទាប់ពីគាត់បានហូបផ្អកត្រីប្រៃ ជាមួយនឹងបន្លែជាច្រើនមុខ ហើយពុល កាលពីរាត្រីថ្ងៃទី១៣ ខែធ្នូ កន្លងទៅ។
ក្មេងស្រីម្នាក់ ក្នុងចំណោមប្អូនតូចៗ ដែលពុលអាហារ ៣នាក់ទៀត គឺនាង ពេជ្រ ស្រីលាក់ អាយុ ១៦ឆ្នាំ។ នាងមានប្រសាសន៍បន្ទាប់ពីចេញពីមន្ទីរពេទ្យនៅព្រឹកថ្ងៃពុធ ទី១៤ ខែធ្នូ ថា ជីដូននាងបាននៅមើលថែរក្សារូបនាងជាមួយនឹងប្អូនស្រី ៣នាក់ទៀត នៅក្នុងផ្ទះឈើដ៏ធំនេះ ដោយសារតែឪពុកម្ដាយរបស់នាងមិននៅ គឺរវល់ទៅធ្វើការនៅឯខេត្តកំពង់ធំ។
នាង ពេជ្រ ស្រីលាក់ បញ្ជាក់ទៀតថា កាលពីវេលាម៉ោងប្រហែល ៥ល្ងាច ថ្ងៃទី១៣ ខែធ្នូ ជីដូនរបស់នាងឈ្មោះ គង់ ផ្លយ អាយុ ៧០ឆ្នាំ បានយកផ្អកត្រីប្រៃពីអ្នកជិតខាង ហើយក៏ទៅទិញបន្លែស្ពៃ ត្រសក់ និងពពាយ មកធ្វើជាម្ហូបឱ្យបងប្អូនរបស់នាងទទួលទាន។ ក្នុងពេលនោះ ជីដូនរបស់នាងបានទទួលទានមុនគេ រួចហើយអញ្ជើញទៅសុំសីលនៅឯទីវត្ត។ រូបនាងនិងប្អូនៗក៏ទទួលទានផ្អកត្រីប្រៃនោះដែរ ស្រាប់តែប្រហែល ២ម៉ោងក្រោយមក ជីដូនរបស់នាងមានអាការៈពុល ហើយបានស្លាប់នៅក្នុងទីវត្ត។ ចំណែករូបនាង និងប្អូនៗ ពេលឭថា ជីដូនស្លាប់ ក៏នាំគ្នាទៅយកសព ហើយក៏ដឹងខ្លួនថា មានអាការៈពុលដែរ ក៏ប៉ុន្តែត្រូវអ្នកភូមិដឹកយកទៅសង្គ្រោះនៅមណ្ឌលសុខភាព រួចបញ្ជូនបន្តទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ក្នុងខេត្តសៀមរាប ទាន់ពេលវេលា៖ «ត្រីប្រៃនោះ អ៊ំរបស់ខ្ញុំឱ្យ មានកំពឹស មានកូនត្រីតូចៗ ប៉ុន្តែពេលដែលគេកូរបញ្ចូលគ្នាទៅ ខ្ញុំអត់ដឹងថា ក្នុងនោះមានអ្វីខ្លះទៀតទេ»។
ក្មេងស្រីតូចម្នាក់ទៀតដែលពុលអាហារដែរនោះ មានប្រសាសន៍ថា នៅពេលដែលនាងទទួលទានផ្អកត្រីប្រៃ និងបន្លែរយៈពេល ២ម៉ោងក្រោយមកនាងចាប់ផ្ដើមមានអាការៈមិនស្រួលនៅក្នុងខ្លួន ក៏ប៉ុន្តែនាងមិនប្រាកដថា តើជាតិពុលមាននៅក្នុងអ្វីនោះទេ៖ «តឹងពោះ ដកដង្ហើមក៏ដូចជាតឹងៗ ក្អួត។ ខ្ញុំហូបតែត្រសក់និងស្ពៃ អំពិលចិតដាក់ជាមួយផ្អកត្រីប្រៃ»។
បន្ទាប់ពីកើតហេតុការណ៍ពុលអាហារមក ប៉ូលិសបានចុះទៅប្រមូលយកសំណល់បន្លែ និងផ្អកត្រីប្រៃ ដើម្បីបញ្ជូនទៅមន្ទីរសុខាភិបាលពិសោធរកជាតិពុលហើយ។
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អំពិល លោក ស៊ុយ សេងអ៊ី បានសន្និដ្ឋានជាជំហានដំបូងថា ស្ត្រីម្នាក់ដែលស្លាប់ និងក្មេង ៤នាក់ ដែលមានបញ្ហាសុខភាពនោះ ទំនងជាពុលផ្អកត្រីប្រៃ ដែលធ្វើមិនល្អ៖ «ពុលត្រីប្រៃ ព្រោះត្រីប្រៃ កាលណាធ្វើមិនស្អាត មានសត្វល្អិតសត្វអីនៅក្នុងនោះ វាពុលហើយ»។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងលោក ក្រូស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ដើម្បីសុំការពន្យល់អំពីលទ្ធផលពិសោធកាកសំណល់ដែលប្រមូលយកពីកន្លែងពុលនោះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី១៤ ខែធ្នូ។
នៅដើមខែធ្នូ នេះ ខេត្តសៀមរាប មានហេតុការណ៍ពុលអាហារចំនួន ២លើកហើយ។ កាលពីថ្ងៃទី៨ ខែធ្នូ កន្លងទៅ អ្នកភូមិចុងស្រុក សង្កាត់សៀមរាប ចំនួន ៣៦នាក់ មានអាការៈក្អួតចង្អោរ ទន់ដៃជើង ដែលគេសង្ស័យថា អាចជាការពុលផ្អកត្រីប្រៃនៅក្នុងពិធីបុណ្យសព ១កន្លែង៕
No comments:
Post a Comment