
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសហព័ន្ធយុវជនកម្ពុជា បានរៀបចំកម្មវិធីរត់ប្រណាំងសង្គមមួយគ្មានពិការភាព នៅថ្ងៃទី១៥ ខែធ្នូ នាពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានអ្នកចូលរួមប្រមាណជិត ២ពាន់នាក់។ កម្មវិធីនេះរៀបចំឡើងដើម្បីអបអរទិវាជនពិការកម្ពុជា លើកទី១៨ និងទិវាជនពិការអន្តរជាតិលើកទី៣៤ ក្រោមប្រធានបទ "ផ្ដល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការក្នុងគ្រប់វិស័យដើម្បីសង្គមមួយគ្មានពិការភាព"។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងសហព័ន្ធយុវជនកម្ពុជា អះអាងថា កម្ពុជាប្រារព្ធកម្មវិធីរត់ប្រណាំងនេះ គឺចង់ជំរុញស្ថាប័នពាក់ព័ន្ធឲ្យផ្ដល់អាទិភាព និងសិទ្ធិអំណាចដល់ជនពិការ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ឲ្យដឹងថា កម្មវិធីរត់ប្រណាំងសង្គមមួយគ្មានពិការភាពនេះ មានអ្នកចូលរួមប្រមាណជិត ២ពាន់នាក់ ដែលភាគច្រើនជាជនពិការគ្រប់ប្រភេទមកពីតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ ដើម្បីប្រកួតប្រជែងវិញ្ញាសាចំនួន ១៥សំខាន់ៗ៖ «គឺយើងនឹងរៀបចំកម្មវិធីរត់ប្រណាំង ដើម្បីសង្គមមួយគ្មានពិការភាព ដោយមានការចូលរួមពីសាធារណៈ និងបងប្អូនជនពិការប្រមាណ ១.៥០០នាក់ ដោយយើងនឹងការបែងចែកវិញ្ញាសាធំចំនួន ១៥វិញ្ញាសា ក្នុងនោះមានវិញ្ញាសារទេះរវៃដោយដៃ វិញ្ញាសារទេះច្រវាក់ វិញ្ញាសារត់រវៃដោយដៃ វិញ្ញាសារត់ក្រោមចង្កេះបុរស ស្ត្រី វិញ្ញាសារត់លើជង្គង់បុរស នារី ពិការលើជង្គង់ វិញ្ញាសារត់ជនពិការដៃ បុរស នារី វិញ្ញាសាពិការភ្នែកបុរស នារី និងវិញ្ញាសារត់រួមគ្នា»។

ជាអ្នកចូលរួមម្នាក់ និងជានិស្សិតមកពីសាកលវិទ្យាល័យធនធានមនុស្ស យុវជន ឯក ច័ន្ទគ្រិស្នា យល់ថា កម្មវិធីនេះល្អ ព្រោះគឺជាចំណែកមួយជួយជំរុញ និងលើកកម្ពស់សិទ្ធិជនពិការនៅកម្ពុជា។
យុវជនរូបនេះយល់ថា ជនពិការមិនមែនជាបន្ទុកសម្រាប់សង្គមទេ បើសិនមានការបើកឱកាសការងារឲ្យបានត្រឹមត្រូវណាមួយ ឬសម្របសម្រួល និងយកចិត្តទុកដាក់លើពួកគេ៖ «ខ្ញុំសូមសំពះឲ្យប្រជាពលរដ្ឋកម្ពុជា គ្រប់ស្ថាប័ន មិនថាថ្នាក់លើ មិនថាថ្នាក់ក្រោមទេ ឲ្យគាត់ជួយលើកទឹកចិត្តដល់ជនពិការកុំឲ្យគាត់បាក់ទឹកចិត្ត ព្រោះគាត់ក៏ជាមនុស្ស ហើយកន្លែងក៏គាត់មានសមត្ថភាពជាងយើងផង»។
កម្មវិធីរត់ប្រណាំងសង្គមមួយគ្មានពិការភាព នៅថ្ងៃទី១៥ ខែធ្នូ ដែលរៀបចំនៅពហុកីឡាដ្ឋានជាតិអូឡាំពិក បានប្រព្រឹត្តទៅចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៩ព្រឹក ដោយមានជនពិការចំនួន ២៨០នាក់ ចូលរួមប្រកួតប្រជែង។
ជាជនពិការជើងទាំងសងខាងដែលចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះ កញ្ញា ឈឿន គឹមហេង ទទួលបានចំណាត់ថ្នាក់លេខ៣ និយាយថា កញ្ញារីករាយនៅពេលដែលឃើញសាធារណជនចូលរួមប្រារព្ធកម្មវិធីនេះ។ ប៉ុន្តែកញ្ញានៅតែទទូចឲ្យបណ្ដាអ្នកពាក់ព័ន្ធគិតគូរដល់សិទ្ធិរបស់យុវជនពិការ ពិសេសជនពិការគ្រប់ប្រភេទនៅកម្ពុជា ឲ្យទទួលបានឱកាសការងារដើម្បីបញ្ចេញសមត្ថភាពរបស់ពួកគេក្នុងការអភិវឌ្ឍប្រទេសជាតិ៖ «ប្រសិនបើជនពិការមានឱកាសទៅសាលាចូលរួមសកម្មភាពសង្គម គាត់អាចមានសមត្ថភាពដូចគ្នាហ្នឹង ព្រោះសមត្ថភាពខួរក្បាលជនពិការមួយចំនួនក៏គាត់អាចធ្វើបានដូចមនុស្សទូទៅអ៊ីចឹង ហេតុនេះសូមជួយផ្ដល់ឱកាសដូចមនុស្សទូទៅដែរ»។

ចំណែកជនពិការពិការជើងម្នាក់ទៀតទទួលបានចំណាត់ថ្នាក់លេខ១ លោក ជឹម ផាន គាំទ្រកម្មវិធីនេះ។ លោកថា ទោះជាកន្លងមករដ្ឋាភិបាលកម្ពុជា បានចែងច្បាប់ជួយការពារជនពិការក្ដី ប៉ុន្តែជនពិការនៅមានការរើសអើងនៅឡើយ។ លោកស្នើឲ្យរដ្ឋាភិបាលជួយផ្ដល់ការងារដល់ជនពិការឲ្យបានគ្រប់គ្នា ដើម្បីកុំឲ្យពួកគាត់បន្តសុំទានគេ៖ «បើជនពិការ ពិការក្មេង សូមរដ្ឋាភិបាលជួយផ្ដល់ឱកាសឲ្យពួកគាត់បានទៅរៀនសូត្រ ដើម្បីឲ្យពួកគាត់រៀនចប់អាចរកការងារធ្វើបាន កុំឲ្យពួកគាត់ទៅសុំទានគេ វាអត់ល្អទេ។ បើជនពិការណាដែលគាត់មានសមត្ថភាពខាងកីឡាស្រាប់ សូមជួយផ្ដល់ជាសម្ភារៈ និងថវិកាដល់ពួកគាត់ផង»។
ក្រសួងសង្គមកិច្ច ក្រុមប្រឹក្សាសកម្មភាពជនពិការ និងសហព័ន្ធយុវជនកម្ពុជា អះអាងថា នេះជាលើកទី២ហើយ ដែលកម្ពុជាប្រារព្ធកម្មវិធីថ្នាក់ជាតិរត់ប្រណាំងដើម្បីសង្គមមួយគ្មានពិការភាព។លទ្ធផលការប្រកូតប្រជែងរត់ប្រណាំងក្នុងចំនួនជនពិការជាង ២៨០នាក់ បានរកឃើញអ្នកឈ្នះចំនួន ៤០នាក់។
អ្នករៀបចំកម្មវិធីបញ្ជាក់ដែរថា នឹងបន្តរៀបកម្មវិធីនេះនៅឆ្នាំក្រោយទៀត ព្រមទាំងបង្កើតកម្មវិធីផ្តល់ឱកាសឲ្យជនពិការអាចប្រកួតកីឡាថ្នាក់ជាតិផងដែរ៕
No comments:
Post a Comment