
ប្រជាសហគមន៍នៅឃុំជាំក្រវៀន នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ កំពុងរៀបចំឯកសារត្រៀមប្ដឹងក្រុមហ៊ុន ម៉ែន សារុន ទៅអាជ្ញាធរតែម្ដង ព្រោះបានបង្កការខូចខាតផលិតផលកសិកម្មរបស់ពួកគាត់។ ការលើកឡើងបែបនេះ ក្រោយពេលប្រជាសហគមន៍មិនមានផ្លូវសម្រាប់ដឹកជញ្ជូនផលិតផលកសិកម្មចេញពីដីចម្ការរបស់ពួកគាត់បានឡើយ ក្រោយពេលក្រុមហ៊ុនបានជីកប្រឡាយផ្ដាច់ផ្លូវមិនឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បាន។ បញ្ហានេះ អាជ្ញាធរមូលដ្ឋានយល់ថា ការសម្រេចប្ដឹងទៅក្រុមហ៊ុនយ៉ាងណា គឺជាសិទ្ធិរបស់ពលរដ្ឋ។
ស្រូវរបស់ប្រជាកសិករនៅឃុំជាំក្រវៀន មួយចំនួនចាប់ផ្ដើមដុះជាបន្តបន្ទាប់ ក្រោយពេលពួកគេច្រូតកាត់រួចរាល់ហើយ ប៉ុន្តែមិនមានផ្លូវសម្រាប់ដឹកជញ្ជូនយកមកផ្ទះសម្បែង ឬយកម៉ាស៊ីនទៅបោកបែននៅទីនោះបាន។ បន្ថែមពីនេះ ដំឡូងរបស់អ្នកភូមិមួយចំនួនក៏ចាប់ផ្ដើមរលួយមើម ដោយសារមិនអាចដកឱ្យទាន់ពេលវេលា ព្រោះភ្លៀងធ្លាក់ជាច្រើនផ្ទួនៗគ្នា ម្យ៉ាងមិនមានផ្លូវសម្រាប់ដឹកជញ្ជូនចេញពីដីចម្ការបាន ពីព្រោះផ្លូវដែលពលរដ្ឋធ្លាប់ធ្វើដំណើរដឹកផលិតផលកសិកម្មឆ្លងកាត់រាល់ដង ត្រូវបានខាងភាគីក្រុមហ៊ុន ម៉ែន សារុន ជីកផ្ដាច់កាលពីពេលកន្លងទៅ។
តំណាងសហគមន៍ឃុំជាំក្រវៀន មួយរូប លោក ផុន សុផល ឱ្យដឹងថា ពួកគាត់កំពុងប្រមូលឯកសារ ហើយនឹងរៀបចំពាក្យបណ្ដឹងប្ដឹងក្រុមហ៊ុន ម៉ែន សារុន ទៅអាជ្ញាធរឃុំ ស្រុក ខេត្តនៅថ្ងៃទី១៦ ខែធ្នូ។ ការសម្រេចដាក់ពាក្យប្ដឹងនេះ ពីព្រោះដើម្បីឱ្យខាងក្រុមហ៊ុនដោះស្រាយការខូចខាតផលិតផលកសិកម្មរបស់ពួកគាត់ដែលបណ្ដាលមកពីការជីកប្រឡាយផ្ដាច់ផ្លូវសាធារណៈពីសំណាក់ភាគីក្រុមហ៊ុនកាលពីខែតុលា៖ «អ៊ីចឹងហើយគោលការណ៍របស់សហគមន៍ក្នុងពេលឥឡូវហ្នឹង ប្រសិនបើមេឃុំ អាជ្ញាធរពាក់ព័ន្ធមិនជួយដោះស្រាយទេ ក៏ដូចជាក្រុមហ៊ុន ប្រជាពលរដ្ឋនឹងប្ដឹងតវ៉ា»។
កាលពីខែវិច្ឆិកា តំណាងប្រជាពលរដ្ឋជិត ១០នាក់ បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរឃុំ ដោយរៀបរាប់ថា ក្រុមហ៊ុន ម៉ែន សារុន នៅតែបន្តជីកប្រឡាយព័ទ្ធដីរបស់ពួកគាត់នៅចំណុចទួលក្រួស ហើយមួយទៀត ក្រុមហ៊ុនបានជីកប្រឡាយផ្ដាច់ផ្លូវមិនឱ្យពលរដ្ឋធ្វើដំណើរទៅកាន់ដីចម្ការបាន។ តំណាងសហគមន៍ដដែលអះអាងថា ការជីកផ្ដាច់ផ្លូវនោះ គឺបណ្ដាលពលរដ្ឋជាង ១០០គ្រួសាររងផលប៉ះពាល់។
អាស៊ីសេរី នៅមិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា បានទេ នៅថ្ងៃទី១៥ ខែធ្នូ ដោយទូរស័ព្ទចូល ប៉ុន្តែលោកចុចបិទទៅវិញ។
ទោះជាយ៉ាងនេះក្ដី មេឃុំជាំក្រវៀន ធ្លាប់ប្រាប់កាលពីថ្ងៃទី១១ ខែធ្នូ ថា បញ្ហានេះ លោកនឹងហៅភាគីក្រុមហ៊ុនមកសម្របសម្រួលក្នុងរយៈពេលពីរ ឬបីថ្ងៃក្រោយ ប៉ុន្តែនៅមិនទាន់មានចំណាត់ការទៅលើក្រុមហ៊ុននៅឡើយទេ មកទល់ថ្ងៃទី១៥ ខែធ្នូ។
មេឃុំជាំក្រវៀន លោក អ៊ួច យឿន មានប្រសាសន៍នៅថ្ងៃទី១៥ ខែធ្នូ ថា លោកនៅមិនទាន់ដោះស្រាយបញ្ហានេះទេ ដោយសារជាប់រវល់ពេក ហើយការសម្រេចរបស់ប្រជាសហគមន៍ថា នឹងប្ដឹងក្រុមហ៊ុនយ៉ាងណា គឺជារឿងរបស់ពួកគេ៖ «នៅទេ! ខ្ញុំមិនទាន់បានហៅមកផង បើរវល់តែយ៉ាងនេះ»។
ចម្លើយរបស់អាជ្ញាធរឃុំបែបនេះ ទើបធ្វើប្រជាសហគមន៍យល់ថា អាជ្ញាធរមិនមានឆន្ទៈក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ឡើយ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ការសម្រេចចិត្តប្ដឹងក្រុមហ៊ុន គឺជារឿងត្រឹមត្រូវ។ បន្ថែមពីនេះ អាជ្ញាធរឃុំ ស្រុក ខេត្ត ក៏ត្រូវមានការទទួលខុសត្រូវចំពោះការខូចខាតដំណាំរបស់ពលរដ្ឋដែរ ពីព្រោះមិនព្រមចាត់វិធានការឱ្យទាន់ពេលវេលា រហូតបណ្ដាលឲ្យផលិតផលរបស់ប្រជាសហគមន៍រងការខូចខាតកាន់តែធ្ងន់ធ្ងរ៖ «ប្រជាពលរដ្ឋគួរប្ដឹងទាំងពីរហ្នឹង ទីមួយក្រុមហ៊ុន ទីពីរ ប្ដឹងមេឃុំ និងទីបី ប្ដឹងទាំងអភិបាលស្រុក»។
មន្ត្រីសង្គមស៊ីវិលដដែលបញ្ជាក់ថា ការជីកផ្ដាច់ផ្លូវសាធារណៈ ពុំមែនរួចខ្លួនត្រឹមតែផ្ដល់សំណងការខូចខាតប៉ុណ្ណោះទេ ប៉ុន្តែវាជាបទល្មើសព្រហ្មទណ្ឌដែលត្រូវដាក់ពន្ធនាគារថែមទៀតផង។ លោកថា ដើម្បីដោះស្រាយបញ្ហាទាំងនេះបាន រាជរដ្ឋាភិបាលត្រូវដកមន្ត្រីអាជ្ញាធរណាដែលអសកម្មចោលតែម្ដង ហើយដាក់អ្នកថ្មីដែលធានាថា មិនជាប់ពាក់ព័ន្ធទំនាស់ផលប្រយោជន៍របស់ខ្លួនជាមួយក្រុមហ៊ុន៕
No comments:
Post a Comment