ភ្នំពេញៈ លោក ជា សុផាត កំពុងឈរនៅលើចិញ្ចើមផ្លូវក្រួសក្រហមមួយកន្លែងនៅសង្កាត់ជ្រោយចង្វារដោយលោកបានចង្អុលទៅកាន់ដីស្រែរបស់លោកមានផ្ទៃក្រឡា ៤០០០ ម៉ែត្រការ៉េដែលកំពុងមានជម្លោះក្រោមហេតុផលអភិវឌ្ឍន៍។
បុរសដែលមានវ័យ ៦៣ ឆ្នាំរូបនេះជាអ្នករស់នៅក្នុងខណ្ឌពោធិ៍សែនជ័យកំពុងមានការព្រួយបារម្ភជាខ្លាំង។ លោកថ្លែងថា៖ «ដីនោះត្រូវបានប្រើប្រាស់សម្រាប់ធ្វើកសិកម្មមុនពេលដែលក្រុមហ៊ុនចាក់ដីខ្យាច់លុបបំពេញ។ ឥឡូវនេះខ្ញុំមិនអាចប្រើវាដើម្បីធ្វើស្រែបានទៀតទេដោយលោកចង្អុលទៅកាន់ពំនូកខ្សាច់ដែលគេចាក់ពាសពេញដីរបស់លោក។ ដីរបស់លោក សុផាត គឺកំពុងប្រឈមហានិភ័យដោយសាលារាជធានីភ្នំពេញកំពុងជួយសម្រួលដល់ការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារដែលមានទំហំទឹកប្រាក់ប្រមាណ ១,៦ ពាន់លានដុល្លារ។ ដីអភិវឌ្ឍន៍ដែលមានទំហំ ៣៨៧ ហិកតាគ្រោងនឹងសាងសង់ផ្ទះវីឡា អគារ ខុនដូ និងអគារលំនៅឋានទំនើបៗដែលមានរួមទាំងកីឡដ្ឋាន សង្កាត់អាជីវកម្ម និង ស្ពានថ្មីមួយដែលនឹងតភ្ជាប់រវាងទីក្រុងនេះផងដែរ។
គម្រោងនេះនឹងពង្រីកទៅភាគខាងជើងរង្វង់មូលជ្រោយចង្វារដែលនៅចន្លោះផ្លូវជាតិលេខ ៦ និងបឹងទន្លេសាប។ ទោះជាយ៉ាងណាដូចគម្រោងអភិវឌ្ឍន៍ធំៗមួយចំនួនទៀតដែរតែងតែមានការប៉ះពាល់ជាមួយប្រជាពលរដ្ឋហើយឥឡូវនេះទាំងលោក សុផាត និងប្រជាពលរដ្ឋជាច្រើនទៀតមានបញ្ហាជម្លោះដីធ្លីជាមួយសាលារាជធានីដើម្បីរក្សាដីធ្លីរបស់ពួកគេ។
នៅក្នុងឆ្នាំ ១៩៩៤ រដ្ឋាភិបាលបានហាមឃាត់មិនឲ្យសាងសង់ផ្ទះនៅលើដីនោះទេដោយកាលណោះមាននាយករដ្ឋមន្ត្រីទីមួយគឺព្រះអម្ចាស់នរោត្តម រណឫទ្ធិ បានកំណត់តំបន់នោះទុកសម្រាប់សកម្មភាពអភិវឌ្ឍន៍។
ទោះបីយ៉ាងណានៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ ១៩៩៨ នាយករដ្ឋមន្ត្រីទីពីរលោក ហ៊ុន សែន បានសន្យាថាម្ចាស់ដីដែលបានរស់នៅលើតំបន់នោះយ៉ាងហោចណាស់ចំនួនប្រាំឆ្នាំនឹងមិនត្រូវបានបណ្តេញចេញទេហើយការប្រកាសនេះបានធ្វើឲ្យស្ងប់នូវការភ័យខ្លាចណាមួយចំពោះការបណ្តេញចេញ។
ខណៈដែលអ្នកភូមិមួយចំនួនរស់នៅចម្ងាយតែប្រមាណ ១០០ ម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ ៦ និងច្រាំងបឹងទន្លេសាបបានទទួលផលប្រយោជន៍ពីការសន្យានេះហើយត្រូវបានដកចេញពីទីតាំងនៃគម្រោងអភិវឌ្ឍន៍នេះ។ គ្រួសារលោក សុផាត និងប្រមាណជាង ២០០ គ្រួសារទៀតដែលរស់នៅក្នុងតំបន់អភិវឌ្ឍន៍គឺហាក់ដូចជាពុំសូវមានសំណាងនោះទេ។
លោក សុផាត ថ្លែងថា៖ «សាលារាជធានីគឺដូចជាឪពុកម្តាយរបស់យើងទាំងអស់គ្នាដែលជាប្រជាពលរដ្ឋប៉ុន្តែឪពុកម្តាយនេះមិនបានខ្វល់ខ្វាយអំពីកូនរបស់ខ្លួននោះទេ។ តើគេបង្ខំឱ្យយើងទទួលយកយ៉ាងម៉េចបើគេធ្វើខុស?»។
បច្ចុប្បន្នសាលារាជធានីបានចូលប្រឡូកនៅក្នុងការប្រយុទ្ធតស៊ូជាមួយនឹងអ្នកភូមិជ្រោយចង្វារដើម្បីទទួលបានមកវិញនូវអ្វីដែលខ្លួនអះអាងថាជាដីរបស់រដ្ឋ។ នៅក្នុងខែកញ្ញាអាជ្ញាធរបានបែងចែកដីឲ្យអ្នកភូមិដែលជាឱសានវាទចុងក្រោយថាដីចំនួន ៩០ ភាគរយសម្រាប់សាលារាជធានីភ្នំពេញ និង ១០ ភាគរយសម្រាប់ម្ចាស់ ឬក៏ទិញក្នុងតម្លៃដើម ១៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
ការជួបប្រជុំ និងការចរចាគ្នាអស់រយៈពេលជាច្រើនខែកន្លងមកនេះគឺមិនទទួលបានលទ្ធផលអ្វីទាំងអស់ក្នុងដំណើរការស្វែងរកឆន្ទៈក្នុងការសម្របសម្រួលហើយឥឡូវនេះថ្ងៃកំណត់ដើម្បីទទួលយកការផ្តល់ឲ្យនេះបានបញ្ចប់ទៅហើយកាលពីថ្ងៃទី ១៤ ខែវិច្ឆិកាហើយភាពមិនប្រាកដប្រជានៅតែមាននៅក្នុងចំណោមប្រជាពលរដ្ឋពាក់ព័ន្ធទាំងនោះដដែល។
លោក សុផាត ថ្លែងថា៖ «ខ្ញុំមិនទាន់ឃើញមានអ្វីកើតឡើងនៅលើដីនោះនៅឡើយទេអ្វីៗគ្រប់យ៉ាងគឺនៅដដែល។ យើងមិនទាន់មានកិច្ចប្រជុំជាមួយសាលារាជធានីនៅឡើយទេ»។ លោក សុផាត បានជិះម៉ូតូជុំវិញដីនោះដោយមានស្ពាយកាបូបមួយដាក់ពេញដោយឯកសារផ្សេងៗ។ លោកបានរើឯកសារនោះចេញហើយបានលើកយកឯកសារមួយដែលបានចេញឲ្យដោយអាជ្ញាធរមូលដ្ឋានដែលបានទទួលស្គាល់ម្ចាស់ដីក៏ដូចជាឯកសារវិក្កយបត្របង់ពន្ធដីផងដែរ។ លោកថ្លែងថា៖ «សាលារាជធានីភ្នំពេញអាចសាកល្បងយកដីរបស់ខ្ញុំប៉ុន្តែខ្ញុំមានឯកសារដើម្បីបញ្ជាក់ថាវាជាកម្មសិទ្ធិរបស់ខ្ញុំ»។ សូម្បីតែក្នុងអំឡុងពេលប្រជុំជាមួយសាលារាជធានីភ្នំពេញលោក សុផាត និយាយថាពួកគេតែងតែសំដៅទៅលើក្រុមម្ចាស់ដី។ លោកបញ្ជាក់ថា៖ «នៅក្នុងលិខិតផ្ញើមកឱ្យពួកយើងគេបានហៅយើងថាជាម្ចាស់ដី។ ពួកគេបានកោះហៅយើងចូលរួមប្រជុំដោយសំដៅទៅពួកយើងដែលជាម្ចាស់ដី។ ប្រសិនបើយើងជាម្ចាស់ដីហេតុអ្វីបានជាពួកគេជជែកគ្នាពីដីរបស់ពួកយើង?»។
លោក ណាន អូនី មន្ត្រីសម្របសម្រួលនៃសិទ្ធិលំនៅឋានរបស់អង្គការ NGO Forum បានឱ្យដឹងថាជម្លោះដីធ្លីនេះគឺមានលក្ខណៈខុសប្លែកពីជម្លោះដីធ្លីផ្សេងទៀតនៅក្នុងទីក្រុងដូចជាតំបន់បឹងកក់ និងបុរីកីឡាជាដើមដោយសារតែអ្នកភូមិភាគច្រើនពួកគាត់មានទម្រង់ឯកសារផ្លូវការមួយចំនួនដើម្បីបញ្ជាក់ពីភាពជាម្ចាស់នៅលើដីនោះ។ លោកថ្លែងថា៖ «ពួកគេមានឯកសារច្បាប់ផ្សេងៗពីគ្នាដូចជាប័ណ្ណកម្មសិទ្ធិដីធ្លី វិក្កយបត្របង់ពន្ធដី សៀវភៅគ្រួសារ និងអាសយដ្ឋានទីលំនៅរបស់ពួកគេជាដើម»។ «ពួកគេមានឯកសារដូចគ្នាទៅនឹងអ្នកដែលរស់នៅទីក្រុងភ្នំពេញដែរ»។ លោកបញ្ជាក់ថាខណៈដែលការចំណាយលើប័ណ្ណកម្មសិទ្ធិដីធ្លីជាញឹកញាប់គឺមានតម្លៃថ្លៃពិបាកធ្វើ និងមានរយៈពេលយូរនោះឯកសារដែលបានបញ្ជាក់ដោយមន្ត្រីឃុំសង្កាត់គឺមិនគួរត្រូវបានដកចេញនោះទេ។ លើសពីនេះទៀតលោកថ្លែងថាទាំងក្រុមហ៊ុនវិនិយោគទុន អាណិកជនកម្ពុជា (OCIC) និងសាលារាជធានីបានទទួលស្គាល់វត្តមាន «ភូមិចាស់» ចំនួនប្រាំដែលមានដូចជាភូមិដង្កោខាងជើង និងខាងត្បូង ភូមិព្រែកលាភ ភូមិកៀនឃ្លាំង និងភូមិកៀនឃ្លាំង ៦ អាដោយមិនរាប់បញ្ចូលអ្នកភូមិមួយចំនួនដែលស្ថិតនៅក្នុងតំបន់នោះប៉ុន្តែបានធ្វើឲ្យអ្នកមួយចំនួនទៀតនៅមិនទាន់ច្បាស់លាស់។ លោកថ្លែងថា៖«នៅពេលដែលអ្នកទទួលស្គាល់ភូមិនោះហេតុអ្វីបានជាអ្នកមិនទទួលស្គាល់ប្រជាពលរដ្ឋដែលរស់នៅទីនោះ? នេះគឺជាសំណួរដ៏ជាក់លាក់មួយដែលត្រូវពិចារណា។
ថ្លែងមកកាន់កាសែតភ្នំពេញប៉ុស្តិ៍កាលពីសប្តាហ៍មុនលោកអូនីនិយាយថាទំនងជាមិនមានការបណ្តេញដោយអំពើហិង្សានៅលើដីធ្លីនេះទេ។ លោកបញ្ជាក់ថា៖ «យើងមិនចង់ឃើញការបណ្តេញចេញទេ។ យើងបានឃើញផលវិបាកពីការបណ្ដេញចេញនាពេលកន្លងមកហើយ [ប្រសិនបើវាកើតឡើង] គឺវាគ្រាន់តែបង្ហាញថារដ្ឋាភិបាលមិនបានរៀនសូត្រពីបទពិសោធដែលធ្លាប់កើតឡើងពីមុនតែប៉ុណ្ណោះ។
គ្មានដំណោះស្រាយ
ខណៈដែលថ្ងៃផុតកំណត់បានមកដល់អ្នកនាំពាក្យសាលារាជធានីលោក មាន ចាន់យ៉ាដា បានស្នើឲ្យអ្នកភូមិទទួលយកសំណើដែលបានស្នើនោះ ឬក៏ពួកគេត្រូវទទួលយកសកម្មភាពណាមួយដែលធ្វើឡើងដោយអាជ្ញាធរមូលដ្ឋានដែលវាមិនមែនជាការគំរាមនោះទេ។ នៅពេលទាក់ទងកាលពីសប្តាហ៍មុនលោក ចាន់យ៉ាដា បានបដិសេធធ្វើអត្ថាធិប្បាយលើរឿងនេះដោយបានសួរពីគោលបំណងរបស់អ្នកកាសែតភ្នំពេញប៉ុស្តិ៍។
លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារបានថ្លែងថារដ្ឋាភិបាលធ្វើសមហេតុផលហើយមិនដាក់បញ្ចូលអ្នកភូមិមួយចំនួននោះទេដោយលោកបានហៅអ្នកដែលបានប្រឆាំងតវ៉ាទៅនឹងសំណើរបស់សាលារាជធានីថាជា «អ្នកមាន»។ ដោយបដិសេធទទួលស្គាល់ឯកសារដីធ្លីរបស់ប្រជាពលរដ្ឋលោក ហួត បានអះអាងថាអ្នកភូមិមួយចំនួនបានមកកាន់កាប់ដីធ្លីទាំងនោះគឺបន្ទាប់ពីក្រុមហ៊ុន OCIC បានចាប់ផ្តើមចាក់ដីខ្សាច់បំពេញ។ លោកថ្លែងថា៖ «នៅពេលដែលដីនេះត្រូវបានទឹកជន់លិចគ្មាននរណាម្នាក់ចេញមកអះអាងថាជាដីរបស់ខ្លួននោះទេ។ ប៉ុន្តែបន្ទាប់ពីវាត្រូវបានចាក់បំពេញហើយនៅពេលដែលពួកគេបានមើលឃើញថាតម្លៃដីនោះ [កើនឡើង] ទើបពួកគេចេញមកអះអាងថាជាកម្មសិទ្ធិរបស់ពួកគេ»។
បើទោះបីជាមានភាពតានតឹងរវាងសាលារាជធានី និងប្រជាពលរដ្ឋក្តីក៏ក្រុមហ៊ុន OCIC នៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធដែលត្រូវការដើម្បីចាប់ផ្តើមគម្រោងរបស់ខ្លួន។ មានការរារាំងជាច្រើនលើកពីប្រជាពលរដ្ឋដែលបានលើកគ្នាមកទប់ស្កាត់មិនឲ្យមានគ្រឿងចក្រជីកយកអាចម៍ដីចេញពីដីស្រែរបស់ពួកគេប៉ុន្តែសកម្មភាពអភិវឌ្ឍន៍នៅលើទីតាំងនោះគឺមិនមានការថយចុះនោះទេ។
អ្នកគ្រប់គ្រងគម្រោងក្រុមហ៊ុន OCIC លោក ទូច សំណាង បានបដិសេធធ្វើអត្ថាធិប្បាយអំពីលទ្ធភាពនៃដំណោះស្រាយណាមួយដោយលោកបានបង្វែរសំណួរទាំងអស់ដែលទាក់ទងទៅនឹងជម្លោះដីធ្លីនេះទៅសាលារាជធានីភ្នំពេញ។ លោកបន្តថា៖ «វាគឺជាតួនាទីរបស់សាលារាជធានីភ្នំពេញដើម្បីដោះស្រាយជាមួយប្រជាជនទាំងនោះ។ ពួកគេកំពុងធ្វើការដើម្បីស្វែងរកដំណោះស្រាយហើយយើងកំពុងរង់ចាំដើម្បីធ្វើការអភិវឌ្ឍលើដីនោះ»។
ទោះយ៉ាងណាលោក សំណាង បានសំដៅទៅដល់អ្នកភូមិទាំងនោះថាជា «អ្នកក្រៅ» ដោយអះអាងថាពួកគេបានទិញដីនោះក្នុងគោលបំណងតែមួយគត់គឺដើម្បីទទួលបានផលប្រយោជន៍ពីតម្លៃដីដែលកំពុងឡើងថ្លៃនៅតំបន់នោះ។ លោកបន្ថែមថាអ្នកដែល «រងផលប៉ះពាល់ពិតប្រាកដ» ដោយគម្រោងនេះបានទទួលកញ្ចប់មួយដាច់ដោយឡែករួចហើយដែលផ្តល់ជូនដោយក្រុមហ៊ុន OCIC គឺផ្ទះល្វែងមួយនៅបុរីរុងរឿងនៅលើទីតាំងនោះព្រមទាំងតូបលក់ដូរមួយនៅឯទីផ្សារមូលដ្ឋានផងដែរ។ លោកថ្លែងថា៖ «អ្នកមកពីខាងក្រៅនៅចង់រក្សាការចរចា។ ប៉ុន្តែអ្នកដែលរងផលប៉ះពាល់ពិតប្រាកដបានទទួលយកសំណងរួចហើយ ហើយពួកគេពិតជាសប្បាយចិត្តណាស់ជាមួយនឹងការអភិវឌ្ឍរបស់យើងនេះ»។
ដោយសំដៅទៅលើកញ្ចប់នេះលោក អូនី មន្ត្រីអង្គការ NGO Forum បានថ្លែងថាអ្នកភូមិបានបដិសេធទទួលយកវាព្រោះវាមិនសមនឹងទំហំដីដែលជាកម្មសិទ្ធិរបស់ពួកគេដែលតម្លៃមិនសមស្របសម្រាប់ដំណោះស្រាយ។
ថ្លែងមកកាន់កាសែតភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទលោក សុផាត បញ្ជាក់ថានៅពុំទាន់មានការទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាននៅឡើយទេហើយអ្នកភូមិមានការព្រួយបារម្ភកាន់តែខ្លាំងថាតើពួកគេអាចស្វែងរកដំណោះស្រាយបានដែរឬទេ?
បើទោះបីជាមានភាពធូរស្រាល និងមានទំនុកចិត្តកាលពីរសប្តាហ៍មុនតែឥឡូវនេះលោក សុផាត ហាក់ដូចជាមានការសង្ស័យកាន់តែខ្លាំងឡើងពីអនាគតដីធ្លីរបស់លោក។
លោកបានថ្លែងថា៖ «ខ្ញុំខំសន្សំលុយរបស់ខ្ញុំទាំងអស់យកមកទិញដីនេះចង់ទុកឲ្យកូនរបស់ខ្ញុំ។ ប៉ុន្តែឥឡូវនេះយើងត្រូវតែទទូចសុំឲ្យដីធ្លីរបស់យើងមានសុវត្ថិភាព»៕ NS
No comments:
Post a Comment