ប្រជាកសិករដែលអះអាងថាជាអ្នករងគ្រោះដោយអំពើរំលោភដីធ្លី និងជួបប្រទះបញ្ហាខ្វះទីផ្សារកសិកម្មជាង ៤០០នាក់មកពីខេត្តចំនួន៦ បានរួមគ្នាដើរដង្ហែដាក់ញត្តិទៅកាន់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម និងរដ្ឋសភា នៅព្រឹកថ្ងៃទី៥ ធ្នូ ក្នុងគោលបំណងជំរុញឲ្យរដ្ឋាភិបាលផ្តល់ដំណោះស្រាយជូនពួកគាត់។
មន្ត្រីសម្របសម្រួលនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ញ៉ិល ភាព ដែលឃ្លាំមើលផ្ទាល់នូវការដង្ហែដាក់ញត្តិនេះ បានឲ្យអាស៊ីសេរីដឹងថា នេះមិនមែនជាលើកទី១ របស់ប្រជាពលរដ្ឋដែលយកញត្តិមកស្នើឲ្យរដ្ឋាភិបាលជួយផ្តល់ដំណោះស្រាយដល់ពួកគាត់នោះទេ។ លោកថា ប្រជាកសិករទាំងនោះប្រឈមនឹងវិបត្តិរំលោភដីធ្លី និងមិនមានទីផ្សារកសិកម្មអស់រយៈពេលជាង ១០ឆ្នាំមកហើយ។
លោក ញ៉ិល ភាព ថ្លែងថា៖ «បងប្អូនដែលអញ្ជើញមកនេះ សុទ្ធតែមានបញ្ហាដីធ្លីទាំងអស់។ ដីធ្លីរបស់ពួកគាត់ត្រូវបានក្រុមហ៊ុន និងអ្នកមានអំណាចរំលោភយក ហើយបញ្ហាដីធ្លីនេះទៀតសោត ការរំលោភយកនេះអស់រយៈពេលរាប់សិបឆ្នាំហើយ ១០ឆ្នាំជាងហើយ អត់មានដំណោះស្រាយអីសោះ ព្រោះយើងឃើញថា ការរំលោភដីធ្លីនេះមានលក្ខណៈជាប្រព័ន្ធ តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ»។
ការដាក់ញត្តិ និងដើរដង្ហែរបស់ប្រជាពលរដ្ឋពីក្រសួងមួយទៅក្រសួងមួយទៀត និងបន្តទៅរដ្ឋសភា មិនមានការរារាំង ឬធ្វើទុក្ខបុកម្នេញពីអាជ្ញាធរនោះទេ ប៉ុន្តែមានប៉ូលិសជាច្រើនរូបបានពង្រាយគ្នាតាមដងផ្លូវ ពិសេសកែងផ្លូវដែលពលរដ្ឋដើរដង្ហែ។
ទាំងក្រសួងរៀបចំដែនដី និងក្រសួងកសិកម្ម មានតំណាងចេញមកទទួលញត្តិពីប្រជាពលរដ្ឋ ដោយឡែកចំពោះរដ្ឋសភាវិញ គឺបានអនុញ្ញាតឲ្យតំណាងសហគមន៍ ៦រូបចូលទៅដាក់ញត្តិដល់គណៈកម្មការទី១ នៃរដ្ឋសភា ហើយគណៈកម្មការបានសន្យាថា នឹងប្រគល់ញត្តិប្រជាពលរដ្ឋដល់ដៃប្រធានរដ្ឋសភា លោក ហេង សំរិន។
ប្រជាកសិករដែលមកពីខេត្តចំនួន៦ រួមមាន ខេត្តកោះកុង ព្រះសីហនុ តាកែវ កណ្ដាល ស្វាយរៀង និងខេត្តព្រៃវែង។ ពួកគាត់បានឲ្យដឹងថា ប្រសិនបើក្រសួង និងរដ្ឋសភា មិនផ្តល់ដំណោះស្រាយដល់ពួកគាត់ក្នុងរយៈពេលមួយខែទេ ពួកគាត់នឹងនាំគ្នាមកតវ៉ាជាទ្រង់ទ្រាយធំនៅស្ថាប័នពាក់ព័ន្ធទាំងអស់៕
No comments:
Post a Comment