ថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទសេ ថ្មីៗ ដែលមានតម្លៃខ្ពស់ស្ទើរកប់ពពក និងប្រសិទ្ធិភាពខ្លាំងបំផុត អាចទៅដាស់មេរោគរលាកថ្លើមប្រភេទបេ ឱ្យរើឡើងបាន។ នេះជាការព្រមានរបស់ភ្នាក់ងារឱសថអឺរ៉ុប នៅថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្វើការត្រួតពិនិត្យប្រសិទ្ធិភាពថ្នាំឡើងវិញ។
ចំពោះអ្នកជំងឺមានផ្ទុកជំងឺរលាកថ្លើមប្រភេទC ផង និងប្រភេទ B ផងសូមប្រុងប្រយ័ត្ននៅពេលធ្វើការព្យាបាជំងឺរលាកថ្លើមC ដោយប្រើថ្នាំសម្លាប់មេរោគផ្ទាល់ ពពួកថ្នាំ antiviraux d’action direct។ ព្រោះបើតាមការសិក្សាជាថ្មី ស្នើឡើងដោយសហភាពអឺរ៉ុប កាលពីខែមីនា បានបញ្ជាក់ថា នៅពេលអ្នកជំងឺបានទទួលថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C ថ្នាំនោះអាចទៅសាល់វីរ៉ុសរលាកថ្លើមប្រភេទ C ឱ្យមានសកម្មភាពឡើងវិញ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតតែម្តង។
វីរ៉ុសមានសកម្មភាពឡើង មានន័យថា ពីមុនមក អ្នកជំងឺមានឆ្លងវីរ៉ុសរលាកថ្លើមប្រភេទBជាដាន ឬគ្មានរោគសញ្ញាអ្វីទេ ឬជាករណីដំបូងគ្មានអ្វីជាគ្រោះថ្នាក់ តែនៅពេលត្រូវថ្នាំក៏ចាប់កំរើកធ្វើសកម្មភាព។
ថ្នាំព្យាបាលជំងឺរលាកថ្លើមប្រភេទ C ទើបចេញលក់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានសមត្ថភាពទៅបិទខ្ទប់វីរ៉ុសមិនឱ្យពង្រីកខ្លួន បង្កើនវីរ៉ុស VHC រលាកថ្លើមប្រភេទCបាន និងមានប្រសិទ្ធិភាពខ្ពស់ជាងការព្យាបាលដោយថ្នាំ Interferon និងRibavirine។ ប៉ុន្តែតម្លៃក៏ខ្ពស់ខ្លាំង អាចឡើងដល់៨ម៉ឺនអឺរ៉ូ នៅក្នុងប្រទេសខ្លះ។
ថ្នាំទាំងនោះមាន ៖
Sovaldi (មូលេគុល sofosbuvir) របស់ក្រុមហ៊ុនអាមេរិក Gilead, Daklinza (daclatasvir), Exviera (dasabuvir), Harvoni, Olysio (symeprevir) Viekirax, Epclusa និងZepatier …ដែលសហភាពអឺរ៉ុបទើបអនុញ្ញាតឱ្យប្រើប្រាស់កាលពីប៉ុន្មានខែមុន។
ប៉ុន្តែគ្មានអ្វីគួរឱ្យស្លន់ស្លោឡើយ ព្រោះថាករណីថ្នាំរលាកថ្លើមសេ ធ្វើឱ្យវីរ៉ុសB ភ្ញាក់ រកឃើញមានតែ៣០ករណីប៉ុណ្ណោះ ក្នុងចំណោមអ្នកជំងឺរាប់ពាន់នាក់។ គណៈកម្មការឱសថអឺរ៉ុប គ្រាន់តែវាយតម្លៃហានិភ័យ ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងចង់ផ្តល់អនុសាសន៍ឱ្យមានការធ្វើតេស្តរកវីរ៉ុសរលាកថ្លើមB លើគ្រប់អ្នកជំងឺរលាកថ្លើមC មុននឹងផ្តល់ការព្យាបាល ព្រមទាំងត្រូវធ្វើការតាមដានជាពិសេស ចំពោះអ្នកជំងឺមានជំងឺរលាកថ្លើមទាំងពីរ B និងC។
សូមបញ្ជាក់ថា គ្មានទេថ្នាំវ៉ាក់សាំងបង្ការជំងឺរលាកថ្លើមប្រភេទសេ ដែលមានចំនួនប្រមាណជាំង១៧០លាននាក់នៅលើលោក តែជំងឺនេះអាចព្យាបាលជា ខុសពីជំងឺរលាកថ្លើមបេ ដែលគ្មានថ្នាំព្យាបាល តែមានថ្នាំបង្ការ៕
No comments:
Post a Comment