Monday, January 2, 2017
ករណីមន្ត្រីនគរបាលត្រូវឡានបុកសន្លប់ កាន់តែធ្វើឲ្យមានចម្ងល់ខ្លាំង
បន្ទាយមានជ័យៈ មានការភ្ញាក់ផ្អើល និងមានការចោទសួរជាថ្មីទៀត ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ចម្រូងចម្រាសមួយនៅប៉ោយប៉ែតខណៈដែលមានវីដេអូឃ្លីបចំនួន ៣ ត្រូវបានគេបង្ហោះដោយគេឃើញជនរងគ្រោះដែលជាមន្ត្រីប៉ូលិសនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះកំពុងដើរយ៉ាងសង្ហាចុះឡើងជាមួយនារីម្នាក់នៅក្នុងផ្ទះសំណាក់មួយនៅក្នុងប្រទេសថៃហាក់បីដូចជាមិនមានរបួសអ្វីសោះនៅពេលអ្នកបើកឡានដែលជាសកម្មជនគណបក្សប្រឆាំងដែលទទួលរងការចោទប្រកាន់កំពុងបន្តជាប់ឃុំនៅក្នុងពន្ធនាគារ។
វីដេអូឃ្លីបដែលបានបង្ហាញពីសកម្មភាព លោក ឈាន ពិសិដ្ឋ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដើរចុះឡើងយ៉ាងសង្ហា ជាមួយនារីម្នាក់ដែលមើលទៅមានកាយសម្បទាមាំមួនហាក់ដូចជាពុំមានរបួសអ្វីទាល់តែសោះក្នុងផ្ទះសំណាក់មួយនៅប្រទេសថៃ បានរងការរិះគន់ជាថ្មីទៀតជាមួយនឹងចម្ងល់ថាហេតុអ្វីបានជានាយរងប៉ូលិសរូបនេះឆាប់ជាសះស្បើយលឿនម្ល៉េះ បន្ទាប់ពីមានការអះអាងថាគាត់ត្រូវរងរបួសរហូតដល់សន្លប់ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងប្រទេសថៃ ដោយសាររថយន្តរបស់លោក ឌិន ពុទ្ធី ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជាសកម្មជនគណបក្សសង្គ្រោះជាតិបុកកាលពីថ្ងៃទី ២២ ខែធ្នូ។
វីដេអូឃ្លីបនេះត្រូវបានគេថតនៅក្នុងផ្ទះសំណាក់មួយនៅក្នុងប្រទេសថៃនៅថ្ងៃទី ២៧ ខែធ្នូ គឺ ៥ ថ្ងៃ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាលោកពុទ្ធី បានបើករថយន្តបុកលោក ពិសិដ្ឋ សន្លប់ ខណៈដែលបណ្តាញសង្គមហ្វេសប៊ុកបានផ្សព្វផ្សាយឃ្លីបវីដេអូ និងរូបថតដោយបង្ហាញ និងអធិប្បាយថាលោក ពិសិដ្ឋ បានធ្វើពុតជាដួលសន្លប់នៅពីមុខឡានរបស់លោក ពុទ្ធី ដែលបើកក្នុងល្បឿនយឺតៗដើម្បីធ្វើការចោទប្រកាន់លោក ពុទ្ធី ដែលតែងតែចេញមុខការពារកម្មករអូសរទេះ និងអ្នករត់ម៉ូតូឌុបដែលតែងតែទទួលរងការរំលោភបំពានពីសមត្ថកិច្ចនៅច្រកព្រំដែនប៉ោយប៉ែតព្រមទាំងធ្លាប់មានជម្លោះជាមួយលោក ពិសិដ្ឋ ផងដែរ។
លោក ស៊ឹម សំអាត ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានអះអាងកាលពីម្សិលមិញថា លោក ឈាន ពិសិដ្ឋ បានធូរស្បើយហើយ ខណៈដែលមន្ទីរពេទ្យថៃ អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យព្រោះកន្លងមកប៉ូលិសមិនដែលអះអាងថា លោក ពិសិដ្ឋ ត្រូវបាក់ជើងរហូតដើរមិនកើត ឬ បែកក្បាលនោះទេ គឺមានតែភាគីម្ខាងអះអាងដោយខ្លួនឯងតែប៉ុណ្ណោះតែលោកពិតជាមានរបួស ដោយសាររថយន្តប៉ះមែនដោយមានឯកសារបញ្ជាក់ពីមន្ទីរពេទ្យថៃផងដែរ។
លោកថា៖ «នៅក្នុងវីដេអូគាត់នៅផ្ទះសំណាក់ប្រទេសថៃដើម្បីចាំយកលទ្ធផលពីមន្ទីរពេទ្យព្រោះខាងមន្ទីរពេទ្យបានអនុញ្ញាតឲ្យគាត់ចេញពីមន្ទីរពេទ្យហើយ ហើយគាត់មិនមែនរបួសស្នាក់នៅពេទ្យយូរណាគឺថ្ងៃហ្នឹងគាត់ល្មមធូរស្បើយហើយពេទ្យអនុញ្ញាតឲ្យគាត់ចេញហើយដែរ»។
លោកថា ប៉ូលិសមានរបាយការណ៍ពីមន្ទីរពេទ្យថៃ ៨ ទំព័រពីការព្យាបាលលោកឈាន ពិសិដ្ឋ តែប៉ូលិសមិនបង្ហាញជាសាធារណៈតាម Facebook នោះទេព្រោះទុកសម្រាប់ផ្លូវច្បាប់នៅតុលាការ។
ចំណែកឯលោក ផែង វណ្ណៈ មន្រ្តីនៅក្រសួងមហាផ្ទៃជាតារាហ្វេសប៊ុកល្បីឈ្មោះម្នាក់ដែលតែងតែបង្ហាញពីការគាំទ្រចំពោះគណបក្សកាន់អំណាចនោះបានឲ្យដឹងថាបន្ទាប់ពីមានការផូស្តវីដេអូលោក ឈាន ពិសិដ្ឋ មិនសុខចិត្តនោះទេហើយបានដាក់ពាក្យប្តឹងទៅប៉ូលិសថៃពីព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់លោក។
លោកថា៖ «បើថ្ងៃដែលគាត់នៅផ្ទះសំណាក់ប្រទេសថៃនោះជាថ្ងៃដែលរបាយការណ៍ប៉ូលិសថាគាត់នៅពេទ្យនោះសឹមរិះគន់គាត់តែថ្ងៃនោះគាត់ចេញពីមន្ទីរពេទ្យហើយរឿងអីមករិះគន់គាត់ហើយបង្ហោះវីដេអូដែលប៉ះពាល់ដល់សិទ្ធិផ្ទាល់ខ្លួនរបស់គាត់។ ឥលូវគាត់កំពុងស្នើទៅប៉ូលិសថៃឲ្យជួយស៊ើបអង្កេតអ្នកយកវីដេអូ និងផូស្ត។ ឥលូវប៉ូលិសថៃកំពុងធ្វើការរឿងនេះ»។
នៅក្នុងគណនី Facebook ឈ្មោះ Ton Sen ដែលបង្ហោះវីដេអូឃ្លីបនោះបានឆ្លើយតាមសារមកកាន់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាមានអ្នកយកវីដេអូនោះផ្ញើមកក្នុងគណនីរបស់លោកហើយលោកក៏សម្រេចផូស្តដើម្បីទាមទារយុត្តិធម៌ដល់លោក ឌិន ពុទ្ធី ដែលកំពុងជាប់ឃុំក្នុងករណីនេះ។ «អ្នកយកវីដេអូឲ្យខ្ញុំកំពុងបារម្ភពីសុវត្ថិភាពហើយខ្ញុំសម្រេចផូស្តព្រោះដើម្បីបង្ហាញថាហេតុអ្វីលោក ពិសិដ្ឋ ដែលថារបួសធ្ងន់រឿងគ្រោះថ្នាក់ចរាចរណ៍តែបែរជាឃើញមកដើរយ៉ាងរំភើយនៅផ្ទះសំណាក់ប្រទេសថៃទៅវិញ»។
ចំណែកឯលោក ឌិន ភារិទ្ធ ប្អូនប្រុសលោក ឌិន ពុទ្ធីបានឲ្យដឹងថាលោកក៏មានការភ្ញាក់ផ្អើលផងដែរចំពោះវីដេអូថ្មីនេះ។ លោកបញ្ជាក់ថា៖ «មហាជនបានឃើញទាំងអស់គ្នាគាត់ដើរយ៉ាងស្រួលហើយបងខ្ញុំវិញគាត់មិនបានបុកសោះក៏ត្រូវជាប់ឃុំគឺអយុត្តិធម៌ណាស់»។
ចំណែកលោក ស៊ុំ ចាន់គា អ្នកសម្របសម្រួលសមាគមអាដហុកខេត្តប្រចាំខេត្តបន្ទាយមានជ័យបានសរសេរក្នុង Facebook របស់លោកថាលោក ឈាន ពិសិដ្ឋ ដែលត្រូវរងគ្រោះដោយឡានលោក ពុទ្ធី «កង់មុខចេះធាក់ដូចសេះត្រូវជើងលោកបណ្តាលឲ្យដួលស្ទើរតែបាក់កដាច់ចេញពីស្មានៅថ្ងៃទី ២៧ ខែ ១២ ឆ្នាំ ២០១៦ លោកបានជាសះស្បើយហើយក្រោយពីរបួសរយៈពេល ៥ ថ្ងៃប៉ុណ្ណោះហើយមានសុខភាពល្អទៀតផង»។
លោកសសេរថា៖ «ហួសចិត្ត! មិនដឹងថាមន្ត្រីដែលលោកខិតខំប្រឹងប្រែងជួយលោក ឈាន ពិសិដ្ឋ មិនដឹងទុកមុខទុកមាត់នឹងដោះសារជាមួយមេៗរបស់គាត់យ៉ាងណាទេទាំងព្រះរាជអាជ្ញា និងទាំងក្រសួងមហាផ្ទៃបានចេញលិខិតស្រដៀងគ្នាទៅលើហេតុការណ៍ថ្ងៃទី ២២ ខែ ១២ ឆ្នាំ ២០១៦ ដែលបណ្តាលឲ្យលោក ឈាន ពិសិដ្ឋ ជាមន្ត្រីប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិរងរបួសដោយសារតែឡានរបស់លោក ពុទ្ធី កង់ខាងមុខមិនវិលផងចេះធាក់ដូចសេះត្រូវលោក ឈាន ពិសិដ្ឋ ចំជើងស្ទើរតែបាក់កចេញពីស្មាហើយសន្លប់បាត់ស្មារតីស្រាប់តែថ្ងៃទី ២៧ ខែ ១២ ២០១៦ បែរទៅជាដើរលេងយ៉ាងរំភើយស្មាននៅទីនោះគ្មានខ្មែរស្រឡាញ់យុត្តិធម៌។ ដូចនេះការខិតខំបកស្រាយរបស់ព្រះរាជអាជ្ញា និងក្រសួងមហាផ្ទៃហាក់លែងមានប្រសិទ្ធភាព ប្រជាពលរដ្ឋខ្មែរនៅតែមានការរិះគន់ទៅលើប្រព័ន្ធយុត្តិធម៌កាន់តែខ្លាំងឡើង»៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment