Tuesday, January 17, 2017

សាលាក្រុង​ត្រៀម​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ទីតាំង​ថ្មី​នៅ​ពេល​ឆាប់ៗ​នេះ



សាលាក្រុង​ភ្នំពេញ​ត្រៀម​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ទីតាំង​ថ្មី​នៅ​ពេល​ឆាប់ៗ ខាង​មុខ​នេះ បន្ទាប់​ពី​ទទួល​បាន​គោលការណ៍​សម្រេច​ពី​ក្រសួង​មហាផ្ទៃ កាលពី​​​ដើម​ខែ​មករា។

អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ម៉េត មាសភក្ដី ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៧ មករា ថា មក​ដល់​ពេល​នេះ​សាលាក្រុង​កំពុង​សិក្សា និង​រៀបចំ​លើ​ដី​ទីតាំង​ថ្មី​​ស្ថិត​នៅ​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ ត្រង់​ចំណុច​សួនច្បារ​​គីឡូម៉ែត្រ​លេខ​៦ ឲ្យ​បាន​រួច​រាល់ មុន​នឹង​ប្រកាស​ផ្លាស់​ប្ដូរ​​ពី​ទីតាំង​ចាស់​ជាផ្លូវការ។

លោក ម៉េត មាសភក្ដី បញ្ជាក់​ថា ចំពោះ​ទីតាំង​ថ្មី​នេះ មាន​ទំហំ​ធំ​ជាង​ទីតាំង​ចាស់​រហូត​ដល់​ពីរ​ដង ដែល​មាន​ផ្ទៃដី​ជាង ២​ម៉ឺន​ម៉ែត្រ​ការ៉េ។

ចំពោះ​គម្រោង​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​ពី​ទីតាំង​នៅ​ក្បែរ​វត្ត​ភ្នំ ដែល​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ​២០១០​នោះ ត្រូវ​បាន​សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​សិទ្ធិមនុស្ស យល់​ថា រដ្ឋាភិបាល​ខ្លាច​បាតុកម្ម។

កាល​ពី​ខែ​ធ្នូ កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា​នឹង​ប្ដូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ទៅ​ដាក់​នៅ​ជាយក្រុង​វិញ រួម​នឹង​ឌឺដង​ថា​គួរ​យក​ដាក់​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា ដើម្បី​យក​ទីតាំង​ចាស់​សព្វថ្ងៃ​ធ្វើ​ជា​កន្លែង​ពាណិជ្ជកម្ម និង​សួនច្បារ​សាធារណៈ។

បច្ចុប្បន្ន​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ហ៊ុំ​ព័ន្ធ​ទៅ​ដោយ​អគារ​ខ្ពស់​ធំៗ រួម​នឹង​ការ​ដាក់​តាំង​លក់​រថយន្ត​មួយ​ចំនួន ហើយ​កន្លង​ទៅ​ថ្មី​ៗ​នេះ អាជ្ញាធរ​រដ្ឋាភិបាល ហាក់​រឹតត្បិត​ចំពោះ​សង្គម​ស៊ីវិល​ដែល​ស្នើ​សុំ​ទីតាំង​នេះ ធ្វើ​ជា​កន្លែង​ជួប​ប្រជុំ​បញ្ចេញ​មតិ​។

ដោយឡែក​កាល​ពី​ដើម​ឆ្នាំ​២០១៤ ក្រោយ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះជាតិ ត្រូវ​បាន​បង្ក្រាប​ រដ្ឋាភិបាល​បាន​បិទ​ទីតាំង​នេះ ជា​បណ្ដោះអាសន្ន រហូត​ដល់​មាន​កិច្ច​ចរចា​បញ្ចប់​ជម្លោះ​នយោបាយ ២២ កក្កដា រវាង​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ទើប​បើក​ទីតាំង​នេះ​ឲ្យ​ប្រើប្រាស់​ឡើង​វិញ៕

No comments:

Post a Comment