រោងចក្រផលិតស្ករសរបស់ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ (Phnom Penh Sugar) ឋិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧។ RFA/Rach Vingur |
ទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនផលិតស្ករសរបស់លោកឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកំពង់ស្ពឺ នៅតែបន្តអូសបន្លាយពេលមិនទាន់ដោះស្រាយចប់ និងស្ថិតក្នុងភាពខ្វែងគំនិតគ្នា ស្របពេលភាគីក្រុមហ៊ុនអះអាងថា ខ្លួនបានដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋបានជាង ៩០% រីឯភាគីពលរដ្ឋវិញ ខ្លះអះអាងថានៅតែមានពលរដ្ឋជាច្រើនមិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ ហើយពលរដ្ឋខ្លះដែលទទួលបានសំណងវិញ គឺមិនអាចទទួលបានដូចអ្វីដែលពួកគាត់ត្រូវបាត់បង់ដីពីការឈូសឆាយរបស់ក្រុមហ៊ុននោះទេ។
ភាពតានតឹងរវាងក្រុមហ៊ុនផលិតស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលបានទៅឈូសឆាយយកដីស្រែពលរដ្ឋកាលពីអំឡុងឆ្នាំ២០១០ នៅតែមិនទាន់ដោះស្រាយចេញ ដោយសារនៅមានពលរដ្ឋខ្លះអះអាងថា ពួកគាត់មិនទាន់ទទួលបានសំណងនៅឡើយ ហើយអ្នកខ្លះត្រូវបង្ខំចិត្តធ្វើការងារឲ្យក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ខែចិញ្ចឹមជីវិត និងអ្នកខ្លះទៀតធ្វើចំណាកស្រុក បន្ទាប់ពីដីស្រែពួកគាត់ត្រូវបានក្រុមហ៊ុនឈូសឆាយយកស្ទើរទាំងស្រុង។
យុវជន សុខ ភារម្យ រស់នៅឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាទីដែលលោកឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា បង្កើតចម្ការអំពៅ និងរោងចក្រផលិតស្ករស បានអះអាងថា រូបគាត់បានធ្វើការជាកម្មករនៅក្នុងរោងចក្រផលិតស្ករឲ្យលោកឧកញ៉ា លី យ៉ុងផាត់ បន្ទាប់ពីដីស្រែបងប្អូនរបស់ពួកគាត់រាប់សិបហិកតារ ត្រូវបានក្រុមហ៊ុនឈូសឆាយយក និងមិនទាន់ផ្ដល់សំណងនៅឡើយ ថ្វីត្បិតតែធ្លាប់មានការតវ៉ាជាច្រើនដងយ៉ាងណាក៏ដោយ៖ «»។
ទោះបីជាយ៉ាងនេះ អ្នកតំណាងក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ (Phnom Penh Sugar) លោក ស៊ិន សត្ថា អះអាងថា តាមគោលការណ៍ ក្រុមហ៊ុនបានដោះស្រាយជាមួយពលរដ្ឋរងផលប៉ះពាល់ដីធ្លីដោយសារក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ នៅស្រុកថ្ពង ចប់សព្វគ្រប់ហើយ និងនៅសល់តែពលរដ្ឋដែលចង់បានសំណងបន្ថែមប៉ុណ្ណោះ រីឯពលរដ្ឋរងផលប៉ះពាល់ពីការអភិវឌ្ឍរបស់ក្រុមហ៊ុនកំពង់ស្ពឺស៊ូហ្គើរ ស្ថិតក្នុងស្រុកឱរ៉ាល់ នៅសល់ប្រហែល ២០គ្រួសារ៖ «»។
លោក ស៊ិន សត្ថា ដែលបានដឹកនាំក្រុមមន្ត្រីបរិស្ថាន និងអ្នកសារព័ត៌មានមួយចំនួនទៅទស្សនាសកម្មភាពផលិតស្ករសនៅក្រុមហ៊ុនរោងចក្រភ្នំពេញស៊ូហ្គើរ បានបញ្ជាក់ថា បច្ចុប្បន្នខាងក្រុមហ៊ុនក៏បានជួយបង្កើតការងារឲ្យពលរដ្ឋក្នុងតំបន់ និងមកពីតាមតំបន់ខ្លះប្រហែល ៧ពាន់នាក់ ក្នុងនោះក្រុមហ៊ុនក៏បានជួយសាងសង់ផ្លូវ សាលារៀន ផ្សារ បង្កើតប្រព័ន្ធទឹក ជាដើម ដែលរយៈពេលកន្លងមក តំបន់នោះមិនធ្លាប់មានឡើយ ហើយពលរដ្ឋភាគច្រើន គឺពឹងអាស្រ័យកាប់ឈើដុតធ្វើធ្យូងលក់ចិញ្ចឹមជីវិតប៉ុណ្ណោះ។
តំណាងក្រុមហ៊ុនរូបនេះចង់ឲ្យពលរដ្ឋដែលអះអាងថាមិនទាន់ទទួលបានសំណង គួរតែមកទាក់ទងផ្ទាល់ជាមួយភាគីក្រុមហ៊ុន ដើម្បីឈានទៅរកដំណោះស្រាយ ប៉ុន្តែលោកថាការចង់បានរបស់ពលរដ្ឋកន្លងមក ដើម្បីឲ្យក្រុមហ៊ុនឆ្វៀលដីស្រែឲ្យពួកគាត់វិញ គឺក្រុមហ៊ុនមិនមានសិទ្ធិធ្វើតាមឡើយ ព្រោះដីស្រែទាំងនោះ គឺក្រុមហ៊ុនទទួលបានសិទ្ធិសម្បទានពីរដ្ឋាភិបាល។
ប៉ុន្តែតំណាងអ្នកភូមិអូរអង្គំ ជាភូមិមួយស្ថិតក្នុងចំណោមភូមិទាំង៧ ដែលរងផលប៉ះពាល់បាត់ដីស្រែចម្ការពីការឈូសឆាយកាលពីឆ្នាំ២០១០ ស្ថិតក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ លោក មិន ច្រឹក បានអះអាងថា នៅក្នុងភូមិរបស់គាត់មានពលរដ្ឋរងផលប៉ះពាល់ចំនួន ៥៤គ្រួសារ ព្រោះមានដីស្រែ ៨១ហិកតារ និងដីចម្ការ ៧០ហិកតារ ត្រូវបានក្រុមហ៊ុនឈូសឆាយយក។
លោក មិន ច្រឹក ដែលក្រុមហ៊ុនយកដីស្រែចំនួន ៤ហិកតារ បានបន្ថែមថា រយៈពេលកន្លងមក អ្នកភូមិរបស់លោកមិនដែលទទួលបានសំណងជាទឹកប្រាក់ឡើយ ហើយការដោះដូរដីជាមួយក្រុមហ៊ុន គឺក្រុមហ៊ុនផ្ដល់ឲ្យពលរដ្ឋមិនគ្រប់ទេ និងដីភាគច្រើនជាដីនៅជើងភ្នំ ដែលមិនអាចយកមកធ្វើស្រែបាន៖ «»។
តំណាងអ្នកភូមិអូរអង្គំ រំឭកថា មុនមានការអភិវឌ្ឍ គឺគេបានប្រាប់ពលរដ្ឋថា ការអភិវឌ្ឍដាំអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ គឺគ្រាន់តែជាការអភិវឌ្ឍស្បែកខ្លា ឬមានន័យថា ក្រុមហ៊ុននឹងឈូសឆាយដីព្រៃប៉ុណ្ណោះ និងមិនប៉ះពាល់ដីស្រែរបស់ប្រជាកសិករឡើយ។ ផ្ទុយទៅវិញ នៅពេលក្រុមហ៊ុនមកឈូសឆាយកាលពីឆ្នាំ២០១០ គឺក្រុមហ៊ុនបានប្រើគ្រឿងចក្រឈូសឆាយទាំងដីស្រែ និងដីព្រៃ ហេតុនេះហើយទើបធ្វើឲ្យពួកគាត់បាត់បង់ដីស្រែចម្ការមកទល់បច្ចុប្បន្ន។ អ្វីដែលពលរដ្ឋក្នុងភូមិអូរអង្គំ ចង់បាន គឺស្នើឲ្យក្រុមហ៊ុនផ្ដល់ដីស្រែចម្ការឲ្យពួកគាត់បង្កបង្កើនផលវិញ។
អ្នកតំណាងក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់ បានឲ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនមានផ្ទៃដីសរុបទាំងអស់សម្រាប់ការអភិវឌ្ឍដំណាំកសិឧស្សាហកម្មស្ករអំពៅជិត ៤ម៉ឺនហិកតារនៅស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយិកាប្រតិបត្តិអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី បញ្ជាក់ថា ចាប់តាំងពីផ្ទុះរឿងរ៉ាវជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនស្ករអំពៅលោក លី យ៉ុងផាត់ មក គឺមានពលរដ្ឋរងផលប៉ះពាល់ជិត ៨០០គ្រួសារ បានទៅពឹងឲ្យអង្គការសមធម៌ជួយស្វែងរកយុត្តិធម៌ ហើយបន្ទាប់មកមានតែជាង ១០០គ្រួសារប៉ុណ្ណោះបានទទួលសំណងពីក្រុមហ៊ុន៖ «»។
សង្គមស៊ីវិលរូបនេះបញ្ជាក់ថា ដោយសារការអះអាងតួលេខខុសគ្នានៃចំនួនពលរដ្ឋដែលរងផលប៉ះពាល់ពីភាគីក្រុមហ៊ុន និងភាគីពលរដ្ឋផ្ទាល់ ទើបពិបាកក្នុងការស្វែងរកដំណោះស្រាយជូនពលរដ្ឋ ប៉ុន្តែលោកទទួលស្គាល់ថា រយៈពេលកន្លងមក ខាងក្រុមហ៊ុនបានផ្ដល់សំណងជូនពលរដ្ឋបានមួយចំនួន។
លោក អៀង វុទ្ធី សង្ឃឹមថា បញ្ហាដីធ្លីកើតឡើងដោយសារឧស្សាហកម្មស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ នឹងអាចដោះស្រាយចេញនៅពេលយន្តការអន្តរក្រសួងមួយ ដែលទទួលបានប្រាក់ឧបត្ថម្ភពីសហភាពអឺរ៉ុប ត្រូវបានរដ្ឋាភិបាលសម្រេចឲ្យប្រើប្រាស់នាពេលខាងមុខ ព្រោះយន្តការនេះនឹងផ្ដល់ឱកាសឲ្យភាគីពាក់ព័ន្ធ ទាំងរដ្ឋាភិបាល សង្គមស៊ីវិល ពលរដ្ឋរងគ្រោះ និងម្ចាស់ក្រុមហ៊ុន បានសហការគ្នាដើម្បីស្វែងរកដំណោះស្រាយរួមមួយ ដែលភាគីទាំងពីរអាចទទួលយកបានព្រមគ្នា៖ «»។
ក្រុមពលរដ្ឋរងផលប៉ះពាល់បញ្ជាក់ថា ការអូសបន្លាយបញ្ហា និងមិនផ្ដល់សំណងសមរម្យជូនពួកគាត់ រឹតតែធ្វើឲ្យមានជីវភាពរឹតតែលំបាក ហើយចំណាកស្រុកកាន់តែច្រើន។ ក្រុមពលរដ្ឋបន្តថា ការតវ៉ារបស់ពួកគាត់ទៅកាន់ក្រសួងស្ថាប័នមួយចំនួន ដូចជាក្រសួងដែនដី និងរដ្ឋសភា ជាដើម គឺមិនដែលទទួលបានការឆ្លើយតប និងចេញវិធានការដោះស្រាយឲ្យពួកគាត់នោះទេ៕
No comments:
Post a Comment