Monday, January 9, 2017

ប្រធានាធិបតី​សិង្ហបុរី​ផ្ដើម​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល​៤​ថ្ងៃ​នៅ​កម្ពុជា


ប្រធានាធិបតី​ប្រទេស​សិង្ហបុរី លោក តូនី តាន់ កេងយាំ (Tony Tan Keng Yam) (ឆ្វេង) ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧។ Photo courtesy of PM Hun Sen Facebook's Page


នៅ​ថ្ងៃ​ទី​៩ មករា ប្រធានាធិបតី​​សិង្ហបុរី លោក តូនី តាន់ កេងយាំ (Tony Tan Keng Yam) បាន​ចូល​បង្គំ​គាល់​ព្រះមហាក្សត្រ​កម្ពុជា សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី បន្ទាប់​មក​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ៤​ថ្ងៃ​នៅ​កម្ពុជា ពី​ថ្ងៃ​ទី​៨ ដល់​ទី​១១ មករា លោក តូនី តាន់ កេងយាំ និង​លោក ហ៊ុន សែន ធ្វើ​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ទាក់ទង​នឹង​វិស័យ​អប់រំ និង​សុខាភិបាល។

តើ​ទំនាក់ទំនង​កម្ពុជា-សិង្ហបុរី វិវឌ្ឍន៍​យ៉ាង​ណា​ខ្លះ?

ដំណើរ​ទស្សនកិច្ច​របស់​លោក តូនី តាន់ កេងយាំ លើក​ទី​មួយ​នៅ​កម្ពុជា ក្រោយ​ពី​កាន់​តំណែង​ជា​ប្រធានាធិបតី​សិង្ហបុរី នៅ​ពេល​នេះ កើត​ឡើង​ខណៈ​ក្រុម​សង្គម​ស៊ីវិល​កម្ពុជា គ្រោង​ប្ដឹង​រដ្ឋាភិបាល​សិង្ហបុរី ពី​បទ​នាំ​ចូល​ខ្សាច់​កម្ពុជា ដែល​បំផ្លាញ​ប្រព័ន្ធ​ជីវចម្រុះ និង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។

មុន​ទស្សនកិច្ច​របស់​ប្រធានាធិបតី​សិង្ហបុរី មក​កម្ពុជា នេះ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ធ្លាប់​ទៅ​ទស្សនកិច្ច​នៅ​សិង្ហបុរី កាល​ពី​ខែ​មិថុនា ឆ្នាំ​មុន គឺ​ចូលរួម​ព្រឹត្តិការណ៍ «កិច្ច​ពិភាក្សា​សាហ្គ្រីឡា (Shangri-La Dialogue) លើក​ទី​១៥» ដែល​ជា​ជំនួប​កំពូល​ផ្នែក​សន្តិសុខ​សំខាន់​មួយ​នៅ​តំបន់​អាស៊ី។

ហើយ​កាល​ពី​ដើម​ឆ្នាំ​២០១៦ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​កម្ពុជា លោក សាយ សំអាល់ ក៏​បាន​ទស្សនកិច្ច​នៅ​សិង្ហបុរី ក្នុង​កម្មវិធី «ផ្លាស់ប្ដូរ​បទពិសោធន៍ លី ក្វាន់ យូ»។
បន្ថែម​ពី​នេះ កាល​ពី​ឆ្នាំ​២០១៥ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទៅ​ទស្សនកិច្ច​ប្រទេស​សិង្ហបុរី ពីរ​ដង។ នៅ​ខែ​មីនា លោក​បាន​អញ្ជើញ​ទៅ​ចូលរួម​ពិធី​បុណ្យ​សព​ស្ថាបនិក​ប្រទេស​សិង្ហបុរី លោក លី ក្វាន់ យូ ហើយ​នៅ​កន្លះ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​ខែ​សីហា លោក​បាន​អញ្ជើញ​ទៅ​សិង្ហបុរី ម្តង​ទៀត​ដើម្បី​ចូលរួម​បុណ្យ​ជាតិ​ខួប​ទី​៥០ នៃ​ការ​បង្កើត​ប្រទេស​សិង្ហបុរី។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ សមាជិក​សភា​សិង្ហបុរី លោក ហាលីម៉ះ យ៉ាក់កុប (Halimah Yacob) ធ្លាប់​មក​ទស្សនកិច្ច​នៅ​កម្ពុជា ៥​ថ្ងៃ។

ក្រសួង​ការ​បរទេស​សិង្ហបុរី អះអាង​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​សិង្ហបុរី ដើរ​ដោយ​រលូត ទាំង​កម្រិត​ទ្វេ​ភាគី តំបន់ និង​ពហុ​ភាគី។

កាល​ពី ៥២​ឆ្នាំ​មុន ពោល​នៅ​ឆ្នាំ​១៩៦៥ សិង្ហបុរី បាន​ប្រកាស​ឯករាជ្យ​ពី​ម៉ាឡេស៊ី ហើយ​កម្ពុជា ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដទៃ ដែល​ប្រកាស​ទទួល​ស្គាល់​ឯករាជ្យ​សិង្ហបុរី ដំបូង​គេ។

ឯកអគ្គរដ្ឋទូត​សិង្ហបុរី ប្រចាំ​កម្ពុជា កាល​ពី​ខែ​សីហា ឆ្នាំ​២០១៦ បាន​ហៅ​ទំនាក់ទំនង​ទ្វេ​ភាគី​នេះ​ថា​ល្អ​ឥត​ខ្ចោះ។

សារព័ត៌មាន ឆេនណល ញូវ អេស៊ា (Channel News Asia) រាយការណ៍​ថា ប្រធានាធិបតី​សិង្ហបុរី លោក តូនី តាន់ កេងយាំ (Tony Tan Keng Yam) កាល​ពី​ថ្ងៃ​ទី​៨ មករា ក្នុង​ពេល​ជួប​ជាមួយ​ប្រជាជន​សិង្ហបុរី ដែល​កំពុង​រស់នៅ​កម្ពុជា បាន​ថ្លែង​ថា សិង្ហបុរី ប្ដេជ្ញា​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​កម្ពុជា បន្ថែម​ទៀត។ លោក​បន្ត​ថា ចំណង​ទាក់ទង​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ មាន​សុខភាព​ល្អ ខណៈ​សិង្ហបុរី ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​លំដាប់​ទី​៨ របស់​កម្ពុជា និង​ជា​អ្នក​បណ្ដាក់​ទុន​លំដាប់​ទី​៣ កាល​ពី​ឆ្នាំ​២០១៦។

ទិន្នន័យ​របស់​ស្ថានទូត​សិង្ហបុរី ប្រចាំ​កម្ពុជា បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០១៥ ការ​ផ្ដោះ​ប្ដូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​តម្លៃ​ជាង ១.១០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ហើយ​គម្រោង​វិនិយោគ​របស់​វិនិយោគិន​សិង្ហបុរី តម្លៃ​សរុប ១០០​លាន​ដុល្លារ ត្រូវ​បាន​អនុម័ត​ឲ្យ​រក​ស៊ី​នៅ​កម្ពុជា។

ការ​បណ្ដាក់​ទុន​របស់​សិង្ហបុរី នៅ​កម្ពុជា មាន​ច្រើន​វិស័យ រាប់​ចាប់​ពី​អចលនទ្រព្យ ហិរញ្ញវត្ថុ ថាមពល កសិកម្ម ការ​ដឹក​ជញ្ជូន និង​ទំនិញ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ។ ហើយ​ទំនាក់ទំនង​ពាណិជ្ជកម្ម​មួយ​ទៀត​ដែល​សាធារណជន​កំពុង​ចាប់​អារម្មណ៍ គឺ​ការ​ជួញដូរ​ខ្សាច់។

ទិន្នន័យ​ពាណិជ្ជកម្ម​របស់​អង្គការ​សហប្រជាជាតិ បាន​បង្ហាញ​ថា សិង្ហបុរី បាន​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា ជាង ៧៣​លាន​តោន​ក្នុង​រយៈពេល ៨​ឆ្នាំ ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៥ តែ​តួលេខ​របស់​ក្រសួង​រ៉ែ និង​ថាមពល​កម្ពុជា វិញ ថា​មាន​តែ​ជាង ១៦​លាន​តោន​ប៉ុណ្ណោះ។ តួលេខ​នេះ បើ​គិត​ជា​ទឹក​ប្រាក់ ខុស​គ្នា​ជាង ៧០០​លាន​ដុល្លារ​អាមេរិក៕

No comments:

Post a Comment