តាកែវៈ ជាលើកទីមួយហើយដែលប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា មានឱកាសបានទៅគោរពវិញ្ញណក្ខន្ធលោក បណ្ឌិត កែម ឡី នៅឯស្រុកកំណើតនាខេត្តតាកែវចាប់តាំងពីខ្មាន់កាំភ្លើងបានបាញ់សម្លាប់ទាំងកណ្តាលថ្ងៃកាលពីថ្ងៃទី ១០ ខែកក្កដាឆ្នាំមុនជាមួយនឹងការប្តេជ្ញាថា នឹងបន្តស្វែងរកយុត្តិធម៌ពិតប្រាកដជូនអ្នកវិភាគល្បីឈ្មោះរូបនេះ ខណៈមតិសាធារណជនជាច្រើន និងក្រុមគ្រួសារមិនមានជំនឿលើតុលាការ និងសមត្ថកិច្ចក្នុងការស្វែងរកឃាតករពិតនៅពីក្រោយអំពើឃាតកម្មដ៏ព្រៃផ្សៃនេះ។
លោក កឹម សុខា បានសរសេរនៅលើគេហទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃសៅរ៍ថាជាលើកដំបូងដែលលោកបានមកគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ផ្ទាល់នៅផ្នូររបស់លោកនៅឯគេហដ្ឋានរបស់លោកស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកបន្តថា៖ «សូមវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី បានទៅដល់ឋានសុគតិភពហើយយើងខ្ញុំនៅតែបន្ដស្វែងរកយុត្ដិធម៌ជូនលោកបណ្ឌិត ទោះបីពេលនេះមិនទាន់មានពន្លឺក៏ដោយ ក៏យើងខ្ញុំសង្ឃឹមថាថ្ងៃក្រោយលោកបណ្ឌិតនឹងទទួលបានយុត្ដិធម៌ពិត»។
បើតាម លោក កឹម សុខា លោកធ្លាប់បានពិភាក្សាជាមួយលោក កែម ឡី ពីបញ្ហាប្រទេសជាតិមួយចំនួន។ «ខ្ញុំនៅចងចាំជានិច្ចនូវអ្វីដែលយើងធ្លាប់បានពិភាក្សាគ្នាកន្លងមកអំពីបញ្ហាប្រទេសជាតិ បញ្ហាសង្គម និងបញ្ហារបស់ប្រជាពលរដ្ឋខ្មែរ។ ជាពិសេសចុងក្រោយនេះយើងបានជួបគ្នា និងប្រើពេលយ៉ាងយូរពិភាក្សាគ្នាលើគោលនយោបាយវិមជ្ឈការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ ២០១៧។ លើសពីនេះលោកបណ្ឌិតបានផ្ដល់យោបល់មកខ្ញុំថាដើម្បីវិមជ្ឈការអំណាចជូនដល់ប្រជាពលរដ្ឋគឺយើងត្រូវធ្វើវិមជ្ឈការថវិកា វិមជ្ឈការធនធានមនុស្ស និងវិមជ្ឈការសេវាសាធារណៈ»។
លោក កែម រិទ្ធីសិទ្ធិ ត្រូវជាប្អូនប្រុសលោក កែម ឡី ដែលបានទទួលស្វាគមន៍លោក កឹម សុខា ចូលគោរពវិញ្ញាណក្ខន្ធបានថ្លែងថាលោកសម្តែងការសប្បាយចិត្តនៅពេលថ្នាក់ដឹកនាំតំណាងរាស្ត្របានចុះមកគោរពវិញ្ញាណក្ខន្ធដោយផ្ទាល់ហើយបានសន្យាថានឹងស្វែងរកយុត្តិធម៌ឱ្យបងប្រុសរបស់លោក។
លោកថា៖ «គាត់បានមកអុជធូបហើយមានឆន្ទៈហើយយើងនឹកគុណដល់គាត់ដែលខំចំណាយពេលវេលាមក»។
តែយ៉ាងណាក៏ដោយលោកថាមានតែផ្លាស់ប្តូរថ្នាក់ដឹកនាំប្រទេសទេទើបយុត្តិធម៌មានពិតប្រាកដសម្រាប់បងប្រុសរបស់លោកដែលត្រូវបានបាញ់សម្លាប់ទាំងអយុត្តិធម៌។
លោកថា៖ «គាត់ (កឹម សុខា) សន្យាជារឿងបុគ្គលតែសំខាន់យុត្តិធម៌មិនចាំបាច់អ្នកណារកទេព្រោះប្រទេសមានច្បាប់ បើសិនជារដ្ឋាភិបាល អ្នកដែលមានសមត្ថកិច្ចមិនបញ្ចេញសកម្មភាពរឿងយុត្តិធម៌ក៏មិនអាចរកឃើញដែរទោះបីជាខ្ញុំដឹកនាំប្រជាជនរកយុត្តិធម៌ក៏ធ្វើមិនបានដែរបើរដ្ឋាភិបាលមិនមានចេតនាធ្វើ»។
លោកបន្ថែមថា៖ «យើងរង់ចាំមើលទៀតសិនព្រោះរដ្ឋាភិបាលសព្វថ្ងៃទោះយើងប្តឹងទៅដល់ណាក៏ដោះស្រាយមិនបានដែរ ...អ៊ីចឹងយើងអាចរង់ចាំដល់មានការផ្លាស់ប្តូរថ្នាក់ដឹកនាំ...»។
ចាប់តាំងពីឃាតករបានបាញ់សម្លាប់លោក កែម ឡី នៅក្នុងស្តាម៉ាតស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោកាលពីថ្ងៃទី ១០ កក្កដា ឆ្នាំ ២០១៦ មកសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សម្នាក់ឈ្មោះ ជួប សម្លាប់ ដែលសមត្ថកិច្ចអះអាងថាឃាតករបាញ់សម្លាប់លោក កែម ឡី។ ប៉ុន្តែមតិសាធារណៈ និងក្រុមគ្រួសារចាត់ទុកបុរសជួបសម្លាប់មិនមែនជាឃាតករពិតប្រាកដនោះទេ និងជំរុញឱ្យអាជ្ញាធរវែកមុខអ្នកនៅពីក្រោយខ្នង និងស្នើឱ្យបង្ហាញកាមេរ៉ាសុវត្ថិភាពតែសមត្ថកិច្ចបដិសេធបង្ហាញដោយអះអាងថាប៉ះពាល់ដល់ការស៊ើបអង្កេត។
កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១៦ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីលោក សេងលាង បានសម្រេចបិទបញ្ចប់ការស៊ើបសួរលើសំណុំរឿងឃាតកម្មលោក កែម ឡី នេះប៉ុន្តែមិនបានឲ្យដឹងថា តើតុលាការនឹងបើកសវនាការនៅពេលណានោះទេ។
លិខិតសរសេរថា៖ «ក្រោយពីបានស៊ើបសួរប្រមូលភ័ស្តុតាងទាក់ទិនហើយសាលាដំបូងរាជធានីភ្នំពេញបានសម្រេចបញ្ចប់បិទការស៊ើបសួរលើសំណុំរឿងនេះ។ ហេតុនេះសាលាដំបូងរាជធានីសូមជូនព័ត៌មានដល់ឈ្មោះ ប៊ូ រចនា ភេទស្រី អាយុ ៣៦ ឆ្នាំជាដើមបណ្តឹងរដ្ឋប្បវេណី»។
អ្នកនាំពាក្យសាលាដំបូងរាជធានីលោក លី សុផាណា បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថាចៅក្រមស៊ើបសួរបានបញ្ជូនសំណុំរឿងទាំងមូលទៅព្រះរាជអាជ្ញាដើម្បីធ្វើដីកាសន្និដ្ឋានស្ថាពរហើយ។
លោកថា៖ «យើងកំពុងធ្វើចំណាត់ការបិទការស៊ើបសួរយើងមានពេល ១៥ ថ្ងៃដើម្បីសម្រេចពីបញ្ហានេះ»៕
No comments:
Post a Comment