ព្រះវិហារៈ ទំនាស់ដីធ្លីដ៏រុំារ៉ៃមួយរវាងសហគមន៍ជនជាតិដើមភាគតិចកួយ និងក្រុមហ៊ុនចិនបានឈានទៅដល់ការផ្ទុះអំពើហិង្សាហើយពលរដ្ឋបានប្តឹងកាលពីម្សិលមិញនៅពេលដែលសហគមន៍បាននាំគ្នាទៅបោះជំរំដេកចាំដីទាំងថ្ងៃទាំងយប់ដើម្បីទប់ស្កាត់គ្រឿងចក្រមិនឲ្យឈូសឆាយដីបង្កបង្កើនផលពួកគាត់។
ជនជាតិដើមភាគតិចកួយជាង ១០០ នាក់នៅស្រុកជ័យសែន រវៀង និងឆែបបាននាំគ្នាទៅបោះជំរំ និងដាក់វេនគ្នាដេកចាំដីស្រែពួកគាត់ស្ថិតក្នុងភូមិសំរោង ឃុំ តស៊ូ ស្រុកជ័យសែនចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដើម្បីការពារមិនឲ្យក្រុមហ៊ុនចិនឈ្មោះ ហ្វេង រូយ ដែលជាសាខារបស់ក្រុមហ៊ុនឡានហ្វេង និងរូយហ្វេងបន្តសកម្មភាពឈូសឆាយ និងដាំអំពៅលើដីទំនាស់។ ការចុះទប់ស្កាត់ដោយខ្លួនឯងនោះបានធ្វើឲ្យក្រុមហ៊ុនក្តៅស្លឹកត្រចៀក និងដឹកនាំកម្លាំងទៅតតាំងជាមួយនឹងពលរដ្ឋកាលពីចុងសប្តាហ៍មុន។
អ្នកស្រី ហាវ សុហៀង ជាពលរដ្ឋម្នាក់បានឲ្យដឹងកាលពីម្សិលមិញថានៅពេលកើតហេតុនោះមានតែពលរដ្ឋចំនួន ១៥ នាក់ប៉ុណ្ណោះក្នុងនោះមានស្រី ៤ នាក់បានទៅរារាំងសកម្មភាពក្រុមហ៊ុន។ ពេលនោះមានបុគ្គលិកក្រុមហ៊ុនដែលមានជនជាតិចិន និងខ្មែរប្រមាណ ២០ នាក់ប្រដាប់ដោយដំបងបានចេញមកតតាំងប្រឆាំងនឹងពលរដ្ឋដោយមានមន្ត្រីប្រដាប់អាវុធពីរនាក់ទៅតាមពួកគេផង។
អ្នកស្រីបញ្ជាក់ថា៖ «២០ នាក់នោះមេការ និងកម្មករជនជាតិចិន។ គេថាពលរដ្ឋមានសិទ្ធិអីទៅឃាត់គ្រឿងចក្រគេ...វាបើកឡានប្រុងបុកពលរដ្ឋតែយើងគេចចេញ។ យើងតក់ស្លុតមែនទែន។ គេថាខ្មែរប្លន់យកទ្រព្យសម្បត្តិវា អ៊ីចឹងវាប្លន់យកវិញ»។
ស្ត្រីរូបនេះបានឲ្យដឹងទៀតថា ជនជាតិចិនបានកាន់ដំបងរត់សំដៅរកវ៉ៃពលរដ្ឋខ្មែរ ប៉ុន្តែត្រូវបានកម្លាំងអាជ្ញាធរជួយឃាត់ កុំអីត្រូវបានបុគ្គលិកចិនវ៉ៃបាត់ទៅហើយ។ «ពលរដ្ឋយើងសុខចិត្តងាប់ដើម្បីការពារដី។ ខ្មែរយើងអត់តដៃ បើខ្មែរយើងត ប្រហែលជាមានងាប់ម្ខាងៗហើយ។ ដីហ្នឹងអាជ្ញាធរស្រុក-ខេត្តមិនឲ្យឈូសទេកាលពីថ្ងៃទី ៣ ខែ ៥ ឆ្នាំ ២០១៦ ព្រោះដីទំនាស់»។
ស្ត្រីដដែលនេះបន្ថែមថា តាំងពីឧសភា នោះមកគ្មានដំណោះស្រាយរឿងទំនាស់នោះទេទើបពលរដ្ឋនាំគ្នាទៅឃាត់តែម្តង។
អំពើហិង្សានេះក៏ត្រូវបានសហគមន៍ម្នាក់លួចថតបាននៅមុនពេលដែលជនជាតិចិនជាច្រើននាក់ដើរសំដៅ និងលើកដំបងប៉ុនប៉ងវ៉ៃអ្នកថតតែត្រូវបានគេឃាត់ទាន់។
ទោះយ៉ាងណាវីដេអូឃ្លីបនោះត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីថ្ងៃអង្គារដោយអ្នកសារព័ត៌មានពលរដ្ឋ។ នៅក្នុងវីដេអូដែលមានអ្នកចុច Like និងចែករំលែកតៗគ្នា និងរិះគន់រាប់រយនាក់នោះគេឃើញជនជាតិចិនយ៉ាងហោចណាស់ចំនួន ៣ នាក់កាន់ដំបងរត់សំដៅទៅវ៉ៃពលរដ្ឋខ្មែរអ្នកការពារដីតែត្រូវគេឃាត់ជាប់។
ក្រៅពីការប៉ុនប៉ងវ៉ៃពលរដ្ឋនោះគោយន្តមួយគ្រឿងរបស់ម្ចាស់ដីឈ្មោះ ផន យ៉ន ក៏ត្រូវបុគ្គលិកក្រុមហ៊ុនប្រើហិង្សារុញទម្លាក់ទឹកត្រពាំងចោលផងដែរ បន្ទាប់ពីគោយន្តនោះបានដឹកពលរដ្ឋទៅដេកចាំដីរួចហើយដាក់បាំងផ្លូវមិនឲ្យគ្រឿងចក្រក្រុមហ៊ុនចូលឈូសឆាយ។ នេះបើតាមលោក ពាន សុផាត ដែលស្ថិតនៅក្នុងហេតុការណ៍នោះផងដែរ។
លោក សុផាត ថ្លែងថា៖ «គេឈូសលុបស្រែ លុបត្រពាំងយកអស់ហើយដល់ពេលបងប្អូនតវ៉ាទៅគេយកទាហាន ប៉េអឹម ប៉ូលិសមកគំរាម។ ស្រូវបងប្អូនដាំដុះហើយយើងសុំច្រូតក៏គេមិនឲ្យច្រូតដែរ។ គេប្រុងវ៉ៃខ្មែរយើងទៀត»។
លោកបន្តថា ក្រោយពីកើតហេតុនោះមន្ត្រីអាជ្ញាធរបានចុះទៅជួបជួយសម្រួលភាពតានតឹងនោះដើម្បីដោះស្រាយដែរតែដំណោះស្រាយមិនទាន់មាននោះទេ។
ក្រុមប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្តឹងទៅនគរបាលស្រុកដើម្បីប្តឹងក្រុមហ៊ុនពាក់ព័ន្ធទៅនឹងការប្រើហិង្សាលើពលរដ្ឋ និងទាមទារសំណងខូចខាតគោយន្តដែលត្រូវរុញទម្លាក់ទឹកចោលនោះ។
លោក ប៉ិក សោភ័ណ ប្រធានសម្របសម្រួលផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរក្នុងខេត្តព្រះវិហារបានយល់ឃើញថា «អំពើហិង្សានេះគឺជារូបភាពមួយដ៏អាក្រក់ដែលពលរដ្ឋ និងសង្គមខ្មែរមិនអាចទទួលយកបានទេនៅពេលដែលជនបរទេសដែលមកវិនិយោគនៅស្រុកខ្មែរហើយមកប្រើហិង្សាលើសហគមន៍ខ្មែរនោះ»។
លោកបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់លើជនដែលបានប្រព្រឹត្ត។
លោក អ៊ុង វុទ្ធី អភិបាលរងខេត្ត និងលោក ទិត សុខាម អភិបាលរងស្រុកជ័យសែនដែលបានចុះទៅដោះស្រាយបញ្ហានេះបានថ្លែងថាពួកលោកជាប់រវល់មិនអាចអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។
ដោយឡែក នគរបាលស្រុកក៏បានអះអាងថាមិនទាន់បានទទួលពាក្យបណ្តឹងពលរដ្ឋនោះដែរ។
លោក គ យ៉ាង នាយករដ្ឋបាលក្រុមហ៊ុនរ៉ូយ ហ្វេង បានឲ្យដឹងថាដីនោះត្រូវបានក្រុមហ៊ុនឈូសឆាយតាំងពីឆ្នាំ ២០១៦ មកហើយបានរៀបចំដីដើម្បីធ្វើការដាំដុះអំពៅនៅឆ្នាំនេះគឺមិនមែនជាដីថ្មីដែលពលរដ្ឋអាស្រ័យផលនោះទេហើយក្រុមហ៊ុនមិនបានទៅឈូសរំលោភលើដីពលរដ្ឋនោះទេ។
លោកបញ្ជាក់ថា៖ «គោលការណ៍ក្រុមហ៊ុនគឺមកវិនិយោគគឺមិនមកឈ្លោះនឹងពលរដ្ឋនោះទេ។ មានតែលើកទឹកចិត្តឲ្យពលរដ្ឋធ្វើការជាមួយ។ រូបភាពអ្នកណាក៏ឃើញដែរតែពេលពលរដ្ឋធ្វើហិង្សាដាក់កម្លាំងគាបសង្កត់ក្រុមហ៊ុនមិនដែលថតទេ។ ថតតែពេលបុគ្គលិកមានបញ្ហា»។
លោក គ យ៉ាង បានថ្លែងបន្តថាក្រុមហ៊ុនជួយការពារដីរដ្ឋហើយមិនដែលធ្វើអ្វីដែលអត្តនោម័តខ្លួនឯងនោះទេគឺតែងតែមានកិច្ចសហការ និងសម្របសម្រួលចូលរួមដោះស្រាយពីអាជ្ញាធរជានិច្ច។
រោងចក្រផលិតស្ករសរបស់ក្រុមហ៊ុនចិនរ៉ូយ ហ្វេង តម្លៃ ៣៦០ លានដុល្លារនេះត្រូវបានសម្ពោធដាក់ឲ្យដំណើរការកាលពីខែមេសាកន្លងមក។ ក្រុមហ៊ុនចិនមួយនេះមានក្រុមហ៊ុនតូចៗជាច្រើនទៀតក្រោមចំណុះរបស់ខ្លួនហើយសកម្មភាពឈូសឆាយ និងដាំដុះអំពៅតែងតែត្រូវបានពលរដ្ឋធ្វើការតវ៉ារហូតមកផងដែរ៕
No comments:
Post a Comment