ទាំងអង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋាននានា នៅតែរិះគន់ចំណាត់ការរបស់តុលាការ និងរដ្ឋាភិបាលថា ពុំមានឆន្ទៈសើរើក្នុងសំណុំរឿងឃាតកម្មលោកបណ្ឌិត កែម ឡី។ ក្រុមគ្រួសារបណ្ឌិត កែម ឡី ឲ្យដឹងថា ពួកគាត់នៅតែពុំទាន់ទទួលបានយុត្តិធម៌នេះនៅឡើយទេ ក្រោយឃាតកម្មកើតឡើងចាប់តាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នោះមក។ ជុំវិញរឿងនេះ តុលាការក្រុងភ្នំពេញ ឲ្យដឹងថា តំណាងអយ្យការនៃតុលាការក្រុងភ្នំពេញ កំពុងពិនិត្យលើសំណុំរឿងនេះទាំងមូល ក្រោយពីបិទការសាកសួរកាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៦ មុននឹងធ្វើសេចក្ដីសម្រេចនៅពេលខាងមុខនេះ។
គិតត្រឹមថ្ងៃទី១០ ខែមករា គឺមានរយៈពេល ៦ខែគត់ហើយនៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី ក៏ប៉ុន្តែតម្រុយណាមួយថ្មីដែលអាចកំណត់មុខសញ្ញាឃាតកម្មពិត និងអ្នកបញ្ជានៅពីក្រោយខ្នងនៃអំពើបាញ់ប្រហារនេះ នៅពុំទាន់មានពន្លឺនៅឡើយទេ។
លទ្ធផលជាផ្លូវការមកដល់ពេលនេះ ត្រូវបានមន្ត្រីនាំពាក្យតុលាការក្រុងភ្នំពេញលោក លី សុផាណា បញ្ជាក់តាមបណ្ដាញទំនាក់ទំនង តេឡេក្រាម (Telegram) ថា តុលាការក្រុងភ្នំពេញ កំពុងបន្តចំណាត់ការនៅក្នុងនីតិវិធីនៃការបិទការស៊ើបសួរនេះហើយ។ កាលពីថ្ងៃទី២៣ ខែធ្នូ ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញ លោក សេង លាង បានប្រកាសជូនដំណឹងដល់លោកស្រី ប៊ូ រចនា ពីការបិទបញ្ចប់នៃការសាកសួរក្នុងសំណុំរឿងព្រហ្មទណ្ឌមួយនេះ។
បើទោះជាបែបណា ក្រុមអ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គមកម្ពុជា រិះគន់ថា ក្នុងសំណុំរឿងឃាតកម្មលោកបណ្ឌិត កែម ឡី នេះវាមិនពិបាកទេក្នុងការស្វែងរកយុត្តិធម៌នោះ ព្រោះនៅក្នុងហាងស្តារម៉ាត (Star Mart) មានកាមេរ៉ាសុវត្ថិភាពដែលអាចមើលឃើញមុខឃាតកបានយ៉ាងងាយ។ ប៉ុន្តែវៀរលែងតែតុលាការ និងរដ្ឋាភិបាលមិនចង់វែកមុខ ឬប្រហែលចង់ការពារ និងជួយបិទបាំងការពិតដល់អ្នកប្រព្រឹត្តិបទឧក្រិដ្ឋនេះប៉ុណ្ណោះ។
ជុំវិញរឿងនេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ (Central) លោក មឿន តុលា យល់ឃើញថា វិធីដែលងាយបំផុតនោះគឺតុលាការបញ្ចេញវីដេអូ ដែលថតបានសកម្មភាពបាញ់ប្រហារនៅម្ដុំស្ថានីយសាំងកាល់តិច (Caltex) ទៅគឺចប់រឿងបាត់ទៅហើយ៖ «»។
អ្នកវិភាគបញ្ហាសង្គម និងនយោបាយដ៏មានប្រជាប្រិយភាពគឺលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ដែលហ៊ុមព័ទ្ធទៅដោយកាមេរ៉ាសុវត្ថិភាពស្ទើរគ្រប់ជ្រុង និងនៅចំកណ្ដាលទីប្រជុំជន។ ប៉ុន្តែសង្គមស៊ីវិលយល់ឃើញថា បទឧក្រិដ្ឋនេះមានមន្ទិលសង្ស័យជាច្រើនជុំវិញការស៊ើបអង្កេត ថាតើមានមូលហេតុអ្វីបានជាតុលាការ និងរដ្ឋាភិបាលមិនបញ្ចេញរូបភាពពិតដែលថតបានពីកាមេរ៉ាសុវត្ថិភាពភ្លាមៗ។
បើទោះជាបែបណា អំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីលោកវិភាគលើរបាយការណ៍ស្រាវជ្រាវដ៏ស៊ីជម្រៅមួយរបស់អង្គការ គ្លបល វីនេស (Global Witness) ដែលនិយាយពីអាណាចក្រជំនួញរបស់ក្រុមគ្រួសារត្រកូល "ហ៊ុន"។
ទាក់ទិនរឿងនេះ អ្នកស្រាវជ្រាវផ្នែកសង្គម និងនយោបាយលោក ហេង ស្រ៊ាង បានព្រមានរដ្ឋាភិបាលថា មនុស្សរាប់លាននាក់ដែលកំពុងឃ្លាំមើលការវិវត្តន៍នៃអំពើបាញ់ប្រហារនេះនឹងបោះឆ្នោតទម្លាក់គណបក្សប្រជាជនកម្ពុជា ប្រសិនបើរដ្ឋាភិបាលនៅតែពុំអាចរកយុត្តិធម៌ឲ្យលោកបណ្ឌិត កែម ឡី បានទេ។ សារព្រមានរបស់អ្នកវិភាគសង្គមរូបនេះនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ធ្វើឡើងស្របពេលខួប ៦ខែគត់នៃអំពើបាញ់ប្រហារលោកបណ្ឌិត កែម ឡី នៅថ្ងៃទី១០ ខែ មករា នេះ។
បើទោះទោះជាបែបណា លោក លី សុផាណា អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ អះអាងថា តំណាងអយ្យការកំពុងពិនិត្យលើសំណុំរឿងនេះទាំងមូលហើយ មុនបញ្ជូនឲ្យចៅក្រមស៊ើបសួរបន្តនីតិវិធីក្នុងដំណាក់កាលនៃការបិទបញ្ចប់ការសាកសួរនេះ។ យ៉ាងណាតុលាការក៏បានសន្យាដែរថា នឹងធ្វើសេចក្ដីសម្រេចថ្ងៃខាងមុខដោយមិនកំណត់ពេល។ ផ្អែកនីតិវិធីសម្រាប់សំណុំរឿងនៃបទឧក្រិដ្ឋ តុលាការអាចមានពេលស៊ើបអង្កេតរបស់ខ្លួនក្នុងរយៈពេល ១៨ខែ។ ប៉ុន្តែក្នុងអំឡុងពេលនេះ តុលាការអាចមានសិទ្ធិចេញដីកាដំណោះស្រាយ សម្រេចបន្តនីតិវិធី ឬទម្លាក់សំណុំរឿងចោល។
ជុំវិញរឿងនេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា មានជំនឿថា ឃាតកពិតក្នុងអំពើបាញ់ប្រហារនេះ គឺឈ្មោះ ជួប សម្លាប់ គឺពុំមែនជាជនដៃដល់ទេ។លោកបន្តថា តាំងពីដំណាក់កាលបាញ់ប្រហាររហូតដល់បិទការសាកសួរ ឃាតកម្មនេះកាន់តែមានមន្ទិលសង្ស័យកាន់តែខ្លាំងឡើងៗ ហើយរឹតតែមិនអាចជឿជាក់ថា ឃាតកពិតគឺជាឈ្មោះ ជួប សម្លាប់ ទេ៖ «»។
លោក មឿន តុលា ឲ្យដឹងថា ការដែលប្រពន្ធ ឬក្រុមគ្រួសារលោកបណ្ឌិត កែម ឡី មិនតាំងខ្លួនជាដើមបណ្ដឹងហើយចាត់ទុកថា ជាកំហុសនោះ គឺមិនត្រឹមត្រូវនោះឡើយ។ លោក មឿន តុលា ទម្លាក់កំហុសក្នុងរឿងនេះថា តាមពិតនេះគឺជាការទទួលខុសត្រូវរដ្ឋាភិបាលទៅវិញទេ។ គិតមកដល់ពេលនេះ រាល់អំពើឃាតកម្មទៅលើសកម្មជននយោបាយ អ្នកការពារសិទ្ធិមនុស្ស ព្រះសង្ឃ អ្នកសិល្បៈ អ្នកការពារបរិស្ថាន និងចុងក្រោយអ្នកវិភាគសង្គម កម្រឃើញតុលាការ និងរដ្ឋាភិបាលស្វែងរកឃាតកពិត និងអ្នកបញ្ជានៅពីក្រោយខ្នងនៃអំពើបាញ់ប្រហារទាំងនោះ នាំយកមកផ្ដន្ទាទោសបាននៅឡើយទេ៕
No comments:
Post a Comment