Thursday, January 12, 2017

ជនជាតិដើម​ភាគ​តិច​​នៅ​ស្ទឹងត្រែង​ត្រូវ​បាន​សួរ​​នាំ​ក្រោយ​បញ្ចេញ​ព័ត៌មាន​អំពី​ការ​កាប់​ឈើ


ជនជាតិ​ដើម​ភាគ​តិច​កួយ លោក អ៊ុក ម៉ៅ ចង្អុល​បង្ហាញ​តំបន់​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ ឋិត​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​បាន​គេ​កាប់​ទន្ទ្រាន​យក​ដី​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦។ RFA/Men Sothyr



ជនជាតិដើម​ភាគ​តិច​កួយ រស់​នៅ​ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង ដែល​ធ្លាប់​ផ្តល់​ព័ត៌មាន​ពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ភាព​អសកម្ម​របស់​អាជ្ញាធរ​មូលដ្ឋាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ ត្រូវ​មេ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំអាង កោះ​ហៅ​មក​សួរ​នាំ និង​បង្គាប់​ឲ្យ​ផ្តិច​មេដៃ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ចាត់​ទុក​ករណី​នេះ​ជា​ការ​បំបាក់​ស្មារតី​ដល់​អ្នក​គាំពារ​សម្បត្តិ​ធម្មជាតិ និង​គំរាមកំហែង​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។

ជនជាតិ​ដើម​ភាគ​តិច​កួយ សម្តែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​មេ​ប៉ុស្តិ៍​ឃុំ​សំអាង ថា​បាន​កោះហៅ​លោក​ឲ្យ​ស្រាយ​បំភ្លឺ​រឿង​ផ្តល់​ព័ត៌មាន​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាក់ទិន​ការ​ទន្ទ្រាន​ដី​ព្រៃ​សហគមន៍​ភ្នំ​ជម្រក​សត្វ និង​ព្រៃ​ត្រៀម​បម្រុង​រដ្ឋបាល​ឃុំ​សំអាង អស់​ជិត ៣​ពាន់​ហិកតារ។ ពួកគេ​ថា សមត្ថកិច្ច​ទាំង​នោះ​មិន​បាន​បំពេញ​កាពត្វកិច្ច​ជា​នគរបាល​យុត្តិធម៌ បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​កាប់​បំផ្លាញ​ព្រៃឈើ​ស្រប​តាម​ច្បាប់​ឡើយ បែរ​ជា​ធ្វើ​ទុក្ខមុកម្នេញ​ដល់​ពលរដ្ឋ​ជា​អ្នក​ការពារ​ព្រៃឈើ​ទៅ​វិញ។

ជនជាតិ​ដើម​ភាគតិច​កួយ រស់​នៅ​ភូមិ​ឆ្វាំង ឃុំ​សំអាង ស្រុក​ថាឡាបរិវ៉ាត់ លោក អ៊ុក ម៉ៅ រៀបរាប់​នៅ​ថ្ងៃ​ទី​១១ ខែ​មករា ថា មេ​ប៉ុស្តិ៍​ឃុំ​សំអាង លោក គង់ ស៊ីណា បាន​កោះហៅ​លោក​ឲ្យ​ចូល​ស្រាយ​បំភ្លឺ​រឿង​លោក​ផ្តល់​ព័ត៌មាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ព្រៃឈើ​ជិត ៣​ពាន់​ហិកតារ​ត្រូវ​គេ​កាប់​រាន​យក​ដី​នៅ​រយៈពេល ៤​ឆ្នាំ​ចុង​ក្រោយ និង​បង្គាប់​ឲ្យ​លោក​ផ្តិច​មេដៃ​ទទួល​ស្គាល់​ថា ព្រៃ​ជិត ៣​ពាន់​ហិកតារ​ពិត​ជា​រង​ការ​កាប់​បំផ្លាញ។
លោក​បន្ត​ថា ក្រោយ​ពី​សាកសួរ​រួច មាន​នគរបាល​ម្នាក់​ទៀត​បាន​បង្ហើប​ថា ប្រសិនបើ​រក​ឃើញ​ថា ដី​ព្រៃ​សហគមន៍ និង​ព្រៃ​ត្រៀម​បម្រុង​របស់​រដ្ឋបាល​ឃុំ​សំអាង ត្រូវ​បាន​គេ​កាប់​ខ្វះ​តែ ១​ហិកតារ​ទើប​គ្រប់ ៣​ពាន់​ហិកតារ គេ​នឹង​ប្តឹង​លោក​ដាក់​គុក៖ «ខ្ញុំ​ថា សំណាង​ហើយ​មេ​ប៉ុស្តិ៍​ហៅ​ខ្ញុំ​គ្រាន់​តែ​សួរ​ប៉ុណ្ណឹង ប្រសិនបើ​តុលាការ​ហៅ​ខ្ញុំ​អស់​លោក​ជាប់​គុក​ទាំង​អស់​នោះ​ឯង ព្រោះ​អី​លោក​ឯង​អ្នក​បំផ្លាញ​ព្រៃឈើ ហើយ​ខ្ញុំ​និយាយ គឺ​និយាយ​ការ​ពិត»។

លោក អ៊ុក ម៉ៅ បន្ថែម​ថា មេ​ឃុំ​សំអាង លោក ញៀន ផន ក៏​ធ្លាប់​គំរាម​លោក​ដូច​គ្នា​ដែរ​ថា បើ​មន្ត្រី​ជំនាញ​រក​ឃើញ​ថា ដីព្រៃ​នៅ​តំបន់​នោះ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​មិន​គ្រប់ ៣​ពាន់​ហិកតារ នឹង​ប្តឹង​លោក​ដាក់​គុក​ពី​បទ​បរិហារកេរ្តិ៍៖ «ថ្ងៃ​ដែល​គេ​ហៅ​ខ្ញុំ​ទៅ​ហ្នឹង ខាង​មេព្រៃ ខាង​សុរិយោដី និង​ខាង​បរិស្ថាន​គេ​ចុះ​ទៅ តែ​រក​អត់​ឃើញ​ទេ​អ្នក​កាប់​ព្រៃ។ ខ្ញុំ​ថា អស់​លោក​ឯង​ធ្វើ​ហ្នឹង​វា​ត្រឹមត្រូវ​ហើយ គេ​កាប់​នៅ​ខាង​ជើង លោក​ឯង​ទៅ​រក​ខាង​លិច រក​ម៉េច​ឃើញ?»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មេ​ប៉ុស្តិ៍​សំអាង លោក គង់ ស៊ីណា ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១១ ខែ​មករា។

ចំណែក​មេ​ឃុំ​សំអាង លោក ញៀន ផន បាន​បដិសេធ​ថា លោក​ពុំ​បាន​គំរាមកំហែង​ពលរដ្ឋ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​ទទួល​ស្គាល់​ថា ព្រៃឈើ​នៅ​តំបន់​នោះ​ពិត​ជា​រង​ការ​កាប់​ទន្ទ្រាន ក៏ប៉ុន្តែ​លោក​ពុំ​ប្រាកដ​ថា មាន​ទំហំ​ប៉ុណ្ណា​ដែរ។ លើស​ពី​នេះ លោក​ធ្លាប់​បាន​ផ្តល់​ដំណឹង​បញ្ហា​នេះ ទៅ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ និង​សហគមន៍​ឲ្យ​ទប់​ស្កាត់៖ «ខ្ញុំ​មាន​វិធានការ។ ខ្ញុំ​នឹង​ប្រើ​កម្លាំង​ចម្រុះ ហើយ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រោយ​ពី​អាស៊ីសេរី ផ្សាយ​ហើយក៏​ខ្ញុំ​បាន​ឲ្យ​កម្លាំង​មេព្រៃ និង​សុរិយោដី​ចុះ​ទៅ​ដែរ។ ចុះ​បើ​គាត់​មក​រាយការណ៍​មក​វិញ​ថា​មិន​មាន តើ​ខ្ញុំ​ត្រូវ​ធ្វើ​ម៉េច»។

មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ពលរដ្ឋ​មាន​សិទ្ធិ​ពេញលេញ​ដើម្បី​ផ្តល់​ព័ត៌មាន​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​រាយការណ៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ពី​ការ​បំបំ​ផ្លាញ​ធនធាន​ធម្មជាតិ ក៏ប៉ុន្តែ​បើ​ពួក​គាត់​រង​ការ​គំរាម​គំហែង​ពី​អាជ្ញាធរ និង​នគរបាល ដោយសារ​តែ​ការពារ​ព្រៃឈើ គឺ​ជា​ទង្វើ​រំលោភ​ច្បាប់​ផង និង​រំលោភ​សិទ្ធិមនុស្ស​ផង។

លោក​បញ្ជាក់​ថា ពលរដ្ឋ​គ្រប់​រូប​មាន​កាតព្វកិច្ច​ការពារ​ធនធាន​ធម្មជាតិ ដែល​ជា​សម្បត្តិ​របស់​រដ្ឋ ហើយ​ត្រូវ​បាន​គេ​ដក​សិទ្ធិ គឺ​ជា​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​រំលោភ​លើ​រដ្ឋធម្មនុញ្ញ។  លោក​សង្កត់​ធ្ងន់​ថា ប្រសិនបើ​ពលរដ្ឋ​រាយកាណ៍​បទល្មើស​ឧក្រិដ្ឋ ហើយ​ត្រូវ​គេ​គំរាមកំហែង ផ្អែក​តាម​ច្បាប់​អ្នក​ដែល​គំរាមកំហែង​នោះ ត្រូវ​ជាប់​ទោស​ព្រហ្មទណ្ឌ៖ «គេ​ហៅ​លោក អ៊ុក ម៉ៅ ដើម្បី​ផ្តិច​មេដៃ គាត់​ថា បើ​មិន​គ្រប់ ៣​ពាន់​ហិកតារ លោក អ៊ុក ម៉ៅ ត្រូវ​តែ​ទទួល​ខុស​ត្រូវ គឺ​ជា​រឿង​មួយ​ដែល​ច្បាប់​ព្រៃឈើ​មិន​បាន​ចែង​ថា ទាល់​តែ​កាប់ ៣​ពាន់ ឬ ៤​រយ​ហិកតារ​ត្រូវ​មាន​ទោស​ទេ គឺ​កាប់​តែ ១​ហិកតារ​ក៏​មាន​ទោស​ដែរ។ ក្នុង​នាម​គាត់​ជា​អាជ្ញាធរ​ដែនដី គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

ច្បាប់​ព្រហ្មទណ្ឌ​មាត្រា ៥២៩ ចែង​ថា រាល់​បុគ្គល​ណា​បាន​ដឹង​ពី​បទ​ល្មើស​ឧក្រិដ្ឋ ហើយ​មិន​បាន​ប្តឹង​ទៅ​តុលាការ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ផ្តន្ទាទោស​ពី ១​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​សែន​រៀល ទៅ ២​សែន​រៀល។

រដ្ឋធម្មនុញ្ញ​មាត្រា ៣៥ ចែង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់​ប្រទេស​ជាតិ។ សេចក្តី​ស្នើ​ទាំង​ឡាយ​របស់​ពលរដ្ឋ​ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង​ដោះស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ៕

No comments:

Post a Comment