Thursday, January 12, 2017

ប្រជា​នេសាទ​នៅ​ខេត្ត​កំពង់ចាម​បារម្ភ​ពី​ការ​កើន​ឡើង​នៃ​បទល្មើស​នេសាទ


លូ​ស្បៃ​មុង​ដែល​ត្រូវ​បាន​គេ​ដាក់​នៅ​ភូមិ​កំពង់សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម នៅ​តំបន់​បឹងធំ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១៦។ Photo provided



ប្រជា​នេសាទ​នៅ​ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម បារម្ភ​ពី​ទិន្នផល​ត្រី​ថា នឹង​អាច​កាន់​តែ​ថយ​ចុះ​បន្ថែម​ទៀត ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​បណ្តោយ​ឱ្យ​មាន​បទល្មើស​កើត​មាន​ឡើង។

ការ​បារម្ភ​ខាង​លើ​នេះ ពីព្រោះ​ពលរដ្ឋ​មើល​ឃើញ​ថា បទល្មើស​នេសាទ​ខុស​ច្បាប់​ដូចជា​ឆក់​ត្រជាក់​អូស​អួន និង​លូ​ស្បៃ​មុង​នៅ​តែ​កើត​មាន​ឡើង​ដោយ​គ្មាន​ការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព។ ប្រធាន​សហគមន៍​នេសាទ​នៅ​ឃុំ​មៀន បញ្ជាក់​ថា បទល្មើស​នេសាទ​ពិត​ជា​កើត​មាន​ឡើង​ប្រាកដ​មែន​។

ប្រជាពលរដ្ឋ​នៅ​ឃុំ​មៀន ស្នើ​ឱ្យ​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ចាត់​វិធានការ​លើ​ករណី​បទល្មើស​នេសាទ នៅ​តំបន់​បឹងធំ ដើម្បី​ធានា​​ដល់​ការ​រក្សា​ពូជ​ត្រី​ឱ្យ​នៅ​គង់វង្ស​ដល់​មនុស្ស​ជំនាន់​ក្រោយ។ បន្ថែម​ពី​នេះ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ​ដែល​រក​របរ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ស្រប​ច្បាប់ និង​ជា​លក្ខណៈ​គ្រួសារ​ជាដើម។

តំណាង​ពលរដ្ឋ​នៅ​ភូមិ​កំពង់សំរិទ្ធិ ឃុំ​មៀន ម្នាក់ លោក រ៉េន រ៉ាន មាន​ប្រសាសន៍​ថា បទល្មើស​នេសាទ​រួម​មាន​ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រជាក់​ប្រមាណ ៦​វង់ ឆក់​ធម្មតា លូ​ស្បៃ​មុង​រាប់​រយ​ម៉ែត្រ​ជាដើម បន្ត​កើត​មាន​នៅ​ក្នុង​តំបន់​បឹងធំ ដដែល។ លោក​បន្ត​ថា អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ មាន​វិធានការ​ខ្លះ​ដែរ ប៉ុន្តែ​ពុំ​មាន​ប្រសិទ្ធភាព​ឡើយ៖ «អនាគត​ទៅ គឺ​គ្មាន​ទេ​កូន​ចៅ​យើង មិន​ដឹង​ថា មាន​ត្រី​អ្វីៗ បើ​វា​ឆក់​ត្រជាក់​យ៉ាង​ហ្នឹង ហើយ​បើ​ដាក់​សៃ​យ៉ាង​នេះ»។
បឹង​ធំ ជា​បឹង​មួយ​ដែល​មាន​ទទឹង​ប្រវែង​ប្រមាណ ៤​គីឡូម៉ែត្រ និង​បណ្តោយ​ប្រមាណ ៨​គីឡូម៉ែត្រ ជាប់​ស្រុក​ចំនួន​បី នៅ​ក្នុង​ខេត្ត​កំពង់ចាម រួម​មាន​ស្រុក​កងមាស ស្រុក​កំពង់សៀម និង​ស្រុក​ព្រៃឈរ។ បឹង​នេះ គឺ​ជា​ផ្នែក​មួយ​ជួយ​សម្រួល​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​រាប់​រយ​គ្រួសារ ដែល​រស់​ពឹង​ផ្អែក​ទៅ​លើ​មុខ​របរ​នេសាទ។

ប្រធាន​សហគមន៍​នេសាទ​សាមគ្គី​ឃុំ​មៀន លោក ម៉ុន ឆៃលាង មាន​ប្រសាសន៍​ថា បទល្មើស​លូ​ស្បៃ​មុង​ពិត​ជា​កើត​ឡើង​ប្រាកដ​មែន។ ចំណែក​អួន​មាន​មួយ​វង់ ប៉ុន្តែ​ឆក់​ត្រជាក់ គឺ​មិន​ទាន់​ឃើញ​មាន​ទេ ព្រោះ​ទឹក​បឹង​នៅ​ជ្រៅ​នៅ​ឡើយ។ លោក​បន្ថែម​ថា ទិន្នផល​ត្រី​នៅ​ឆ្នាំ​នេះ គឺ​សំបូរ​ជាង​ឆ្នាំ​មុន  ប៉ុន្តែ​លោក​បារម្ភ​ខ្លាច​ទិន្នផល​ត្រី​នឹង​អាច​ថយ​ចុះ ប្រសិនបើ​បទល្មើស​នៅ​តែ​កើត​មាន​ឡើង​បន្ត​ទៀត​នោះ៖ «នៅ​ពេល​ត្រី​ពង​កូន ពួកគាត់​នឹង​សហការ​ជាមួយ​យើង។ ជាមួយ​សហគមន៍ ជាមួយ​អាជ្ញាធរ​ដែនដី ជាមួយ​សមត្ថកិច្ច​ជលផល​ហ្នឹង គាត់​បាន​សហការ​ជាមួយ​នៅ​ពេល​រដូវ​បិទ​នេសាទ ប៉ុន្តែ​រដូវ​បើក​នេសាទ គាត់​មិន​ចូលរួម​ជាមួយ​យើង​ទេ»។

ប្រធាន​សហគមន៍​នេសាទ​រូប​នេះ​នឹង​បន្ត​ចុះ​បង្ក្រាប​បន្ថែម​ទៀត ប្រសិនបើ​មាន​កិច្ច​សហការ​ជាមួយ​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ ប៉ុន្តែ​លោក​ថា ខាង​សហគមន៍​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន ពីព្រោះ​មិន​មាន​សិទ្ធិ​អំណាច​ចុះ​បង្ក្រាប​ដោយ​ផ្ទាល់​ទេ ពោល​គឺ​បាន​ត្រឹម​រាយការណ៍​ទៅ​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​ប៉ុណ្ណោះ។

ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម លោក អ៊ុក ណារិន មាន​ប្រសាសន៍​ថា បទល្មើស​នេសាទ​នៅ​តំបន់​បឹង​ធំ ខាង​មន្ត្រី​ជំនាញ​តែងតែ​បង្ក្រាប​ជា​ហូរហែ ព្រម​ទាំង​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​ទាំង​ឡាយ​ដែល​រក​របរ​ខុស​ច្បាប់​ឱ្យ​ពួកគាត់​ត្រឡប់​មក​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ស្រប​ច្បាប់​វិញ ប៉ុន្តែ​មាន​ករណី​នេសាទ​ខុស​ច្បាប់​ដោយ​លួចលាក់​ខ្លះ​ដែរ។ យ៉ាង​នេះ​ក្តី លោក​សង្កេត​ឃើញ​ថា បទល្មើស​ឆ្នាំ​នេះ​ហាក់​ថយ​ចុះ​ច្រើន​ជាង​ពេល​មុន ហើយ​អួន​ត្រជាក់ គឺ​មិន​មាន​ទេ ប៉ុន្តែ​មាន​ករណី​អូស​អួន​ធម្មតា៖ «គោលការណ៍​របស់​រដ្ឋាភិបាល គឺ​គាត់​ឱ្យ​ផ្សព្វផ្សាយ​ពី​ប្រកាស​ប្រើប្រាស់​ឧបករណ៍​នេសាទ​របស់​ក្រសួង​កសិកម្ម ដើម្បី​ឱ្យ​ពួកគាត់​យល់​ដឹង»។

មន្ត្រី​ជំនាញ​ដដែល​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៦ អាជ្ញាធរ​ខេត្ត​កំពង់ចាម បង្ក្រាប​បទល្មើស​នេសាទ បាន ១៧៨​ករណី។ បន្ថែម​ពី​នេះ មន្ត្រី​ជំនាញ​បាន​សម្រេច​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចំនួន ៤​ករណី ដែល​មាន​មនុស្ស​ចំនួន ៤​នាក់។ រឹប​អូស និង​បំផ្លាញ​លូ​ស្បៃ​មុង​ជាង ២​ពាន់​មាត់ ហើយ​របាំង​ស្បៃ​មុង​មាន​ប្រវែង​ជាង ៧​ម៉ឺន​ម៉ែត្រ​ទៀត​ផង។

ច្បាប់​ជលផល​ឆ្នាំ​២០០៦ មាត្រា ៩៨ ចែង​ថា ត្រូវ​ផ្តន្ទាទោស​បទល្មើស​ជលផល​ថ្នាក់​ទី​១ ដាក់​ពន្ធនាគារ​ពី ៣​ឆ្នាំ ទៅ ៥​ឆ្នាំ និង​រឹប​អូស​យក​វត្ថុតាង​ទាំង​អស់​ដាក់​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល។ បទល្មើស​ទាំង​នោះ​រួម​មាន នេសាទ​ដោយ​ឧបករណ៍​ឆក់ គ្រឿង​ផ្ទុះ និង​សារធាតុពុល​គ្រប់​ប្រភេទ​ក្នុង​ដែន​នេសាទ។ នេសាទ​ដោយ​ឧបករណ៍​ទំនើប ឬ​ឧបករណ៍​ដែល​បង្កើត​ឡើង​ថ្មី ឬ​របៀប​នេសាទ​បែប​ថ្មី ដែល​នាំ​មក​នូវ​ការ​បំផ្លាញ​មច្ឆជាតិ ឬ​ធនធាន​ជលផល និង​ប្រព័ន្ធ​អេកូឡូស៊ី​ជលផល​ជាដើម៕

No comments:

Post a Comment