Monday, January 2, 2017

អង្គការ​ពន្លក​ខ្មែរ​នៅ​ខេត្ត​ព្រះវិហារ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​កាប់​រាន​ព្រៃ​ព្រះ​រកា

                                                                                                                                                                  ប្រជាពលរដ្ឋ​នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ នៃ​ខេត្ត​ព្រះវិហារ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មាន​ជន​ចំណាក​ស្រុក​ជាង ២០០​គ្រួសារ បាន​ចូល​ទៅ​កាប់​រាន​តំបន់​អភិរក្ស​ព្រៃ​ព្រះ​រកា​ជា​បន្តបន្ទាប់ ដើម្បី​យក​ដី​ធ្វើ​ចម្ការ បណ្ដាល​ឲ្យ​ដើម​ឈើ​ធំៗ​ជាច្រើន​ត្រូវ​គេ​កាប់​លក់ ចំណែក​ដើម​ច្បោះ​ជ័រ​របស់​ជនជាតិ​ដើម​ភាគតិច​ជាច្រើន​ទៀត ក៏​បាត់បង់​ដែរ។

កន្លែង​ដែល​កំពុង​ទទួល​រង​ការ​កាប់​រាន​យក​ដី​នោះ គឺ​នៅ​តំបន់​ប្រខាវ ក្បាល​បែក​ចាន ក្បាល​អូរ​ក្រូច ក្បាល​អូរ​ពោធិ៍ អន្លង់​ចារ និង​អូរ​សោម ជាដើម។

មន្ត្រី​អង្គការ​ពន្លក​ខ្មែរ ដែល​ធ្វើ​ការងារ​ជួយ​ដល់​សហគមន៍​ការពារ​ព្រៃ​ឈើ​នៅ​ខេត្ត​ព្រះវិហារ អំពាវនាវ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​នេះ ចាត់​វិធានការ​តឹងរ៉ឹង​ដើម្បី​ការពារ​តំបន់​ព្រៃ​ព្រះ​រកា ដែល​កំពុង​ទទួល​រង​ការ​កាប់​រាន​យក​ដី​ធ្វើ​ចម្ការ​ជា​បន្តបន្ទាប់។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ស្រប​ពេល​ដែល​ជន​ចំណាក​ស្រុក​ជាច្រើន​មក​ពី​ខេត្ត​កំពង់ធំ កំពត និង​អ្នក​នៅ​ក្នុង​ស្រុក​ផង នាំ​គ្នា​ចូល​កាប់​រាន​ព្រៃ​នោះ​អស់​ជាច្រើន​ហិកតារ​ទៅ​ហើយ។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ គឺ​លោក ប៉ិក សោភ័ណ។ លោក​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ទី​២ ខែ​មករា ថា បច្ចុប្បន្ន ព្រៃ​ព្រះ​រកា​ជាច្រើន​កន្លែង​ដូចជា​តំបន់​ប្រខាវ ក្បាល​បែក​ចាន ក្បាល​អូរ​ក្រូច ក្បាល​អូរ​ពោធិ៍ អន្លង់​ចារ និង​អូរ​សោម ជាដើម កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​ក្រុម​ជន​ចំណាក​ស្រុក​យ៉ាង​ធ្ងន់ធ្ងរ។ លោក ប៉ិក សោភ័ណ បញ្ជាក់​ថា សកម្មភាព​កាប់​រាន​ដី​ព្រៃ​ធ្វើ​ចម្ការ​នេះ មិន​ត្រឹម​តែ​កាប់​ឈើ​ធំៗ​យក​ទៅ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់​ទេ គឺ​វា​ថែម​ទាំង​បំផ្លាញ​ដើម​ច្បោះ​ជ័រ​របស់​ប្រជាពលរដ្ឋ ដែល​តែង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ផង៖ «ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ ហើយ​និង​មន្ត្រី​ដែល​មាន​សមត្ថកិច្ច គឺ​យក​ចិត្ត​ទុក​ដាក់​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​ទន្ទ្រាន​ដី​ព្រៃ ហើយ​តំបន់​ដែល​គេ​រុក​រាន​នោះ គឺ​នៅ​ក្នុង​តំបន់​ការពារ​ព្រៃ​ព្រះ​រកា»។

មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះវិហារ ដែល​ទទួល​ខុស​ត្រូវ​លើ​កិច្ច​ការពារ​តំបន់​ព្រៃ​អភិរក្ស​នោះ និយាយ​ថា គេ​ពុំ​ទាន់​បាន​ដឹង​អំពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ព្រះ​រកា នៅ​តំបន់​ណា​នៅ​ឡើយ​ទេ។

ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះវិហារ លោក អ៊ា សុខា មាន​ប្រសាសន៍​ថា ការ​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី គឺ​ជា​អំពើ​ខុស​ច្បាប់ ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ លោក​នៅ​មិន​ទាន់​បាន​ទទួល​របាយការណ៍​ពី​នាយក​គ្រប់គ្រង​តំបន់​ព្រៃ​ព្រះ​រកា ស្ដីពី​សកម្មភាព​កាប់​ព្រៃ ដើម្បី​រុក​រាន​យក​ដី​នោះ​នៅ​ឡើយ៖ «យើង​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​ពី​ខាង​ហ្នឹង​ផង ពីព្រោះ​គេ​មាន​នាយក គឺ​មន្ត្រី​ដែល​អនុវត្ត​ត្រូវ​ធ្វើ​របាយការណ៍​មក​មន្ទីរ ប៉ុន្តែ​មិន​ដែល​ឃើញ​រាយការណ៍​ទេ»។

ទោះ​ជា​យ៉ាង​ណា សមាជិក​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា អ្នកស្រី រឿង ខាន់ អះអាង​ថា រហូត​មក​ដល់​ពេល​នេះ ជន​ចំណាក​ស្រុក​ដែល​ចូល​ទៅ​កាប់​រាន​យក​ដី​ព្រៃ​ព្រះ​រកា បាន​កើន​ឡើង​ដល់​ទៅ​ជាង ២០០​គ្រួសារ​ហើយ។ អ្នកស្រី រឿង ខាន់ បញ្ជាក់​ថា សហគមន៍​លែង​ហ៊ាន​ចូល​ទៅ​ទប់ស្កាត់​ការ​កាប់​រាន​យក​ដី​ព្រៃ​នោះ​ទៀត​ហើយ ពីព្រោះ​ជន​ចំណាក​ស្រុក​ខ្លះ​ដែល​មក​ពី​ខេត្ត​កំពត មាន​ទាំង​ប្រើ​កាំភ្លើង​ឆ្នុក​បាញ់​គំរាម​សហគមន៍​ទៀត​ផង៖ «ខ្ញុំ​ជា​សហគមន៍​មិន​ជា​ធ្វើ​យ៉ាង​ណា? បើ​ជន​ចំណាក​ស្រុក​មក​ពី​កំពត សុទ្ធតែ​ប្រើ​កាំភ្លើង​ឆ្នុក»។

ព្រៃ​ព្រះ​រកា ដែល​មាន​ទំហំ​ជាង ៩.៦០០​ហិកតារ​នៅ​ចន្លោះ​ព្រំប្រទល់​ស្រុក​ចំនួន​៣ គឺ​ស្រុក​ត្បែងមានជ័យ ស្រុក​ជាំក្សាន្ត និង​ស្រុក​ឆែប របស់​ខេត្ត​ព្រះវិហារ។

អង្គការ​ពន្លក​ខ្មែរ ឲ្យ​ដឹង​ថា សកម្មភាព​កាប់​រាន​ព្រៃ​ព្រះ​រកា ដើម្បី​យក​ដី បាន​កើត​មាន​តាំង​តែ​ពី​អំឡុង​ឆ្នាំ​២០១១ ហើយ​ការ​កាប់​រាន​យក​ដី​ខ្លាំង គឺ​នៅ​ចុង​ឆ្នាំ​២០១៦៕

No comments:

Post a Comment