ជនជាតិដើមភាគតិចកួយ និងជាសមាជិកការពារព្រៃឡង់ ខេត្តក្រចេះ លោក សំ ណូ ផ្តល់បទសម្ភាសន៍ដល់អាស៊ីសេរីកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦។ RFA/Men Sothyr |
ជនជាតិដើមភាគតិចរស់នៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ បារម្ភពីសកម្មភាពកាប់ឈើមូលក្នុងបរិវេណព្រៃឡង់ដោយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចឈ្មោះ ក្រុមហ៊ុន ស៊ី បាយអូថេច (Ci-Biotech)។ អ្នកភូមិថា សកម្មភាពកាប់ឈើមានតម្លៃមានមុខកាត់ធំៗ ធ្វើឡើងចាប់ពីថ្ងៃទី២១ ធ្នូ រហូតបច្ចុប្បន្ន ពុំទាន់ឃើញមានការទប់ស្កាត់ពីអាជ្ញាធររដ្ឋាភិបាលឡើយ។
ជនជាតិដើមភាគតិចកួយ រស់នៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ឲ្យដឹងនៅថ្ងៃទី២ មករា ថា គ្រឿងចក្របីគ្រឿងកំពុងប្រតិបត្តិការឈូសឆាយយកឈើមានតម្លៃនៅតំបន់ព្រៃឡង់ ឋិតនៅចំណុចអូរប្រធំ ស្រោបនាង និងចំណុចវាលរន្ទះ ឆ្ងាយពីទន្លេមេគង្គជិត ២០គីឡូម៉ែត្រ ហើយឈើទាំងនោះត្រូវគេដឹកអារច្រៀកនៅដេប៉ូអារឈើរបស់ក្រុមហ៊ុន ស៊ី បាយអូថេច រួចមានរថយន្តយីឌុបត្រៀមដឹកចេញក្រៅ ទំនងយកទៅប្រទេសវៀតណាម។
ជនជាតិដើមភាគតិចកួយ និងជាសមាជិកសហគមន៍ការពារព្រៃឡង់ខេត្តក្រចេះ លោក សំ ណូ អង្កេតឃើញថា ក្រុមហ៊ុន ស៊ី បាយអូថេច បានផ្អាកប្រតិបត្តិការកាប់ឈើមួយរយៈ ពោលគឺចាប់តាំងពីខែមេសា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ហើយមកទល់ពេលនេះ សកម្មភាពកាប់ឈើរបស់ក្រុមហ៊ុននេះ ធ្វើឡើងយ៉ាងគគ្រឹកគគ្រេងឋិតក្នុងតំបន់ព្រៃឡង់ខេត្តក្រចេះ និងឋិតក្នុងដែនជម្រកសត្វព្រៃនៅតំបន់នោះ។
លោកមានមន្ទិលថា កន្លងទៅរដ្ឋាភិបាលបានចេញអនុក្រឹត្យដាក់ព្រៃឡង់ជាព្រៃអភិរក្ស ដែលមានក្រសួងបរិស្ថាន មានកាតព្វកិច្ចមើលការខុសត្រូវ ក៏ប៉ុន្តែការកាប់បំផ្លាញឈើមានតម្លៃដោយក្រុមហ៊ុនឯកជន និងឈ្មួញ នៅតែបន្តកើតមានដដែល៖ «ឥឡូវគាត់ធ្វើសកម្មភាព គាត់បិទច្រកចេញចូលទាំងអស់មិនឲ្យពលរដ្ឋចេញចូលតំបន់នោះទេ។ វាកំពុងតែសម្រុកយកឈើ អត់មានវ៉ៃធ្វើចម្ការទេ គឺវ៉ៃអូសយកឈើ។ ដេប៉ូវាលេចក្បាលដេប៉ូមិនដឹងប៉ុន្មានម៉ែត្រគូបទេច្រើនណាស់»។
លោក សំ ណូ ទទូចឲ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពកាប់ឈើតាមតម្លៃរបស់ក្រុមហ៊ុន ស៊ី បាយអូថេច ឬស្ថានីយស្ដារព្រៃឈើឡើងវិញ ដើម្បីសង្គ្រោះធម្មជាតិនៅតំបន់នោះ។ លោករំឭកថា កាលពីឆ្នាំ២០១៥ ដើមឈើទាល ឬដើមឈើផលិតជ័រទឹករាប់ពាន់ដើម ក្រុមហ៊ុនកាប់ដោយម៉ាស៊ីនស្វ័យប្រវត្តិ គេយកមកអារច្រៀកជាសសរផ្ទះក្នុងរោងអារឈើរបស់ក្រុមហ៊ុន ស៊ី បាយអូថេច ឋិតនៅឃុំកំពង់ចាម៖ «ខ្ញុំចង់ឲ្យរដ្ឋាភិបាលឈប់ផ្តល់ស្ថានីយស្ដារឡើងវិញ ស្ដារព្រៃចាស់ធំៗ ឈើទាល សុក្រំ ស្រឡៅ ដើមតាសេក សុទ្ធតែឈើលេខ១ កុំទៅកាប់វាទៀត។ ទុកវាទៅ!»។
ឈើកកោះត្រូវបានគេកាប់ឋិតក្នុងតំបន់ព្រៃឡង់ ខេត្តក្រចេះ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។ RFA/Men Sothyr |
មេឃុំបឹងចារ លោក ហ៊ុល សឿង មានប្រសាសន៍ថា អាជ្ញាធរឃុំពុំទាន់ទទួលដំណឹងនេះនៅឡើយទេ។ លោកបញ្ជាក់ថា អាជ្ញាធរឃុំនឹងរាយការណ៍ករណីនេះទៅថ្នាក់លើ និងអន្តរាគមន៍មន្ត្រីបរិស្ថានប្រចាំការនៅតំបន់នោះ ប្រសិនបើរកឃើញថា មានភាពមិនប្រក្រតីនៃការកាប់ឈើបែបអនាធិបតេយ្យនៅតំបន់នោះ៖ «ខ្ញុំក៏តេដែរ ដែលខ្ញុំនឹងជួយបើគាត់មិនតេទេ។ គាត់អាចពឹងមន្ត្រីអនុរក្សមន្ត្រីអី ហើយអាចចាត់ការទៅកុំឲ្យពួកនោះធ្វើតាមអំពើចិត្ត»។
ក្រុមហ៊ុន ស៊ី បាយអូថេច គឺជាក្រុមហ៊ុនតំណាងឲ្យរដ្ឋាភិបាលកូរ៉េអភិវឌ្ឍន៍ រួមគ្នានឹងរដ្ឋាភិបាលកម្ពុជា វិនិយោគដំណាំឧស្សាហកម្មអាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញ ដែលវិនិយោគលើផ្ទៃដីចំនួនជាង ៣ម៉ឺនហិកតារ (៣៤.០០៧ហិកតារ) កាលពីខែមិថុនា ឆ្នាំ២០១២ ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សង្កេតឃើញថា បច្ចុប្បន្នឈើមានតម្លៃនៅសេសសល់ឋិតក្នុងតំបន់ព្រៃការពារដោយអនុក្រឹត្យ និងព្រះរាជ្យក្រឹត្យ ដូចជាព្រៃឡង់ និងព្រៃព្រះរកា ជាដើម ដែលឈ្មួញកំពុងសម្រុកកាប់ ខណៈឈើមានតម្លៃនៅតំបន់ផ្សេងៗត្រូវគេកាប់ធ្វើអាជីវកម្មស្ទើរផុតពូជទៅហើយ។
ព្រះតេជព្រះគុណមើលឃើញថា រដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាល ហាក់ដូចជាអសមត្ថភាពក្នុងការការពារព្រៃអភិរក្ស។ ព្រះតេជព្រះគុណយល់ថា រដ្ឋាភិបាលបានប្រើប្រាស់ធនធានរបស់រដ្ឋដើម្បីការពារព្រៃឈើ គឺពុំមានប្រសិទ្ធភាពនោះទេ ដរាបណាមន្ត្រីរដ្ឋាភិបាលនៅតែតាំងខ្លួនជាទេវតាបម្រើមនុស្ស និងជិះយន្តហោះចង្អុលបង្ហាញពីលើអាកាសអភិរក្សព្រៃ៖ «អាត្មាមើលឃើញរដ្ឋាភិបាលធ្វើការកាន់តែយូរ កាន់តែល្ងង់ និងមន្ត្រីរដ្ឋាភិបាលបច្ចុប្បន្ន។ ទី១ ដើម្បីបោះបង្គោលផែនទីការពារព្រៃពិតប្រាកដ យើងជិះយន្តហោះមើល។ យើងមើលលើអាកាសមកក្រោម ហើយយើងតាំងខ្លួនជាទេវតា។ ធ្វើខ្លួនជាទេវតាការពារព្រៃទៅអត់រួចទេចម្រើនពរ»។
ព្រៃឡង់ឋិតក្នុងចន្លោះខេត្តចំនួនបួន ដូចជាខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតារ (៤៣១.៦៨៣ហិកតារ) ដែលឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ខ្លឹមសារអនុក្រឹត្យនោះបញ្ជាក់ថា ក្រសួងបរិស្ថាន មានកាតព្វកិច្ចធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងកិច្ចការពារធម្មជាតិក្នុងតំបន់ព្រៃឡង់ និងត្រូវសហការជាមួយក្រសួងរៀបចំដែនដី និងស្ថាប័នពាក់ព័ន្ធ៕
No comments:
Post a Comment