Tuesday, January 24, 2017

ពលរដ្ឋ​ជាង​៦០​នាក់​តវ៉ា​មុខ​សាលា​ខេត្ត​មណ្ឌលគិរី​សុំ​ឲ្យ​អាជ្ញាធរ​គោរព​កិច្ចសន្យា

ប្រជាពលរដ្ឋ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត និង​សាលា​ដំបូង​ខេត្ត ដើម្បី​តវ៉ា​ដីកា​តុលាការ​កោះ​ហៅ​តំណាង​ពួក​គាត់ ថ្ងៃ​ទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ Photo ADHOC



ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ ក្នុង​ឃុំ​ពូជ្រៃ ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ជាង ៦០​នាក់ នាំ​គ្នា​មក​សាលា​ខេត្ត​តវ៉ា​ឲ្យ​អាជ្ញាធរ​គោរព​កិច្ចសន្យា​ដែល​បាន​ធ្វើ​ជាមួយ​ពលរដ្ឋ ពាក់ព័ន្ធ​បណ្ដឹង​ចោទ​ប្រកាន់​តំណាង​ប្រជាពលរដ្ឋ ៣​នាក់ ដែល​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ ដាយ​ណាម (Day Nam) ឈូស​ឆាយ​ប៉ះពាល់​ដី​ព្រៃ​អារក្ស​ប្រជាពលរដ្ឋ។

មន្ត្រី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី បាន​សម្របសម្រួល​ឲ្យ​ប្រជាពលរដ្ឋ​បី​នាក់​រស់នៅ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ ក្នុង​ឃុំ​ពូជ្រៃ ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ ដើម្បី​ឆ្លើយ​បំភ្លឺ​ជុំវិញ​បទ​ចោទ​ប៉ុនប៉ង​ឃាតកម្ម។

ការ​សម្របសម្រួល​នេះ ធ្វើ​ឡើង​ខណៈ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ ក្នុង​ឃុំ​ពូជ្រៃ ជាង ៦០​នាក់ នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​មុខ​សាលា​ខេត្ត ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត ដោយសារ​តែ​អ្នក​ភូមិ​ភ័យ​ខ្លាច​តុលាការ ចាប់​ខ្លួន​តំណាង​ពួក​គាត់​ដែល​បាន​តវ៉ា​រឿង​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​ប៉ះពាល់​ព្រៃ​អភិរក្ស​អ្នក​ភូមិ។

កាល​ពី​ឆ្នាំ​២០១៤ ប្រជាពលរដ្ឋ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ រាប់​រយ​នាក់ បាន​ចាប់​ឃាត់​គ្រឿងចក្រ​ឈូស​ដី​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ ដាយ​ណាម ដែល​កំពុង​ឈូស​ឆាយ​ដី​សម្បទាន​រំលោភ​ចូល​ព្រៃ​គោរព​បូជា​របស់​អ្នក​ភូមិ។ ក្រោយ​ពី​អ្នក​ភូមិ​ឃាត់​គ្រឿងចក្រ​នេះ តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​តំណាង​អ្នក​ភូមិ​ពីរ​នាក់ និង​មេ​ភូមិ ពី​បទ​លួច និង​ប្រើ​អំពើ​ហិង្សា ប៉ុន្តែ​អ្នក​ភូមិ​រាប់​រយ​នាក់ បាន​នាំ​គ្នា​មក​តវ៉ា​នៅ​សាលា​ខេត្ត ទើប​អាជ្ញាធរ​ខេត្ត​សម្របសម្រួល​ឲ្យ​អ្នក​ភូមិ​បញ្ចប់​ការ​តវ៉ា ដោយ​សន្យា​ថា​នឹង​បញ្ចប់​រឿង​ចោទ​ប្រកាន់​អ្នក​ភូមិ​នេះ។
តំណាង​អ្នក​ភូមិ លោក សុខ តឿ បញ្ជាក់​ថា រហូត​មក​ទល់​នឹង​ខែ​មករា ឆ្នាំ​២០១៧ តុលាការ​ចេញ​ដីកា​កោះ​ហៅ​តំណាង​ប្រជាពលរដ្ឋ និង​មេ​ភូមិ​ជា​ថ្មី ឲ្យ​ចូល​ខ្លួន​ឲ្យ​ចៅក្រម​ស៊ើបសួរ​ពី​បទ​ប៉ុនប៉ង​ឃាតកម្ម។ ហេតុ​នេះ ទើប​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​សាលា​ខេត្ត​ជា​ថ្មី ដើម្បី​សុំ​ឲ្យ​អាជ្ញាធរ​អនុវត្ត​តាម​ការ​សន្យា​ដែល​បាន​ធ្វើ​ជាមួយ​ពលរដ្ឋ។ លោក​ថា អាជ្ញាធរ​ខេត្ត​បាន​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ចូល​ជួប​ពិភាក្សា​គ្នា និង​សម្របសម្រួល​ឲ្យ​អ្នក​ភូមិ​អនុវត្ត​តាម​នីតិវិធី​នៃ​ការ​កោះ​ហៅ និង​សន្យា​មិន​មាន​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​នោះ​ទេ៖ «ចោទ​ហ្នឹង​ដើម្បី​ដាក់​ឃុំ​ខ្លួន​ពួក​ខ្ញុំ​ហ្នឹង​ណា! ដល់​ចុង​ក្រោយ គេ​សម្រួល​គ្នា​ទៅ​គេ​មិន​ឲ្យ​ឃុំ​ខ្លួន​ទេ គេ​ឲ្យ​ចូល​ខ្លួន​ទៅ​បំពេញ​បែបបទ គេ​ធ្វើ​បែបបទ​បញ្ចប់​ឲ្យ»។

តំណាង​អ្នក​ភូមិ​ដែល​តុលាការ​កោះ​ហៅ​រួម​មាន ឈ្មោះ សុខ តឿ និង យ៉ែម ថា ឲ្យ​ចូល​ខ្លួន​ទៅ​ការិយាល័យ​ចៅក្រម​ស៊ើបសួរ​នៅ​ថ្ងៃ​ទី​២៤ ខែ​មករា។ ចំណែក​ប្រធាន​ភូមិ​ឈ្មោះ គ្រឿន ប៊ុនធឿន ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ទី​២៥ ក៏ប៉ុន្តែ​ប្រធាន​ភូមិ​បាន​ស្លាប់​កាល​ពី​ឆ្នាំ​២០១៥ បាត់​ទៅ​ហើយ។

អភិបាល​រង​ខេត្ត​មណ្ឌលគិរី លោក ចឹង សុចន្ថា មាន​ប្រសាសន៍​បញ្ជាក់​ថា រឿង​ក្តី​នេះ​ជា​រឿង​ចាស់ ដែល​ក្រុមហ៊ុន​បាន​ប្ដឹង​ប្រជាពលរដ្ឋ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​បាន​សម្របសម្រួល​ឲ្យ​ក្រុមហ៊ុន​បញ្ចប់​រឿង​នេះ​តាំង​ពី​ឆ្នាំ​២០១៤។ លោក​ថា ដោយសារ​រាជ​រដ្ឋាភិបាល​បាន​បញ្ចប់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​សម្បទាន​នេះ​កាល​ពី​ឆ្នាំ​២០១៥ ទើប​ក្រុមហ៊ុន​ចាកចេញ​ដោយ​មិន​បាន​ដក​ពាក្យ​បណ្ដឹង​ប្រជាពលរដ្ឋ ទើប​ចៅក្រម​តុលាការ​កោះ​ហៅ​មក​សាកសួរ ដើម្បី​បំពេញ​នីតិវិធី​តែ​ប៉ុណ្ណោះ៖ «ឥឡូវ​ខ្ញុំ​បាន​ជម្រាប​គាត់​ហើយ​ថា គេ​ហៅ​ដើម្បី​សួរ​យើង​ទេ បើ​យើង​មិន​ធ្វើ​ខុស ខ្លាច​ចូល​ទៅ បង្ហាញ​ខ្លួន​ទៅ ខ្លាច​ស្អី? វា​ចប់​ហើយ»។

នៅ​រសៀល​ម៉ោង ២ ថ្ងៃ​ទី​២៤ ខែ​មករា តំណាង​អ្នក​ភូមិ​ទាំង​ពីរ​នាក់ បាន​ចូល​ខ្លួន​ទៅ​កាន់​ការិយាល័យ​ចៅក្រម​ស៊ើបសួរ​តាម​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ខេត្ត។ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​អម​ដំណើរ​តំណាង​របស់​គេ បាន​រង់ចាំ​នៅ​មុខ​សាលា​ដំបូង ឃ្លាំ​មើល​ការ​សាកសួរ​នេះ។

អ្នក​នាំ​ពាក្យ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី លោក មាស ប្រុស ថ្លែង​បញ្ជាក់​ថា នេះ​ជា​ការ​អនុវត្ត​នីតិវិធី​របស់​ចៅក្រម​ស៊ើបសួរ ខណៈ​រឿង​ក្តី​នេះ​កំពុង​ឋិត​ក្នុង​ចំណាត់ការ​ចៅក្រម​ស៊ើបសួរ។ លោក​ថា ការ​ចូល​ខ្លួន​បំភ្លឺ​របស់​ពលរដ្ឋ គឺ​ជា​ការ​ចូលរួម​អនុវត្ត​ច្បាប់​ទាំងអស់​គ្នា ហើយ​ការ​សម្រេច​យ៉ាង​ណា ឋិត​លើ​ចៅក្រម​ស៊ើបសួរ​ដែល​កាន់​សំណុំ​រឿង​ក្តី​ប្រជាពលរដ្ឋ​នេះ៖ «គាត់​នៅ​ឆ្លើយ​បំភ្លឺ​នៅ​បន្ទប់​ចៅក្រម​ខាង​លើ ទើប​ឆ្លើយ​បាន​ម្នាក់​ហ្នឹង​តាម​ដីកា​កោះ​ហៅ​ហ្នឹង។ គាត់​ចេះ​តែ​មក​ខ្លាច​គ្នា​គាត់ ប៉ុន្តែ​ចៅក្រម​មិន​ទាន់​សម្រេច​អ្វី​ទេ កំពុង​ស៊ើបសួរ»។

ក្រុមហ៊ុន ដាយ​ណាម កាល​ពី​ឆ្នាំ​២០១៤ បាន​ដាក់​ពាក្យ​ប្ដឹង​ប្រជាពលរដ្ឋ​ភូមិ​អន្ទ្រងសាមគ្គីមានជ័យ ពី​បទ​លួច និង​ប្រើ​អំពើ​ហិង្សា​ចាប់​យក​គ្រឿងចក្រ​ក្រុមហ៊ុន​ដែល​កំពុង​ឈូស​ឆាយ​ដី​សម្បទាន។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អង្គការ​អាដហុក (ADHOC) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា បញ្ជាក់​ថា ការ​សម្របសម្រួល​របស់​អាជ្ញាធរ​ខេត្ត​ឲ្យ​ប្រជាពលរដ្ឋ​ចូល​ខ្លួន​ទៅ​បំភ្លឺ​តាម​ការ​កោះ​ហៅ​របស់​តុលាការ គឺ​ជា​រឿង​ត្រឹមត្រូវ​តាម​នីតិវិធី​តុលាការ។ លោក​ថា ចៅក្រម​ស៊ើបសួរ​នឹង​សម្រេច​ថា តើ​ប្រជាពលរដ្ឋ​មាន​កំហុស ឬ​យ៉ាង​ណា​នោះ អាស្រ័យ​លើ​លទ្ធផល​ស៊ើប​អង្កេត​របស់​ចៅក្រម​ស៊ើបសួរ ចំណែក​មន្ត្រី​អាដហុក នឹង​បន្ត​ឃ្លាំ​មើល​បញ្ហា​នេះ៖ «ករណី​នេះ​ចៅក្រម​លោក​មាន​តួនាទី​ក្នុង​ការ​ស៊ើបសួរ​ភាគី​ពាក់ព័ន្ធ បើ​សិន​រក​ឃើញ គាត់​មាន​សិទ្ធិ​បន្ត​នីតិវិធី ប្រសិន​រក​មិន​ឃើញ អាស្រ័យ​លើ​ឆន្ទានុសិទ្ធិ​ចៅក្រម​ដោយ​ផ្អែក​លើ​វិធាន​ច្បាប់»។

រហូត​មក​ទល់​នឹង​ម៉ោង ៥​រសៀល​ថ្ងៃ​ដដែល ចៅក្រម​ស៊ើបសួរ​បាន​បញ្ចប់​ការ​សាកសួរ និង​អនុញ្ញាត​ឲ្យ​តំណាង​ប្រជាពលរដ្ឋ​ទាំង​ពីរ​នាក់​វិល​ទៅ​លំនៅឋាន​វិញ៕

No comments:

Post a Comment