ពលរដ្ឋរស់នៅភូមិកណ្ដាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង បង្ហាញទីតាំងដីស្រែដែលជនជាតិវៀតណាម ជួលដីខ្មែរធ្វើកសិកម្ម កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦។ RFA/Yeang Socheameta |
មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង បានដាក់ពាក្យប្ដឹងសុំឲ្យអភិបាលខែត្រស្វាយរៀង ជួយអន្តរាគមន៍លើករណីវៀតណាម ដាំដំណាំស្រូវជាប់បង្គោលព្រំដែនលេខ១៨៩ និងករណីអ្នកមានអំណាចក្នុងខេត្តស្វាយរៀង ជួលដីស្រែឲ្យវៀតណាម ជាង ១ពាន់ហិកតារ។ ជុំវិញបញ្ហានេះ អភិបាលខេត្តថានឹងចាត់ឲ្យក្រុមការងារចុះពិនិត្យដោះស្រាយ។
ថ្វីត្បិតតែរដ្ឋាភិបាលបានចេញសារាចរណែនាំមិនឲ្យមានករណីជួលដីជាប់ព្រំដែននៅតាមបណ្តោយព្រំដែនក្តី តែមន្ត្រីគណបក្សសង្គ្រោះជាតិ រួមទាំងប្រជាពលរដ្ឋផង នៅតែរាយការណ៍ថា ករណីជួលដីឲ្យជនជាតិវៀតណាម នៅតែកើតមានដដែល ហើយពលរដ្ឋវៀតណាម នៅតែមានសេរីភាពធ្វើស្រែជាប់បង្គោលព្រំដែន ឬតំបន់សខុសឆ្ងាយពីពលរដ្ឋខ្មែរ។
ក្នុងពាក្យបណ្ដឹងរបស់ក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ដែលបានដាក់ចូលសាលាខេត្តស្វាយរៀង កាលពីថ្ងៃទី១៩ ខែមករា បានបង្ហាញថា ប្រជាពលរដ្ឋវៀតណាម បានដាំដំណាំស្រូវជាប់បង្គោលព្រំដែនលេខ១៨៩ ស្ថិតក្នុងភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្ទ្រា។ ប៉ុន្តែពលរដ្ឋខ្មែរវិញ ត្រូវអាជ្ញាធរវៀតណាម ហាមឃាត់ និងតម្រូវឲ្យដាំស្រូវឃ្លាតពីបង្គោលចម្ងាយ ៥០ម៉ែត្រ។ ពាក្យបណ្ដឹងនោះបង្ហាញទៀតថា អ្នកមានអំណាចក៏បានជួលដីឲ្យវៀតណាម សរុបប្រមាណ ១.០៤៧ហិកតារ ក្នុងនោះនៅភូមិកោះឫស្សី ឃុំទួលស្តី ចំនួន ៥៦០ហិកតារ។ រីឯភូមិគោកតែក ចំនួន ២៤៧ហិកតារ និងភូមិតែងម៉ៅ ២៤០ហិកតារ ស្ថិតក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង លោក គង់ ម៉ាស់ ឲ្យដឹងថា អាជ្ញាធរខ្មែរនៅមូលដ្ឋានភូមិ-ឃុំខាងលើ មិនអើពើយកចិត្តទុកដាក់បញ្ហានេះទេ ថែមទាំងការពារ និងបណ្តោយឲ្យជនជាតិវៀតណាម ចេញចូលតាមអំពើចិត្តទាំងគ្មានលិខិតឆ្លងដែនមកជួលដី និងធ្វើស្រែនៅលើទឹកដីខ្មែរតាមបណ្តោយព្រំប្រទល់កម្ពុជា-វៀតណាម នៃខេត្តស្វាយរៀង៖ «ជាក់ស្តែងយើងបានចុះទៅឃើញសុទ្ធតែជនជាតិវៀតណាម តែម្តង ដែលមកសាបព្រោះ និងធ្វើស្រូវលើដីខ្មែរ។ តែពេលយើងចុះទៅដូចមានអ្នករាយការណ៍ប្រាប់យួនមុនចឹង គឺពួកគេចេញអស់ទៅ ពោលគឺនៅសល់តែដំណាំស្រូវ គ្រាប់ពូជ និងឧបករណ៍ធ្វើស្រែដូចជាត្រាក់ទ័រជាដើម នៅពេញទីនោះ»។
លោក គង់ ម៉ាស់ ឲ្យដឹងដែរថា ការដាក់ពាក្យបណ្ដឹងនេះដើម្បីឲ្យអភិបាលខេត្តស្វាយរៀង អន្តរាគមន៍ និងឆ្លើយតបជាសាធារណៈចំពោះករណីវៀតណាម ធ្វើស្រែ និងជួលដីនេះ ដើម្បីការពារបូរណភាពទឹកដីខ្មែរកុំឲ្យបាត់បង់ទៅថ្ងៃខាងមុខ។ លោកថា បើពុំមានដំណោះស្រាយទេនោះ លោកនឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធដទៃទៀត៖ «យើងព្រួយបារម្ភខ្លាចដេញមិនទៅ ហើយយូរៗទៅជាទម្លាប់ ដូច្នេះយើងខ្លាចបាត់បង់ដី»។
ទាក់ទិនករណីនេះ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល មានប្រសាសន៍ថា លោកមិនទាន់បានឃើញពាក្យបណ្ដឹងនោះឡើយទេ ដោយសារតាំងពីថ្ងៃទី១៩ ខែមករា លោកជាប់រវល់នៅទីក្រុងតៃនិញ ប្រទេសវៀតណាម។ ទោះយ៉ាងណាក្តី លោកបញ្ជាក់ថា នឹងចាត់ឲ្យគណៈកម្មការខេត្តពិនិត្យមើលលើបញ្ហានេះ៖ «ចាំឲ្យគេចុះពិនិត្យជាក់ស្តែងមើល ព្រោះថាខាងវៀតណាម ខ្ញុំបាននិយាយជាមួយគេច្បាស់ណាស់ ថាកន្លែងណាអាស្រ័យផល គឺអាស្រ័យផលកន្លែងនោះសិន ទម្រាំរដ្ឋាភិបាលប្រគល់ និងបោះបង្គោលព្រំដែនរៀបម៉េចៗចឹងនោះ។ ឥឡូវពាក្យបណ្ដឹងនោះ ចាំមើលខ្ញុំឲ្យគណៈកម្មការចុះមើលកន្លែងណាអីកន្លែងណា»។
កន្លងមក ថ្នាក់ដឹកនាំខេត្តធ្លាប់ចុះទៅស្រាវជ្រាវដែរ ប៉ុន្តែរកពុំឃើញដូចការលើកឡើងរបស់ពលរដ្ឋ និងបក្សប្រឆាំងឡើយ។ ចំណែកពលរដ្ឋ និងមន្ត្រីបក្សប្រឆាំងជាដើម សុទ្ធតែអះអាងថា ករណីវៀតណាម ជួលដីនេះ គឺជារឿងពិត ដោយគ្រាន់តែដូររូបភាពការជួលដីប៉ុណ្ណោះដែលឲ្យខ្មែរឈរឈ្មោះជាតំណាង ហើយម្យ៉ាងវិញទៀត ពលរដ្ឋថាថ្នាក់ខេត្តក៏មិនត្រូវជឿលើរបាយការណ៍របស់អាជ្ញាធរថ្នាក់ក្រោមខ្លាំងពេក។
រីឯមន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តស្វាយរៀង លោក នុត បូពិណ្ណារ័ត្ន មានប្រសាសន៍ថា ករណីវៀតណាម ធ្វើដំណាំផ្សេងនៅជាប់បង្គោលព្រំដែន គឺជារឿងពិតជាក់ស្តែង ដែលធ្លាប់ចុះទៅឃើញផ្ទាល់ដែរ។ រីឯករណីវៀតណាម ជួលដីនោះ លោកស្នើឲ្យអភិបាលខេត្តចាត់ឲ្យក្រុមការងារពិនិត្យលើលិខិតស្នាមជួលដីនោះឲ្យបានច្បាស់លាស់ ដើម្បីបកស្រាយឲ្យបានច្បាស់៖ «យើងឃើញជាក់ស្តែង គេដាំដល់បង្គោលមែន បើដាំដំឡូងដាំបង្គោល ហើយបើដាំស្រូវដាំដល់បង្គោលតែម្តង តែកម្ពុជា មិនអាចធ្វើដល់បង្គោលបានទេ»។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោកបណ្ឌិត កែម ឡី ដែលធ្លាប់ស្រាវជ្រាវព្រំដែនកម្ពុជា-វៀតណាម កាលលោកនៅមានជីវិតនោះ ចាត់ទុកថា បញ្ហាជួលដីនេះ គឺជាអាណានិគមបែបថ្មី ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បូរណភាពទឹកដីកម្ពុជា ពីសំណាក់ប្រទេសជិតខាងតាមរយៈយុទ្ធសាស្ត្រច្រែះស៊ីដែក ដែលបានរៀបចំទុកជាយូរណាស់មកហើយ។
លោកបណ្ឌិត កែម ឡី បន្តថា រដ្ឋាភិបាលគួរតែទទួលស្គាល់ការពិត ហើយចាប់ផ្តើមអភិវឌ្ឍ ឬបំពេញបន្ថែមនូវតម្រូវការចាំបាច់របស់ប្រជាជនខ្មែរតាមព្រំដែន ដើម្បីឲ្យពួកគាត់ងាយស្រួលបង្កបង្កើនផល និងចូលរួមការពារព្រំដែនយ៉ាងមានប្រសិទ្ធភាព៕
No comments:
Post a Comment