១០-មករា-២០១៦៖ ចម្ការរបស់ជនជាតិវៀតណាម នៅចំណុចទួលគ្រោះ ក្នុងឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាដីរបស់ក្រុមហ៊ុន ម៉ែន សារុន ជួលឲ្យពលរដ្ឋវៀតណាម ដាំអំពៅ។ រូបថតសហគមន៍ |
ប្រជាសហគមន៍នៅឃុំជាំក្រវៀន និងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បារម្ភចំពោះសកម្មភាពជួលដីថ្មីៗទៅឲ្យជនជាតិវៀតណាម។ ពួកគេសង្កេតឃើញថា ក្រុមហ៊ុន ម៉ែន សារុន បានជួលដីមួយចំនួនទៅឲ្យពលរដ្ឋវៀតណាម បន្ថែមទៀត ដែលផ្ទុយទៅនឹងសារាចររបស់រាជរដ្ឋាភិបាលដែលហាមឃាត់មិនឲ្យពលរដ្ឋ ឬក្រុមហ៊ុនជួលដីឲ្យទៅប្រទេសជិតខាងទៀតនោះ។ តំណាងក្រុមហ៊ុន ម៉ែន សារុន អះអាងថា ក្រុមហ៊ុនមិនបានជួលដីឲ្យទៅជនជាតិវៀតណាម ឡើយ។
បើទោះបីជារាជរដ្ឋាភិបាលបានចេញសារាចរ និងប្រកាសម្តងហើយម្តងទៀត ថាមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ឬក្រុមហ៊ុនជួលដីក្បែរព្រំដែនទៅឲ្យប្រទេសជិតខាងយ៉ាងណាក៏ដោយ ក៏សកម្មភាពនោះនៅតែកើតមាន។ ជាក់ស្តែង ប្រជាសហគមន៍នៅស្រុកមេមត់ អះអាងថា ក្រុមហ៊ុន ម៉ែន សារុន បន្តជួលដីឲ្យជនជាតិវៀតណាម សម្រាប់វិនិយោគដាំអំពៅជាហូរហែ។ ក្នុងចម្ការខ្លះគេទើបនឹងដាំអំពៅថ្មីៗ ខ្លះទៀតដុះលូតលាស់ ហើយខ្លះទៀតអាចទទួលផល ជាដើម។
ប្រជាសហគមន៍នៅស្រុកមេមត់ លោក កាង ឈាង មានប្រសាសន៍ថា ថ្មីៗនេះឃើញជនជាតិវៀតណាម នៅតែបន្តចូលមកដាំអំពៅក្នុងបរិវេណដីក្រុមហ៊ុន ម៉ែន សារុន បន្ថែមទៀត។ លោកមិនបានដឹងថា ផ្ទៃដីដែលក្រុមហ៊ុនបានជួលឲ្យទៅជនជាតិវៀតណាម មានចំនួនប៉ុន្មានហិកតារនោះទេ ប៉ុន្តែលោកដឹងថា មានមេការជនជាតិវៀតណាម ម្នាក់ឈ្មោះ តេវ បានជួលដីពីតំណាងក្រុមហ៊ុន ឈ្មោះ វាសនា ក្នុងតម្លៃមួយហិកតារពី ១លានរៀលឡើងទៅក្នុងមួយឆ្នាំ។
លោកថា ឈ្មោះ តេវ បានយកដីដែលជួលពីក្រុមហ៊ុន ទៅជួលឲ្យពលរដ្ឋវៀតណាម បន្តទៀត ហើយថ្មីៗនេះឃើញមានពលរដ្ឋវៀតណាម ជាច្រើនក្រុម បានចូលទៅមើលទីតាំងដីក្នុងក្រុមហ៊ុន ដើម្បីដាំអំពៅបន្ថែមទៀត៖ «សម្ដីមាសរបស់សម្ដេចប៉ុណ្ណឹងគេមិនស្តាប់ផង ចុះទម្រាំពលរដ្ឋធម្មតា។ អ៊ីចឹងមានការព្រួយបារម្ភខ្លាចអនាគតទៅ ខ្លាចតំបន់ហ្នឹងមិនមែនក្រុមហ៊ុនជួលឲ្យវៀតណាម យូរៗទៅក្លាយជារបស់វៀតណាម តែម្តងក៏ថាបាន»។
កាលពីថ្ងៃទី១៦ មករា ប្រជាសហគមន៍ឃុំជាំក្រវៀន និងឃុំទន្លូង បានដាក់ពាក្យប្ដឹងក្រុមហ៊ុន ម៉ែន សារុន ទៅតុលាការ ជុំវិញករណីជីកប្រឡាយផ្តាច់ផ្លូវសាធារណៈ ដែលបណ្ដាលឲ្យពលរដ្ឋមិនអាចឆ្លងកាត់ទៅកាន់ដីចម្ការរបស់ខ្លួនបាន។ ក្នុងពាក្យបណ្ដឹងបញ្ជាក់ថា ថ្មីៗនេះមេការក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា បានជួលដីឲ្យពលរដ្ឋវៀតណាម ជាច្រើនហិកតារ។ ក្នុងពាក្យបណ្ដឹងអះអាងថា តំណាងក្រុមហ៊ុនបានជួលឲ្យពលរដ្ឋវៀតណាម ពី ៣ ទៅ ៤ឡូត៍ ដោយក្នុងមួយឡូត៍ៗមានផ្ទៃដីពី ២០ ទៅ ២៥ហិកតារ។ ករណីនេះ គឺផ្ទុយទៅនឹងសារាចររបស់រាជរដ្ឋាភិបាល ដែលចេញកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ណែនាំដល់ពលរដ្ឋរស់នៅក្បែរព្រំដែន គឺហាមដាច់ខាតមិនឲ្យបន្តជួលដីឲ្យទៅប្រទេសជិតខាងឡើយ។
ទាក់ទងបញ្ហានេះ តំណាងក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា មានប្រសាសន៍កាលពីថ្ងៃទី១៧ មករា ថា ខាងក្រុមហ៊ុនមិនបានជួលដីឲ្យពលរដ្ឋវៀតណាម ដូចការលើកឡើងទេ ប៉ុន្តែខាងក្រុមហ៊ុនគ្រាន់តែសហការជាមួយអ្នកជំនាញជនជាតិវៀតណាម ក្នុងការដាំអំពៅ ហើយបានផល គឺលក់ឲ្យវៀតណាម ប៉ុណ្ណោះ៖ «ស្នា! តាមពិតដីយើងហ្នឹងដាំអំពៅទេខាងយើង ទទួលលក់អំពៅនៅពេលបានផល។ យើងលក់ មិនមែនយើងជួលទេ»។
បើទោះបីជាមានការច្រានចោលបែបនេះក្តី ប៉ុន្តែប្រជាសហគមន៍យល់ថា នេះគ្រាន់តែជាការដោះសាប៉ុណ្ណោះ។
អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា មានប្រសាសន៍នៅថ្ងៃទី២០ មករា ថា កាលពីសប្ដាហ៍មុន ក្រុមការងារខេត្ត និងក្រុមការងារអន្តរក្រសួង បានចុះពិនិត្យបញ្ហានេះដល់ទីតាំងក្រុមហ៊ុន ម៉ែន សារុន ប៉ុន្តែរកមិនឃើញថា ក្រុមហ៊ុននេះជួលដីឲ្យពលរដ្ឋវៀតណាម ទេ ហើយប្រសិនបើរកឃើញថា ក្រុមហ៊ុនជួលដីក្បែរព្រំដែនទៅឲ្យជនបរទេស អាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់៖ «យើងចុះពិនិត្យមើលលើការងារហ្នឹង គឺអត់បានស្រាវជ្រាវរកករណីហ្នឹង គឺអត់មានជួលឲ្យក្រុមហ៊ុនវៀតណាម ទេដីហ្នឹង»។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំប្រជាពលរដ្ឋដែលរស់នៅជាប់ព្រំដែន ឲ្យបញ្ឈប់ការជួលដីទៅឲ្យប្រទេសជិតខាង ទោះបីក្នុងរូបភាពណាក៏ដោយ ក៏ប៉ុន្តែក្នុងសារាចរបញ្ជាក់ថា ប្រសិនបើដីជួលទាំងនោះមិនទាន់បញ្ចប់កិច្ចសន្យាដែលមានឯកសារគតិយុត្តិត្រឹមត្រូវ គឺពួកគេអាចបន្តរហូតផុតកំណត់បាន។ ជាងនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់ផ្ញើលិខិតឲ្យរដ្ឋាភិបាលវៀតណាម ដោយស្នើឲ្យបញ្ឈប់សកម្មភាពប្រជាពលរដ្ឋខ្លួនក្នុងការជួលដីខ្មែរបន្តទៀត។
បន្ថែមពីនេះ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ប្រមុខរាជរដ្ឋាភិបាល លោក ហ៊ុន សែន បានក្រើនរំឭកអំពីបម្រាមជួលដីទៅឲ្យបរទេស រួមមានប្រទេសវៀតណាម ថៃ និងប្រទេសឡាវ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងជាសាធារណៈទៅកាន់អាជ្ញាធរគ្រប់ខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ថា “ហាមដាច់ខាតចំពោះការជួលដីឲ្យប្រជាជនវៀតណាម”។
ទោះបីជាមានសារាចរ និងបម្រាមចេញដោយប្រមុខដឹកនាំម្តងហើយម្តងទៀតក៏ដោយ ប៉ុន្តែព័ត៌មានស្ដីពីការជួលដីឲ្យប្រទេសជិតខាង ពិសេសប្រទេសវៀតណាម នៅតែកើតមាន។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា រាជរដ្ឋាភិបាល ឬអាជ្ញាធរហាក់មិនមានឆន្ទៈក្នុងការដោះស្រាយលើបញ្ហានេះ ពីព្រោះមិនបានយកសារាចរទាំងនោះទៅអនុវត្តទេមកដល់ពេលបច្ចុប្បន្ន។ រីឯសកម្មភាពជួលដីបន្តកើតមានទាំងក្រុមហ៊ុនស្របច្បាប់ និងក្រុមហ៊ុនមិនស្របច្បាប់៖ «ហើយខ្ញុំមើលទៅ មិនមែនថារដ្ឋាភិបាលមិនដឹង មិនមែនអាជ្ញាធរស្រុក មិនមែនមេឃុំមិនដឹងទេ។ ដឹងទាំងអស់ ប៉ុន្តែនេះគេហៅថាគ្មានឆន្ទៈក្នុងការបញ្ឈប់ បើមានឆន្ទៈរឿងអីថាបញ្ឈប់មិនបាន»។
លោក នាង សុវ៉ាត មើលឃើញថា ដើម្បីដោះស្រាយបញ្ហាទាំងនេះមានប្រសិទ្ធភាព គឺត្រូវយកច្បាប់មកអនុវត្ត គួបផ្សំនឹងឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ។ លោកថា បើរាជរដ្ឋាភិបាលគ្មានឆន្ទៈពិតប្រាកដទេ បើទោះបីជាច្បាប់ ឬសារាចរណែនាំនោះល្អប៉ុណ្ណោះក៏ដោយ ក៏គ្មានប្រយោជន៍ ប៉ុន្តែបើមានប្រយោជន៍ គឺសម្រាប់ពលរដ្ឋតូចតាច ឬពលរដ្ឋទន់ខ្សោយប៉ុណ្ណោះ៕
No comments:
Post a Comment