ពលរដ្ឋនៅស្រុកអង្គស្នួល ខេត្តកណ្ដាល និងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ព្រមានតវ៉ាប្រឆាំងនឹងឈ្មួញទិញដីជាថ្មីទៀត បន្ទាប់ពីពលរដ្ឋប្រមាណ ៨០នាក់ ប្រមូលផ្ដុំគ្នានៅក្បែរដីរបស់ពួកគេដែលបានព្រមព្រៀងលក់ ប៉ុន្តែឈ្មួញមិនទាន់ឲ្យលុយគ្រប់ កាលពីថ្ងៃទី៣ ខែមករា។ តំណាងភាគីទិញដីសន្យាថា នឹងប្រគល់លុយឲ្យពលរដ្ឋគ្រប់ចំនួននៅថ្ងៃទី៨ ឬ ទី១០ ខែមករា។
មុននឹងក្រុមអ្នកតវ៉ាបំបែកគ្នាទៅផ្ទះរៀងៗខ្លួន កាលពីព្រឹកថ្ងៃដដែល ពួកគេបានបញ្ជាក់ផ្ទាល់មាត់ទៅបងប្អូនរបស់ឈ្មួញទិញដីឈ្មោះ ស៊ុន ប៊ុនឈួន ដែលចេញមុខមកសម្របសម្រួលជាមួយពលរដ្ឋថា តំណាងភាគីទិញដីត្រូវប្រគល់លុយឲ្យពលរដ្ឋគ្រប់ចំនួននៅថ្ងៃទី៨ ឬថ្ងៃទី១០ ខែមករា។ ការបញ្ជាក់ដូច្នេះ ដោយសារតែតំណាងភាគីទិញមិនព្រមធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ នៃថ្ងៃប្រគល់លុយគ្រប់ចំនួន។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាច្រើនភូមិដែលឈរតវ៉ានៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ឋិតនៅភូមិដុកខ្លាត ឃុំភ្នំតូច លោក ណយ អាង មានប្រសាសន៍ថា ដីទំហំជាង ៣៣ហិកតាររបស់ពលរដ្ឋ ៨៨គ្រួសារ មកពីភូមិជាច្រើន នៃឃុំភ្នំតូច ស្រុកឧដុង្គ និងឃុំទួលព្រេច ស្រុកអង្គស្នួល ត្រូវបានឈ្មួញធ្វើលិខិតទិញលក់ជាមួយពលរដ្ឋតាំងអំឡុងខែមិថុនា ឆ្នាំ២០១៦ ប៉ុន្តែមិនបានឲ្យលុយគ្រប់៖ «ឥឡូវគាត់ចង់បន្តទៀត! យើងនេះខែមួយ អ៊ីចឹងថ្ងៃទី១០ ឲ្យលុយមួយវគ្គ លើកក្រោយចង់បន្ដមួយវគ្គទៀត បើចិត្តខ្ញុំអត់ព្រមទេ តែបើប្រជាពលរដ្ឋទាំងអស់ក៏ខ្ញុំអត់ដឹងដែរ តែឲ្យតែមួយដំណាក់កាលហ្នឹងទៀតបានហើយ ព្រោះយើងចាំច្រើនដំណាក់កាលហើយ»។
ក្រុមអ្នកតវ៉ារំលឹកថា ដីស្រែឋិតនៅភូមិដុកខ្លាត ទំហំប្រមាណ ៦០ហិកតារ ធ្លាប់មានជម្លោះជាមួយក្រុមហ៊ុនចិន ជាច្រើនឆ្នាំ ហើយអាជ្ញាធរ និងក្រុមហ៊ុនសម្រេចកាត់ដីទំហំជាង ៣៣ហិកតារទៅឲ្យពលរដ្ឋកាលពីដើមឆ្នាំ២០១៦ ដើម្បីបញ្ចប់ជម្លោះ ហើយពលរដ្ឋក៏លែងមានបញ្ហាអ្វីទៀតជាមួយក្រុមហ៊ុនចិនដែរ។ ប៉ុន្តែអតីតតំណាងពលរដ្ឋ និងជាអ្នកទិញដីឲ្យថៅកែ បែរជាចង់ធ្វើបាបអ្នកភូមិ។
ពលរដ្ឋដែលចេញមុខតវ៉ាម្នាក់ទៀត គឺលោកស្រី ភុន ពៅ ឲ្យដឹងថា អ្នកប្រមូលទិញដីពីពលរដ្ឋឈ្មោះ ស៊ុន ប៊ុនឈួន លែងរវីរវល់នឹងក្រុមអ្នកភូមិទៀត បន្ទាប់ពីបានប្លង់ដីរបស់ពលរដ្ឋដែលកាត់ចេញពីផលប៉ះពាល់ក្រុមហ៊ុនចិន ហើយភាគីពលរដ្ឋបានព្រមព្រៀងលក់ដីនោះឲ្យខ្លួន ដើម្បីលក់បន្តទៅឲ្យថៅកែដែលជាឧកញ៉ាម្នាក់។ ទង្វើនេះធ្វើឲ្យពលរដ្ឋខ្លះសង្ស័យថា ឈ្មួញចង់ស៊ីដាច់លុយពលរដ្ឋ៖ «បងថាថ្ងៃទី១០ តែសូមឲ្យក្រដាសទាំងអស់គ្នាមក ប៉ុណ្ណឹងមកវាចប់ទៅហើយអត់មានអីទៀតទេ។ អ៊ីចឹងធ្វើសំបុត្រឡាក់ឡាំងត្រឹមហ្នឹងហើយណាប្អូន»។
អាស៊ីសេរីមិនអាចទាក់ទងអតីតតំណាងពលរដ្ឋ និងជាឈ្មួញទិញដីឈ្មោះ ស៊ុន ប៊ុនឈួន ដើម្បីបំភ្លឺតបចំពោះការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៣ ខែមករា។ ប៉ុន្តែប្អូនថ្លៃរបស់លោក ស៊ុន ប៊ុនឈួន ឈ្មោះ ផុន នី អះអាងថា ថៅកែទិញដីបានទម្លាក់លុយមកគ្រប់ចំនួនតាមធនាគារមួយ ប៉ុន្តែទាល់តែរង់ចាំរហូតដល់ក្រោយថ្ងៃបុណ្យជាតិ ៧ មករា ទើបអាចបើកបាន ហើយលោកមិនប្រាប់ពីទំហំទឹកប្រាក់ ឬតម្លៃដីទិញពីពលរដ្ឋនោះទេ៖ «គេ (ថៅកែ) ដាក់លុយឲ្យនៅថ្ងៃ២៩ ខែ១២។ ក្រុមហ៊ុនគេហ្នឹងមានបីក្រុមហ៊ុន តែខ្ញុំស្គាល់ច្បាស់ទាំងបីក្រុមហ៊ុនទេណា គេបានសរសេរសែក (មូលប្បទានប័ត្រ) មកឲ្យ តែរយៈពេល ៦ថ្ងៃបានមានលុយ។ អ៊ីចឹង ៦ថ្ងៃ ចំនឹងថ្ងៃបុណ្យ និងថ្ងៃ៧ មករា អ៊ីចឹងទៅណា ឥឡូវខ្ញុំឲ្យបងប្អូនរង់ចាំដល់ថ្ងៃ៧ មករា ហើយប្រគល់លុយឲ្យគាត់»។
ក្រុមអ្នកតវ៉ា ថាឈ្មួញទិញដីឈ្មោះ ស៊ុន ប៊ុនឈួន និងបក្សពួក បានកក់លុយថ្លៃដីពីរលើករួចមកហើយ ដោយលុយកក់ទាំងពីរលើកក្នុងមួយគ្រួសារទទួលបានចន្លោះពី ៥០០ដុល្លារ ទៅជាង ១ពាន់ដុល្លារ ទៅតាមតម្លៃដីដែលពលរដ្ឋលក់ថ្លៃ ឬថោក គឺក្នុងមួយម៉ែត្រការ៉េ តម្លៃចន្លោះពីពីរដុល្លារ ទៅ ១០ដុល្លារ។ រយៈពេលជាងបួនខែមកនេះ ឈ្មួញបានសុំពន្យារពេលមិនតិចជាង ៤ដងទេ ប៉ុន្តែមិនបានប្រគល់លុយគ្រប់ចំនួនទៅតាមកាលកំណត់ ទើបនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ដែលជាថ្ងៃសន្យាប្រគល់លុយគ្រប់ចំនួនចុងក្រោយ បែរជាអត់ទៅវិញ ទើបពលរដ្ឋផ្ទុះការតវ៉ានេះឡើង៕
No comments:
Post a Comment