Tuesday, January 3, 2017

ខួប​ ៣ ឆ្នាំ​នៃ​ការ​បង្ក្រាប​ដោយ​អំពើ​ហិង្សា​លើ​ដង​ផ្លូវ​វេងស្រេង

                                                                                                                                                            ភ្នំពេញ: លោក ខែម សឿន អាយុ ៤២ ឆ្នាំ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា​កូនប្រុស​របស់​លោក​ត្រូវ​បាន​គេ​សម្លាប់​ដូច​សត្វ​ឆ្កែ​ប្រហែល​ជា​អាក្រក់​ជាង​សត្វ​ឆ្កែ​ទៅ​ទៀត​ពីព្រោះ​ក្រុម​គ្រួសា​មិន​អាច​រក​សាកសព​របស់​កូន​ឃើញ​នោះ​ទេ។

កូនប្រុស​របស់​លោក​ សឿន ឈ្មោះ ខែម សុផាត គឺជា​ម្នាក់​ក្នុង​ចំណោម​កម្មករ​កាត់ដេរ​ចំនួន​ប្រាំ​នាក់​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​កាលពី​បី​ឆ្នាំ​មុន​ខណៈ​ដែល​មាន​ការ​តវ៉ា​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​តាម​បណ្តោយ​ផ្លូវ​វេងស្រេង​ក្នុង​រាជធានី​ភ្នំពេញ។

ការ​បង្ក្រាប​ដោយ​ហិង្សា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កង​សន្តិសុខ​ដែល​បាន​បង្ក្រាប​ទៅ​លើ​អ្នក​តវ៉ា​ដោយ​សន្តិវិធី​ដែល​មក​ពី​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​នៅ​ផ្លូវ​វេងស្រេង តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មាន​ការ​តវ៉ា​បិទ​ផ្លូវ និង​មាន​ដុត​កង់​ឡាន​នៅ​លើ​ផ្លូវ​នោះ​ផង​ដែរ។

នៅ​ថ្ងៃ​ទី ៣ ខែ​មករា​ឆ្នាំ ២០១៤ កង​កម្លាំង​យោធា និង​ប៉ូលីស​ជាច្រើន​នាក់​ដែល​ប្រដាប់​ដោយ​អាវុធ​ជាច្រើន​រួម​ជាមួយ​នឹង​គ្រាប់​ពិត​ផង​ដែរ​នោះ​បាន​ចូល​មក​ដើម្បី​បោស​សម្អាត​នឹង​បំបែក​បាតុកម្ម​ដែល​កម្មករ​បិទ​ផ្លូវ​អស់​រយៈពេល​ប្រហែល ១០ ថ្ងៃ​បន្ទាប់​ពី​ពួកគេ​ច្រាន​ចោល​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ពី​ ៨០ ដុល្លារ​ទៅ ៩០ ដុល្លារ​ជា​ចំនួន​ដែល​ពួកគេ​និយាយ​ថា​មាន​ចំនួន​ខុស​គ្នា​ឆ្ងាយ​ពី​ចំនួន ១៦០ ដុល្លារ​ដែល​ពួកគេ​បាន​ទាមទារ។

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន​បួន​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អំពើ​ហិង្សា​នា​ពេល​នោះ​ជា​កន្លែង​ដែល​សាកសព​របស់​យុវជន​សុផាត​មិន​មាន​ឃើញ​នៅ​ទី​នោះ​ទេ ប៉ុន្តែ​មាន​សាក្សី​ម្នាក់​បាន​និយាយ​ថា​គាត់​បាន​ឃើញ​យុវជន​សុផាត​ត្រូវ​បាន​គេ​បាញ់​ចំ​ដើមទ្រូង និង​ត្រូវ​បាន​កម្លាំង​សន្តិសុខ​យក​ចេញ​ទៅ​បាត់។

លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ការ​តវ៉ា​នេះ​ត្រូវ​បាន​គេ​សម្គាល់​ឃើញ​ថា​ជា​ផ្នែក​មួយ​នៃ​អំពើ​ហិង្សា​ដ៏ខ្លាំង​បំផុត​មួយ​របស់​ប្រទេស​កម្ពុជា​ដែល​ធ្វើ​ឲ្យ​មាន​ការ​ភ័យខ្លាច​នៅ​ក្នុង​ចំណោម​កម្មករ។

លោក​បាន​ថ្លែង​ថា៖ «ផ្លូវ​វេងស្រេង​បាន​បង្កើត​ឲ្យ​មាន​ការ​បំភិត​បំភ័យ​ផ្នែក​ផ្លូវ​ចិត្ត​ប្រឆាំង​ទៅ​នឹង​សកម្មភាព​សហជីព និង​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្មករ​ក្នុង​ការ​តវ៉ា»។

លោក ពៅ ត្រូវ​បាន​គេ​វាយដំ​យ៉ាង​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី ២ ខែ​មករា​នឹង​ត្រូវ​បាន​នាំ​ទៅ​ឃុំឃាំង​ដោយ​រង​ការ​ចោទប្រកាន់​ពី​បទ​បង្ករ​ហិង្សា​ដោយ​ចេតនា​បន្ទាប់​ពី​លោក​ប៉ុនប៉ង​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​កម្មករ និង​កងកម្លាំង​សន្តិសុខ​នៅ​ខាង​ក្រៅ​រោងចក្រ​កាត់ដេរ Yak Jin តាម​ផ្លូវ​ជាតិ​លេខ ៤ នៅ​ក្នុង​ការ​តវ៉ា​ដាច់​ដោយ​ឡែក​មួយ​ទៀត​ទាក់ទង​ទៅ​នឹង​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ​ដែរ។ ដោយ​ពេល​នេះ​ភាព​ចលាចល​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយ​នឹង​ការ​ធ្វើ​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សមរង្ស៊ី បាន​បោះ​ទម្ងន់​នៃ​ការ​ប្រឆាំង​នៅ​ពី​ក្រោយ​កម្មករ​ដែល​បាន​ស្នើ​ឲ្យ​ពួកគេ​ទាមទារ​នូវ​ប្រាក់​ឈ្នួល​ចំនួន ១៦០ ដុល្លារ។

លោក ពៅ បន្ថែម​ថា៖ «អំពើ​ហិង្សា​នេះ​មិន​មែន​ជា​ការ​ញុះញង់​ដោយ​គណបក្ស​សង្គ្រោះជាតិ ឬ​ដោយ​សហជីព​នោះ​ទេ។ គឺ​រដ្ឋាភិបាល​ដែល​បាន​ជ្រើសរើស​ការ​បាញ់​ប្រហារ​មក​លើ​កម្មករ»។

ការ​លើក​ឡើង​របស់​លោក​ ពៅ ត្រូវ​បាន​បន្ទរ​ដោយ​លោក​ អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​ដែល​បាន​និយាយ​ថា​អំពើ​ហិង្សា​ដ៏ឃោរឃៅ​នេះ​ធ្វើ​ឱ្យ​មាន​ការ​ថយ​ចុះ​នូវ​ការ​ចូលរួម​ពី​កម្មករ​នៅ​ក្នុង​ការ​តវ៉ា​ផ្សេង​ទៀត។

លោក ធន់ គឺជា​មេដឹកនាំ​ម្នាក់​ក្នុង​ចំណោម​មេដឹកនាំ​សហជីព​ចំនួន​ប្រាំ​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​នៅ​ប្រាំបី​ខែ​បន្ទាប់​ពី​ការ​តវ៉ា​ចំពោះ​អំពើ​ហិង្សា​ដោយ​ចេតនា​ពី​បទ​ញុះញង់​ និង​ការ​បង្ករ​ភាព​វឹកវរ​ដល់​សន្តិសុខ​សាធារណៈ​ដែល​ករណី​នេះ​នៅ​មិន​ទាន់​យក​ទៅ​កាត់​ទោស​នៅ​ឡើយ។

ខណៈ​ដែល​សហជីព​ពិបាក​នឹង​ទម្លាក់​ចោល​នូវ​ស្រមោល​ពី​ហេតុការណ៍​ក្នុង​ផ្លូវ​វេងស្រេង​នោះ​លោក មឿន តុលា ប្រធាន​អង្គការ​តស៊ូ​មតិ​ការងារ​បាន​ឲ្យ​ដឹង​ថា​សហជីព​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ប្រើប្រាស់​មធ្យោបាយ​ផ្សេង។

លោក មឿន តុលា បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា​វា​មិន​ត្រឹម​តែ​រឿង​នៅ​ផ្លូវ​វេងស្រេង​នោះ​ទេ។ ករណី​ទាំង​នោះ​គឺ​តុលាការ​យក​ទៅ​ប្រឆាំង​នឹង​មេដឹកនាំ​សហជីព និង​ច្បាប់​ស្តីពី​សហជីព​គឺជា​សមាសធាតុ​ដែល​បាន​ផ្លាស់ប្តូរ​សហជីព​នេះ»។

បី​ឆ្នាំ​ក្រោយ​មក​លោក​ តុលា បាន​ប្រាប់​ឲ្យ​ដឹង​ថា​សហជីព​នៅ​តែ «ជាប់​គាំង​នៅ​ក្នុង​ការ​តវ៉ា​តាម​ចិញ្ចើម​ផ្លូវ» ជា​ប្រភេទ​នៃ​យុទ្ធសាស្ត្រ​ដើម្បី​ដោះស្រាយ​ការ​ព្រួយបារម្ភ​នៅ​ក្នុង​រោងចក្រ​របស់​ពួកគេ​ហើយ​ជា​ចាំបាច់​ត្រូវ​ចៀសវាង​នឹង​ទប់ស្កាត់​ការ​បង្ក្រាប​ដូច​នៅ​ផ្លូវ​វេងស្រេង​ទៀត។

លោក តុលា បាន​បញ្ជាក់​ថា៖ «ពួកគេ​ត្រូវ​ធ្វើ​យុទ្ធសាស្ត្រ​ផ្សេង​ពីព្រោះ​នៅ​ពេល​ដែល​យើង​និយាយ​អំពី​ការ​តស៊ូ​គឺ​មិន​ត្រឹម​តែ​នៅ​តាម​ដង​ផ្លូវ​នោះ​ទេ។ ពួកគេ​ត្រូវ​តែ​ស្វែងរក​វិធី​ផ្សេង​ទៀត​ផង​ដែរ​ដើម្បី​ដាក់​សម្ពាធ​ដល់​ក្រុមហ៊ុន​ផលិត​ដើម្បី​បំពេញ​តម្រូវការ​របស់​ពួកគេ»។

ក្រុម​សហជីព និង​ក្រុម​គ្រួសារ​របស់​អ្នក​ស្លាប់​នឹង​រៀបចំ​ពិធី​រំឭក​ខួប​នៅ​ថ្ងៃ​នេះ​ដើម្បី​សម្គាល់​ពី​ការ​សម្លាប់​នេះ។ ស្រដៀង​គ្នា​ទៅ​នឹង​ឆ្នាំ​មុន​ដែរ​សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បដិសេធ​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ប្រារព្ធ​ពិធី​ណា​មួយ​នៅ​លើ​ផ្លូវ​វេងស្រេង​នោះ​ទេ​ដោយ​បន្ថែម​ថា​វា​នឹង​ធ្វើ​ឲ្យ​មាន «ការ​កកស្ទះ​ចរាចរណ៍ និង​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ»៕ NS

No comments:

Post a Comment