Tuesday, January 3, 2017

មាន​ការ​នាំ​ខ្សាច់​ទៅ​ឥណ្ឌា ​ខណៈ​កម្ពុជា​មិន​មាន​ទិន្នន័យ

                                                                                                                                                                                       ភ្នំពេញៈ កម្ពុជា​បាន​នាំ​ចេញ​ខ្សាច់​ជាង​​ ១០៨ ០០០ ​តោន​ទៅ​ប្រទេស​​ឥណ្ឌា​ជាមួយ​​ការ​ដឹក​ចេញ​​ចំនួន​​ ៣៦ ​​លើក​ផ្សេង​គ្នា​ក្នុង​ចន្លោះ​ឆ្នាំ​ ២០១៣​ ដល់​ឆ្នាំ​​ ២០១៥​។ នេះ​បើ​​តាម​ទិន្នន័យ​គយ​ឥណ្ឌា​​ដែល​កាសែត​ទទួល​បាន​​ពី​​​ថ្ងៃ​អាទិត្យ​​ជា​ទិន្នន័យ​​​មាន​​លក្ខណៈ​ផ្ទុយ​នឹង​ទិន្នន័យ​គយ​កម្ពុជា​ដែល​មិន​មាន​បង្ហាញ​អ្វី​ទាល់តែ​សោះ​​ពី​ការ​នាំ​ចេញ​ខ្សាច់​ទៅ​​ឥណ្ឌា​នោះ។

ភាព​ខុស​​គ្នា​ខ្លាំង​នៃ​ទិន្នន័យ​​​ចុងក្រោយ​បាន​កើត​មាន​ឡើង​ហើយ​ក្រសួង​រ៉ែ​​បាន​​ព្យាយាម​ពន្យល់​​មូលហេតុ​​ដែល​ប្រទេស​សិង្ហបុរី​បាន​កត់ត្រា​ការ​នាំ​ចូល​ខ្សាច់​ជិត​ ៧០ លាន​តោន​ពី​ប្រទេស​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ​ ២០១៥​ ខណៈ​កម្ពុជា​មិន​មាន​ការ​កត់ត្រា​ស៊ីចង្វាក់​គ្នា​។

ទិន្នន័យ​​ខុស​គ្នា​​យ៉ាង​ខ្លាំង​នេះ​បាន​​ធ្វើ​ឲ្យ​មាន​ក្តីបារម្ភ​​ពី​ក្រុម​អ្នក​ការពារ​បរិស្ថាន​​ដែល​ថា​មនុស្ស​មួយ​ចំនួន​កំពុង​​​​​មាន​ទ្រព្យសម្បត្តិ​កាន់តែ​ច្រើន​​ដោយ​​ការ​នាំ​ខ្សាច់​ខុស​ច្បាប់​ពី​កម្ពុជា​ខណៈ​វា​កំពុង​ប៉ះពាល់​​ជម្រក​សត្វ​ក្នុង​ទឹក​​ និង​បង្ក​ឲ្យ​មាន​ការ​សឹក​​ដី​កាន់​តែ​ខ្លាំង​ឡើង​នាំ​ឲ្យ​មាន​ការ​បាក់​​ផ្ទះ​​ចូល​ទៅ​ក្នុង​ទន្លេ​​ដែល​ទើប​កើត​មាន​​នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ​។

ទិន្នន័យ​​គយ​​របស់​ប្រទេស​ឥណ្ឌា​ទទួល​បាន​ដោយ​អង្គការ​​មាតា​ធម្មជាតិ​ដែល​ជា​អង្គការ​​បរិស្ថាន​បាន​កត់ត្រា​ការ​នាំ​ចេញ​ខ្សាច់​​ចំនួន​ ៣៦ ​​ដង​ចេញ​ពី​ប្រទេស​​កម្ពុជា​ពី​ឆ្នាំ​ ២០១៣ ​ដល់​ឆ្នាំ​ ២០១៥ ​​ដែល​​សរុប​ទៅ​មាន​ចំនួន​ ១០៨៦៥៨ ​តោន​ និង​តម្លៃ​ ២,៦ ​លាន​ដុល្លារ​។

ផ្ទុយ​ទៅ​​វិញ​ទិន្នន័យ​គយ​​ពី​ប្រទេស​​កម្ពុជា​បាន​​​​កត់ត្រា​តែ​ការ​នាំ​ចេញ​​ខ្សាច់​​ទៅ​ប្រទេស​សិង្ហបុរី ថៃ ត៉ៃវ៉ាន់ វៀតណាម ​និង​កូរ៉េ​ខាង​ត្បូង​ប៉ុណ្ណោះ​ដែល​សរុប​ទៅ​មាន​​​ ៤៥៥០០០ ​តោន និង​តម្លៃ​ ២,៤៧ ​លាន​ដុល្លារ​។

អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​លោកស្រី សឹង សុផារី បាន​ថ្លែង​ថា​ក្រសួង​​គ្រាន់​តែ​​ចងក្រង​ទិន្នន័យ​​​​ដែល​ផ្តល់​ឲ្យ​ដោយ​​មន្រ្តី​គយ​​​​អំពី​ការ​នាំ​ចូល ​និង​នាំ​ចេញ និង​​មិន​អាច​​ធ្វើ​​អត្ថាធិប្បាយ​អំពី​​ថា​ តើ​មូលហេតុ​អ្វី​​បាន​ជា​មាន​ភាព​ខុស​​គ្នា​​ជាមួយ​​ទិន្នន័យ​គយ​ឥណ្ឌា​ទេ។
លោកស្រី​បាន​​ថ្លែង​ថា​៖«​យើង​យក​ទិន្នន័យ​ពី​គយ ​និង​សិក្សា​​លើ​​ទំនិញ​អ្វី​ដែល​នាំ​​ចេញ​ និង​នាំ​ចូល​ទៅ​ក្នុង​​ប្រទេស​»។ លោកស្រី​បាន​បង្វែរ​សំណួរ​នេះ​ទៅ​គយ​​ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ។

លោកស្រី​បាន​បន្ត​ថា​៖ «​គយ​​ជា​​អ្នក​ទទួល​បន្ទុក​​លើ​ការ​នាំ​ចូល ​និង​នាំ​ចេញ​ទំនិញ​...​ចំពោះ​ករណី​ខ្សាច់​ អ្នក​ដែល​ចេញ​អាជ្ញាប័ណ្ណ​​​ឲ្យ​លក់​ក្នុង​ស្រុក និង​នាំ​ចេញ​ទៅ​ប្រទេស​ដទៃៗ​គឺ​ក្រសួង​រ៉ែ​ និង​ថាមពល​»។


លោក ប៊ូ ប៊ុនណារី ប្រធាន​ទំនាក់​ទំនង​សាធារណៈ​របស់​គយ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​កាលពី​ថ្ងៃ​អាទិត្យ។

អ្នក​នាំពាក្យ​របស់​ក្រសួង​រ៉ែ​លោក ឌិត ទីណា ដែល​​បាន​ការពារ​​ក្រសួង​​របស់​លោក​​ប្រឆាំង​នឹង​ការ​អះអាង​ថា​ធ្វើឲ្យ​មាន​ការ​រត់​ពន្ធ​ខ្សាច់​បាន​ថ្លែង​ថា​លោក​ជឿ​ថា​ខ្សាច់​មួយ​ចំនួន​​​ដែល​នាំ​ចេញ​ទៅ​ប្រទេស​សិង្ហបុរី​អាច​នឹង​ក្រោយ​មក​​បង្វែរ​ទៅ​ប្រទេស​ដទៃៗ​វិញ​ដូចជា​ប្រទេស​ឥណ្ឌា។

លោក ទីណា បាន​បន្ត​ថា​៖ «​​ប្រសិន​បើ​ពួកគេ​​​នាំ​ចេញ​ទៅ​ប្រទេស​សិង្ហបុរី​ ឬ​​ប្រទេស​ដទៃៗ​នេះ​គឺជា​ផ្នែក​មួយ​​នៃ​រឿង​របស់​ពួកគេ​។ ​សូម​សួរ​ខ្លួនឯង​ថា​ប្រសិន​បើ​ពួកគេ​នាំ​ចេញ​ខ្សាច់​​ទៅ​ប្រទេស​សិង្ហបុរី​ហើយ​បន្ទាប់​មក​ពួកគេ​​នាំ​ខ្សាច់​នោះ​ទៅ​កន្លែង​ផ្សេង​ ​តើ​នេះ​ជា​កំហុស​របស់​យើង​​ឬ​អត់?»។

ទោះ​យ៉ាង​ណា​ក្តី​លោក​បាន​ថ្លែង​ថា​ក្រសួង​របស់​លោក​មិន​ទទួល​បន្ទុក​ក្នុង​ការ​ធានា​ថា​មិន​មាន​ការ​រត់​ពន្ធ​ខ្សាច់​ទេ។

លោក​បាន​ថ្លែង​ថា​៖ «​យើង​សូម​បំភ្លឺ​ថា​ក្រសួង​​រ៉ែ​ និង​ថាមពល​របស់​យើង​​ទទួល​បន្ទុក​កត់ត្រា​ការ​នាំ​ចេញ​ខ្សាច់ និង​ពន្ធ​។ អ្នក​ដែល​អនុញ្ញាត​ឲ្យ​​នាំ​ចេញ​​គឺ​គយ​ និង​ស្ថាប័ន​ដទៃៗ​ទៀត​»។

ការ​បូម​ខ្សាច់​ត្រូវ​បាន​ហាមឃាត់​​ក្នុង​រដ្ឋ​ជាច្រើន​​នៅ​ឥណ្ឌា​ដោយសារ​ផលប៉ះពាល់​របស់​វា​ទៅ​លើ​ផ្លូវ​ទឹក ​​និង​​សក្តានុពល​​នៃ​ការ​បង្ក​ឲ្យ​មាន​ការ​សឹក​រេចរឹល​។ សូម្បី​​ក្នុង​រដ្ឋ​មួយ​ចំនួន​​​នៅ​ប្រទេស​ឥណ្ឌា​ដែល​​ការ​បូមខ្សាច់​​មាន​លក្ខណៈ​ស្រប​ច្បាប់​ក៏ដោយ ក៏​តម្រូវ​ការ​​លើស​ការ​ផ្គត់ផ្គង់​ហេតុ​ដូច្នេះ​ត្រូវ​ការ​ការ​នាំ​ចូល​។ ​នេះ​បើ​តាម​របាយការណ៍​ព័ត៌មាន​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​។

ឧទាហរណ៍​ក្នុង​អត្ថបទ​មួយ​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១២​​ ចុះ​នៅ​ក្នុង​កាសែត​ The Hindu ​បាន​កត់សម្គាល់​ពី​តម្រូវ​ការ​ខ្សាច់​​កើនឡើង​ខ្លាំង​​ដើម្បី​ប្រើ​ក្នុង​វិស័យ​សំណង់​​នៅ​ទីក្រុង​កំពង់ផែ​ខាង​កើត​នៃ​រដ្ឋ​ Chennai បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​សំណង់​នាំ​ចូល​ខ្សាច់​​​ពី​ទន្លេ​មេគង្គ​កម្ពុជា​។

ទោះ​យ៉ាង​ណា​ក្តី​ក្នុង​ចំណោម​ខ្សាច់​ជាច្រើន​ដែល​បាន​នាំ​ចេញ​​ពី​ប្រទេស​កម្ពុជា​ក៏​ត្រូវ​បាន​បូម​ពី​​ខេត្ត​កោះកុង​ផង​ដែរ​ហើយ​កាល​ពី​ខែ​មេសា ឆ្នាំ​ ២០១៣ ខ្សាច់​ចំនួន​​ ១,៥ ​​លាន​​តោន​​ត្រូវ​បាន​នាំ​ចេញ​ទៅ​រដ្ឋ​​ Cochin ភាគ​ខាង​ត្បូង​​អស់​រយៈពេល​ ៦ ​ខែ​។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ហាមប្រាម​ការ​បូម​ខ្សាច់​​ទន្លេ​​​នាំ​ចេញ​កាលពី​ខែ​ឧសភា ឆ្នាំ​ ២០០៩ ​លើក​លែង​តែ​កន្លែង​ណា​ដែល​បាំង​ផ្លូវ​ទឹក​ប៉ុន្តែ​ស្ថានភាព​នៃ​ការ​ហាមប្រាម​នោះ​​ចាប់​តាំងពី​ពេល​នោះ​មក​​គឺ​មាន​លក្ខណៈ​មិន​ច្បាស់​ខណៈ​ក្រុមហ៊ុន​​ ៦ ​បច្ចុប្បន្ន​​​កាន់​អាជ្ញាប័ណ្ណ​​​បូម​​​ខ្សាច់​ដើម្បី​នាំ​ចេញ​​​។

ក្រសួង​រ៉ែ​​បាន​កត់ត្រា​ផង​ដែរ​នូវ​ក្រុមហ៊ុន​ចំនួន ១៤ ដែល​មាន​ឈ្មោះ​ដូចជា​ក្រុមហ៊ុន International Rainbow Co. Ltd. និង​ក្រុមហ៊ុន Diamond Sun Co. Ltd. ជា​អ្នក​នាំ​ចេញ​ខ្សាច់​សមុទ្រ​​ចន្លោះ​ពី​​ឆ្នាំ​ ២០០៧ ​​រហូត​ដល់​ឆ្នាំ​ ២០១៥​ និង​ក្រុមហ៊ុន​ចំនួន​ ១៤ ​​ជា​អ្នក​នាំ​ចេញ​ខ្សាច់​ទន្លេ​​នៅ​ក្នុង​អំឡុង​រយៈពេល​​នោះ​បើ​ទោះបី​ជា​មាន​ការ​ហាមប្រាម​ក្តី។

លោក Alex Gonzalez-Davidson ស្ថាបនិក​នៃ​អង្គការ​​​មាតា​ធម្មជាតិ​ដែល​​ត្រូវ​បាន​​និរទេស​ចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ដោយសារ​ភាព​សកម្ម​​របស់​​លោក​បាន​ថ្លែង​​កាលពី​ថ្ងៃ​អាទិត្យ​ថា​លោក​ជឿ​ថា​ភាព​​ខុស​គ្នា​​នៃ​ទិន្នន័យ​សិង្ហបុរី​ និង​ឥណ្ឌា​​​បង្ហាញ​រឿង​តែ​មួយ​​ប៉ុណ្ណោះ​។

លោក​បាន​បន្ត​ថា​៖ «​ចំពោះ​ខ្ញុំ​តួលេខ​ទាំង​នេះ​បង្ហាញ​អំពី​ការ​ពិត​គួរ​ឲ្យ​រន្ធត់​មនុស្ស​ដែល​មាន​អំណាច​នៅ​ក្នុង​រដ្ឋាភិបាល​បាន​ចូលរួម​​នៅ​ក្នុង​ការ​រត់​ពន្ធ​ខ្សាច់​​កម្ពុជា​ទៅ​ប្រទេស​ដូចជា​ប្រទេស​ឥណ្ឌា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​​តាមរយៈ​ការ​ក្លែង​ឯកសារ​ អំពើ​ពុករលួយ​ ​និង​ការ​បំពាន​​អំណាច​»។ «​ពួកគេ​អាច​មាន​អំណាច ​​និង​ឥទ្ធិពល​​ និង​មន្តអាគម​ក្នុង​ការ​ធ្វើ​ឲ្យ​​ខ្សាច់​បាត់​​ចេញ​ពី​ទិន្នន័យ​ផ្លូវការ​របស់​កម្ពុជា​ប៉ុន្តែ​មិន​អាច​បាត់​ពី​ការ​កត់ត្រា​របស់​ប្រទេស​ដែល​នាំ​ចូល​ខ្សាច់​ពី​កម្ពុជា​បាន​ទេ​»៕

No comments:

Post a Comment