មន្ត្រីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ថ្លែងនៅថ្ងៃទី២៣ មករា ថា រឿងរ៉ាវពាក់ព័ន្ធកម្ពុជា ជំពាក់បំណុលសហរដ្ឋអាមេរិក តាំងពីសម័យសាធារណរដ្ឋខ្មែរ ទាមទារឲ្យមានការពិភាក្សាគ្នាបន្ថែមទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលចូលរួមកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដាវូស (Davos) ប្រទេសស្វីស (Switzerland) កាលពីពេលថ្មីៗនេះ បានស្នើជាថ្មីឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក លុបបំណុលដល់កម្ពុជា ដែលអាមេរិក ផ្តល់ឲ្យរដ្ឋាភិបាលលោកសេនាប្រមុខ លន់ នល់ ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។
បញ្ហាបំណុលដែលកម្ពុជា ជំពាក់សហរដ្ឋអាមេរិក តាំងពីសម័យសាធារណរដ្ឋខ្មែរ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងជាបន្តបន្ទាប់ក្នុងមួយរយៈពេលចុងក្រោយនេះ។ លោក ហ៊ុន សែន នៅតែទាមទារឲ្យសហរដ្ឋអាមេរិក លុបបំណុលដែលសហរដ្ឋអាមេរិក បានផ្តល់ឲ្យរដ្ឋាភិបាលលោក លន់ នល់ ហើយដែលលោក ហ៊ុន សែន ថាបានក្លាយជាបន្ទុកសម្រាប់រដ្ឋាភិបាលលោកបច្ចុប្បន្ន។
ឆ្លើយតបចំពោះការលើកឡើងរបស់លោក ហ៊ុន សែន អ្នកនាំពាក្យរងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក ឌេវីដ ចូសារ (David Josar) បញ្ជាក់ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកនៅថ្ងៃទី២៣ មករា ថា បញ្ហាបំណុលដែលកម្ពុជា ជំពាក់សហរដ្ឋអាមេរិក គឺជាប្រធានបទដែលត្រូវពិភាក្សារយៈពេលយូរ។ លោកថា បញ្ហានេះ សហរដ្ឋអាមេរិក ក៏ចង់ឃើញមានដំណោះស្រាយដែរ។ ទោះជាយ៉ាងណា លោកថាបញ្ហានេះ ទាមទារឲ្យមានការពិភាក្សាជាមួយគ្នាបន្ថែមទៀត មុនអាចឲ្យបញ្ហាបំណុលនេះមានការវិវឌ្ឍន៍ទៅមុខ។
ការទាមទារឲ្យសហរដ្ឋអាមេរិក លុបបំណុលនេះ ដោយសារលោក ហ៊ុន សែន ចោទសហរដ្ឋអាមេរិក ចំៗថា ជាអ្នកជំរុញឲ្យមានការធ្វើរដ្ឋប្រហារទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ចេញពីអំណាចកាលពីឆ្នាំ១៩៧០។ លោក ហ៊ុន សែន ថ្លែងថា បើមិនមានការទម្លាក់សម្ដេចព្រះនរោត្តម សីហនុ នោះទេ ពួកខ្មែរក្រហមក៏គ្មានឱកាសបានឡើងកាន់អំណាច ហើយឈានដល់ការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ និងធ្វើឲ្យកម្ពុជា ធ្លាក់ក្នុងសង្គ្រាមស៊ីវិលជាច្រើនឆ្នាំបន្ទាប់មកនោះដែរ។
ផ្ដើមចេញពីមូលហេតុទាំងអស់នេះ លោក ហ៊ុន សែន បានស្នើឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ជាពិសេសប្រធានាធិបតីថ្មីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ពិចារណាលុបចោលបំណុលដែលអាមេរិកផ្តល់ឲ្យរបបសាធារណរដ្ឋខ្មែរ។ លើសពីនេះ លោក ហ៊ុន សែន ក៏ទាមទារឲ្យសហរដ្ឋអាមេរិក ទទួលខុសត្រូវផ្តល់ជំនួយដល់កម្ពុជា សម្រាប់បម្រើដល់ការដោះមីន និងគ្រាប់មិនទាន់ផ្ទុះ ដែលបានបន្សល់ទុកតាំងពីសម័យនោះ។ លោក ហ៊ុន សែន ចាត់ទុកថា នេះជាការទទួលខុសត្រូវយ៉ាងហោចណាស់ផ្នែកសីលធម៌របស់សហរដ្ឋអាមេរិក ចំពោះកម្ពុជា។
បំណុលដែលកម្ពុជា ជំពាក់សហរដ្ឋអាមេរិក នៅក្នុងសម័យសាធារណរដ្ឋខ្មែរមកទល់ពេលនេះ គិតទាំងដើមទាំងចុង គឺជាង ៣០០លានដុល្លារសហរដ្ឋអាមេរិក៕
No comments:
Post a Comment