Monday, January 23, 2017
អាជ្ញាធរខេត្តស្វាយរៀងថារកមិនឃើញករណីវៀតណាមជួលដីខ្មែរជាង១ពាន់ហិកតារទេ
គណៈកម្មការដោះស្រាយវិវាទដីធ្លី និងព្រំដែនខេត្តស្វាយរៀង អះអាងថា គណៈកម្មការរកមិនឃើញមានករណីជួលដីឲ្យទៅជនជាតិវៀតណាម នោះទេ បន្ទាប់ពីចុះស្រាវជ្រាវជាបឋមនៅថ្ងៃទី២៣ ខែមករា។ ការចុះស្រាវជ្រាវនេះ ធ្វើឡើងភ្លាមៗក្រោយពីមន្ត្រីគណបក្សសង្គ្រោះជាតិ ប្ដឹងថាអ្នកមានអំណាចនៅខេត្តស្វាយរៀង ជួលដីនៅតាមព្រំដែនក្នុងស្រុកចន្ទ្រា ឲ្យជនជាតិវៀតណាម ជាង ១ពាន់ហិកតារ។
ករណីអាជ្ញាធរខេត្តស្វាយរៀង អះអាងថាពួកគេរកពុំឃើញថាវៀតណាម ជួលដីខ្មែរនៅតាមព្រំដែនជាច្រើនហិកតារនោះ មិនមែនជាលើកទី១ បើទោះបីជាប្រជាជន និងមន្ត្រីបក្សប្រឆាំងរាយការណ៍ថា ករណីជួលដីនេះ គឺជារឿងពិតប្រាកដយ៉ាងណាក្តី។
អភិបាលរងខេត្តស្វាយរៀង លោក ពេជ្រ សុវណ្ណ ដែលបានដឹកនាំគណៈកម្មការចុះទៅត្រួតពិនិត្យដោយផ្ទាល់ អំពីការជួលដីឲ្យជនជាតិវៀតណាម នៅក្នុងឃុំទួលស្ដី និងឃុំចន្ទ្រា ក្នុងស្រុកចន្ទ្រា នោះ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យពេញមួយថ្ងៃមក គណៈកម្មការរកមិនឃើញថាមានអ្នកមានអំណាច ឬអ្នកណាម្នាក់ជួលដីឲ្យទៅជនជាតិវៀតណាម នោះទេ។ លោកបញ្ជាក់ថា ពេលចុះទៅដល់ទីនោះ ឃើញសុទ្ធតែពលរដ្ឋខ្មែរ ហើយត្រាក់ទ័រដែលនៅទីនោះក៏ជាកម្មសិទ្ធិរបស់ខ្មែរដែរ៖ «»។
ការចុះស្រាវជ្រាវដោយផ្ទាល់នេះ គឺបន្ទាប់ពីក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្ដឹងស្នើសុំអភិបាលខេត្តស្វាយរៀង ចុះអន្តរាគមន៍លើករណីប្រជាពលរដ្ឋវៀតណាម បានដាំដំណាំស្រូវជាប់បង្គោលព្រំដែនលេខ១៨៩ ស្ថិតក្នុងភូមិដូនទៃ ឃុំទួលស្ដី ស្រុកចន្ទ្រា។ ប៉ុន្តែពលរដ្ឋខ្មែរវិញ ត្រូវអាជ្ញាធរវៀតណាម ហាមឃាត់ និងតម្រូវឲ្យដាំស្រូវឃ្លាតពីបង្គោលចម្ងាយ ៥០ម៉ែត្រ។ ពាក្យបណ្ដឹងដដែលនោះបង្ហាញទៀតថា អ្នកមានអំណាចខេត្តស្វាយរៀង បានជួលដីឲ្យវៀតណាម សរុបប្រមាណ ១.០៤៧ហិកតារ ក្នុងនោះនៅភូមិកោះឫស្សី ឃុំទួលស្ដី ចំនួន ៥៦០ហិកតារ។ រីឯភូមិគោកតែក ចំនួន ២៤៧ហិកតារ និងភូមិតែងម៉ៅ ២៤០ហិកតារ ស្ថិតក្នុងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
អភិបាលរងខេត្តស្វាយរៀង លោក ពេជ្រ សុវណ្ណ លោកបញ្ជាក់ដែរថា ចំពោះករណីវៀតណាម ធ្វើស្រែជាប់បង្គោលព្រំដែនបាន រីឯខ្មែរធ្វើមិនបាននោះ គឺយោងទៅលើកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ ដែលត្រូវរក្សាស្ថានភាពដើម មានន័យថា អ្នកណាធ្វើនៅកន្លែងណាតាំងពីមុនឆ្នាំ១៩៩៥ ត្រូវធ្វើកន្លែងនោះសិន ដើម្បីរង់ចាំបោះបង្គោលព្រំដែន និងប្រគល់ដីឲ្យគ្នាទៅវិញទៅមករវាងរដ្ឋាភិបាលប្រទេសទាំងពីរ៖ «»។
ឆ្លើយតបបញ្ហានេះ សមាជិកក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង លោក គង់ ម៉ាស់ នៅតែមិនទាន់ជឿលើរបាយការណ៍បឋមរបស់អភិបាលរងខេត្តឡើយ។ លោកបញ្ជាក់ថា យោងតាមប្រជាពលរដ្ឋ និងក្រុមប្រឹក្សាឃុំ ព្រមទាំងខ្លួនលោកដែលចុះទៅដល់ទីនោះផ្ទាល់ គឺរកឃើញថា វៀតណាម ពិតជាជួលដីខ្មែរពិតប្រាកដ៖ «»។
លោក គង់ ម៉ាស់ បញ្ជាក់ដែរថា ក្រុមការងាររបស់លោកយល់ព្រមចូលរួមប្រជុំជជែកពិភាក្សាគ្នាបន្ថែមជាមួយអភិបាលរងខេត្តនៅម៉ោង ២រសៀល ថ្ងៃទី២៤ ខែមករា តាមការអញ្ជើញនោះ។
ទាក់ទិនបញ្ហានេះដែរ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ដែលឧស្សាហ៍ចុះស្រាវជ្រាវតាមព្រំដែននោះ មានប្រសាសន៍ថា ថ្មីៗនេះប្រជាពលរដ្ឋជាច្រើនបានរាយការណ៍ប្រាប់លោកអំពីករណីជួលដីនេះ ថាមានការកើនឡើង។ លោកជឿថា ការរកឃើញ ឬមិនឃើញអំពីករណីជួលដីនោះ គឺអាស្រ័យលើឆន្ទៈរបស់អាជ្ញាធរ៖ «»។
ចំពោះកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ នោះ ទាំងមន្ត្រីបក្សប្រឆាំង និងលោកបណ្ឌិត មាស នី យល់ថា កម្ពុជា ចាញ់ប្រៀបវៀតណាម ដែលវៀតណាម អាចធ្វើស្រែជាប់បង្គោលព្រំដែនបានទាំងក្នុងពេលបច្ចុប្បន្ន។ ចំណែកពលរដ្ឋខ្មែរ មិនអាចធ្វើស្រែជាប់បង្គោលព្រំដែន ឬតំបន់សដូចវៀតណាម បាននោះទេ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment