មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ (មន្ទីរពេទ្យបង្អែកសំពៅមាស) ស្ថិតក្រុងពោធិ៍សាត់។ រូបថតខែធ្នូ ២០១៤ RFA/Chin Chetha |
ដោយ ជិន ជេដ្ឋា RFA 2017-01-15
នគរបាលស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ កោះហៅអ្នកកាប់ជ្រូកម្នាក់ និងម្ចាស់ហាងលក់បាយពីរនាក់ ដើម្បីឆ្លើយបំភ្លឺករណីមនុស្សក្មេងចាស់ជាង ២០០នាក់ មានអាការពុលអាហារក្រោយពីទទួលទានបាយដែលពួកគេបានវេចខ្ចប់លក់ដូរនោះ។ ក្រោយការបំភ្លឺ នគរបាលមិនបានឃាត់ខ្លួនអាជីវករ និងអ្នកកាប់ជ្រូកទេ ដោយរង់ចាំលទ្ធផលនៃការពិសោធរកជាតិពុល។
សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវ៉ាញ បានបញ្ចប់ការសាកសួរ និងអនុញ្ញាតឲ្យជនសង្ស័យដែលជាអ្នកធ្វើបាយស្រូបលក់ ត្រឡប់ទៅផ្ទះវិញនៅថ្ងៃទី១៤ ខែមករា ប៉ុន្តែសំណាកបាយស្រូបដែលអ្នកទាំងបីបានវេចខ្ចប់ ត្រូវសមត្ថកិច្ចប្រគល់ទៅឲ្យមន្ត្រីជំនាញសុខាភិបាលវិភាគរកជាតិពុល នៅគ្រាដែលអ្នករៀបចំបាយអះអាងថា មិនបានដាក់ ឬបន្ថែមសារធាតុអ្វីលើបាយបណ្ដាលឲ្យពុលនោះទេ។
អធិការស្រុកភ្នំក្រវ៉ាញ លោក វង សាវ៉េត មានប្រសាសន៍ថា អាជីវករលក់បាយដែលត្រូវបានកោះហៅមកសាកសួរមានឈ្មោះ ផា អៀមលី ឈ្មោះ ទៀម ស្រីមុំ និងអ្នកកាប់ជ្រូកធ្វើម្ហូបម្នាក់ទៀតនៅផ្សារដើមគ ឋិតនៅទីរួមស្រុកភ្នំក្រវ៉ាញ។ អ្នកទាំងបីប្រាប់ថា គេបានធ្វើបាយតាមធម្មតា មិនបានផ្សំសារធាតុអ្វីបណ្ដាលឲ្យអ្នកបរិភោគពុលនោះទេ ទើបលោកអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៖ «បាយហ្នឹងគាត់ដាំម៉ោងមួយទៀបភ្លឺ ថ្ងៃទី១៣ ធ្វើទាំងសាច់ទាំងបាយ ដាំហើយវេចខ្ចប់ម្នាក់ ៤០០កញ្ចប់មកឲ្យខាងក្រុមការងារ។ ឥឡូវយើងបានកសាងសំណុំរឿងតាមនីតិវិធីរបស់យើងសិន ហើយខាងជំនាញគេចុះមកពិនិត្យយកអាបាយអីៗទៅពិនិត្យនៅភ្នំពេញណោះ។ យើងចាំមើលគេបញ្ជាក់ពីខាងហ្នឹងមកសិន តើវាពុលដោយសារស្អី»។
សិស្សសាលាបឋមសិក្សាបត់រំដួល និងពលរដ្ឋជាច្រើននាក់ បានក្អួតចង្អោរ និងវិលមុខ ក្រោយពីបរិភោគបាយស្រូបដែលក្រុមការងារគណបក្សប្រជាជនកម្ពុជា កុម្ម៉ង់ទិញមកពីទីរួមស្រុកភ្នំក្រវ៉ាញ។ ក្រុមការងារបានកុម្ម៉ង់បាយចំនួន ៨០០ប្រអប់ពីអាជីវករទាំងនេះ ដើម្បីចែកជូនអ្នកចូលរួមប្រជុំបក្ស ប៉ុន្តែពេលអ្នកចូលរួមមកមិនគ្រប់ចំនួន ៨០០នាក់ ទើបសល់បាយ ហើយយកទៅចែកបន្តដល់សិស្សសាលាបឋមសិក្សាបត់រំដួល។
អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញករណីនេះពីប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ លោក ខូយ ឌី បានទេនៅថ្ងៃទី១៤ ខែមករា ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។
ប្រធានមន្ទីរពេទ្យបង្អែកសំពៅមាស ឬមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ លោក ច័ន្ទ សុខា ឲ្យដឹងថា អ្នកជំងឺជាង ៩០នាក់ បានបញ្ជូនមកដល់មន្ទីរពេទ្យរបស់លោកនៅល្ងាចថ្ងៃទី១៣ ខែមករា ដោយអ្នកជំងឺភាគច្រើនមានអាការវិលមុខ និងក្អួតចង្អោរ។ លោកសង្ស័យថា ជនរងគ្រោះអាចពុលសារធាតុអ្វីមួយដែលផ្ទុកនៅក្នុងបាយ ប៉ុន្តែព័ត៌មានជាក់លាក់អាស្រ័យលើលទ្ធផលចេញពីមន្ទីរពិសោធន៍៖ «មុនហ្នឹងបន្តិចសល់ប្រហែលដប់នាក់ប្អូន ប៉ុន្តែឥឡូវស្រួលហើយ រៀបចំនឹងចេញទៀតហើយ។ យើងពិបាកសន្និដ្ឋានដែរ ដោយសារបាយមួយកញ្ចប់មានបាយផង សាច់ជ្រូកផង ជ្រក់វាអីហ្នឹងផង វាមិនដឹងជាប៉ះចំមួយណា ហើយឥឡូវខាងប៉ូលិសបានរៀបចំជាសំណាកអីយកទៅហើយ តែយើងអត់ដឹងលទ្ធផលថាម៉េចទេបាទ»។
អភិបាលស្រុកភ្នំក្រវ៉ាញ លោក សូរ សាហុង បញ្ជាក់ថា រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែមករា ពុំមានករណីមនុស្សស្លាប់ដោយសារការពុលនេះទេ ហើយអ្នកជំងឺសរុបចំនួន ២១៣នាក់ដែលសម្រាកព្យាបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ បានធូរស្រាលត្រឡប់ទៅផ្ទះវិញជិតអស់ហើយ។ លោកថា បាយដែលបានកុម្ម៉ង់ចំនួន ៨០០ប្រអប់សម្រាប់ចែកជូនអ្នកចូលរួមប្រជុំបក្សនៅឃុំសំរោង ស្រុកភ្នំក្រវ៉ាញ នោះ បានកុម្ម៉ង់ពីអាជីវករផ្សារដើមគ ហើយអ្នកចូលរួមប្រជុំបក្សក៏ពុល និងសិស្សសាលាបឋមសិក្សាបត់រំដួល ដែលហូបបាយនេះរួចមានអាការពុលស្ទើរគ្រប់គ្នាជាបន្តបន្ទាប់៕
No comments:
Post a Comment