ចៅក្រម Jacqueline Chooljian នៃតុលាការតំបន់កណ្តាលនៃរដ្ឋកាលីហ្វញ៉ា បានចេញបញ្ជាកាលពីថ្ងៃពុធ ឱ្យភាគីដើមបណ្តឹង និងប៉ូលិសក្រុងឡុងប៊ិច រៀបចំញត្តិជំទាស់រហូតដល់ដំណាច់ខែកុម្ភៈ បន្ទាប់ពីសវនាការបញ្ចប់។
វ៉ាស៊ីនតោន — តុលាការនៃរដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិកបានកំណត់យកថ្ងៃទី៣១ ខែមករា ដើម្បីបើកសវនាការលើការទាមទាររបស់ភាគីលោកមាជ សុវណ្ណារ៉ា និងភរិយា ឱ្យអង្គភាពប៉ូលិសប្រចាំទីក្រុងឡុងប៊ិច ប្រគល់វីដេអូថតដោយកាមេរ៉ាសុវត្ថិភាពស្តីពីហេតុការណ៍ហិង្សានៅភោជនីយដ្ឋានឡាលូន ក្នុងពេលលោកហ៊ុន ម៉ាណែត ចូលរួមពិធីជប់លៀងនៅទីនោះ។
វីដេអូនេះនឹងបន្ថែមភស្តុតាងដាក់បន្ទុកដល់បណ្តឹងប្រឆាំងនឹងលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមឯកសារតុលាការដែលវីអូអេទទួលបាននៅថ្ងៃសុក្រនេះ។
ចៅក្រម Jacqueline Chooljian នៃតុលាការតំបន់កណ្តាលនៃរដ្ឋកាលីហ្វញ៉ា បានចេញបញ្ជាកាលពីថ្ងៃពុធ ឱ្យភាគីដើមបណ្តឹង និងប៉ូលិសក្រុងឡុងប៊ិច រៀបចំញត្តិជំទាស់រហូតដល់ដំណាច់ខែកុម្ភៈ បន្ទាប់ពីសវនាការបញ្ចប់។
មានអំពើហិង្សាមួយបានកើតមានឡើង កាលពីយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦ នៅមាត់ទ្វារនៃភោជនីយដ្ឋានឡាលូន ក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ាក្នុងពេលដែលលោក Paul Hayes ព្យាយាមប្រគល់ដីការឱ្យលោកឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ក្នុងពេលដែលលោកចូលរួមពិធីជប់លៀងឆ្នាំថ្មីជាមួយនឹងក្រុមអ្នកគាំទ្រ។ លោក Paul Hayes ត្រូវបានជនល្មើសដែលគេសង្ស័យថា ជាអង្គរក្សលោកហ៊ុន ម៉ាណែត វាយឱ្យរបួសជាទម្ងន់។
ភាគីដើមបណ្តឹងត្រូវការឯកសារនេះដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា តុលាការមានសិទ្ធិកាត់ទោសលោកហ៊ុន ម៉ាណែត។ នេះបើតាមញត្តិរបស់មេធាវីលោកម៉ាជ សុវណ្ណារ៉ា បានដាក់ទៅតុលាការ ដែលវីអូអេទទួលបានពីគេហទំព័ររបស់តុលាការ។ ញត្តិនោះក៏បានទាមទារឱ្យអាជ្ញាធរប៉ូលិសបង្ហាញព័ត៌មានពាក់ព័ន្ធនឹងសោហ៊ុយចំណាយលើថ្លៃការពារសន្តិសុខ ក្នុងពេលដែលលោកហ៊ុន ម៉ាណែត មកធ្វើទស្សនកិច្ចនៅទីក្រុងឡុងប៊ិចផងដែរ។
នៅក្នុងព្រឹត្តិការណ៍ដោយឡែកមួយទៀតចៅក្រម George H. Wu នឹងបើកសវនាការនៅថ្ងៃទី៦ ខែកុម្ភៈ ដើម្បីសម្រេចបញ្ចូលឈ្មោះលោកញ៉យ ចំរើន អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិចូលរួម ក្នុងនាមជាដើមបណ្តឹងជាមួយនឹងលោកមាជសុវណ្ណារ៉ា និងលោកស្រីជេមី ម៉ាជ ប្រឆាំងនឹងលោកហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមឯកសារតុលាការដែលវីអូអេទទួលបាន និងការបញ្ជាក់ពីលោកស្រីជេមី មាជ៕
No comments:
Post a Comment