Thursday, January 5, 2017

សាច់ញាតិ​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ​ធ្លាក់​ទឹក​ស្លាប់​ដោយ​សារ​សន្តិសុខ​​ដេញ​ចាប់​អំពាវ​នាវ​រក​យុត្តិធម៌


                                                                                                                                                             សាច់ញាតិ​របស់​ស្ត្រី​អ្នក​រកស៊ី​ផ្លូវ​ភេទ​ម្នាក់ ដែល​ស្លាប់​ដោយ​លង់​ទឹក​ក្រោយ​ពី​ធ្លាក់​ចូល​ទន្លេ​សាប អំពាវនាវ​រក​យុត្តិធម៌ ដ្បិត​ពួកគេ​បាន​ដឹង​ថា ស្ត្រី​រូប​នោះ​ស្លាប់​ដោយសារ​រត់​គេច​ពី​ការ​តាម​ចាប់​របស់​ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ។

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ឈ្មោះ ប៉ែន សុគន្ធា ហៅ​ស្រីម៉ៅ ត្រូវ​គេ​រក​ឃើញ​ថា​បាន​ស្លាប់​ដោយ​លង់​ទឹក​នៅ​ពេល​សាកសព​របស់​នាង​អណ្ដែត​នៅ​ចម្ងាយ​រាប់​គីឡូម៉ែត្រ​ដី ពី​កន្លែង​នាង​តែង​ទៅ​អង្គុយ​ចាំ​ភ្ញៀវ នៅ​សួន​ច្បារ​តាម​មាត់​ទន្លេ​សាប​ក្បែរ​វត្តភ្នំ។

សាច់ញាតិ និង​មិត្តភក្តិ​របស់​នាង ប៉ែន សុគន្ធា ស្នើ​សុំ​ភាគី​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​អោយ​សព និង​ជំនួយ​សម្រាប់​ចិញ្ចឹម​កូន​ប្រុស​របស់​នាង​ដែល​ពិការ។

បងស្រី​របស់​សុគន្ធា គឺ​លោកស្រី ប៉ែន ម៉េងគី លើក​ឡើង​ថា ជា​រឿង​អយុត្តិធម៌​ណាស់​ចំពោះ​ប្អូនស្រី​ដែល​ត្រូវ​ស្លាប់​ដោយសារ​តែ​រត់​គេច​ខ្លួន​ពី​ក្រុម​សន្តិសុខ។ លោកស្រី​បន្ត​ថា ការ​រក្សា​សណ្ដាប់ធ្នាប់​ជា​រឿង​ល្អ​ហើយ ប៉ុន្តែ​មិន​គួរ​ដេញ​រហូត​គ្នា​ធ្លាក់​ទឹក​ទន្លេ​ដល់​បាត់បង់​ជីវិត​បែប​នេះ​ឡើយ៖ «បើ​ខ្ញុំ​ដាក់​ពាក្យ​ប្ដឹង ចុះ​អនាគត​ទៅ​បើ​គេ​កោះ​ហៅ​ខ្ញុំ​ឡើង​ចុះៗ តើ​ខ្ញុំ​មាន​លុយ​ឯ​ណា?​ បើ​សិន​ជា​អង្គការ​ថា ជួយ​ដោះស្រាយ​អោយ​ខ្ញុំ គឺ​ខ្ញុំ​ចង់​ប្ដឹង​ដែរ ដើម្បី​រក​យុត្តិធម៌​អោយ​ប្អូន។ អី​ក៏​ធ្វើ​បាប​ប្អូន​ខ្ញុំ​យ៉ាង​នោះ តើ​គាត់​មាន​គិត​ឃើញ​អ៊ីចឹង​ទេ គាត់​ដេញ​គេ​ទីណាត់ទីណែង​ពេញ​ហ្នឹង​ បាន​អី​ជួយ​គ្នា​ទៅ ​បើ​គ្នា​ធ្លាក់​ទឹក​ហើយ​ជួយ​ស្រង់​គ្នា​ឡើង​មក​លើ​គោក​មក។ គាត់​ថា អត់​អោយ​ជួយ​ទេ ថា​ទុក​អោយ​ស្លាប់​ទៅ ស្រែក​អ៊ីចឹង​ទៀត។ អ្នក​ទូក​ហ្នឹង​ អ្នក​នៅ​ខាង​លើ​គោក​ប្រុសៗ​ហ្នឹង ក៏​គេ​ចង់​ជួយ​ដែរ មិន​អោយ​គ្នា​ជួយ។ ខ្ញុំ​ហ្នឹង​ដឹង​ថា គាត់​ចង់​បោស​សំអាត​ខាង​ហ្នឹង​អោយ​ស្អាត​បាត​ដែរ ប៉ុន្តែ​គាត់​គួរ​តែ​សួរ​គេ​សួរ​ឯង​ដែរ​ថា តើ​ស្ត្រី​ម្នាក់​ហ្នឹង​ធ្វើ​ការ​​ដើម្បី​យក​លុយ​ទៅ​ចិញ្ចឹម​អ្នក​ណា? គ្នា​រក​លុយ​ដើម្បី​ទៅ​ចិញ្ចឹម​កូន​គ្នា​ហ្នឹង»។

ចំណែក​បង​ស្រី​មួយ​រូប​ទៀត​របស់ សុគន្ធា គឺ​លោកស្រី ប៉ែន ម៉ាលីន លើក​ឡើង​ថា កូន​ប្រុស​របស់ សុគន្ធា ដែល​មាន​អាយុ ៦​ឆ្នាំ គឺ​ជា​ក្មេង​ពិការ​ដែល​ត្រូវ​ការ​ការ​ថែទាំ និង​ថវិកា​ដើម្បី​ចិញ្ចឹម​ជីវិត​ត​ទៅ​មុខ​ទៀត​នៅ​ក្រោយ​ពេល​ដែល​ម្ដាយ​ស្លាប់​ទៅ៖ «ខ្ញុំ​គ្រាន់​តែ​ចង់​អោយ​ជួយ​ក្មេង ទាំង​រាជរដ្ឋាភិបាល​​ ទាំង​អង្គការ​អី សូម​សំណូមពរ​អោយ​ជួយ​ក្មេង ទៅ​អនាគត​នេះ​ដឹង​តែ​កំព្រា​ឪពុក​ម្ដាយ​​​ ហើយ​ក៏​គ្នា​ដើរ​មិន​រួច»។

ប៉ែន សុគន្ធា មាន​អាយុ ៣៣​ឆ្នាំ​ជា​កូន​កំព្រា មាន​បង​ស្រី ២​នាក់។ នាង​បាន​ចាកចេញ​ពី​ទី​លំនៅ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ មក​បម្រើ​ការងារ​ជា​កម្មករ​នៅ​រោងចក្រ​កាត់ដេរ។ ក្រោយ​មក​ដោយសារ​បំណុល​គ្រួសារ​ដែល​ត្រូវ​ការ​ចំណូល​បន្ថែម សុគន្ធា បាន​ទៅ​ធ្វើ​ការ​នៅ​ហាង​លក់​ស្រា​បារាំង។ នាង​ធ្លាប់​មាន​ប្ដី​ជា​ជន​បរទេស​មាន​កូន​ម្នាក់​ក្រោយ​មក​ក៏​បែកបាក់​គ្នា ហើយ​កូន​ក៏​អោយ​ទៅ​ប្ដី។ ក្រោយ​មក​ទៀត​នាង​មាន​ប្ដី​ម្នាក់​ទៀត ប៉ុន្តែ​ប្ដី​បាន​ស្លាប់​កាល​ពី​បី​ឆ្នាំ​មុន​ ដោយ​បន្សល់​ទុក​កូន​ប្រុស​ពិការ​អោយ​នាង​ចិញ្ចឹម។

រូបថត​របស់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ឈ្មោះ ប៉ែន សុគន្ធា ហៅ​ស្រីម៉ៅ កាល​ពី​៣​ឆ្នាំ​មុន។ Photo Provided

ដោយ​ពុំ​មាន​មុខ​របរ​អ្វី សុគន្ធា បាន​ក្លាយ​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ដើម្បី​ចិញ្ចឹម​កូន និង​ដោះ​បំណុល​នៅ​ក្រោយ​ប្ដី​ស្លាប់​ដោយ​ជំងឺ​របេង។ កូន​ប្រុស​របស់ សុគន្ធា មាន​អាយុ ៦​ឆ្នាំ ប៉ុន្តែ​ពុំ​ដឹង​សេចក្ដី​អ្វី​ទាំង​អស់ ចំណែក​ការ​ហូប​ចុក​ត្រូវ​មាន​អ្នក​បញ្ចុក និង​មើល​ថែ​ទាំង​ស្រុង​មិន​ខុស​ពី​កូន​ង៉ែត​ឡើយ ចំណែក​ជើង​ទាំង​២ ទន់​មិន​អាច​ដើរ​បាន​ឡើយ។ ទាំង ២​នាក់​ម្ដាយ និង​កូន​នេះ​ស្នាក់​នៅ​ក្នុង​បន្ទប់​ជួល​តូច​មួយ​នៅ​ក្នុង​ភូមិ​ចម្ការចេក ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ។ នាង សុគន្ធា បាន​ចំណាយ​លុយ​ជា​ច្រើន​នៅ​រៀង​រាល់​ខែ​ដើម្បី​ចាក់​ថ្នាំ​ដែល​គេ​អះអាង​ថា អាច​អោយ​ជើង​កូន​ប្រុស​របស់​នាង​រឹងមាំ ឬ​អាច​ដើរ​បាន​នៅ​ថ្ងៃ​មុខ។

មិត្ត​រួម​អាជីព​របស់ សុគន្ធា គឺ​លោកស្រី ភិន មុំ ថ្លែង​ថា សុគន្ធា តែង​ចំណាយ​មិន​តិច​ជាង ៧០​ដុល្លារ​ទេ​ក្នុង​មួយ​ខែ ដើម្បី​ព្យាបាល​កូន​ប្រុស​ពិការ​របស់​នាង។ ភិន មុំ បន្ត​ថា យុត្តិធម៌​គួរ​តែ​ត្រូវ​ផ្ដល់​អោយ​មិត្ត​របស់​នាង៖ «និយាយ​ទៅ​យើង (ក្រុម​សន្តិសុខ) រៀបចំ​​សណ្ដាប់ធ្នាប់។ ពាក្យ​សណ្ដាប់ធ្នាប់​តែ​ពីរ​មុខ​ទេ យើង (ក្រុម​សន្តិសុខ) ​ដេញ​គេ (ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ) ដល់​ណា​ទៀត? យើង​តាម​ដេញ​គេ​រហូត​ដល់​គេ​អស់​ជីវិត​អ៊ីចឹង​ទៅ? គេ​ចុះ​ទៅ​ដល់​ក្រោម​ហើយ គេ​រត់​ពួន​ហើយ​ហ្នឹង យើង​គ្រាន់​តែ​បង្អើលៗ​គេ​ទៅ»។

កាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី​១ ខែ​ធ្នូ មាន​សាក្សី​នៅ​ហ្នឹង​កន្លែង​មួយ​ចំនួន​លើក​ឡើង​ថា ក្រុម​សន្តិសុខ​របស់​សាលា​ខណ្ឌ​ដូនពេញ ជា​ច្រើន​នាក់​បាន​ដេញ​ចាប់​ក្រុម​ស្ត្រី​រកស៊ី​ផ្លូវ​ភេទ ដោយ​ចាប់​ផ្ដើម​ពី​សួន​ច្បារ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ឆ្ពោះ​ទៅ​មាត់​ទន្លេ​ខាង​ក្រោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍ ឬ​សួន​ច្បារ​ត្រង់​ចំណត​ទូក​ទេសចរណ៍។

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ម្នាក់​ដែល​រត់​គេច​ជាមួយ សុគន្ធា ដែរ​និយាយ​ថា ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​ដូនពេញ បាន​ដេញ​ចាប់​ក្រុម​ស្ត្រី​ពី​លើ​សួន​ច្បារ​រហូត​ដល់​មាត់​ទឹក ​ជា​ទី​ដែល​ទូក​ទេសចរណ៍​ជា​ច្រើន​កំពុង​ចត​ជាប់ៗ​គ្នា​រដឹក៖ «ខ្ញុំ​ហ្នឹង​រត់​ចូល​ទូក​បាត់​ហើយ ឯ​គាត់​ធ្លាក់​ទៅ​ត្រូវ​អីៗ​ខ្ញុំ​អត់​ដឹង​ទេ ឮ​សូរ​ថា​គាត់​ធ្លាក់​ទឹក​​ ព្រោះ​ខ្ញុំ​រត់​យក​ប្រាស់​អាយុ​រៀង​ខ្លួន។ បើ​អាច​គេច​រួច​ក៏​គេច​ទៅ (សំណួរ៖ អ្នក​ណា​ដេញ?) ពួក​សន្តិសុខ»។

ស្ត្រី​ដដែល​បញ្ជាក់​ថា មាន​សន្តិសុខ​ចំនួន ៣​នាក់ បាន​ដេញ​តាម​ពួកគេ​រហូត​ដល់​លើ​ទូក។

អ្នក​ដែល​ឃើញ​ហេតុការណ៍​មួយ​ចំនួន​ទៀត​និយាយ​ថា គេ​បាន​ដឹង​ថា ពេល​ដែល​សន្តិសុខ​ដេញ​ទៅ​ដល់​ទូក សុគន្ធា ហៅ​ស្រីម៉ៅ បាន​ទាក់​ជើង​នឹង​ខ្សែ​បោក​នឹង​ទូក ហើយ​ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក។ នាង​បាន​ហូរ​តាម​ទឹក​ទៅ​ដល់​ទូក​ផ្សេង​ទៀត​នៅ​ក្រោម​ខ្សែ​ទឹក។

ម្ចាស់​ទូក​ទេសចរណ៍​ម្នាក់ លោក ណូ វ៉ារី មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​ថា ស្រី​ម៉ៅ បាន​ធ្លាក់​ចូល​ក្នុង​ទឹក​នៅ​ខាង​មុខ​ទូក​របស់​លោក ហើយ​ពួក​សន្តិសុខ​បាន​ដេញ​មក​ដល់ និង​បាន​ឡើង​លើ​ទូក​របស់​លោក​ថែម​ទៀត៖ «ពេល​ពួកគាត់​ចុះ​មក ខ្ញុំ​ក៏​សួរ​ថា បង​ឯក​រក​អី​បាន​ឡើង​លើ​ទូក​ខ្ញុំ? (សំណួរ៖ ពេល​ដែល​យើង​មើល​ពី​លើ​ទៅ តើ​ស្រីម៉ៅ គាត់​យ៉ាង​ម៉េច? គាត់​រត់​ទៅ ហើយ​ដួល​របៀប​ម៉េច? បាន​ឃើញ​ទេ?) ខ្ញុំ​មិន​បាន​ឃើញ​ទេ តែ​ឮ​ថា​គាត់​ធ្លាក់​ទឹក»។


ស្ត្រី​ម្នាក់​ទៀត​ជា​ម្ចាស់​ទូក​ទេសចរណ៍​ម្នាក់​ដែរ បាន​និយាយ​ដោយ​មិន​បង្ហាញ​ឈ្មោះ​ថា នៅ​ពេល​កើត​ហេតុ​នោះ​គឺ​វេលា​ជិត​ពាក់​កណ្ដាល​អធ្រាត្រ។ លោកស្រី​បាន​ឃើញ​ស្រី​ម៉ៅ នៅ​ក្នុង​ទឹក ប៉ុន្តែ​ក្រុម​សន្តិសុខ​បាន​ហាមប្រាម​មិន​អោយ​នរណា​ម្នាក់​ជួយ​នាង​ឡើយ៖ «ម្នាក់​ហ្នឹង​រាង​ស្គម​និយាយ​ ខ្ញុំ​ថា អូន​អធ្យាស្រ័យ​អោយ​គ្នា​ទៅ​​ បើ​គ្នា​ធ្លាក់​ទឹក​ប៉ុណ្ណឹង​ហើយ​​ទុក​អោយ​គេ​ជួយ គេ​ថា មីង​ឯង​កុំ​ចេះ ទុក​អោយ​វា​ងាប់​ទៅ។ ពេល​ដែល​ធ្លាក់​ទឹក​ហ្នឹង ពួក​ហ្នឹង (សន្តិសុខ) បាន​បញ្ចាំង​ពិល​ទៅ​ខាង​ក្រោយ​​ទៅ​ឃើញ​នាង​ហ្នុង​ ហើយ​ហៅ​អោយ​ឡើង នាង​ស្រី​ហ្នឹង​និយាយ​បាន​ប៉ុន្មាន​ម៉ាត់​ថា ខ្ញុំ​ឡើង​ឥឡូវ​ហើយ។ ខ្ញុំ​ថា សំឡេង​ខ្សោយ​អ៊ីចឹង​ដឹង​តែ​ទៅ​ហើយ។ ខ្ញុំ​ថា​ទៀត អា​អូន បើ​គេ​ស្លាប់​អា​អូន​ឯង​ក៏​អត់​រួច​ខ្លួន​ដែរ គេ​ថា ទុក​អោយ​ស្លាប់​ទៅ»។

យុវតី​ម្នាក់​ដែល​នៅ​លើ​ទូក​ក្បែរ​នោះ​ដែរ បាន​រៀប​រាប់​ថា ស្រីម៉ៅ ក៏​បាន​បោក​នឹង​ទូក​មុន​ពេល​ធ្លាក់​ដល់​ទឹក បើ​ទោះ​ជា​យ៉ាង​ណា​យុវតី​ដដែល​លើក​ឡើង​ដែរ​ថា មាន​អ្នក​បោះ​ខ្សែ​អោយ​ស្រីម៉ៅ តោង​ដែរ តែ​នាង​មិន​ដឹង​ថា មាន​មូល​ហេតុ​អ្វី​ដែល​ធ្វើ​អោយ​ស្រីម៉ៅ មិន​អាច​ឡើង​មក​វិញ​បាន​រហូត​នាង​ត្រូវ​ហូរ​តាម​ទឹក​ទៅ​បាត់៖ «គាត់​រត់​ពី​ទូក​មួយ​ឆ្លង​ទៅ​ទូក​មួយ ស្រីៗ​ហ្នឹង​បង​មួយ​នោះ​គាត់​ទៅ​មុន ហើយ​គាត់ (ស្រីម៉ៅ) គាត់​ទៅ​តាម​ក្រោយ រួច​គាត់​ទាក់​ខ្សែ​នេះ ដល់​ពេល​ហ្នឹង​ប្រហែល​គាត់​បុក​ទ្រូង​នឹង​គែម​ទូក​ក៏​មិន​ដឹង ឃើញ​គាត់​ឡើង​អត់​រួច​អី​អត់​រួច (សំណួរ៖ ពេល​អណ្ដែត​ទៅ​ក្រោយ​ហ្នឹង​មាន​គេ​មក​​ជួយ​គាត់​ដែរ ឬ​អត់?) នៅ​ខាង​នោះ អ្នក​ផែ គេ​ក៏​ឃើញ​ដែរ ហើយ​គាត់​បាន​​​បោះ​ខ្សែ​អោយ​ដែរ ហើយ​គាត់​អត់​តោង»។

ខ្លាច​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​អាច​ជា​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ដទៃ​ទៀត​សម្រាប់​ស្រី​ម៉ៅ។ មិត្តភក្តិ​ជាប់​បន្ទប់​របស់​ស្រីម៉ៅ គឺ​លោកស្រី ភិន មុំ និយាយ​ថា ប្រសិន​បើ​ពួកគេ​ត្រូវ​ចាប់​ខ្លួន អាច​នឹង​ត្រូវ​ជំរិត​ទារ​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ដោះលែង​វិញ ឬ​ត្រូវ​បញ្ជូន​ទៅ​មជ្ឈ​មណ្ឌល​សំចត​សង្គម​កិច្ច ដែល​គេ​ស្គាល់​ថា មណ្ឌល​ព្រៃស្ពឺ។ ស្រ្តី​ដដែល​បន្ត​ថា កូនៗ​ពួកគេ​ត្រូវ​ជួប​ការ​លំបាក​នៅ​ពេល​ម្ដាយ​ត្រូវ​ជាប់​ក្នុង​មណ្ឌល ហើយ​ដើម្បី​ចេញ​ពី​មណ្ឌល​បាន គឺ​ត្រូវ​បង់​ប្រាក់​ដែរ។

នៅ ២​ថ្ងៃ​បន្ទាប់​ពី​ហេតុការណ៍​ធ្លាក់​ក្នុង​ទឹក​ទន្លេ​នោះ​ សព​របស់​ស្រីម៉ៅ ត្រូវ​គេ​រក​ឃើញ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ស្ពាន​ច្បារអំពៅ ក្នុង​សង្កាត់​ច្បារអំពៅ។ ប៉ូលិស​បាន​ពិនិត្យ​សាកសព និង​បាន​សរសេរ​កំណត់ហេតុ​ភ្លាមៗ​ក្រោយ​ពេល​សព​ត្រូវ​រក​ឃើញ។ របាយការណ៍​ដែល​ធ្វើ​ដោយ​ប៉ូលិស ឈ្មោះ ហ៊ុន សុផល អោយ​ដឹង​ថា គេ​បាន​ប្រគល់​សព​ទៅ​អោយ​ក្រុម​គ្រួសារ​សព​នៅ​ម៉ោង ៨​កន្លះ​យប់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ ក្នុង​នោះ​បាន​សន្និដ្ឋាន​យ៉ាង​ខ្លី​ថា នាង ប៉ែន សុគន្ធា បាន​ស្លាប់​ដោយ​លង់​ទឹក។ បងស្រី​របស់ សុគន្ធា និយាយ​ថា នៅ​លើ​ថ្ងាស​របស់​សព​មាន​ស្នាម​ជាំ ប៉ុន្តែ​លោកស្រី​ក៏​មិន​ច្បាស់​ថា ជា​ស្នាម​អ្វី​ដែរ៖ «តែ​ខ្ញុំ​មិន​សន្និដ្ឋាន​ថា វា​ត្រូវ​នឹង​អី​ទេ ឬ​មួយ​ក៏​សក់​បាំង​ក៏​មិន​ដឹង ព្រោះ​ខ្ញុំ​មើល​មិន​ច្បាស់ ប៉ុន្តែ​ឃើញ​ថា​ជាំ​ត្រង់​ហ្នឹង (ថ្នាស)»។

ក្រោយ​ទទួល​បាន​សព​សាច់​ញាតិ​បាន​សម្រេច​បូជា​សព​នាង​សុគន្ធា នៅ​ក្នុង​វត្ត​ទួលសន្តិវ័ន ហៅ​វត្ត​ទួល អស់​លោក នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ នៅ​ជិត​ពាក់​កណ្ដាល​យប់​ថ្ងៃ​ទី​៣ ខែ​មករា។ ទាក់​ទង​នឹង​រឿង​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អភិបាល និង​ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ ​បាន​ទេ នៅ​ថ្ងៃ​ទី​៤ ខែ​មករា។

ប្រធាន​សន្តិសុខ​ខណ្ឌ​ដូនពេញ លោក គឹម វុត្ថា បាន​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​ថ្ងៃ​ទី​២ ខែ​មករា ថា ពិត​ជា​មាន​ការ​ឆ្មក់​ចាប់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​យប់​ថ្ងៃ​ទី​១ ខែ​មករា មែន ប៉ុន្តែ​បដិសេធ​ចំពោះ​ការ​អះអាង​ថា ក្រុម​សន្តិសុខ​បាន​ដេញ​តាម​ស្រ្តី​ទាំង​នោះ។ លោក​ថា ដោយ​សន្តិសុខ​របស់​លោក​មាន​គ្នា​តិច​ពេក មិន​អាច​ដេញ​តាម​ក្រុម​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ដែល​រត់​សំដៅ​ទូក​ទេសចរណ៍​បាន​ឡើយ។

លោក គឹម វុត្ថា និយាយ​ទៀត​ថា ពេល​នោះ​យប់​ងងឹត​ណាស់ បើ​មាន​សន្តិសុខ​ពី​២០ ទៅ ៣០​នាក់​នោះ ពួក​គេ​នឹង​ដេញ​តាម។ ក្នុង​យប់​នោះ គេ​ចាប់​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​បាន ៤​នាក់។

មន្ត្រី​ផ្នែក​អប់រំ​សុខភាព​នៃ​បណ្ដាញ​ការងារ​ស្ត្រី​រួប​រួម​គ្នា ដែល​ធ្វើ​ការងារ​ជាមួយ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ អ្នកស្រី កែវ ថា មាន​ប្រសាសន៍​ថា ករណី​នេះ​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស។ ក្រុម​ការងារ​អ្នកស្រី​នឹង​ពិភាក្សា​ជាមួយ​អ្នក​ច្បាប់​ពី​ការ​ដាក់​ពាក្យ​បណ្ដឹង​ដើម្បី​រក​យុត្តិធម៌​ដល់​នារី​រងគ្រោះ៖ «ព្រឹក​មិញ​ហ្នឹង​ខាង​ខ្ញុំ​នឹង​បាន​រៃ​អង្គាស​លុយ​ជួយ​គាត់ (គ្រួសារ​សព) បាន ៤០​ម៉ឺន​រៀល​ដែរ ហើយ​ខាង​អាជ្ញាធរ​មូលដ្ឋាន​ ប៉ូលិស​ដែល​ចុះ​ចាប់​គាត់​ហ្នឹង ក៏​បាន​យក​លុយ​ទៅ​ជួយ​​ដល់​គ្រួសារ​គាត់​ដែរ គឺ​គេ​ជួយ​បាន ១​លាន​ដែរ។ ពួក​ខ្ញុំ​នឹង​និយាយ​រឿង​ហ្នឹង ប្រជុំ​ជាមួយ​រដ្ឋាភិបាល ដើម្បី​សហការ​គ្នា​យ៉ាង​ម៉េច​អោយ​ល្អ​​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​ ដើម្បី​​​​កុំ​អោយ​មាន​រឿង​រ៉ាវ​កើត​ឡើង​ទៀត ធ្វើ​ម៉េច​កុំ​អោយ​ ធ្វើ​បាប​គាត់ ធ្វើ​យ៉ាង​ម៉េច។ ខាង​ខ្ញុំ​ក៏​មាន​មេធាវី​ដែរ អ៊ីចឹង​ហ្នឹង​ពិភាក្សា​ធ្វើ​យ៉ាង​ម៉េច​បន្ត​ទៀត​ដើម្បី​ត្រូវ​ជួយ​គាត់»។

អ្នកស្រី កែវ ថា អោយ​ដឹង​ដែរ​ថា កន្លង​ទៅ​បញ្ហា​ដែល​កើត​ឡើង​ចំពោះ​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ដោយ​រាប់​ទាំង​ការ​ធ្វើ​បាប​ពី​ភ្ញៀវ និង​ពី​អាជ្ញាធរ​ផង ផ្ដើម​ចេញ​ពី​ការ​រើស​អើង​ពួក​នាង​ដែល​ប្រកប​មុខរបរ​ដែល​សង្គម​មិន​ផ្ដល់​តម្លៃ​បើ​ទោះ​ជា​ពួកគេ​បំពេញ​ការងារ​នេះ​ដោយ​បង្ខំ​ចិត្ត និង​ដើម្បី​តែ​គ្រួសារ​ពួកគេ​ប៉ុណ្ណោះ៕

No comments:

Post a Comment