Thursday, January 5, 2017

ប៉ូលិស​ព្រហ្មទណ្ឌ​ចាប់​បាន​ជន​សង្ស័យ​ក្នុង​ករណី​អារ​ក​សម្លាប់​មនុស្ស​នៅ​ខេត្ត​សៀមរាប


ជន​សង្ស័យ​ឈ្មោះ ជា សុខជាន (អាវ​កីឡា) ក្នុង​អំពើ​អារ​ក​សម្លាប់​បុរស ២​នាក់ និង​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់​នៅ​ខេត្ត​សៀមរាប ត្រូវ​ប៉ូលិស​ចាប់​ឲ្យ​ទៅ​បង្ហាញ​វត្ថុ​តាង​ឃាតកម្ម​នៅ​ស្ទឹង​ព្រៃប្រស់ ខេត្ត​កំពង់ធំ ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
5

កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ចាប់​ខ្លួន​យុវជន​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ជា​ជន​ដៃ​ដល់​ក្នុង​អំពើ​អារ​ក​សម្លាប់​បុរស ២​នាក់ និង​ស្ត្រី​ម្នាក់​ទៀត​រង​របួស​ធ្ងន់​នោះ​បាន​ហើយ។ ការ​ចាប់​ខ្លួន​នេះ បន្ទាប់​ពី​កម្លាំង​របស់​ប៉ូលិស​ព្រហ្មទណ្ឌ​ជាច្រើន​នាក់ បាន​តាម​ប្រមាញ់​ជន​នោះ​អស់​រយៈពេល ៤​ថ្ងៃ ដោយ​ឆ្លង​កាត់​ខេត្ត​ជាច្រើន​ជុំវិញ​ប្រទេស​កម្ពុជា មក។

ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប គឺ​លោក ភឹង ចិន្ដារ៉េត។ លោក​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៥ ខែ​មករា ថា សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​ឈ្មោះ ជា សុខជាន អាយុ ២៤​ឆ្នាំ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​មករា។

លោក​ស្នងការ​រង​បញ្ជាក់​ថា ជន​សង្ស័យ និង​អ្នក​រងគ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​ក្នុង​អំពើ​អារ​ក​សម្លាប់​នោះ គឺ​ស្គាល់​គ្នា​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ លោក​បញ្ជាក់​ថា តាម​ការ​សួរ​ចម្លើយ ជន​សង្ស័យ​បាន​សារភាព​ថា គេ​ពិត​ជា​បាន​អារ​ក​សម្លាប់​បុរស ២​នាក់ និង​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់​នោះ​មែន ដោយសារ​តែ​រឿង​គំនុំ៖ «ជន​រងគ្រោះ​ធ្វើ​ការ​ខាង​លក់​អាហារ​បំប៉ន។ អ៊ីចឹង​ជន​សង្ស័យ​បាន​ធ្វើ​ដំណើរ​ពី​ស្រុក​កំណើត​មក​ជួប​ជន​រងគ្រោះ​ជា​ញឹកញាប់ ដោយសារ​តែ​ជន​រងគ្រោះ​ហៅ​ឲ្យ​មក​ធ្វើ​ការ ប៉ុន្តែ​ពេល​នោះ​គេ​មិន​ដឹង​ថា​ចូល​ធ្វើ​ការ​ត្រូវ​បង់​លុយ​ទេ។ លុះ​ឮ​ជន​រងគ្រោះ ២​នាក់​ប្ដី​ប្រពន្ធ​ថា​ចូល​ធ្វើ​ការ​ត្រូវ​តែ​បង់​លុយ​ចំនួន ១.៣០០​ដុល្លារ ជន​សង្ស័យ​ក៏​មាន​គំនុំ​តែ​ម្ដង»។

កាល​ពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១ ខែ​មករា នៅ​ពេល​ដែល​ពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​សៀមរាប នាំ​គ្នា​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល ស្រាប់​តែ​មាន​អំពើ​ឃាតកម្ម​ដោយ​អារ​ក​សម្លាប់​បុរស ២​នាក់ និង​ស្ត្រី​ម្នាក់​រង​របួស​ធ្ងន់​នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ កណ្ដាល​ទីក្រុង​សៀមរាប។ ប៉ុន្តែ​សំណាង​ល្អ ដោយសារ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ក្នុង​អំពើ​អារ​ក​នោះ​មិន​ស្លាប់ ជា​ហេតុ​ធ្វើ​ឲ្យ​ប៉ូលិស​មាន​ភស្តុតាង​តាម​ប្រមាញ់​រក​មុខ​ជន​ដៃ​ដល់ ហើយ​ប្រើ​រយៈពេល ៤​ថ្ងៃ​ទម្រាំ​ចាប់​ខ្លួន​បាន៕

No comments:

Post a Comment