Sunday, January 15, 2017

ស្ត្រី​ខ្មែរ​ដែល​ត្រូវ​មេ​ខ្យល់​ជួញ​ដូរ​ទៅ​ចិន​ស្វែងរក​អន្តរាគមន៍​ត្រឡប់​មក​ស្រុក​កំណើត​វិញ

ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេខ្យល់​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៤។ RFA/Saut Sokprathna



ស្ត្រី​ខ្មែរ​ដែល​ចាញ់​បោក​មេ​ខ្យល់ យក​ទៅ​ជួញដូរ​លក់​ឲ្យ​បុរស​ចិន កំពុង​ស្វះ​ស្វែងរក​អន្តរាគមន៍​ដើម្បី​អាច​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​ធ្វើ​ការងារ​ទាក់ទង​រឿង​នេះ ថា​នឹង​អន្តរាគមន៍​ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ ប៉ុន្តែ​ក៏​បង្ហាញ​ពី​ការ​លំបាក​មួយ​ចំនួន ដោយសារ​បញ្ហា​ផ្លូវ​ច្បាប់​រវាង​ប្រទេស​ទាំង​ពីរ​ចែង​ផ្សេង​គ្នា។

ស្ត្រី​ដែល​អះអាង​ថា​ត្រូវ​មេ​ខ្យល់​លក់​ដូរ​ឲ្យ​បុរស​ចិន ឲ្យ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ថា មេ​ខ្យល់​ជា​ស្ត្រី​ខ្មែរ​បាន​ប្ដី​ជនជាតិ​ចិន នាំ​លោកស្រី​ទៅ​ប្រទេស​ចិន ឆ្លង​តាម​ប្រទេស​វៀតណាម ដោយ​សន្យា​ថា​នឹង​ទៅ​ធ្វើ​ការងារ​នៅ​ទីនោះ។

លោកស្រី​បន្ត​ថា មេ​ខ្យល់​លក់​លោកស្រី​ក្នុង​តម្លៃ​ជាង ១០​ម៉ឺន​យ័ន្ត ឬ​ជាង ២​ម៉ឺន​ដុល្លារ​ឲ្យ​បុរស​ចិន ក្នុង​គ្រួសារ​ដាច់ស្រយាល​មួយ​នៃ​ក្រុង​ជាងស៊ី ប្រទេស​ចិន៖ «គេ​លក់​យើង​ចឹង គេ​លក់​ឲ្យ​មក​យក​ប្ដី​ស្រុក​ចិន ខ្ញុំ​ស្មាន​ថា​បាន​មក​ធ្វើ​ការ។ ដល់​នេះ​គេ​យក​មក​លក់​ឲ្យ​ស្រុក​ចិន ហ្នឹង ហី​ដល់​ពេល​ម្តាយ​ឈឺ​អត់​មាន​លុយ​ផ្ញើ​ឲ្យ​ម្តាយ​ទៀត»។

ស្ត្រី​ដដែល​រៀបរាប់​ថា នាង​បាន​ទៅ​ប្រទេស​ចិន ជាង ៣​ខែ​មក​ហើយ និង​ធ្លាប់​បាន​រត់​គេច​ដែរ ប៉ុន្តែ​មិន​បាន​សម្រេច ព្រោះ​មិន​ស្គាល់​ភូមិសាស្ត្រ។ ស្ត្រី​មាន​វ័យ ៣២​ឆ្នាំ សព្វថ្ងៃ​មាន​កូន ៤​នាក់​កំពុង​រស់នៅ​ក្នុង​ខេត្ត​បាត់ដំបង រូប​នេះ ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​តំបន់​លោកស្រី​កំពុង​រស់នៅ​នោះ មាន​ស្ត្រី​ខ្មែរ​ជាង ៣០​នាក់​ផ្សេង​ទៀត ក៏​សុទ្ធតែ​ជួប​រឿង​ចាញ់​បោក​មេ​ខ្យល់​ដូចនេះ​ដែរ និង​ចង់​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា វិញ។

ទាក់ទង​រឿង​នេះ អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង មាន​ប្រសាសន៍​ថា ករណី​នេះ​អាច​ជួប​ការ​លំបាក ប្រសិន​ស្ត្រី​រូប​នេះ​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​ចិន នោះ ព្រោះ​ច្បាប់​ប្រទេស​ចិន នៅ​ពេល​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍ ស្ត្រី​ខ្មែរ​នោះ​នឹង​ក្លាយ​ជា​ពលរដ្ឋ​ចិន ដែល​ធ្វើ​ឲ្យ​មន្ត្រី​ខ្មែរ​ពិបាក​ធ្វើ​ការងារ​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នកស្រី​ថា ក្រុម​ការងារ​លោកស្រី​នឹង​សិក្សា​ករណី​នេះ រួម​ទាំង​សហការ​ជាមួយ​ក្រសួង​ការ​បរទេស ដើម្បី​ជួយ​អន្តរាគមន៍៖ «ពេល​ទៅ​ដល់​នោះ​ដូច​ចូល​ទៅ​ក្នុង​ស៊ង​គេ​ចឹង ដោយសារ​គាត់​ស្ថិត​នៅ​ក្នុង​ច្បាប់​របស់​គេ​ហើយ ហើយ​គេ​រក​រឿង​យើង​បាន​ទៀត​ពីរ​យ៉ាង។ ទី​មួយ​យើង​ជា​គ្រួសារ​របស់​គេ​ដែល​ទទួល​ស្គាល់ តែ​បើ​យើង​នៅ​ក្រៅ​គ្រួសារ យើង​ចូល​ប្រទេស​គេ​ដោយ​ខុស​ច្បាប់។ ចឹង​ទីបំផុត បើ​កាលណា​ចូល​ទៅ​ក្នុង​ច្បាប់​អាពាហ៍ពិពាហ៍ គាត់​ក្លាយ​ជា​គ្រួសារ​របស់​គេ​ដែល​គេ​អនុវត្ត​ច្បាប់​របស់​ប្រទេស​គេ»។

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សុន្ទរី បាន​នៅ​ឡើយ​ទេ​ថ្ងៃ​ទី​១៤ ខែ​មករា។

ចំណែក​លោក មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) និយាយ​ថា ប្រសិន​បើ​អង្គការ​របស់​លោក​រក​ឃើញ​ថា ការ​រៀបការ​របស់​ស្ត្រី​ខ្មែរ​នោះ​មិន​មែន​កើត​ចេញ​ពី​ឆន្ទៈ អង្គការ​របស់​លោក​នឹង​ស្វែងរក​ដើម្បី​ជួយ​សង្គ្រោះ។

លោក​ថា កន្លង​មក​អង្គការ​របស់​លោក​ជួប​ការ​លំបាក​ក្នុង​ការ​ជួយ​សង្គ្រោះ​ស្ត្រី​រងគ្រោះ ព្រោះ​ចិន ជា​ប្រទេស​កុម្មុយនីស្ត អាជ្ញាធរ​នៅ​ប្រទេស​នេះ​ខ្លះ​ពុក​រលួយ ហើយ​ស្ត្រី​រងគ្រោះ​ខ្លះ​មិន​ស្គាល់​ទីតាំង ឬ​ស្លាក​សញ្ញា​ដែល​ពិបាក​ក្នុង​ការ​ស្វែងរក៖ «ពួក​ខ្ញុំ​មាន​លេខ​ទូរស័ព្ទ​ចឹង យើង​អាច​ព្យាយាម​ទាក់ទង​គាត់ ដើម្បី​អាច​ដឹង​ថា​គាត់​នៅ​ទីណា? យើង​នឹង​ផ្តល់​សេវា​ជូន​គាត់​បាន​នៅ​ពេល​មាន​ការ​ស្នើសុំ​ពី​គ្រួសារ ឬ​ទំនាក់ទំនង​ពី​ជន​រងគ្រោះ​ចឹង»។

អនុប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់​ថា ករណី​ស្ត្រី​ខ្មែរ​រៀបការ​ជាមួយ​បុរស​នៅ​ប្រទេស​ចិន តាម​រយៈ​មេ​ខ្យល់ និង​ត្រូវ​រង​ទុក្ខបុកម្នេញ ត្រូវ​ជួយ​សង្គ្រោះ​កាល​ពី​ឆ្នាំ​២០១៦ មាន​ជាង ៦០​នាក់។

អ្នកស្រី​ស្នើ​ពលរដ្ឋ​ទូទៅ ជាពិសេស​ស្ត្រី ប្រយ័ត្នប្រយែង​ក្នុង​ការ​ស្វែងរក​ការងារ​នៅ​ក្រៅ​ប្រទេស។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស លោក មឿន តុលា ថា​ស្ត្រី​ខ្មែរ​ដែល​ត្រូវ​ជួញដូរ​នៅ​ចិន ភាគច្រើន​រងគ្រោះ​បាន​ក្លាយ​ទៅ​ជា​ទាសករ​ផ្លូវ​ភេទ ទាសករ​ការងារ​ដោយ​មិន​មាន​ប្រាក់​កម្រៃ និង​គ្មាន​អាហារ​ហូប​ចុក​គ្រប់គ្រាន់ និង​មាន​ជំងឺ។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​រដ្ឋាភិបាល​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​ឲ្យ​ពលរដ្ឋ​បាន​ដឹង និង​ស្វែងរក​មេ​ខ្យល់​ចាប់​ដាក់​ទោស៕

No comments:

Post a Comment