ក្រុមស្ត្រីរងគ្រោះដីធ្លីនៅតំបន់បឹងកក់ តំបន់បុរីកីឡា នឹងបន្តធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៣៧ ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) មន្ត្រី គ.ជ.ប និងសកម្មជនដីធ្លី ព្រមទាំងទាមទាររកយុត្តិធម៌ជូនបណ្ឌិត កែម ឡី។
សម្រាប់យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសប្ដាហ៍ទី៣៧ នៅថ្ងៃច័ន្ទ ទី១៦ ខែមករា ក្រុមស្ត្រីនៅតំបន់បឹងកក់ និងបុរីកីឡាប្រមាណ ៥០នាក់ នឹងរៀបចំធ្វើនៅសហគមន៍បឹងកក់ដដែល ដោយមិនសម្រេចចិត្តចុះផ្លូវតវ៉ានៅតាមអគាររដ្ឋាភិបាល និងស្ថានទូតប្រទេសផ្សេងៗក្នុងទីក្រុងភ្នំពេញនោះទេ។
តំណាងសហគមន៍បឹងកក់ លោកស្រី បូវ សោភា ថ្លែងថា ពិធីជួបជុំនៅព្រឹកថ្ងៃច័ន្ទ ទី១៦ មករា គឺមានលើកបដា រូបថតអ្នកកំពុងជាប់ឃុំ រួមមានអ្នកស្រី ទេព វន្នី តំណាងសកម្មជនដីធ្លីបឹងកក់ ព្រមទាំងរូបថតមន្ត្រីសិទ្ធិមនុស្សជាដើម ហើយពួកគេនឹងស្រែកសម្ដែងមតិទាមទារឲ្យតុលាការ និងរដ្ឋាភិបាល ដោះលែងអ្នកកំពុងជាប់ឃុំដោយអយុត្តិធម៌ទាំងនោះ៖ «យើងចង់ឲ្យដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាព និងជួបជុំគ្រួសាររបស់គាត់»។
តំណាងសហគមន៍បឹងកក់ លោកស្រី បូវ សោភា និងតំណាងសហគមន៍បុរីកីឡា លោកស្រី សរ ស៊ន បញ្ជាក់ថា ទោះលំបាកយ៉ាងណា ក៏ពួកគាត់មិនព្រមបោះបង់ ឬបញ្ឈប់យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះឡើយ លុះត្រាតែរដ្ឋាភិបាលដោះស្រាយតាមការទាមទាររបស់ពួកគាត់។
ក្រុមប្រជាពលរដ្ឋនៅតំបន់បឹងកក់ បានផ្ដើមធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅចាប់តាំងពីសប្ដាហ៍មុនសាជាថ្មី បន្ទាប់ពីពួកគេផ្អាកមួយរយៈ ហើយខកចិត្តចំពោះការបរាជ័យរបស់មេដឹកនាំក្រុមតំណាងរាស្ត្រគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ដើម្បីដោះលែងអ្នកដែលកំពុងជាប់ឃុំទាំង ៦នាក់នោះកាលពីដំណាច់ខែធ្នូ ឆ្នាំ២០១៦។
ទោះបីជាយ៉ាងណាក៏ដោយចុះ ប៉ុន្មានថ្ងៃចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានផ្ញើលិខិតឆ្លើយឆ្លងកំណត់ពីរបៀបវារៈនៃការចរចា ដែលលិខិតនេះធ្វើឡើងតាមរយៈរដ្ឋសភា ជជែកអំពីតួនាទី ការងារ និងសិទ្ធិអំណាចរបស់ប្រធានក្រុមភាគតិច ប្រធានក្រុមភាគច្រើននៅក្នុងសភា និងសភាពការណ៍មុនការបោះឆ្នោត។ ចំណែករឿងចរចាដោះលែងមន្ត្រីសិទ្ធិមនុស្សអាដហុក ៤រូប និងអគ្គលេខាធិការរង គ.ជ.ប រួមទាំងសកម្មជនដីធ្លី មិនទាន់ត្រូវបញ្ចូលក្នុងរបៀបវារៈនៃការចរចាគ្នាខាងមុខនេះនៅឡើយទេ។ នេះបើតាមអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង។
តំណាងសហគមន៍បឹងកក់ លោកស្រី បូវ សោភា អំពាវនាវឲ្យគណបក្សទាំងពីរគួរជជែកគ្នាពីរឿងជាតិ និងប្រជាជន ជាពិសេសដោះលែងសកម្មជនដីធ្លី និងមន្ត្រីសិទ្ធិមនុស្សអាដហុក និងមន្ត្រី គ.ជ.ប តាមការសន្យា ប្រសិនបើរដ្ឋាភិបាលមិនចង់ឃើញមានការតវ៉ាតទៅទៀត៖ «សូមថ្នាក់ដឹកនាំគណបក្សទាំងពីរ គាត់ចង់ធ្វើការបម្រើប្រជាពលរដ្ឋ និងសម្រួលផ្នែកនយោបាយកុំឲ្យឡើងកម្តៅ។ ដូច្នេះពួកគាត់គួរតែសហការគ្នាធ្វើការ ដើម្បីរកនីតិវិធីណាដើម្បីដោះលែងពួកគាត់ឲ្យមានសេរីភាព និងទាមទារយុត្តិធម៌សម្រាប់ពួកគាត់»។
រីឯប្រធានគ្រប់គ្រងផ្នែកអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ធ្លាប់មានប្រសាសន៍ថា យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ កើតឡើងក្រោយពីមានការចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប និងសកម្មជនដីធ្លី ដូច្នេះវាមិនមែនជាចលនាបដិវត្តន៍ពណ៌ទេ គឺជាការទាមទារឲ្យដោះលែងអ្នកទាំងនោះវិញ ដែលគេយល់ថា អ្នកទាំងនោះមិនបានប្រព្រឹត្តខុស។
លោក អំ សំអាត រំពឹងថា រដ្ឋាភិបាល និងតុលាការ គួរពិចារណាដោះលែងអ្នកជាប់ឃុំឃាំងទាំងអស់វិញ ព្រោះថា បើមិនដោះលែងទេ នឹងធ្វើឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលនឹងនៅតែបន្តរងការរិះគន់ខ្លាំងៗដដែល៕
No comments:
Post a Comment