Tuesday, January 17, 2017

កញ្ញា ធី សុវណ្ណថា ប្ដឹង​លោក សម រង្ស៊ី ដែល​ថា​លោក ហ៊ុន សែន សូក​លុយ​១​លាន​ដុល្លារ

                                                                                                                                                                                                                                                                                                                                                   កញ្ញា ធី សុវណ្ណថា អ្នក​លេង​ហ្វេសប៊ុក (facebook) ដ៏​លេចធ្លោ​ម្នាក់ បាន​ប្ដឹង​លោក សម រង្ស៊ី ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ពាក់ព័ន្ធ​នឹង​ការ​និយាយ​ចោទ​ប្រកាន់​ថា លោក ហ៊ុន សែន សូក​លុយ ១​លាន​ដុល្លារ​ដល់​កញ្ញា។

នៅ​ថ្ងៃ​ទី​១៧ ខែ​មករា កញ្ញា ធី សុវណ្ណថា បាន​ប្ដឹង​ទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២៥​ម៉ឺន​ដុល្លារ ដែល​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៧ កន្លង​ទៅ លោក សម រង្ស៊ី ដែល​កំពុង​នៅ​ប្រទេស​បារាំង បាន​និយាយ​នៅ​ពេល​ប្រជុំ និង​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជាមួយ​លោក កឹម សុខា ថា​លោក ហ៊ុន សែន បាន​សូកប៉ាន់​លុយ ១​លាន​ដុល្លារ​ដល់​កញ្ញា ធី សុវណ្ណថា ដើម្បី​ឲ្យ​នាង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ។

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ដែល​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ហ្រ្វេស​ញូវ (Fresh​News) បាន​រៀបរាប់​ថា ការ​លើក​ឡើង​នេះ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ ជា​ការ​ចោទ​ប្រកាន់​មួលបង្កាច់​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​លើ​រូប​នាង ហើយ​នាង​នឹង​យក​ប្រាក់​សំណង​នេះ​ជូន​ទៅ​អង្គការ​ដើម្បី​ធ្វើ​កិច្ចការ​មនុស្សធម៌៕

No comments:

Post a Comment