តំណាងប្រជាពលរដ្ឋនៅឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ សម្រេចប្ដឹងតំណាងក្រុមហ៊ុន ម៉ែន សារុន ទៅតុលាការ ជុំវិញការជីកប្រឡាយផ្តាច់ផ្លូវសាធារណៈមិនឲ្យពួកគាត់ធ្វើដំណើរទៅកាន់ដីស្រែចម្ការ។ ការសម្រេចដាក់ពាក្យប្ដឹងនេះ ក្រោយពេលពលរដ្ឋបានដាក់ពាក្យសុំកិច្ចអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋាន ប៉ុន្តែគ្មានចំណាត់ការឡើយ។ តំណាងក្រុមហ៊ុនលើកឡើងថា ទីតាំងដែលក្រុមហ៊ុនជីកនោះ ពុំមែនជាផ្លូវសាធារណៈដូចការលើកឡើងទេ ប៉ុន្តែជាការជីកប្រឡាយកំណត់ព្រំដីរបស់ក្រុមហ៊ុនប៉ុណ្ណោះ។
អស់រយៈពេលជាច្រើនខែមកហើយ ជម្លោះជីកផ្តាច់ផ្លូវសាធារណៈនៅឃុំជាំក្រវៀន នៅពុំទាន់មានដំណោះស្រាយនៅឡើយ បើទោះបីជាប្រជាពលរដ្ឋបានដាក់លិខិតអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានក៏ដោយ។
ប្រជាសហគមន៍សម្រេចប្ដឹងភាគីក្រុមហ៊ុនទៅតុលាការកាលពីថ្ងៃទី១៦ មករា ដោយស្នើឲ្យភាគីក្រុមហ៊ុនផ្តល់សំណងខូចខាតទ្រព្យសម្បត្តិរបស់ពួកគេ និងទាមទារឲ្យខាងក្រុមហ៊ុនជីកលុបប្រឡាយនោះវិញ។ ក្រៅពីនេះ តំណាងសហគមន៍ក៏ត្រៀមបញ្ជូនពាក្យបណ្ដឹងទៅក្រសួងពាក់ព័ន្ធ ដើម្បីចាត់វិធានការលើមន្ត្រីអាជ្ញាធរមូលដ្ឋានដែលអសកម្ម មិនបានដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់។
ប្រជាសហគមន៍នៅឃុំជាំក្រវៀន លោក កម ស្រស់ មានសាសន៍ថា ពួកគាត់សម្រេចប្ដឹងភាគីក្រុមហ៊ុន ម៉ែន សារុន ទៅតុលាការ ពីព្រោះតែអាជ្ញាធរមិនអាចដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់បាន។ បញ្ហាប្រឈមទាំងនោះដូចជា ដំណាំស្រូវ ដំឡូងមី ជ័រកៅស៊ូរងការខូចខាតអស់មួយចំនួន ដោយសារគ្មានផ្លូវសម្រាប់ដឹកជញ្ជូនចេញទៅផ្ទះសម្បែងបាន៖ «អ៊ីចឹងបានជាពួកខ្ញុំជាប្រជាពលរដ្ឋរួមមតិគ្នាប្ដឹងក្រុមហ៊ុន ម៉ែន សារុន ប្ដឹងអាជ្ញាធរឃុំ ដែលគាត់អសកម្មមិនអាចដោះស្រាយបាន»។
ករណីជីកផ្តាច់ផ្លូវធ្វើដំណើរឆ្លងកាត់តាមដីក្រុមហ៊ុន ម៉ែន សារុន ទៅកាន់ដីចម្ការរបស់ពលរដ្ឋប្រមាណ ១០០គ្រួសារ គឺកើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៦។ រហូតដល់ថ្ងៃទី៨ វិច្ឆិកា ពលរដ្ឋបានដាក់លិខិតអន្តរាគមន៍មួយច្បាប់ទៅអាជ្ញាធរឃុំជាំក្រវៀន ហើយអាជ្ញាធរបានចុះមើលសកម្មភាពកាត់ផ្តាច់ផ្លូវនោះដែរ ប៉ុន្តែមិនឃើញមានចំណាត់ការលើក្រុមហ៊ុនឡើយ។
នៅក្នុងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលដាក់ចូលទៅសាលាដំបូងខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៦ មករា គឺបញ្ជាក់ថា ភាគីក្រុមហ៊ុនជីកផ្តាច់ផ្លូវនោះមានបំណងធ្វើបាបប្រជាពលរដ្ឋមិនឲ្យពួកគាត់អាចធ្វើដំណើរចេញចូលទៅកាន់ដីចម្ការរបស់ខ្លួនតែម្តង។ ទង្វើនេះ គឺផ្ទុយទៅនឹងសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ព្រមទាំងប្រកាសរបស់ទេសរដ្ឋមន្ត្រី ថានឹងកាត់ដីពាក់ព័ន្ធជាមួយក្រុមហ៊ុន ម៉ែន សារុន ជិត ២ពាន់ហិកតារជូនពលរដ្ឋជាង ៦០០គ្រួសារ ក្នុងទម្រង់ដីសម្បទានសង្គមកិច្ចថែមទៀត។
ស្រដៀងគ្នានេះ តំណាងពលរដ្ឋនៅឃុំទន្លូង មួយរូបទៀត លោក យ៉ែម គង់ មើលឃើញថា អាជ្ញាធរឃុំ គឺមិនមានឆន្ទៈដោះស្រាយបញ្ហានេះជូនពលរដ្ឋឡើយ ហើយចេះតែពន្យារពេលរហូតធ្វើឲ្យផលិតផលកសិកម្មរបស់ពួកគាត់ខូចខាតអស់ជាច្រើន។ ស្រូវពលរដ្ឋខ្លះដុះនៅវាលស្រែតែម្តង ដំឡូងត្រូវរលួយមើម ហើយកៅស៊ូចៀរជ័ររួច ត្រូវខូចខាតជាដើម៖ «ខ្ញុំយល់ឃើញថា អាជ្ញាធរហាក់មិនយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាប្រឈមឡើយ»។
ប្រជាសហគមន៍ទាំងនេះសង្ឃឹមថា តុលាការនឹងអាចរកយុត្តិធម៌ជូនពួកគាត់ ម្យ៉ាងសង្ឃឹមថារឿងក្តីនេះអាចនឹងត្រូវដោះស្រាយក្នុងពេលឆាប់ៗ។
ទាក់ទងបញ្ហានេះ តំណាងក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា មានប្រសាសន៍នៅថ្ងៃទី១៧ មករា ថា តំបន់ដែលក្រុមហ៊ុនជីកប្រឡាយ គឺជាទីតាំងដែលអាជ្ញាធរកំណត់ព្រំដីជូនក្រុមហ៊ុន ហើយពុំមែនជាផ្លូវសាធារណៈដូចការលើកឡើងទេ។ បន្ថែមពីនេះ ការជីកប្រឡាយ គឺដើម្បីបង្ការមិនឲ្យមានអគ្គីភ័យឆាបឆេះចូលទីតាំងក្រុមហ៊ុន ឬចម្ការរបស់ក្រុមហ៊ុនប៉ុណ្ណោះ។ ចំពោះការដាក់ពាក្យប្ដឹងរបស់ប្រជាសហគមន៍វិញ លោក វាសនា បញ្ជាក់ថា នៅមិនទាន់ទទួលព័ត៌មាននៅឡើយទេ៖ «តាមពិតទៅ យើងកាយទៅតាមខេត្តកំណត់ព្រំដីឲ្យយើងទេ មិនមែនដើម្បីផ្តាច់ផ្លូវគាត់ទេ»។
អាស៊ីសេរី មិនអាចទាក់ទងមេឃុំជាំក្រវៀន និងអ្នកនាំពាក្យសាលាដំបូងខេត្តត្បូងឃ្មុំ បានទេនៅថ្ងៃទី១៧ មករា។
កាលពីខែធ្នូ ឆ្នាំ២០១៦ មេឃុំជាំក្រវៀន លោក អ៊ួច យឿន ធ្លាប់មានប្រសាសន៍ថា លោកនឹងកោះហៅភាគីក្រុមហ៊ុនមកជួបគ្នាដោះស្រាយជុំវិញករណីនេះ ប៉ុន្តែលោកមិនបានធ្វើតាមការអះអាងរបស់ខ្លួនឡើយ។ កាលណោះ លោកបញ្ជាក់ដែរថា សកម្មភាពជីកប្រឡាយផ្តាច់ផ្លូវសាធារណៈពីសំណាក់ក្រុមហ៊ុន គឺជារឿងមិនត្រឹមត្រូវឡើយ។
ក្រោយពេលភាគីក្រុមហ៊ុនបានជីកប្រឡាយផ្តាច់ផ្លូវកាលពីខែកញ្ញា រួចមក អ្នកភូមិនាំគ្នាដឹកផលិតផលកសិកម្មឆ្លងកាត់តំបន់នោះ ដោយមធ្យោបាយតម្រៀបកំណាត់ឈើ ឬកំណាត់ឫស្សី ដើម្បីឆ្លង ហើយពេលខ្លះពួកគាត់ត្រូវលីសែងផលិតផលរបស់ខ្លួនឆ្លងឲ្យផុតប្រឡាយនោះទៀតផង។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) នៅខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ការដាក់ពាក្យប្ដឹងក្រុមហ៊ុន គឺត្រឹមត្រូវទៅតាមផ្លូវច្បាប់ ប៉ុន្តែអ្នកដែលមិនបានដោះស្រាយបណ្ដឹងរបស់ពលរដ្ឋទៅវិញទេ ទើបជាអ្នកខុស៖ «គាត់អាចប្ដឹងបាន! អាហ្នឹងវាស្របតាមច្បាប់ ច្បាប់គេសរសេរអ៊ីចឹង ហើយគាត់ធ្វើតាមហ្នឹង គឺមិនមានអីខុសទេ។ លើកលែងតែតុលាការ ឬសមត្ថកិច្ចដោះស្រាយរឿងហ្នឹងអត់ធ្វើ អាហ្នឹងបានជាអ្នកខុស»។
មន្ត្រីសង្គមស៊ីវិលរូបនេះបញ្ជាក់ថា ពលរដ្ឋក៏មានសិទ្ធិប្ដឹងអាជ្ញាធរទាំងឡាយណាដែលអសកម្ម ឬព្រងើយកន្តើយមិនព្រមដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ដែរ។ ជាងនេះទៀត ពលរដ្ឋមានសិទ្ធិកាត់សេចក្តីចំពោះមន្ត្រីអសកម្មទាំងនោះ នៅពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ ឬសង្កាត់ ដែលនៅសល់ប៉ុន្មានខែខាងមុខទៀត។
លោក នាង សុវ៉ាត យល់ថា វិវាទដីធ្លីរវាងក្រុមហ៊ុន ម៉ែន សារុន ជាមួយប្រជាពលរដ្ឋ អាជ្ញាធរមួយចំនួនអាចនឹងពិបាកដោះស្រាយ ពីព្រោះខ្លាចប៉ះពាល់ផលប្រយោជន៍របស់ខ្លួន។ លោកថា ដើម្បីដោះស្រាយបញ្ចប់ជម្លោះនេះ រាជរដ្ឋាភិបាលត្រូវចៀរសាច់ស្អុយ ឬសាច់រលួយរបស់ខ្លួនចោល ហើយដាក់មនុស្សដែលមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាប្រឈមនានាជូនពលរដ្ឋជំនួសវិញ៕
No comments:
Post a Comment