Tuesday, January 3, 2017

អតីត​អ្នកភូមិ​បុរី​កីឡា​ប៉ះទង្គិច​ជា​មួយ​អាជ្ញាធរ ក្នុង​ពេល​ប្រារព្ធ​ខួប​៥​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ


ក្រុម​សន្តិសុខ​ខណ្ឌ៧មករា ដេញ​អតីត​អ្នក​រស់នៅ​ក្នុង​បុរីកីឡា​ចេញ​ពី​អគារ​ ក្នុង​ថ្ងៃ​ដែល​ពួកគេ​ប្រារព្ធ​ខួប​៥ឆ្នាំ​នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ កាលពី​ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)



ការ​រុញ​ច្រាន​រហូត​ឈាន​ដល់​មាន​ការ​ប្រតាយ​ប្រតប់​គ្នា​នេះ ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ទៅ​វិញ​ទៅ​មក​ថា ប្រធាន​សន្តិសុខ​ និង​អតីត​អ្នក​បុរី​កីឡា​ទាំង​នោះ​បាន​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក។

ភ្នំពេញ — អតីត​អ្នក​ភូមិ​បុរីកីឡា​ដែល​មិន​ទាន់​ទទួល​បាន​សំណង​គ្រប់គ្រាន់ ​ក្រោយ​ពី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​បាន​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​សន្តិសុខ​ខណ្ឌ​៧​មករា ក្នុង​ថ្ងៃ​ដែល​ពួកគេ​ប្រារព្ធ​ខួប​៥​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នោះ។

ការ​ប៉ះទង្គិច​គ្នា​នេះ​កើត​មាន​ឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៣ ខែ​មករា ខណៈ​ពេល​អតីត​អ្នកភូមិ​បុរី​កីឡា​ជាង​៣០​នាក់​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ឲ្យ​ទៅ​រស់នៅ​តំបន់​ជាយ​ក្រុង ​គ្រោង​ចូល​រស់នៅ​ក្នុង​អគារ​បុរី​កីឡា​ចាស់​វិញ​ ដើម្បី​ទាមទារ​សំណង​បន្ថែម។

ក្រុម​អ្នក​ភូមិ​ទាំង​នេះ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​អគារ​បុរី​កីឡា​ចាស់ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា ដើម្បី​ប្រារព្ធ​ខួប​៥​ឆ្នាំ​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា​ ឆ្នាំ​២០១២។

ក្រោយ​បញ្ចប់​ការ​ប្រារព្ធ​ខួប ពួកគេ​បាន​នាំ​គ្នា​ចូល​ទៅ​រស់នៅ​អគារ​ចាស់​ដែល​មិន​មាន​ចាក់​សោ ដើម្បី​ទាមទារ​សំណង​បន្ថែម​ពី​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដែល​បាន​បណ្ដេញ​ពួកគេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​តំបន់​ជាយ​ក្រុង​ ដែល​គ្មាន​ទឹក​ប្រើប្រាស់ គ្មាន​សាលារៀន ​គ្មាន​មន្ទីរពេទ្យ និង​គ្មាន​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវ​ថ្នល់​សមស្រប​ជាដើម។

ក្រោយ​ពេល​អតីត​អ្នកភូមិ​បុរីកីឡា​យក​សម្ភារៈ​មួយ​ចំនួន​ចូល​ទៅ​នៅ​ក្នុង​អគារ​នោះ​បាន​បន្តិច ក្រុម​សន្តិ​សុខ​ដែល​ដឹកនាំ​ដោយ​លោក ប្រាក់​ ហាក់ ជា​ប្រធាន បាន​បំបែក និង​បណ្ដេញ​ពួកគេ​ ដោយ​ចាប់​ទាញ និង​រុញ​ច្រាន​ពួកគេ​ចេញ​ពី​អគារ​ចាស់​មក​ខាង​ក្រោម។

ការ​រុញ​ច្រាន​រហូត​ឈាន​ដល់​មាន​ការ​ប្រតាយ​ប្រតប់​គ្នា​នេះ ដោយសារ​មាន​ការ​ចោទ​ប្រកាន់​ទៅ​វិញ​ទៅ​មក​ថា ប្រធាន​សន្តិសុខ​ និង​អតីត​អ្នក​បុរី​កីឡា​ទាំង​នោះ​បាន​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក។

ទោះ​ជា​យ៉ាង​ណា ការ​ប្រតាយ​ប្រតប់​គ្នា​រវាង​អតីត​អ្នក​បុរី​កីឡា និង​កង​សន្តិសុខ​ទាំង​នោះ ​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ។

អ្នកស្រី​ គឹម សារ៉ាន់ អតីត​អ្នក​បុរី​កីឡា​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​រុញ​ច្រាន​ឲ្យ​ចេញ​ពី​អគារ ប្រាប់​ថា អ្នកស្រី​ត្រូវ​បាន​ប្រធាន​កង​សន្តិសុខ​វាយ ក្រោយ​ពី​រង​ការ​ចោទ​ប្រកាន់​ថា អ្នកស្រី​បាន​ជេរ​ប្រធាន​កង​សន្តិសុខ​រូប​នោះ។

អ្នកស្រី​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​រក​ដំណោះ​ស្រាយ​ផ្ដល់​ជា​សំណង​បន្ថែម និង​បញ្ឈប់​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ដើម្បី​បង្ក្រាប​លើ​ប្រជាពលរដ្ឋ។

ក្រុម​សន្តិសុខ​ខណ្ឌ៧មករា ដេញ​អតីត​អ្នក​រស់នៅ​ក្នុង​បុរីកីឡា​ចេញ​ពី​អគារ​ ក្នុង​ថ្ងៃ​ដែល​ពួកគេ​ប្រារព្ធ​ខួប​៥ឆ្នាំ​នៃ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ កាលពី​ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)

«គ្រាន់​តែ​ទាមទារ​សំណង​បន្ថែម ភូមិ​អណ្ដូង​ផ្ទះ​មួយ ប្រាក់​៥ពាន់ ឬ​ក៏​បន្ត​ការ​រស់​នៅ​ភ្នំបាត​១ម៉ឺន​ដុល្លារតែប៉ុណ្ណោះ បែរ​ជា​ប្រើ​អាជ្ញាធរ​មក​វាយ ដាក់​កង​កម្លាំង​គំរាម​កំហែង​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។​ តើ​យុត្តិធម៌​ស្ថិត​នៅ​កន្លែង​ណា? តើ​លទ្ធិ​ប្រជាធិបតេយ្យ​ស្ថិត​នៅ​កន្លែង​ណា​? តើ​គោរព​ច្បាប់​ថ្ងៃ​២៣តុលា ​នៅ​កន្លែង​ណា?»។

លោក ប្រាក់ ហាក់ ប្រធាន​កង​សន្តិសុខ​ខណ្ឌ​៧​មករា លើក​ឡើង​ថា លោក​បាន​ដឹក​នាំ​កង​សន្តិសុខ​ទៅ​តាម​ការ​បញ្ជា​ពី​អភិ​បាល​ខណ្ឌ ​ដើម្បី​បណ្ដេញ​អតីត​អ្នកភូមិ​បុរី​កីឡា​ចេញ​ពី​អគារ​ចាស់​នោះ ប៉ុន្តែ​លោក​ថា អតីត​អ្នកភូមិ​ទាំងនេះ​រឹងរូស​មិន​ព្រម​ចាក​ចេញ ទើប​បណ្ដាល​ឲ្យ​មានការ​ចាប់​ទាញ និង​រុញ​ច្រាន​ដូច្នេះ។

«គាត់​មក​រំខាន​ពួក​ខ្ញុំ។ បាន​ន័យ​ថា​ខ្ញុំ​ចុះ​សណ្ដាប់​ធ្នាប់ ហើយ​គាត់​យក​ឥវ៉ាន់​ឡើង​អគារ​ដែល​គេ​ទទួល​បាន​ផ្ទះ​ហើយ បាន​ន័យ​ថា​អគារ​នេះ​មាន​ម្ចាស់​ហើយ តែ​គាត់​មក​ចូល​នៅ។ តាម​បញ្ជា​លោក​អភិបាល​គឺ​ឲ្យ​ខ្ញុំ​ចុះ​ឲ្យ​គាត់​អញ្ជើញ​ទៅ​វិញ។ ខ្ញុំ​គ្រាន់​តែ​ធ្វើ​តាម​បញ្ជា ​ឲ្យ​គាត់​អញ្ជើញ​ចុះ អញ្ជើញ​ដោយ​មាត់ ហើយ​បើ​មិន​នេះ​ទេ មាន​តែ​លើក​ឥវ៉ាន់​គាត់​ចុះ។ បើ​គាត់​មិន​ចុះ មាន​តែ​រុញ​ឲ្យ​គាត់​ចុះ»។

អ្នកស្រី ខៀវ ឡៃ អតីត​អ្នក​បុរី​កីឡា​ដែល​រង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ឲ្យ​ទៅ​រស់​នៅ​សហគមន៍​ភ្នំបាត​ ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដាល ប្រាប់​អ្នក​សារព័ត៌មាន​ថា ​អ្នកស្រី​បាន​មក​រស់នៅ​បុរីកីឡា​តាំងពី​ឆ្នាំ១៩៨០ ប៉ុន្តែ​នៅ​ឆ្នាំ​២០១២ អ្នក​ស្រី និង​ពលរដ្ឋ​ជាង​១៤០គ្រួសារ​ទៀត ត្រូវ​បាន​ក្រុម​ហ៊ុន និង​អាជ្ញាធរ​បណ្ដេញ​ចេញ​ដោយ​ផ្ដល់​សំណង​តិច​តួច​ប៉ុណ្ណោះ។

អ្នក​ស្រី​បន្ត​ថា ការ​រស់នៅ​តំបន់​ភ្នំបាត​ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នក​ស្រី និង​គ្រួសារ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ផ្សេង​ទៀត រង​នូវ​បញ្ហា​ប្រឈម​ជា​ច្រើន ទាំង​សុវត្ថិភាព​ក្នុង​ការ​រស់​នៅ និង​គ្មាន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។

អ្នកស្រី ខៀវ ឡៃ បន្ថែម​ថា ប្រជាពលរដ្ឋ​ទាំង​១៤០​គ្រួសារ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​បង្ខំ នឹង​ប្រមូល​គ្នា​មក​រស់នៅ​ក្នុង​អគារ​បុរី​កីឡា​ចាស់​វិញ ប្រសិនបើ​ក្រុម​ហ៊ុន​មិន​ផ្ដល់​សំណង​បន្ថែម​ក្នុង​មួយ​គ្រួសារ​ពី​៥ពាន់​ ទៅ​១ម៉ឺន​ដុល្លារ ដើម្បី​ឲ្យ​ពួកគេ​ដោះ​ស្រាយ​ជីវភាព​ទេ​នោះ។

«នៅ​ហ្នឹង​ អត់​មាន​ទឹក​ស្អាត​ រចនា​សម្ព័ន្ធ​អី​ទាំង​អស់ ហើយ​ឈឺ​ថ្កាត់។ ហើយ​រាល់​ថ្ងៃ​រស់​ដោយ​សារ​សប្បុរសជន។ បើ​សប្បុរសជន​មាន​ជំនួយ​មក​ ពួក​ខ្ញុំ​បាន​ហូប។ បើ​សប្បុរស​ជន​អត់​ជំនួយ​មក ​ពួក​ខ្ញុំ​អត់​អី​ហូប​ទេ ដើរ​សុំ​ទាន​គេ​អស់​ហើយ​កូនៗ​នៅ​វត្ត សុំទាន​គេ​ទាំងអស់»។

គោល​នយោបាយ​សំណង​សម្រាប់​ទំនាស់​ដី​ធ្លី ​និង​ផ្ទះ​សម្បែង​របស់​ប្រជា​សហគមន៍​បុរី​កីឡា​គឺ​៣.០០០ដុល្លារ​ ៥.០០០​ដុល្លារ​ ឬ​ផ្ទះ​ល្វែង​តូច​មួយ​នៅ​ភូមិ​អណ្ដូង​ ភ្នំបាត ​និង​ភូមិ​សំបុក​ចាប​ ស្ថិត​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ។

អ្នកស្រី គឹម សារ៉ាន់ អតីត​អ្នក​រស់នៅ​ក្នុង​បុរីកីឡា​ម្នាក់​ទៀត​ដែល​ត្រូវ​បាន​សន្តិសុខ​ខណ្ឌ​រុញច្រាន​ឲ្យ​ចេញពី​អគារ ផ្តល់​បទ​សម្ភាសន៍​ឲ្យ​អ្នក​សារព័ត៌មាន​ កាលពី​ថ្ងៃអង្គារ ទី៣ ខែមករា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)

គ្រួសារ​ខ្លះ​ចាប់​ឆ្នោត​បាន​ផ្ទះល្វែង​នៅ​បុរី​កីឡា​ ដោយ​តម្រូវ​តាម​ចំនួន​បន្ទប់​ដែល​នៅ​សល់​នៅ​អគារ​ទី៨​ ហើយ​នៅ​ជាន់​លើ​គេ។

ក្រុមហ៊ុន​ ផានអ៊ីម៉ិច​ របស់​អ្នកស្រី​ ស៊ុយ សុផាន​ បាន​សន្យា​ថា សង់​អគារ​ចំនួន​១០​នៅ​ហ្នឹង​កន្លែង​សម្រាប់​ជា​សំណង ​ប៉ុន្តែ​អ្នកស្រី​សង់​បាន​តែ​ចំនួន​៨​អគារ​ប៉ុណ្ណោះ ក៏​ប្រកាស​ក្ស័យ​ធន។

​លោក​ អំ​ សំអាត​ ប្រធាន​ផ្នែក​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ដែល​បាន​ឃ្លាំ​មើល​សកម្មភាព​នៃ​ការ​ប្រារព្ធ​ខួប និង​ការ​រុញ​ច្រាន​នោះ លើក​ឡើង​ថា ការ​បន្ត​ការ​តវ៉ា​របស់​អតីត​អ្នកភូមិ​បុរី​កីឡា កើត​ឡើង​ដោយសារ​ក្រុម​ហ៊ុន​ផានអ៊ីមិច មិន​បាន​គោរព​តាម​កិច្ច​សន្យា​ ហើយ​រដ្ឋាភិបាល​មិន​បាន​យក​ចិត្ត​ទុក​ដាក់​លើ​ការ​រស់នៅ​របស់​ពួកគេ។

លោក​បន្ត​ថា គោលការណ៍​នៃ​ការ​អភិវឌ្ឍ​គឺ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​ជីវភាព​ប្រជាពលរដ្ឋ​បាន​ប្រសើរ មិនមែន​អភិវឌ្ឍន៍​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជា​ពលរដ្ឋ​នោះ​ទេ។

«ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ និង​រដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍន៍​កន្លែង​ដែល​គាត់​រស់នៅ​ហ្នឹង​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ ឲ្យ​មាន​មុខរបរ​សម្រាប់​គាត់ ដើម្បី​ផ្គត់​ផ្គង់ ឬ​ក៏​ដើម្បី​កូន​របស់​គាត់​ហ្នឹង​បាន​រៀន​សូត្រ។ បើសិនជា​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ មិន​មាន​មុខរបរ​ទេ ដូច​ពួក​គាត់​លើក​ឡើង​អញ្ចឹង កូន​ត្រូវ​បាត់​បង់​ការ​សិក្សា។ គាត់​ត្រូវ​ដើរ​រើស​អេតចាយ ​ឬក៏​ដើរ​ស៊ី​ឈ្នួល​គេ ឬក៏​ធ្វើ​ចំណាក​ស្រុក​ដើម្បី​ជីវភាព។ អា​ហ្នឹង​ផ្ទុយ​ពី​ការ​អភិវឌ្ឍ​ហើយ។ បើសិនជា​ការ​អភិវឌ្ឍ​ដើម្បី​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្រីក្រ​ អញ្ចឹង​គេ​មិន​ហៅ​ការ​អភិវឌ្ឍ​ទេ គឺ​ជា​ការ​ធ្វើ​បាប​រាស្ត្រ»។

កាល​ពី​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១២ ក្រុមហ៊ុន​ផានអ៊ីម៉ិច និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់​កម្លាំង​មាន​សមត្ថកិច្ច និង​សន្តិសុខ​ក្រុមហ៊ុន ទៅ​ឈូស​ឆាយ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តំបន់​បុរីកីឡា​ចំនួន​៣៨៧​គ្រួសារ។

អ្នក​បុរីកីឡា​មួយ​ចំនួន​ ត្រូវ​បាន​អាជ្ញាធរ​ដឹក​ទៅ​ទម្លាក់​ចោល​នៅ​តំបន់​ទួល​សំបូរ និង​ភ្នំ​បាត ដែល​មាន​ចម្ងាយ​ប្រមាណ​៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដោយ​អ្នក​ខ្លះ​បាន​ទទួល​សំណង​ដី​៤​គុណ៥​ម៉ែត្រ។

បច្ចុប្បន្ន​មាន​ពលរដ្ឋ​បុរី​កីឡា​ជាច្រើន​គ្រួសារ​ដែល​មិន​ទាន់​ទទួល​សំណង បន្ត​រស់នៅ​លើ​គំនរ​សំរាម ក្រោម​កៅស៊ូ​តង់​ហាល​ថ្ងៃ ហាល​ភ្លៀង​ និង​ក្រោម​ជណ្ដើរ​អគារ​នៅ​បុរីកីឡា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន ផានអ៊ីម៉ិច សង់​អគារ​ស្នាក់នៅ​ពីរ​បន្ថែម​ទៀត​ទៅ​តាម​កិច្ចសន្យា​ដែល​ក្រុមហ៊ុន​នេះ​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល៕

No comments:

Post a Comment