Tuesday, January 3, 2017

៣ឆ្នាំក្រោយ​ព្រឹត្តិការណ៍​បង្ក្រាប​នៅ​ផ្លូវ​វេ​ង​ស្រេង ជនរងគ្រោះ​អំពាវនាវ​រក​យុត្តិធម៌ និង​ទម្លាក់ចោល​ការចោទប្រកាន់


រូបភាព៖ កងកម្លាំងអាជ្ញាធរចុះបង្ក្រាប ក្រុមបាតុករនៅសួនឧស្សាហកម្មកាណាឌីណា ផ្លូវវេងស្រេង នៅថ្ងៃទីសុក្រ ទី ៣មករាឆ្នាំ ២០១៤។ RFI/ siv channa


ជនរងគ្រោះ​ពី​ការបង្ក្រាប​នៅក្នុង​បាតុកម្ម​នៅមុខ​រោងចក្រ​យា​ក​ជីននិង​នៅតាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេងបាន​ជួបជុំគ្នា​នៅថ្ងៃនេះដើម្បី​ប្រារព្ធ​ខួប ៣ឆ្នាំ​នៃ​ការបង្ក្រាប។ នៅថ្ងៃនេះ អតីត​អ្នកចូលរួម​ធ្វើបាតុកម្ម និង​សាច់ញាតិ​របស់​ជនរងគ្រោះ​កាលពី​ឆ្នាំ២០១៤ បាន​រៀបរាប់​ពី​ការឈឺចាប់ និង​បន្ត​អំពាវនាវ​ស្វែងរក​យុត្តិធម៌​សម្រាប់​ពួកគេ។

មុនពេល​ចាប់ផ្តើម​ពិធី​កាលពី​ព្រឹក​មិញ អ្នកចូលរួម​ទាំងអស់ ដែលជា​ជនរងគ្រោះ និង​ក្រុម​គ្រួសារ​របស់​ពូកគេ បាន​ដើរ​មើល​រូបថត​ជាច្រើន​សន្លឹក ដែល​ត្រូវបាន​គេ​បិទ​ភ្ជាប់​ទៅនឹង​ជញ្ជាំង​របង​ផ្ទះ ដែល​បាន​ពិពណ៌នា​ពី​ទិដ្ឋភាព​នៃ​ការបង្ក្រាប​ប្រកបដោយ​ឈាមក្រហម​ច្រាល​នៅលើ​ផ្ទៃមុខ និង​សំលៀកបំពាក់​របស់​បាតុករ​កាលពី៣ឆ្នាំមុន។ ក្រៅពីនេះ អ្នកចូលរួម​ក៏​បាន​ទស្សនា​ខ្សែ​វីដេអូ ដែល​បាន​រៀបរាប​បន្ថែមទៀត ពី​ព្រឹត្តិការណ៍​នៃ​ការបង្ក្រាប​រយៈ​ពេល​​ពីរ​ថ្ងៃ នៅមុខ​រោងចក្រ​យា​ក​ជីន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ដោយ​កងទ័ព​​ឆ័ត្រ​យោង ​៩១១ និងការបង្ក្រាប​កាលពី​ថ្ងៃទី៣មករា​នៅ​ផ្លូវ​វេ​ង​ស្រេង ដោយ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​កម្ពុ​ជា។

ដោយឡែក សាច់​ញាតិ​របស់​ជនរងគ្រោះ និង​ជនរងគ្រោះ​ផ្ទាល់​នៅក្នុង​ព្រឹត្តិការណ៍​កាល​ពី​ ៣​ឆ្នាំ​មុន​នោះ បាន​ឡើង​រៀប​រាប់​ម្តង​ម្នាក់ៗ ពី​ព្រឹត្តិការណ៍​ដែល​កាលណោះ បាន​បណ្តាល​ឲ្យ​មនុស្ស ៤​នាក់​ស្លាប់ ម្នាក់​បាត់​ខ្លួន របួស​ធ្ងន់ ៣៩នាក់ និង​មនុស្ស ២៣​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ។ កាលណោះ គឺជា​មហា​បាតុកម្ម​ដែល​ផ្តើម​ផ្ទុះ​នៅតាម​រោងចក្រ​នានា​នៅក្នុង​ទីក្រុង​ភ្នំពេញ ក្នុង​បុព្វហេតុ​ដើម្បី​ទាមទារ​ការ​តំឡើង​ប្រាក់ខែ​គោល​អប្បបរមា ១៦០​ដុល្លារ ជូន​ដល់ក​ម្មករ-កម្មការិនី​កម្ពុជា។ ជា​បាតុកម្ម​ដែល​ធ្វើ​ឡើង​ចំ​ពេល​មាន​ភាព​រំជើប​រំជួល​ខាង​ផ្នែក​នយោបាយ ក្រោយពី​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ ២០១៣ ហើយ​ដែល​គណបក្ស​ប្រឆាំង​កាលណោះ មិន​ព្រម​ចូល​ប្រជុំ​សភា និង​បាន​ដឹកនាំ​ចលនា​បាតុកម្ម​ប្រចាំខែ​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ។

លោក វន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ហៅ​កាត់​ថា (IDEA) ដែល​រង​ការ​វាយ​ដុំ និង​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៤​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៨​លាន​រៀល​នោះ បាន​រៀបរាប់​ពី​ការ​ឈឺចាប់​ក្នុង​កំឡុង​ពេល​បង្ក្រាប ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​នៅ​ឯ​ពន្ធនាគារ​ត្រពាំង​ថ្លុង ​ក្នុង​ខេត្តកំពង់ចាម ដោយ​អះអាង​ថា លោក​ស្ទើរ​តែ​គ្មាន​ជីវិត​រស់នៅ​ផង។

សូមបញ្ជាក់​ថា តាម​គម្រោង ក្រុម​ជន​រងគ្រោះ​ពី​ព្រឹត្តិការណ៍​បង្ក្រាប​បាតុកម្ម​នៅ​តាម​បណ្តោយ​​ផ្លូវ​វេង​ស្រេង​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ និង​បាតុកម្ម​នៅមុខ​រោងចក្រ​យា​ក​ជីន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ ២០១៤​នោះ គ្រោង​ជួបជុំ​គ្នា​នៅ​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង។ ប៉ុន្តែ​បាន​បង្វែរ​មក​ប្រារព្ធ​ពិធី​នៅក្នុង​ទីស្នាក់ការ​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) របស់លោក វន ពៅ ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​ទឹកល្អក់១ រាជធានី​ភ្នំពេញ​ទៅវិញ។ មូលហេតុ គឺ​អាជ្ញាធរ​ក្រុងភ្នំពេញ មិន​អនុញ្ញាតិ។ អ្វីដែល​ជាការ​កត់សំគាល់​ដែរ ការ​ប្រារព្ធ​ខួប៣ឆ្នាំ​នៃ​ការបង្ក្រាប​បាតុកម្ម​កាលពី​ឆ្នាំ២០១៤នៅថ្ងៃនេះ មិនមាន​ការចូលរួម​ពី​តំណាង​សហជីពធំៗនៅ​កម្ពុជា ពិសេស​តំណាង​ពី​គណបក្ស​ប្រឆាំង​នោះ​ទេ។

គួរ​ជម្រាប​ជូន​ដែរ​ថា ការ​ប្រារព្ធ​ខួប​នៅ​ថ្ងៃ​នេះ ក្រៅ​តែ​ពី​ការ​រំលឹក​ពី​ការ​ឈឺចាប់ ជន​រងគ្រោះ​ក៏​បាន​អំពាវនាវ​ឲ្យ​តុលាការ​កម្ពុជា ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ និង​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ និង​អ្នក​ពាក់ព័ន្ធ​ស្វែង​រក​យុត្តិធម៌​ជូន​ដល់​ពួកគេ​ផងដែរ៕

No comments:

Post a Comment