Tuesday, January 17, 2017

អ្នក​ភូមិ​ស្រែគរ​ត្អូញត្អែរ​រឿង​សមត្ថកិច្ច​ដាក់​កុងត្រូល​ទារ​ប្រាក់

ទិដ្ឋភាព​ភូមិ​ស្រែគរ ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth



ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសា ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ​សមត្ថកិច្ច​ចម្រុះ​ដាក់​កុងត្រូល​ចាំ​ស្ទាក់​ទារ​ប្រាក់​ពី​ពលរដ្ឋ​ដឹក​ជញ្ជូន​ឈើ ក្រោម​ហេតុផល​ការ​ប្រមូល​អនុផល​ព្រៃឈើ​ខុសច្បាប់​ត្រូវ​បង់​ប្រាក់​សូកប៉ាន់​ដើម្បី​ជា​ថ្នូរ​ដោះលែង។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​ចាត់​ទុក​ការ​ដឹក​ជញ្ជូន​ឈើ​ជា​ករណី​ខុស​ច្បាប់ ក៏ប៉ុន្តែ​បើ​សមត្ថកិច្ច​ជំរិត​ទារ​ប្រាក់​ពីរ​ពលរដ្ឋ​រឹតតែ​ល្មើស​ច្បាប់​មួយ​ករណី​ទៀត។

ពលរដ្ឋ​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​នៅ​គ្រា​ដែល​ពួកគេ​បាន​បង្ខំចិត្ត​បង់​ប្រាក់​ឲ្យ​សមត្ថកិច្ច​តាម​ដង​ផ្លូវ​អស់​ជិត ១​លាន​រៀល ទម្រាំ​រថយន្ត​ដឹក​ជញ្ជូន​ឈើ​របស់​ពួកគាត់​ដល់​គោលដៅ។ លើស​ពី​នេះ សមត្ថកិច្ច​ទាំង​នោះ​មាន​នគរបាល មន្ត្រី​អាវុធហត្ថ អង្គការ​ការពារ​បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ដាក់​កុងត្រូល​ពី​ចំណុច​ផ្លូវ​ចូល​ឃុំ​តាឡាត ស្រុក​សេសាន រហូត​ដល់​ខេត្ត​រតនគិរី ចំនួន ១០​ទីតាំង។

ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ រៀបរាប់​ថា ពួកគាត់​បាន​ប្រមូល​ទិញ​ឈើ​ពី​អ្នក​ភូមិ​ស្រែគរ ប្រមូល​បាន​ពី​តំបន់​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឬ​ឈើ​ដែល​នៅ​សេសសល់​ដែល​គេ​កាប់​ក្នុង​ព្រៃ​ជា​យូរ​មក​ហើយ ដោយ​ដឹក​ជញ្ជូន​ទៅ​លក់​នៅ​ខេត្ត​រតនគិរី។ ពួកគាត់​ត្រូវ​ចំណាយ​ប្រាក់​បង់​ឲ្យ​សមត្ថកិច្ច​ទាំង​នោះ​មួយ​កន្លែង ៤​ម៉ឺន​រៀល ឡើង​ដល់​ជិត ២០​ម៉ឺន​រៀល​ក្នុង​មួយ​ស្ថាប័ន ទើប​រថយន្ត​របស់​លោក​ដឹក​ដល់​គោល​ដៅ។

លោក​ថា ប្រសិនបើ​លោក​ពុំ​បង់​ប្រាក់​ឲ្យ​សមត្ថកិច្ច​ទាំង​នោះ​ទេ គេ​នឹង​ឃាត់​រថយន្ត​របស់​លោក​ទុក ហើយ​ប្រាប់​ថា គេ​នឹង​អនុវត្ត​តាម​ច្បាប់។ លោក​បន្ត​ថា ក្រុម​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​ជំរិត​ទារ​ប្រាក់​ពី​សមត្ថកិច្ច​ទាំង​នោះ​ថា យក​តួនាទី​គំរាម​បង្ខំ​ឱ្យ​ពលរដ្ឋ​បង់​ប្រាក់​បង្ក​ការ​ប៉ះពាល់​ជីវភាព​ប្រចាំ​ថ្ងៃ៖ «បើ​យើង​អត់​បង់​លុយ​ក៏​ទៅ​អត់​កើត​ដែរ បើ​ឲ្យ​លុយ​តិច​ក៏​គេ​មិន​ឲ្យ​យើង​ចេញ​ដែរ។ អស់​មួយ​លាន​ដែរ ឡាន​អា​ហើម​តូចតាច​យើង​ដល់​គោលដៅ»។

អ្នកនាំពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ម៉ែន គុង បដិសេធ​មិន​អធិប្បាយ​ករណី​នេះ​ទេ ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​រវល់។ ចំណែក​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង លោក អៀង វ៉ាន់ឌី បដិសេធ​ថា កម្លាំង​អាវុធហត្ថ​របស់​លោក​ពុំ​មាន​ឈរ​ជើង​នៅ​តំបន់​នោះ​ទេ។ លោក​ទទួល​ស្គាល់​ថា ការ​ជំរិត​ទារ​ប្រាក់​ពី​ពលរដ្ឋ គឺ​ជា​​ករណី​ខុស​ច្បាប់ ហើយ​បើ​ពលរដ្ឋ​ប្រមូល​អនុផល​ព្រៃឈើ​គ្មាន​ការ​អនុញ្ញាត ក៏​ជា​ករណី​ខុស​ច្បាប់​ដែរ៖ «ខ្ញុំ​មិន​អាច​សុំ​ការ​អន្តរាគមន៍​រឿង​នេះ​បាន​ទេ ព្រោះ​វា​ជា​ករណី​ខុស​ច្បាប់ ព្រោះ​ច្បាប់​គឺ​ដឹក​ជញ្ជូន​អនុផល​ព្រៃ​ឈើ។ តែ​ខ្ញុំ​បញ្ជាក់​ម្ដង​ទៀត​ថា កម្លាំង​អាវុធហត្ថ​ខ្ញុំ​គ្មាន​កម្លាំង​​ណា​មួយ​នៅ​កន្លែង​នោះ​ដែរ»។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ កត់សម្គាល់​ថា កន្លង​ទៅ​អភិបាល​ខេត្ត​ស្ទឹងត្រែង លោក ម៉ុម សារឿន ធ្លាប់​ណែនាំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​យោគយល់​ដល់​ពលរដ្ឋ​រស់​នៅ​ឃុំ​ស្រែគរ ប្រមូល​អនុផល​ព្រៃឈើ​បន្តិច​បន្តូច​លក្ខណៈ​គ្រួសារ នៅ​គ្រា​ដែល​ភូមិ​ឋាន​របស់​ពួកគាត់​នៅ​តំបន់​នោះ​នឹង​ក្លាយ​ជា​អាង​ស្តុក​ទឹក​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ។

លោក​ថា ប្រមុខ​រដ្ឋាភិបាល​ក៏​ធ្លាប់​ហាម​មិន​ឲ្យ​មាន​កុងត្រូល​ជជុះ​ខុសច្បាប់​តាម​ផ្លូវ​ចាំ​ស្ទាក់​ឃាត់​រថយន្ត​ពលរដ្ឋ​ទារ​លុយ​ដែល​នាំ​ឲ្យ​ខាតបង់​ប្រយោជន៍​ប្រជាពលរដ្ឋ​ទាំង​ពេល​វេលា និង​ថវិកា៖ «ចង់​បំបាត់​បទល្មើស​គឺ​មិន​មែន​ធ្វើ​ពីក្រោម​ឡើង​ទៅ​ទេ គឺ​យើង​ធ្វើ​ពី​លើ​ចុះ​ក្រោម គឺ​យើង​គួរ​តែ​អ្នក​ណា​ដែល​ទិញ​ឈើ។ យើង​រក​ប្រភព​ហ្នឹង​ឲ្យ​បាន»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល ចាត់​ទុក​ការ​ដាក់​កុងត្រូល​ជជុះ​ជំរិត​ទារ​ប្រាក់​របស់​សមត្ថកិច្ច​ជា​ករណី​ខុស​ច្បាប់ និង​ផ្ទុយ​ពី​បទ​បញ្ជា​ប្រមុខ​រដ្ឋាភិបាល​ផង។ លោក​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ត្រូវ​មាន​វិធានការ​បន្ទាន់​ដោះស្រាយ​បញ្ហា​នេះ​ផ្អែក​តាម​ច្បាប់ និង​គោលការណ៍​ណែនាំ​របស់​អភិបាល​ខេត្ត លោក ម៉ុម សារឿន។

លោក​កត់សម្គាល់​ថា ការ​ដាក់​កុង​ត្រូល​ជជុះ​ជំរិត​ទារ​ប្រាក់​ពី​អ្នក​ដឹក​ឈើ​គឺ​ស្ទើរ​តែ​កើត​មាន​គ្រប់​ស្រុក​នៅ​ខេត្ត​ស្ទឹងត្រែង ជាពិសេស​នៅ​ស្រុក​ថាឡាបរិវ៉ាត់៖ «គួរ​តែ​អាជ្ញាធរ​ខេត្ត​គួរ​តែ​ធ្វើ​កិច្ចការ​ហ្នឹង​ឲ្យ​បាន​ម៉ឺងម៉ាត់ ព្រោះ​អី​ខាត​ប្រយោជន៍​ពលរដ្ឋ​ច្រើន ទាំង​ពេលវេលា និង​ថវិកា»។

កាល​ពី​ចុង​ឆ្នាំ​២០១៦ ពលរដ្ឋ​រស់​នៅ​ស្រុក​ថាឡាបរិវ៉ាត់ បាន​លើក​ឡើង​ក្នុង​វេទិកា​សាធារណៈ​ដោយ​បញ្ជាក់​ថា សមត្ថកិច្ច និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ទារ​ប្រាក់​ពី​ពលរដ្ឋ​ដឹក​ជញ្ជូន​ឈើ​ច្រើន​លើសលប់ ហើយ​កន្លង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ណែនាំ​ហាម​មិន​ឲ្យ​មាន​កុងត្រូល​ជជុះ​ខុស​ច្បាប់​តាម​ផ្លូវ​ស្ទាក់​ឃាត់​រថយន្ត​ពលរដ្ឋ​ទារ​លុយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ៕

No comments:

Post a Comment