ក្រុមកម្មកររត់គេចខ្លួនពេលសមត្ថកិច្ចប្រើហិង្សាបង្ក្រាបតាមបណ្ដោយផ្លូវវ៉េងស្រេង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ Photo: RFA |
ក្រុមអ្នកដែលត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាបនៅផ្លូវវ៉េងស្រេង អះអាងថា ពួកគេនៅតែពុំទាន់ទទួលបានយុត្តិធម៌ដោយអំពើហិង្សានៅឡើយទេ។ ផ្ទុយទៅវិញ ក្រុមអ្នកការពារសិទ្ធិមនុស្ស អង្គការសមាគម និងកម្មករដែលស្ថិតក្នុងព្រឹត្តិការណ៍បាញ់បង្ក្រាបពេលនោះ បែរក្លាយទៅជាអ្នកប្រព្រឹត្តិបទល្មើស ហើយត្រូវជាប់បណ្ដឹងនៅតុលាការទល់សព្វថ្ងៃនេះទៅវិញ។
លោក ខឹម សឿន ដែលត្រូវជាឪពុករបស់យុវជន ខឹម សូផាត ឲ្យដឹងថា អស់ពេល ៣ឆ្នាំមកហើយ កូនរបស់លោកដែលស្ថិតក្នុងព្រឹត្តិការណ៍កាលណោះ នៅបន្តបាត់ដំណឹងសូន្យឈឹងនៅឡើយ។
មិត្តភ័ក្ដិដែលរួមការងារជាមួយយុវជន ខឹម សូផាត អះអាងថា ពួកគាត់បានឃើញកម្លាំងបង្ក្រាបរបស់រដ្ឋាភិបាល បាញ់ឲ្យ ខឹម សូផាត ដេកដួលលើដី មុនពេលមានរថយន្តមួយគ្រឿងដឹកចេញទៅ ក្នុងព្រឹត្តិការណ៍បង្ក្រាបបង្ហូរឈាមកាលដើមខែមករា ឆ្នាំ២០១៤ ប្រឆាំងការតវ៉ារបស់ក្រុមកម្មករដែលទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារក្នុងមួយខែនៅពេលនោះ។
ជាកម្មកររោងចក្រមួយក្នុងទីក្រុងភ្នំពេញ លោក ស្រី រី ឲ្យដឹងថា ក្នុងពេលកម្លាំងចម្រុះឡោមព័ទ្ធក្រុមអ្នកតវ៉ា ដែលពេលនោះភាគច្រើនជាកម្លាំងបុរសនោះ យុវជន ខឹម សូផាត ត្រូវបានសមត្ថកិច្ចបាញ់ដួលភ្លាមៗ។ លោកបន្តថា ក្នុងពេលនគរបាលបាញ់បង្ក្រាបប្រឆាំងក្រុមអ្នកតវ៉ា គឺយុវជន ខឹម សូផាត នៅក្បែរខ្លួនដែលមានគម្លាតប្រមាណ ១ម៉ែត្រ ដែលអាចមើលឃើញពីការដេកដួលនៅលើដី ហើយភ្លាមៗនោះឃើញរថយន្តមួយគ្រឿងដឹកយុវជន ខឹម សូផាត ចេញភ្លាមមួយរំពេចដែរ។ លោកបន្តថា «ពេលនោះខ្ញុំបានឃើញហេតុការណ៍ គឺគេបាញ់វាត្រូវ។ ពេលនោះវាត្រូវមុនខ្ញុំមួយគ្រាប់ និងមួយក្រោយ។ ពេលអ៊ីចឹងខ្ញុំឥតបាននៅជួយវាទេ ងាកទៅក្រោយឃើញទាហាន ហើយដេញចាប់ខ្ញុំ។ ខ្ញុំរត់គេចរកផ្ទះជួលជ្រក ហើយមិនបានជួយ ខឹម សូផាត ទេ។ ខ្ញុំពឹងពាក់ឲ្យមិត្តភ័ក្ដិឲ្យជួយមើល គេថាឃើញឡានក្រហមលើកបោះដាក់ឡានហើយដឹកយកទៅ»។
នៅថ្ងៃទី៣ ខែមករា នេះ គឺជាខួប ៣ឆ្នាំហើយនៃព្រឹត្តិការណ៍បាញ់បង្ក្រាបបង្ហូរឈាមមួយកាលពីដើមខែមករា ឆ្នាំ២០១៤ នៅផ្លូវវ៉េងស្រេង។ របាយការណ៍របស់អង្គការមិនមែនរដ្ឋាភិបាល ឲ្យដឹងថា យ៉ាងហោចណាស់មានកម្មករ ៤នាក់ត្រូវនគរបាលបាញ់សម្លាប់ និងមួយចំនួនទៀតរងរបួស ហើយអ្នកខ្លះក្នុងចំណោមនោះ ត្រូវប្រឈមមុខបាត់បង់កាយសម្បទា។ ក្រៅពីនេះ យុវជន ខឹម សូផាត ត្រូវបាត់ខ្លួនរហូតទល់សព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះ មានអង្គការ សមាគម និងកម្មករចំនួន ២៣នាក់ផ្សេងទៀត ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៤ឆ្នាំទៅ ៤ឆ្នាំ និង ៦ខែ។ ប៉ុន្តែដោយមានការសម្របសម្រួលផ្នែកនយោបាយ អ្នកទាំង ២៣នាក់ត្រូវដោះលែងវិញដោយអនុវត្តទោសក្នុងពន្ធនាគារប្រមាណ ៥ខែ ហើយទោសដែលនៅសល់ត្រូវព្យួរ។
ថ្វីបើបែបនេះក៏ដោយចុះ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ យល់ឃើញថា អ្នកដែលរងគ្រោះដោយការបង្ក្រាបទាំងនៅមុខរោងចក្រ យ៉ាកជីន កាលពីថ្ងៃទី២ មករា ដោយកងទ័ពឆត្រយោង៩១១ និងនៅផ្លូវវ៉េងស្រេង កាលពីថ្ងៃទី៣ មករា នៅតែជាជនរងគ្រោះ ហើយយុត្តិធម៌នៅតែកប់បាត់ស្រមោលនៅឡើយ។ លោកបន្តថា អ្វីដែលខ្លោចផ្សាបំផុតនោះ គឺពួកគាត់ពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ។ ហេតុការណ៍ដែលកើតឡើងនៅពេលនោះ គឺក្រុមសមាគម និងបុគ្គលិកដទៃទៀតចូលរួមឃ្លាំមើលការតវ៉ារបស់ក្រុមកម្មករ ដែលទាមទារប្រាក់ឈ្នួលប៉ុណ្ណោះ។ លោកបន្តថា «ខ្ញុំមានការឈឺចាប់។ ទី១ ឲ្យតែដល់ថ្ងៃទី២ និងថ្ងៃទី៣ មករា នឹកឃើញពីការឈឺចាប់ដែលទាហានឆត្រយោង៩១១ វាយធ្វើបាបខ្ញុំ ហើយបន្ទាប់មកឈឺចាប់បន្ទាប់ទៀត គឺតុលាការបញ្ជូនខ្ញុំទៅដាក់គុកត្រពាំងផ្លុង។ ឈឺចាប់ទី៣ គឺការធ្វើទារុណកម្មមកលើរូបខ្ញុំនៅក្នុងពន្ធនាគារ គេឲ្យហូបបាយត្រីស្អុយ ហើយគេវាស់កន្លែងឲ្យដេកក្បាលផ្ទុយគ្នា»។
បើទោះជាបែបណា នៅឆ្នាំនេះដែលជាខួប ៣ឆ្នាំនៃការបង្ក្រាបបង្ហូរឈាមនៅផ្លូវវ៉េងស្រេង ក៏មិនខុសពីឆ្នាំមុនៗប៉ុន្មានទេ គឺមិនត្រូវបានអាជ្ញាធរបើកសិទ្ធិឲ្យជួបជុំជាសាធារណៈឡើយ។ ក្រុមអ្នកតស៊ូមតិ និងសាច់ញាតិដែលរងគ្រោះដោយការបង្ក្រាបកាលពី ៣ឆ្នាំមុននោះ បានត្រឹមជួបជុំគ្នានៅទីស្នាក់ការផ្ទះសាមគ្គី ដែលស្ថិតនៅជិតអូរបែកក្អមប៉ុណ្ណោះ មុននឹងត្រូវរំសាយក្នុងថ្ងៃដដែលវិញ។
ស្របពេលខួបព្រឹត្តិការណ៍ ៣ឆ្នាំនេះដែរ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលមានឈ្មោះថា គ្លីនិកឯករាជ្យនៅម្ដុំផ្លូវវ៉េងស្រេង ក៏បានបង្ហោះសារអំពាវនាវឲ្យលោក ហ៊ុន សែន ជួយអន្តរាគមន៍ ក្នុងពេលដែលមន្ទីរព្យាបាលឯកជនមួយនេះធ្លាប់រងការខូចខាតក្នុងព្រឹត្តិការណ៍បង្ក្រាបកាលពីដើមខែមករា ឆ្នាំ២០១៤ ដែរនោះ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលលេខាធិការដ្ឋានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ឲ្យដឹងថា ពួកគេធ្វើការក្នុងវិស័យការពារសិទ្ធិមនុស្ស ត្រូវរងគ្រោះដោយការរំលោភអំណាចមួយជាន់ហើយ ថែមទាំងមិនទាន់អាចរកយុត្តិធម៌បានដោយការចោទប្រកាន់តាមផ្លូវតុលាការ ក្នុងអំពើហិង្សាកាលពី ៣ឆ្នាំមុននេះទៀតមកទល់សព្វថ្ងៃនេះ។ មន្ត្រីសមាគមរូបនេះ នៅតែអះអាងថា ខ្លួននឹងប្ដឹងសើរើចំពោះក្រុមអ្នកប្រើហិង្សានៅមុខរោងចក្រ យ៉ាកជីន នៅពេលណាដែលតុលាការនៅកម្ពុជា អាចជឿទុកចិត្តបាន៕
No comments:
Post a Comment