សាលាក្រុងអនុញ្ញាតឲ្យសហជីពធ្វើពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា
រូបសំណាករបស់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា នៅជិតវត្តលង្កា រូបថតថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។ RFA/Brach Chev |
មន្ត្រីសាលារាជធានីភ្នំពេញ អះអាងនៅថ្ងៃអាទិត្យ ទី១៥ មករា ថា សាលារាជធានីភ្នំពេញ អនុញ្ញាតឲ្យមន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ធ្វើពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា អតីតប្រធានសហជីពនេះ នៅថ្ងៃទី២២ មករា។
ការអះអាងនេះ ស្របពេលដែលសហជីពសេរីកម្មករ ប្រកាន់ជំហរថានឹងរៀបចំពិធីនេះ បើទោះជាគ្មានការឆ្លើយតប។ លោក ជា វិជ្ជា អតីតប្រធានសហជីពនេះ ត្រូវបានឃាតកបាញ់សម្លាញ់នៅមុខតូបលក់កាសែតក្បែររបងវត្តលង្កា កាលពី ១៣ឆ្នាំមុន ប៉ុន្តែសមត្ថកិច្ចក្រសួងមហាផ្ទៃ នៅមិនទាន់វែកមុខរកជនល្មើស និងអ្នកនៅពីក្រោយការបាញ់សម្លាប់នេះឃើញនៅឡើយ។
មន្ត្រីសាលារាជធានីភ្នំពេញ បញ្ជាក់ឲ្យដឹងថា សាលារាជធានីភ្នំពេញ នឹងអនុញ្ញាតឲ្យមន្ត្រីសហជីពសេរីកម្មករ ធ្វើពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ថ្ងៃទី២២ មករា ប៉ុន្តែត្រូវមានលក្ខខណ្ឌមួយចំនួន។
អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍នៅថ្ងៃអាទិត្យ ទី១៥ មករា ថា សាលារាជធានីភ្នំពេញ បានទទួលលិខិតពីសហជីព ហើយនិងបានឃើញអំពីគោលបំណងរបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ដែលបានជូនដំណឹងនៃការរៀបចំពិធី។
លោកថា សាលារាជធានីភ្នំពេញ មិនជំទាស់ចំពោះការរៀបចំពិធីបែបសាសនានេះទេ ប៉ុន្តែអ្នករៀបចំពិធី ត្រូវទទួលខុសត្រូវថា នឹងមិនហែក្បួនចុះឡើងនោះឡើយ៖ «យើងអាចនឹងអញ្ជើញគាត់ជួបគ្នាមួយ ពេលមុនថ្ងៃប្រារព្ធពិធី ដើម្បីពិភាក្សាលើការងាររៀបចំមួយចំនួន គឺការងារសន្តិសុខក្នុងក្រៅ ដើម្បីធានាថា រលូនមានសុវត្ថិភាពពិតជាពិធីសាសនាមិនបំប្លែងទៅជារូបភាពអ្វីផ្សេង ហើយនិងមិនមានការដើរហែក្បួនចេញ និងចូលក្នុងពិធី»។
មិនខុសគ្នានោះទេ កាលពីប្រារព្ធពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ សាលារាជធានីភ្នំពេញ ក៏មិនអនុញ្ញាតឲ្យអ្នកប្រារព្ធពិធីនោះហែក្បួន និងថ្លែងសារនយោបាយ ឬតិះដៀលលើថ្នាក់ដឹកនាំរដ្ឋាភិបាលនោះដែរ។ បម្រាមនេះ ត្រូវបានប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា គឺលោក ជា មុន្នី លើកឡើងថា គឺជាការរឹតត្បិតសិទ្ធិសេរីភាព។
ទាក់ទងទៅនឹងការឆ្លើយតបរបស់សាលារាជធានីភ្នំពេញនេះ អនុប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ម៉ាន់ សេងហាក់ ថ្លែងថា ជំហររបស់សហជីពមិនមានការហែក្បួននោះទេ គឺដូចអ្វីដែលសហជីពបានជូនដំណឹងទៅសាលារាជធានី៖ «ជាទូទៅ សាលារាជធានីភ្នំពេញនៅពេលកៀកថ្ងៃ ទើបគាត់ហៅទៅប្រជុំដើម្បីធ្វើកំណត់ហេតុ។ ខាងខ្ញុំដាក់លិខិតទៅក្រុង ទោះបីជាពួកខ្ញុំនៅតែធ្វើដែរ ព្រោះយើងប្រារព្ធជារៀងរាល់ឆ្នាំតែម្ដង ប៉ុន្តែមុនពេលចប់ យើងត្រូវឲ្យរដ្ឋាភិបាលជំរុញឲ្យស៊ើបអង្កេត និងរកឃាតកឲ្យបានឆាប់ ពីព្រោះរដ្ឋាភិបាលបានបង្កើតក្រុមគណៈកម្មការស្រាវជ្រាវហើយ ប៉ុន្តែមកដល់ពេលនេះ យើងអត់ទាន់ឃើញថាមានការស៊ើបអង្កេតចេញជាព័ត៌មានណានៅឡើយទេ»។
លិខិតរបស់សហជីពសេរីកម្មករ ជូនដំណឹងទៅសាលារាជធានីភ្នំពេញកាលពីថ្ងៃទី៤ មករា ឲ្យដឹងថា ពិធីជួបជុំដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា អតីតប្រធានសហជីព នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំនេះ។ គម្រោងនេះមានអ្នកចូលរួមប្រមាណ ១៥០នាក់ ដែលជាក្រុមគ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ ថ្នាក់ដឹកនាំ សមាជិកសហជីពសេរីកម្មករ នៅទីតម្កល់រូបសំណាកលោក ជា វិជ្ជា ខាងមុខវត្តលង្កា។
ជុំវិញសំណុំរឿងបាញ់សម្លាប់មេដឹកនាំសហជីពដ៏ល្បីឈ្មោះនេះ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្កើតគណៈកម្មការអន្តរក្រសួង ស៊ើបអង្កេតពិសេសលើឃាតកម្មលោក ជា វិជ្ជា និងមេសហជីពពីររូបផ្សេងទៀត គឺលោក ហ៊ី វុទ្ធី និងលោក រស់ សុវណ្ណារ៉េត ប៉ុន្តែរហូតមកដល់ពេលនេះ នៅមិនទាន់មានពន្លឺនៃការស៊ើបអង្កេតនៅឡើយទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងថា ក្រសួងនៅតែបន្តសំណុំរឿងនេះជានិច្ច ដរាបណាមិនទាន់ចាប់ជនល្មើសបាន។
ប្អូនប្រុសលោក ជា វិជ្ជា គឺលោក ជា មុន្នី បន្តអំពាវនាវឲ្យរដ្ឋាភិបាល ពន្លឿនការស៊ើបអង្កេតរកមុខឃាតក និងអ្នកនៅពីក្រោយការបាញ់សម្លាប់បងប្រុសរបស់លោក កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤ ដែលគិតមកដល់ថ្ងៃនេះ មានរយៈពេល ១៣ឆ្នាំហើយ៕
No comments:
Post a Comment