Wednesday, January 4, 2017

ពលរដ្ឋ​ខែត្រ​ស្ទឹងត្រែង​រិះគន់​អាជ្ញាធរ​ថា​ខ្វះ​បច្ចេកទេស​ក្នុង​ការ​ពន្លត់​អគ្គីភ័យ

                                                                                                                                                                      ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង រិះគន់​ការ​អន្តរាគមន៍​សង្គ្រោះ​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខែត្រ និង​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ថា​មាន​លក្ខណៈ​យឺតយ៉ាវ និង​មាន​បញ្ហា​ផ្នែក​រថយន្ត ជាពិសេស​បច្ចេកទេស​ពន្លត់​ក៏​ហាក់​នៅ​មាន​កម្រិត​ដែរ។ ការ​រិះគន់​នេះ ធ្វើ​ឡើង​ក្រោយ​ពី​អគ្គីភ័យ​បាន​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ក្រុង​ស្ទឹងត្រែង ចំនួន ១​ខ្នង​ជា​ថ្មី​ទៀត​កាល​ពី​យប់​ថ្ងៃ​ទី​២ មករា។

តើ​មន្ត្រី​រដ្ឋាភិបាល​បាន​ឆ្លើយតប​យ៉ាង​ណា​ចំពោះ​ការ​រិះគន់​នេះ?

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង អំពាវនាវ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​រក​មធ្យោបាយ​គ្រប់គ្រង​គ្រោះ​អគ្គីភ័យ និង​បង្កើន​ផែនការ​គ្រប់គ្រង​ថវិកា​សង្គ្រោះ​អគ្គីភ័យ​ឲ្យ​មាន​ប្រសិទ្ធភាព ដែល​ធានា​ថា​ការ​ផ្តល់​សេវា​ពន្លត់​អគ្គីភ័យ​របស់​មន្ត្រី​រដ្ឋាភិបាល អាច​ជឿ​ទុក​ចិត្ត​បាន។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣ មករា ខណៈ​ការ​អន្តរាគមន៍​ពន្លត់​អគ្គីភ័យ​របស់​អាជ្ញាធរ​នៅ​ខែត្រ​ស្ទឹងត្រែង នៅ​តែ​មាន​ភាព​យឺតយ៉ាវ​ដដែលៗ មិន​អាច​ពន្លត់​អគ្គីភ័យ​ឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​ទាន់​ពេល។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង លោក ខន ខេមរា មើល​ឃើញ​ថា ការ​អន្តរាគមន៍​ពន្លត់​អគ្គីភ័យ​របស់​អាជ្ញាធរ​រដ្ឋាភិបាល​នៅ​ខែត្រ​ស្ទឹងត្រែង ហាក់​ពុំ​មាន​ប្រសិទ្ធភាព​ទេ ការ​អន្តរាគមន៍​ពន្លត់​នៅ​មាន​ភាព​ចន្លោះ​ប្រហោង​ច្រើន ដូចជា​ខ្វះ​ការ​ត្រៀម​លក្ខណៈ​ពន្លត់ ទុយោ​ទឹក​មាន​បញ្ហា និង​យឺតយ៉ាវ។ លោក​ថា កាល​ពី​យប់​ថ្ងៃ​ទី​២ មករា ភ្លើង​បាន​ឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​នៅ​ក្រុង​ស្ទឹងត្រែង ប្រហែល​ជិត​កន្លះ​ម៉ោង ទើប​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការ​ខែត្រ​មក​ពន្លត់ ហើយ​សកម្មភាព​ពន្លត់​នោះ ក៏​មាន​បញ្ហា​ទុយោ​បាញ់​ទឹក​ស្ទះ​មួយ​សន្ទុះ​ធំ បង្ក​ឲ្យ​ភ្លើង​កាន់​តែ​រីក​ធំ​ឡើង​លំបាក​ពន្លត់៖ «សេវាកម្ម​ពន្លត់​ភ្លើង​អី​ហ្នឹង​ដូច​មិន​រហ័សរហួន​តែ​ម្តង​និយាយ​រួម​ទៅ។ ម្យ៉ាង​ទៀត​រដូវ​ខ្យល់​ចឹង​គួរ​តែ​ត្រៀម​លក្ខណៈ​ប្រចាំ​ការ​ជាប់​រហូត​ចឹង។ ឆេះ​ចឹង​កន្លះ​ម៉ោង​បាន​មក​ដល់។ ឆេះ​ចង់​អស់​ហើយ​បាន​មក»។

ពលរដ្ឋ​ម្នាក់​ទៀត​រស់នៅ​ក្រុង​ស្ទឹងត្រែង គឺ​លោក តែន ថន ដែល​ត្រូវ​អគ្គីភ័យ​ឆេះ​តូប​របស់​គាត់​ចំនួន ៣​តូប កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ បាន​ត្អូញត្អែរ​ចំពោះ​សេវាកម្ម​ពន្លត់​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​ខែត្រ​ស្ទឹងត្រែង ថា​ការ​ពន្លត់​ខ្វះ​បច្ចេកទេស ឡាន​ទឹក​អត់​មាន​ជណ្ដើរ ពុំ​មាន​ទុយោ​បាញ់​ទឹក​វែង ហើយ​ការ​បាញ់​ទឹក​ពី​ចម្ងាយ​ក៏​មិន​ចំ​គោលដៅ។ លោក​រំឭក​ថា ព្រឹត្តិការណ៍​ឆេះ​ផ្សារ​ស្ទឹងត្រែង កន្លង​ទៅ ភ្លើង​ផ្ដើម​មាន​ទំហំ​តូច​ទេ តែ​មន្ត្រី​ជំនាញ​ហាក់​យឺតយ៉ាវ​ក្នុង​ការ​ពន្លត់ បណ្ដាល​ឲ្យ​ភ្លើង​រីក​រាលដាល​ធំ​ឡើង​ឆេះ​គ្មាន​សល់។

លោក​ថា គ្រា​ដែល​ឆេះ​ផ្សារ​ឃើញ​មាន​ឡាន​ទឹក​ចំនួន​ពីរ​គ្រឿង​របស់​ស្នងការដ្ឋាន​ខែត្រ​ស្ទឹងត្រែង ហើយ​ក្នុង​ចំណោម​ពីរ​គ្រឿង​នោះ​មាន​តែ​មួយ​គ្រឿង​ប៉ុណ្ណោះ​ដែល​ប្រើ​ការ​បាន។ បញ្ហា​នេះ​លោក​យល់​ថា ជា​ការ​ធ្វេសប្រហែស​របស់​នគរបាល​ផ្នែក​អគ្គីភ័យ៖ «ថ្ងៃ​ឆេះ​ហ្នឹង​ខ្ញុំ​ឃើញ​ជាក់ស្តែង គឺ​ឡាន​ទឹក​ពីរ​គ្រឿង​បាន​តែ​មួយ​គ្រឿង​ទេ ដែល​ប្រើ​ការ​បាន។ បើ​តាម​បច្ចេកទេស​ឡាន​អគ្គីភ័យ​ខុស​ស្តង់ដារ​ហើយ ពីព្រោះ​ថា​ឡាន​ទី​១ អត់​មាន​ជណ្ដើរ ទី​២ ទុយោ​វែង​ក៏​អត់​មាន​ដែរ។ ការ​បាញ់​ក្បាល​ម៉ាស៊ីន​ពី​ចម្ងាយ គឺ​មិន​ល្អ​ទេ មិន​ចំ​គោលដៅ​ទេ»។
លោក តែន ថន បន្ថែម​ថា ចំណុច​ខ្វះខាត​ទាំងនេះ គឺ​ជា​មូលដ្ឋាន​សំខាន់​ដែល​អាជ្ញាធរ​រដ្ឋាភិបាល​គួរ​តែ​លើក​ជា​របៀបវារៈ​កែ​តម្រូវ​ឡើង​វិញ ក៏ប៉ុន្តែ​ការ​អន្តរាគមន៍​សង្គ្រោះ​នៅ​តែ​មាន​ការ​ខ្វះ​ចន្លោះ​ដដែលៗ។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល មើល​ឃើញ​ថា អាជ្ញាធរ​រដ្ឋាភិបាល​ហាក់​ដូចជា​ធ្វេសប្រហែស​ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ជា​យថាហេតុ បង្ក​ឡើង​ដោយ​អគ្គីភ័យ។ លោក​កត់​សម្គាល់​ថា កន្លង​ទៅ ពលរដ្ឋ​ដែល​ជួប​បាតុភាព​នេះ​ពុំ​ឃើញ​មាន​មន្ត្រី​ជំនាញ​ធ្វើ​ការ​ពន្លត់​ទាន់​ពេល​នោះ​ទេ បាន​ត្រឹម​តែ​បាញ់​ទប់​មិន​ឲ្យ​ឆេះ​រាលដាល​ប៉ុណ្ណោះ។

លោក​ថា រដ្ឋាភិបាល​គួរ​រក​គន្លឹះ​កែលំអ​ចំណុច​ខ្វះខាត​ទាំងនេះ ដើម្បី​ធានា​សុវត្ថិភាព និង​ទ្រព្យ​របស់​ពលរដ្ឋ៖ «បច្ចេកទេស​ជួយ​សង្គ្រោះ​របស់​គាត់​នៅ​មាន​កម្រិត ដូចជា​មិន​ដែល​ឃើញ​មាន​ការ​ហាត់​សម​អី​ទេ ដូចជា​ប្រយោលៗ​ទៅ ដល់​ពេល​កើត​ឡើង​ធ្វើ​ឲ្យ​មាន​ការ​រាំងស្ទះ ឬ​មាន​ការ​យឺតយ៉ាវ»។

កាល​ពី​ឆ្នាំ​២០១០ អគ្គីភ័យ​បាន​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​ខាង​ត្បូង​ផ្សារ​ខែត្រ​ស្ទឹងត្រែង អស់​ជាង ១០​ខ្នង ហើយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ អគ្គីភ័យ​បាន​ឆេះ​ផ្សារ​ខែត្រ​ស្ទឹងត្រែង ទាំង​ស្រុង​អស់​តូប​លក់​ដូរ​របស់​អាជីវករ​ជាង ១​ពាន់​តូប និង​ខូចខាត​សម្ភារៈ​គិត​ជា​ប្រាក់​រាប់​លាន​ដុល្លារ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៣ មករា។

ស្នងការ​ខែត្រ​ស្ទឹងត្រែង លោក ម៉ៅ តារា បដិសេធ​ថា រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​មន្ត្រី​ជំនាញ​ពុំ​មាន​ស្ទះ​ទុយោ​ទឹក​នោះ​ទេ ហើយ​ការ​បាញ់​ទឹក មន្ត្រី​ជំនាញ​មាន​បច្ចេកទេស​ពន្លត់​ច្បាស់លាស់។ លោក​ថា​ពលរដ្ឋ​អាច​នឹង​មិន​បាន​យល់​ពី​បច្ចេកទេស​បាញ់​ទឹក​របស់​មន្ត្រី​ជំនាញ ហើយ​ការ​បាញ់​ទឹក​សំខាន់ គឺ​បាញ់​ដើម្បី​ការពារ​កុំ​ឲ្យ​ឆេះ​រាលដាល។ លោក​ថា នគរបាល​ផ្នែក​ពន្លត់​អគ្គីភ័យ​មាន​ជំនាញ​ត្រឹមត្រូវ​ឆ្លង​កាត់​ការ​ហ្វឹកហាត់​ច្បាស់លាស់។ លោក​សម្ដែង​សុទិដ្ឋិនិយម​ថា ប្រតិបត្តិការ​ពន្លត់​អគ្គីភ័យ​របស់​នគរបាល​កាល​ពី​យប់​ថ្ងៃ​ទី​២ មករា ធ្វើ​ឡើង​ដោយ​ជោគជ័យ និង​បាន​ពន្លត់​ភ្លើង​មិន​ឲ្យ​ឆេះ​រាលដាល ខណៈ​មាន​ផ្ទះ​ពលរដ្ឋ​ច្រើន​ខ្នង​នៅ​ជាប់​នឹង​ផ្ទះ​ដែល​ឆេះ​នោះ៖ «យប់​មិញ​យើង​បាន​ជោគជ័យ​ក្នុង​ការពារ ពិនិត្យ​ជាក់ស្តែង​ផ្ទះ​ជាប់ៗ​គ្នា​ប្រហែល​ជា ១​ម៉ែត្រ​ទៅ ២​ម៉ែត្រ​ពី​ផ្ទះ​ឆេះ​ហ្នឹង។ យប់​មិញ​ហ្នឹង​គឺ​យើង​ភ័យ​មែនទែន។ យើង​ត្រៀម​រថយន្ត​តាម​បណ្ដា​ស្រុក​ជិតៗ​មាន​ស្រុក​សេសាន អី យើង​ត្រៀម តែ​ដោយសារ​មន្ត្រី​ជំនាញ​យើង​គាត់​មាន​បទពិសោធន៍​ក្នុង​ការ​បាញ់​ទប់ស្កាត់»។

រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​ខែត្រ​ស្ទឹងត្រែង មាន ៦​គ្រឿង ក្នុង​នោះ​នគរបាល​បាន​ត្រៀម​សង្គ្រោះ​នៅ​ក្រុង​ស្ទឹងត្រែង មាន ៣​គ្រឿង ហើយ ៣​គ្រឿង​ទៀត​នៅ​ស្រុក​សៀមបូក ស្រុក​សេសាន និង​ស្រុក​សៀមប៉ាង។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់​យ៉ាង​ខ្លី​ថា ក្តី​បារម្ភ​របស់​ពលរដ្ឋ​ជុំវិញ​បាតុភាព​នេះ អាជ្ញាធរ​ខែត្រ​ស្វាគមន៍​ទទួល​យក​ដើម្បី​ជា​មូលដ្ឋាន​ពង្រឹង​ការពារ​បន្ថែម​ទៀត។ លោក​ថា អាជ្ញាធរ​ខែត្រ​នឹង​អនុវត្ត​គោលការណ៍​ដែល​បាន​កំណត់ ទាក់ទិន​វិធានការ​គ្រប់គ្រង​គ្រោះ​អគ្គីភ័យ​ផ្អែក​តាម​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ឬ​រដ្ឋាភិបាល៖ «អាជ្ញាធរ​ខែត្រ​នឹង​អនុវត្ត​តាម​គោលការណ៍​ដែល​បាន​កំណត់​រួច​ហើយ ទាក់ទិន​ទៅ​នឹង​ការងារ​គ្រប់គ្រង​គ្រោះ​អគ្គីភ័យ​ទាំងអស់​នេះ ដោយ​មាន​ការ​ណែនាំ​ពី​ក្រសួង​មហាផ្ទៃ ក៏ដូចជា​រដ្ឋាភិបាល»។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ មើល​ឃើញ​ថា បេសកកម្ម​ជួយ​អន្តរាគមន៍​ពន្លត់​អគ្គីភ័យ​របស់​រដ្ឋាភិបាល​ហាក់​នៅ​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​នៅ​ឡើយ ខណៈ​ស្ថានភាព​គ្រោះ​អគ្គីភ័យ​កើត​ឡើង​ដដែល ក៏ប៉ុន្តែ​ដំណោះស្រាយ​ក៏​ហាក់​នៅ​ដដែល​ដែរ មាន​ន័យ​ថា ពុំ​មាន​ការ​រីក​ចម្រើន​នោះ​ទេ។ លោក​ថា ដើម្បី​អន្តរាគមន៍​ជួយ​ពលរដ្ឋ​រងគ្រោះ​ជា​យថាហេតុ​នោះ អាជ្ញាធរ​ត្រូវ​តែ​មាន​វិធានការ​បង្កើន​រថយន្ត​ពន្លត់​អគ្គីភ័យ​នៅ​តាម​បណ្ដា​ខែត្រ​នានា ជាពិសេស​ខែត្រ​នៅ​តំបន់​ដាច់ស្រយាល ហើយ​ទីតាំង​ផ្គត់ផ្គង់​ទឹក​ក្នុង​ការ​ពន្លត់​អគ្គីភ័យ​ត្រូវ​តែ​ដំណើរ​ការ​រហូត៖ «រថយន្ត​ពន្លត់​អគ្គីភ័យ​ចាំបាច់​ត្រូវ​តែ​មាន​រថយន្ត​ពន្លត់ សម្ភារ មធ្យោបាយ​គ្រប់គ្រាន់​ទាំង​ធនធាន​មនុស្ស​បច្ចេកទេស និង​ការ​ប្រើប្រាស់​ទឹក ជាដើម។ វា​គួរ​តែ​មាន​ចំនួន​ប្រើ​ការ​បាន ព្រោះ​កន្លង​មក​យើង​ឃើញ​តែ​ខ្វះខាត ហើយ​បេសកកម្ម​ជួយ​ពលរដ្ឋ​មើល​ទៅ​ហាក់​ដូចជា​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់»។

លោក សន ជ័យ យល់​ថា រដ្ឋាភិបាល​អនុវត្ត​ច្បាប់​ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គីភ័យ​គួរ​តែ​មាន​ផែនការ​ដឹកនាំ និង​រចនាសម្ព័ន្ធ​ត្រឹមត្រូវ ជាពិសេស​ត្រូវ​មាន​កញ្ចប់​ថវិកា​ទ្រទ្រង់​បេសកកម្ម​គួរ​ឲ្យ​ទុក​ចិត្ត ដែល​ធានា​ថា​ការ​អនុវត្ត​ច្បាប់​នេះ​មាន​ប្រសិទ្ធភាព។ បាតុភាព​អគ្គីភ័យ​នៅ​ខែត្រ​ស្ទឹងត្រែង កាល​ពី​ឆ្នាំ​២០១៦ កើត​មាន ២​ករណី ក្នុង​នោះ​ឆេះ​ផ្សារ​ថ្ម​ខែត្រ​ស្ទឹងត្រែង អស់​ជាង ១​ពាន់​តូប និង​ឆេះ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​កាល​ពី​យប់​ថ្ងៃ​ទី​២ មករា៕

No comments:

Post a Comment