សហគមន៍ជនជាតិដើមភាគតិចចំនួន៤ ភូមិបន្ថែមទៀតនៅខេត្តរតនគិរី នឹងត្រូវបានទទួលចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាព និងមួយសហគមន៍ទទួលបានសិទ្ធិបង្កើតសហគមន៍អភិរក្សព្រៃឈើ។ ការចុះបញ្ជីនេះ គឺជាផ្នែកសំខាន់ជួយឲ្យសហគមន៍ជនជាតិដើមភាគតិចចៀសផុតពីការបាត់បង់ដី និងធនធានធម្មជាតិដែលនៅសេសសល់នៅពេលបច្ចុប្បន្ន។
ដីធ្លីជាង ៣ពាន់ហិកតារនៅតំបន់ជនជាតិដើមភាគតិចគ្រឹង ឃុំពយ ស្រុកអូរជុំ និងត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពសហគមន៍ ចំណែកដីព្រៃជាង ២ពាន់ហិកតារទៀត នៅភូមិទុន ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី នឹងត្រូវទទួលស្គាល់ចុះបញ្ជីជាព្រៃការពាររបស់សហគមន៍នៅពេលខាងមុខនេះ។
តំណាងសហគមន៍ភូមិទន់ លោក ធី ត្រេន កត់សំគាល់ថា ធនធានធម្មជាតិនៅភូមិទន់ ច្រើនឆ្នាំកន្លងទៅ រងការបំផ្លាញបន្ទាប់ពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចមួយចំនួនទទួលបានសិទ្ធិវិនិយោគដីដើម្បីដាំដំណាំកសិឧស្សាហកម្ម។ លោកថា សហគមន៍ត្រូវការអភិរក្សព្រៃឈើនៅសេសសល់ក្នុងតំបន់ដើម្បីរក្សាផលអនុផលព្រៃឈើ ជាពិសេសដើមសំរងព្រៃទុកជាប្រយោជន៍កូនចៅជំនាន់ក្រោយ៖ «ខ្ញុំមានអារម្មណ៍ថា ដីធ្លីព្រៃឈើអាចនៅគង់វង្សមិនអាចបាត់បង់ មុនឆ្នាំ២០១២ សហគមន៍ព្រួយបារម្ភណាស់ ពីព្រោះមានក្រុមហ៊ុនគេឈូសឆាយមានគេកាប់រានឈូសឆាយព្រៃឈើ»។
កាលពីថ្ងៃទី២៩ ខែធ្នូ ក្រុមការងាររបស់អន្តរក្រសួងមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម បានចុះត្រួតពិនិត្យបញ្ហាដីធ្លីសហគមន៍ជនជាតិដើមភាគតិចនៅឃុំពយ ស្រុកអូរជុំ ចំនួន ៤សហគមន៍ និងឃុំតាវែងក្រោម ស្រុកតាវែង មួយសហគមន៍។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ថ្លែងថា រដ្ឋាភិបាលលើកទឹកចិត្តឲ្យសហគមន៍ទាំង៥នេះ រៀបចំឯកសារពាក់ព័ន្ធចុះបញ្ជីដី និងព្រៃការពារឲ្យបានឆាប់ដើម្បីមន្ទីរជំនាញពាក់ព័ន្ធចុះបញ្ជីទទួលស្គាល់ផ្លូវការលើការចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាព និងចេញវិញ្ញាបនបត្របង្កើតតំបន់ព្រៃការពារសហគមន៍។
ថ្លែងនៅចំពោះមុខប្រជាពលរដ្ឋទាំង ៥សហគមន៍ លោក ជា សុផារ៉ា រំលឹកឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញយកចិត្តទុកដាក់ជំរុញការងារចុះបញ្ជីគ្រប់គ្រងដី និងព្រៃឈើសហគមន៍ឲ្យបានឆាប់ដើម្បីទុកជាប្រយោជន៍ជនជាតិដើមភាគតិច៖ «ពេលសម្ដេចតេជោអញ្ជើញមកដល់ខេត្តរតនគិរី មានសំណូមពរ អ៊ីចឹងសម្ដេចបានបញ្ហាឲ្យយើងខ្ញុំ និងឯកឧត្ដមក្រសួងពាក់ព័ន្ធពិនិត្យមើលស្ថានភាពនេះ និងកាត់ដីនេះជូនប្រជាពលរដ្ឋសហគមន៍»។
នៅខេត្តរតនគិរី សហគមន៍ដែលបានចុះបញ្ជីកំណត់អត្តសញ្ញាណនៅក្រសួងអភិវឌ្ឍន៍ជនបទ និងចុះបញ្ជីជានីតិបុគ្គលនៅក្រសួងមហាផ្ទៃ រួចហើយ មានចំនួន ៥៤សហគមន៍ ក្នុងនោះដែរ សហគមន៍ចំនួន២៦ បានស្នើសុំចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព។
គណៈកម្មការគ្រប់គ្រងដីរដ្ឋនៃអាជ្ញាធរខេត្តរតនគិរី កាលពីឆ្នាំ២០១៥ និង២០១៦ បានស្នើសុំធ្វើអនុបយោគដីសហគមន៍ភូមិតាង៉ាច សហគមន៍ភូមិកងកុយ សហគមន៍ភូមិកាន់ឈឺង សហគមន៍ភូមិក្រេះ ក្នុងឃុំពយ ស្រុកអូរជុំ ជាដីឯកជនរបស់រដ្ឋដើម្បីរាជរដ្ឋាភិបាលចេញអនុក្រឹត្យធ្វើប្រទានកម្មដីសមូហភាពជូនសហគមន៍។
ទាក់ទិនបញ្ហាដីធ្លីនេះដែរ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បញ្ជាក់ដែរថា ស្ថាប័នពាក់ព័ន្ធបានត្រៀមរួចហើយនឹងរៀបចំកាត់ចេញដីព្រៃបម្រុងទុកសម្រាប់សហគមន៍អភិរក្ស ក៏ប៉ុន្តែសហគមន៍ត្រូវយកចិត្តទុកដាក់ថែរក្សាព្រៃឈើ និងធនធានធម្មជាតិក្នុងព្រៃដើម្បីរក្សានិរន្តរភាព ធនធានធម្មជាតិទៅថ្ងៃអនាគត។
លោកសង្ឃឹមថា សហគមន៍នឹងរួមគ្នាការពារព្រៃឈើបានប្រសើរ ខណៈមន្ទីរជំនាញសម្រេចកាត់ដីព្រៃប្រគល់ជូនសហគមន៍អភិរក្ស៖ «សង្ឃឹមជឿជាក់ថា បងប្អូនយើងទាំងអស់គ្នានឹងថែរក្សាព្រៃឈើសំរង ក៏ដូចព្រៃឈើទាំងអស់ក្នុងព្រៃសហគមន៍ដើម្បីផលប្រយោជន៍បងប្អូនទាំងអស់។ អ្វីៗនឹងល្អប្រសើរ ថានេះជាទ្រព្យសម្បត្តិរបស់បងប្អូន សង្ឃឹមថាមិនទៅលួចកាប់ទៀតទេ»។
សហគមន៍ចំនួន៥ ដែលនឹងទទួលបានការចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាពនៅពេលខាងមុខនេះ រួមមានសហគមន៍ភូមិតាង៉ាច សហគមន៍ភូមិកងកុយ សហគមន៍ភូមិកាន់ឈឺង សហគមន៍ភូមិក្រេះ ក្នុងឃុំពយ ស្រុកអូរជុំ និងសហគមន៍ភូមិទុន ក្នុងឃុំតាវែងក្រោម ស្រុកតាវែង។
មេឃុំពយ លោក ថង ញើត កត់សំគាល់ដែរថា កន្លងទៅនេះ គ្រាដែលដីធ្លីសហគមន៍ចុះបញ្ជីជាកម្មសិទ្ធិឯកជន អ្នកភូមិខ្វះការយល់ដឹងអ្នកខ្លះបានលក់ដីរបស់ខ្លួនទៅឲ្យឈ្មួញ ឬពលរដ្ឋចំណាកស្រុកក្នុងតម្លៃថោក ឬត្រូវគេរឹបអូសដីដោយសារជំពាក់ប្រាក់ឈ្មួញ។ លោកថា ការចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាពអាចទប់ស្កាត់ការបាត់បង់ដីសហគមន៍ និងរក្សាបាននូវវប្បធម៌ប្រពៃណីសហគមន៍បានប្រសើរឡើងវិញ៖ «យើងគ្រប់គ្រងជាលក្ខណៈឯកជនមានអ្នកហ៊ានលក់ហ៊ានដូរ បើសិនយើងគ្រប់គ្រងជាសមូហភាព មានគណៈកម្មការសហគមន៍គ្រប់គ្រង មានអ្នកខ្លាចញញើតខ្លះការងារលក់ដូរ»។
របាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តរតនគិរី រហូតមកទល់នឹងខែធ្នូ ឆ្នាំ២០១៦ សហគមន៍ចំនួន៥ បានទទួលវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពលើផ្ទៃដីជាង ៥ពាន់ហិកតារ និងសហគមន៍ចំនួន៤ ទៀត កំពុងស្នើសុំធ្វើអនុបយោគលើផ្ទៃដីជាង ៣.៣០០ហិកតារ៕
No comments:
Post a Comment